«ពុទ្ធគុណ»
ឃុនបណ្ណានុរក្ស
ប៊ូ – ប៉ូ រៀបរៀង
ក្នុងគម្ពីរ មានសេចក្ដីថា គុណរបស់ព្រះសម្មាសម្ពុទ្ធច្រើនណាស់ រាប់មិនអស់ទេ ដូចមានបទបាលីថា :
ពុទ្ធោបិ ពុទ្ធស្ស កណេយ្យ វណ្ណំ
កប្បម្បិ ចេ អញ្ញមកាសមានោ
ឌីយេថ កប្បោ ចីរទីឃមន្តរេ
វណ្ណោ ន ខីយេថ តថាគតស្ស ។
សូម្បីព្រះពុទ្ធទ្រង់សំដែង តែអំពីគុណនៃព្រះពុទ្ធផងគ្នា មិនសំដែងពីរឿងអ្វីដទៃសោះ រហូតអស់មួយក័ប្ប កប្បដ៏យឺនយូរវែងឆ្ងាយ ក៏នឹងអស់ទៅទទេ ក្នុងចន្លោះនោះ ឯគុណនៃព្រះពុទ្ធមិនអស់ទៅផងឡើយ ។
សហស្សសីសេបិ ចេ ចោសោ
សិសេ សីសេ សតំ មុខា
មុខេ មុខេ សតំ ជិវ្ហា
ជីវកប្បោ មហិទ្ធិកោ
ន សក្កោតិ ច វណ្ណេតុំ
និស្សេសំ សត្ថុនោ គុណំ ។
ប្រសិនបើមាន មានបុរសម្នាក់ មានក្បាលមួយពាន់, ក្នុងក្បាលមួយមានមាត់មួយរយ, ក្នុងមាត់មួយ មានអណ្ដាតមួយរយ, បុរសនោះអាយុវែងចំនួនមួយក័ប្ប មានឫទ្ធិច្រើន ក៏មិនអាចនឹងរៀបរាប់គុណនៃព្រះសាស្ដាឲ្យអស់រលីង គ្មានសេសសល់បានឡើយ ។ ប៉ុន្តែ គុណនៃព្រះពុទ្ធ ទោះបីច្រើនដល់ម្ល៉ោះក៏ដោយ គង់លោកសង្រ្គោះចូលក្នុងគោលធំបំផុត ៣យ៉ាងគឺ
១- វិសុទ្ធិគុណ
២- បញ្ញាគុណ
៣- ករុណាគុណ ។
អធិប្បាយ (១)
សូម្បីព្រះនាមទាំង ៩ តាំងពី អរហំ ដល់ ភគវា ក៏សង្រ្គោះចូលក្នុងពុទ្ធគុណ ដែលជាគោលធំបំផុតទាំង ៣នោះដែរគឺ អរហំ ជាគ្រឿងប្រកាសព្រះវិសុទ្ធគុណ ។ សម្មាសម្ពុទ្ធ ១ វិជ្ជាចរណសម្បន្នោ ១ សុគតោ ១ លោក វិទូរ ១ ទាំង៤នេះជាគ្រឿងប្រកាសព្រះបញ្ញាគុណ ។ អនុត្តរោ បុរិសទម្មសារថិ ១ សត្ថា ទេវមនុស្សានំ ១ ពុទ្ធោ ១ ភគវា ១ ទាំង៤នេះ ជាគ្រឿងប្រកាសព្រះករុណាគុណ ។ ព្រះនាមទាំង៩មានបទបាលី ក្នុងនវហរគុណ នឹងសេចក្ដីប្រែដូចតទៅនេះ :
១- អារកត្តា កិលេសេហិ សវាសនេហិ សោ មុនិ សព្វបូជារហត្តា ច វិទិតោ អរហំ ឥតិ ។
ព្រះមុនីអង្គនោះ លោកហៅព្រះអង្គថា “ អរហំ” ព្រោះព្រះអង្គឆ្ងាយចាកកិលេស ព្រមទាំងវាសនា ១ ព្រោះព្រះអង្គគួរទទួលសក្ការបូជារបស់មហាជនទូទៅ ១ ។
២- សម្មា សាមញ្ច សច្ចានិ ពុទ្ធោ ច អញ្ញពោធនោ តេនេស សម្មាសម្ពុទ្ធោ សព្វធម្មេសុ ចក្ខុមា ។ ព្រះអង្គត្រាស់ដឹងអរិយសច្ចទាំងឡាយ ដោយប្រពៃចំពោះព្រះអង្គ១ ទ្រង់ដឹកនាំអ្នកដទៃឲ្យត្រាស់ដឹងតាម ១ ព្រោះហេតុនោះព្រះអង្គមានចក្ខុក្នុងធម៌ទាំងពួង ទើបទ្រង់ព្រះនាមថា “ សម្មាសម្ពុទ្ធោ” ។
៣- វិជ្ជាហិ ចរណេហេស សម្មទេវសមាគតោ វិជ្ជាចរណសម្បន្នោ ឧត្ដមោ ទេវមានុសេ ។ ព្រះអង្គប្រកបដោយ វិជ្ជា ៣ នឹង ចរណៈ ១៥ ដោយប្រពៃ ទើបទ្រង់ព្រះនាមថា “ វិជ្ជាចរណសម្បន្នោ” ព្រះអង្គខ្ពស់ក្នុងពួកទេវតានឹងមនុស្ស ។
៤- សព្វក្លេសប្បហានេន កតោ សោ សុកតោ មុនិ សម្មា កាយេន វាចាយ មនសាំ សុគតោ គតោ ។ ព្រះមុនីអង្គនោះស្ដេចទៅ ដោយការលះបង់កិលេសទាំងពួង (មួយទៀត ) ឈ្មោះថា ទ្រង់យាងទៅប្រពៃដោយកាយ, វាចា ចិត្ត ទើបទ្រង់ព្រះនាមថា “ សុគតោ” ទ្រង់យាងទៅប្រពៃ ។
៥- លោកំ វិភូតតោ សព្វំ ញាណេនាញ្ញាសិ សព្វ ថា នាថោ លោកស្សសម្មាវ តេន លោកវិទូ ជិនោ ។ ព្រះជិនៈអង្គនោះ ជាទីពឹងរបស់លោក ទ្រង់ជ្រាបលោកទាំងអស់យ៉ាងជាក់ច្បាស់គ្រប់ប្រការ ដោយព្រះញាណដ៏ប្រពៃ ហេតុនោះ ទើបទ្រង់ព្រះនាមថា “ លោកវិទូ” ព្រះអង្គទ្រង់ជ្រាបលោកជាក់ច្បាស់ ។
៦- សារេតា នទេម្មានំ អកុប្បាយ វិមុត្តិយំ តតោ អនុត្តរោ នាថោ បុរិសទម្មសារថិ ។
ព្រះអង្គទ្រង់ដឹកនាំអ្នកដែលគួរទូន្មានបាន ឲ្យធ្វើដំណើរទៅក្នុងវិមុត្តិដ៏មិនកម្រើក ព្រោះហេតុនោះ ព្រះអង្គជាលោកនាថ ទើបទ្រង់ព្រះនាមថា “ អនុត្តរោ បុរិសទម្មសារថិ” ព្រះអង្គជាសារថីទូន្មានបុរសពុំមានអ្នកណាប្រៀបផ្ទឹមស្មើបាន ។
៧- លោកិយេហិ ច អត្តេហិ អថោ លោកុត្តរេហិច សត្ថា ទេវមនុស្សានំ សាសិតា ទេវមានុសេ ។
ព្រះអង្គទ្រង់ប្រៀនប្រដៅទេវតានឹងមនុស្ស ដោយលោកិយប្រយោជន៍ នឹងលោកុត្តរប្រយោជន៍ ទើបទ្រង់ព្រះនាមថា “ សត្ថា ទេវមនុស្សានំ” ព្រះអង្គជាសាស្ដារបស់ទេវតា នឹងមនុស្សទាំងឡាយ ។
៨- សម្ពុជ្ឈិតា ច សច្ចានិ ក្លេសនិទ្ទា បពុជ្ឈិតា សព្វសោ គុណវិកាសម្បត្តោ ពុទ្ធោ នរុត្តមោ ។
ព្រះអង្គត្រាស់ដឹងសច្ចៈទាំងឡាយផង ទ្រង់តើនចាកកិលេសនិទ្រាផង ព្រះអង្គរីកពេញដោយព្រះគុណគ្រប់យ៉ាង ទើបទ្រង់ព្រះនាមថា “ ពុទ្ធោ” ព្រះអង្គត្រាស់ដឹងខ្ពង់ខ្ពស់ជាងនរជនទាំងឡាយ ។
៩- ភាតេន្យ ភគធម្មេហិ សមង្គី ចាតុលោ មុនិ គរុការវយុត្តោ ច វិស្សុតោ ភគវា ឥតិ ។
ព្រះអង្គប្រកបព្រមដោយជោគជ័យ នឹងភគធម៌ ៦ ប្រការ គ្មានអ្នកណាប្រៀបស្មើបាន ទើបទ្រង់ជាទីគោរពរបស់គ្រូបាអាចារ្យផង លោកថ្វាយព្រះនាមថា “ ភគវា” ព្រះមានព្រះភាគ ។ (ច្បាប់សូត្រមន្ត ) ។
ព្រះនាមទាំង ៩នេះ ជាព្រះគុណនេមិត្តិកនាម ព្រោះជាប់មកតាមហេតុគឺគុណវិសេស មានអរហំជាដើម ដែលមានក្នុងខន្ធសន្ដាននៃព្រះពុទ្ធអង្គ ឥតអ្នកណាថ្វាយឡើយ ស្រាប់តែលេចឮល្បីខ្ចរខ្ចាយឡើងឯងៗតែម្ដង ជាមួយនឹងសព្វញ្ញុតញ្ញាណ ដែលព្រះអង្គបានក្បែរគល់ព្រះមហាពោធិព្រឹក្ស ។ ព្រះពុទ្ធគ្រប់ព្រះអង្គទ្រង់មានព្រះគុណ នមិត្តកនាម ទាំង ៩ នេះ ដូចៗគ្នា ឥតប្លែកពីគ្នាឡើយ ។
ប៉ុន្តែ ក្នុងគម្ពីរវជិរសារ លោកញែក អនុត្តរោ ជាព្រះនាម ១ បុរិសទម្មសារថិ ជាព្រះនាម១ រួមជា ១០ ព្រះនាម មានបទគាថា ថា :
យស្ស ទសក្ខរា អ- សំ – វិ – សុ – លោ អ បុ ស – ពុ – ភ
វចសា បតុណា ត្វត្វោ មនសា សោ សុខំ លភិ ។
អក្ខរៈទាំង ១០តួ គឺ អ សំ វិ សុ លោ អ បុ ស ពុ ភ ក្ដី សេចក្ដីអធិប្បាយ (នៃអក្ខរៈទាំង ១០ តួនោះ ) ក្ដី គឺ បុគ្គលឯណាមួយ ទោះជាគ្រហស្ថក្ដី ជាបព្វជិតក្ដី បានធ្វើឲ្យចាំស្ទាត់ដោយវាចាចិត្តហើយ គ្រហស្ថនឹងបព្វជិតទាំងនោះ ទៀងតែបាននូវសេចក្ដីសុខ ។
ឯអក្ខរៈទាំង ១០ តួនោះ ជាអាទិសង្កេត គឺ អ – អរហំ ។ សំ – សម្មាសម្ពុទ្ធោ ។ វិ – វិជ្ជាចរណ-សម្បន្នោ ។ សុ – សុគតោ ។ លោ – លោកវិទូ ។ អ – អនុត្តរោ ។ បុ – បុរិសទម្មសារថិ ។ ស- សត្ថា ទេវមនុស្សានំ ។ ពុ – ពុទ្ធោ ។ ភ – ភគវា ។
No comments:
Post a Comment