Thursday, May 31, 2012

កំហុស​នៃ​ការ​សរសេរ​មួយ​ចំនួន​ដែល​កើត​មាន​ក្នុង​ភាសាខ្មែរ


 

នៅ ​ប៉ុន្មាន ​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​ឃើញ​ថា គេហទំព័រ សៀវភៅ និង ឯកសារជា​ភាសា​ខ្មែរ​មាន​ការីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ប្រ​ជា​ជាតិ​យើង​ទាំង​មូល។ ប៉ុន្តែ​អ្វី​ដែល​យើង​មិន​គួរ​មើល​រំលង​នោះ​គឺបញ្ហា​កំហុស​អក្ខរា​វិរុទ្ធ និង​ការ​ប្រើប្រាស់​ពាក្យ ដែល​តែង​តែ​កើត​មានជា​ញយៗ ដែល​វា​អាច​បង្ក​ឲ្យមានផលប៉ះពាល់ ​​អវិជ្ជមាន​ទៅ​ថ្ងៃ​អនាគត។ រាជ​រដ្ឋាភិបាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ក៏​បាន​គិត​គូរ​ និង​បាន​បង្កើតគណៈកម្មាធិការ​ជាតិ​ភាសាខ្មែរ ក្នុង​គោល​បំណង​ដោះ​ស្រាយ​វិបត្តិ​ភាសា​ខ្មែរ ដើម្បី​ស្វែង​រកឯកភាព​ជូនភាសា​ជាតិ​យើង។ដើម្បី ​រួ​ម​ចំណែកអភិវឌ្ឍភាសា​ខ្មែរ ថ្ងៃ​នេះ​ “គំនិត” ​សូម​លើក​យក​កំហុសនៃ​ការ​សរសេរ​មួយ​ចំនួន​ដែល​តែង​តែ​កើត​មាន​ នៅ​តាម​បណ្តា​គេហទំព័រ​ សៀវភៅ និងឯកសារ​ផ្សេងៗមួយ​ចំនួន មក​ធ្វើ​ការចុះផ្សាយក្នុង​គោល​បំណង​ដើម្បី​កាត់​បន្ថយ​កំហុស​ទាំង​នោះ និង​កុំឲ្យ​មាន​ការ​ភ័ន្តច្រឡំ​បន្ត​ទៅ​ទៀត។១- ពាក្យ​ទាំង​អស់ត្រូវ​សរសេរដោយផ្អែក​តាម​វចនានុក្រម​ខ្មែរ​ដែល​ចង​ក្រង​ដោយសម្តេច​ព្រះ​សង្ឃ​រាជ ជួន​ណាតយើង ​ឃើញ​ថា ការសរសេរ​អត្ថបទ​មួយ​ចំនួន​គឺសរសេរ​ឡើង​ដោយ​មិន​បាន​គោរព​តាម​ ក្រិតក្រមវចនានុក្រម​ខ្មែរ​នោះទេ។ អត្ថបទ​ទាំង​នោះ​គឺ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​ប្រើប្រាស់​ព្យាង្គ​រាយ ដែល​ខុស​នឹង​ពាក្យដែល​មាន​នៅក្នុង​វចនានុក្រម​ខ្មែរ​ដែល​ចង​ក្រង​ដោយសម្តេច​ ព្រះ​សង្ឃរាជ​ ជួន ណាត។ ឧទាហរណ៍៖ សម្រស់ ចម្រៀង ចម្លើយ ចម្ងាយ សម្តី គេ​បែរ​ជា​សរសេរ​ថា សំរស់ ចំរៀង ចំលើយ ចំងាយ និង​សំដី​ជាដើម។ យោង​តាម​សេក្តី​ប្រកាស​របស់​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​សម្រេច​ថា រាល់​ការសរសេរ​ទាំង​អស់​ត្រូវ​អនុវត្ត​តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច​ ព្រះ​សង្ឃរាជ​​ ជួន ណាត ដែល​បាន​បោះ​ ពុម្ភ​ផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​គ្រា​ទី​៥ ឆ្នាំ​១៩៦៧ រួម​ទាំង​អក្ខរាវិរុទ្ធ​ដែលមាន​ការឯកភាព​ពី​គណៈកម្មា​ធិការ​ជាតិ​ភាសា​ ខ្មែរ។ ដូចនេះ​សង្ឃឹម​ថា​សិស្សានុសិស្ស​ អ្នកនិព្ធ និង​កវី​ទាំង​អស់ នឹង​ធ្វើ​ការ​សរសេរដោយប្រុង​ប្រយ័ត្ន​ជាអតិបរិមា​ ដើម្បី​កាត់​បន្ថយ​រាល់​កំហុស​ដែល​អាច​កើត​មានឲ្យ​បាន​ច្រើន​បំផុតដែល​អាច​ ធ្វើ​បាន។ ការ​ធ្វើ​ដូច​នេះ នឹង​ធ្វើ​ឲ្យ​ភាសា​ខ្មែរ​យើង​មាន​ការ​រីកចម្រើន​ទៅ​មុខ​កាន់​តែ​លឿន និង​ឆ្ពោះ​ទៅ​រក​ឯកភាព​ភាសា​ជាតិ​កាន់តែ​ឆាប់​រហ័ស។២-ការយល់​ច្រឡំរវាងយុគលពិន្ទុ ឬ​ចុចពីរ នឹង​ស្រៈ ះមាន ​អត្ថ​បទ​ដែលបាន​បោះ​ពុម្ភ​ជាច្រើន ដែល​មាន​ការ​ភ័ន្ត​ច្រឡំ​នៅ​ក្នុង​បញ្ហា​(ការប្រើប្រាស់ស្រៈនិងសញ្ញា)នេះ។ មាន​អ្នក​និពន្ធ និង​កវីមួយ​ចំនួន​តែង​តែប្រើ​ស្រៈ “ះ” ជំនួសដោយ​ការប្រើ​ប្រាស់​យុគលពិន្ទុ។ តាម​ក្រិត​ក្រម យុគលពិន្ទុ​គឺ​គេ​ប្រើ​នៅពេល​ដែល​យើងចង់​បាន​សូរ “អាក់”  រី​ឯ​ស្រៈ​ “ះ” ត្រូវ​បាន​គេ​ប្រើ​នៅ​ពេល​ដែល​យើង​ចង់​បាន​សូរ “អាស់”។ ប៉ុន្តែ​មាន​កំហុស​មួយចំនួនដែល​តែង​តែ​កើត​មានជារឿយៗ ​ដូចជា​ការសរសេរពាក្យ​ថា រយៈ, ស្រៈ, ព្យញ្ជនៈ, លក្ខណៈ ទៅ​ជា​ រយះ, ស្រះ, ព្យញ្ជនះ, លក្ខណះ ទៅវិញ។ ពាក្យទាំង​នេះ​គឺ​មានន័យ​ ​ខុស​គ្នាស្រឡះ ហើយ​ជួន​កាល​គឺ​ខុស​តែ​ម្តង។ ឧទាហរណ៍ រយៈ មាន​ន័យ​ថា​ សង្កាត់, ថ្នាក់, ភាគ, កម្រិត រីឯរយះ មានន័យ​ថាបែករហែកញែក​ចេញ​ពីគ្នា។ រី​ឯការ​អាន​ទៀត​សោត​ក៏មាន​ភាព​ខុសគ្នា​ផងដែរ ដោយ​រយៈ គេអាន​ថា”​រយាក់” រីឯរយះ គេអានថា”រយាស់”។ សង្ឃឹមថា​ រាល់​ការស​រសេរ​ទាំង​អស់ត្រូវ​ឆ្លង​កាត់ ​នឹង​មាន​ការ​ពិនិត្យឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ម៉តចត់ថា​តើ​ត្រូវ​ប្រើ​យុគលពិន្ទុ ”ៈ”  ឬ​ក៏​ស្រះ “ះ” ក្នុង​ការ​សរសេរ។៣-ការសេរសេរ “ឲ្យ” និង​ “ឱ្យ”យោង​តាម​វចនានុក្រមខ្មែរ​របស់​សម្តេច​ព្រះ​សង្ឃរាជ​ ជួន ណាត ការ​សរសេរ​ ពាក្យថា​ឱ្យជាព្យា​ង្គ​រាយ​ “អោយ” និង “ឱយ” មិនត្រូវបាន ​យល់​ព្រម​ឲ្យ​ប្រើ​ឡើយ។ ប៉ុន្តែ​ការ​សរសេរ “អោយ” និង​ “ឱយ” នៅ​តែ​ឃើញ​កើត​មាន​ជាច្រើន។រីឯបញ្ហា​មួយ​ទៀត​ដែល​មាន​ការ​សរសេរថា “ឲ្យ” ដែល​អាន​ថា​ “អោយ​”​ដែរ​នោះ គឺ​នៅ​មាន​ ​មួយ​ចំនួន​សរសេរខុសទៅជា “ឲ” ដោយមិនបាន​សរសេរ​ជាមួយ​នឹង​ “្យ”។សង្ឃឹម ​ថា​ ក្រោយ​ពី​បានអាន​​អត្ថ​បទ​នេះ​រួចហើយ ប្រិយមិត្តដែល​ធ្លាប់​សរសេរ​ពាក្យ​ខុស​ដោយ​អចេតនាឬ​ចេតនាក្តី នឹង​ធ្វើការ​កែប្រែ​ឲ្យ​បាន​ត្រឹម​ត្រូវ​ឡើង​វិញទៅ​តាម​ក្បួនច្បាប់។ គំនិត​មិន​មែន​ជា​អ្នក​ប្រាជ្ញ​ខាង​អក្សរសាស្ត្រ​អ្វី​នោះ​ទេ ហើយ​ក៏​មិន​ធានា​ថា​រាល់​អត្ថបទ​ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​នេះ​សុទ្ធ ​តែ​ត្រឹម​ត្រូវ​១០០%​នោះ​ដែរ ប៉ុន្តែ​គំនិត​គ្រាន់​តែ​ចង់​ចែក​រំលែក​ចំណេះ​ដឹង​បន្តិចបន្តួច​ដែល​ខ្លួន​ មាន មក​ចែក​ជូន​ប្រិយមិត្ត​អ្នកអាន ហើយ​ខ្លួន​គំនិត​ផ្ទាល់​ក៏​ខិតខំ​ពង្រឹង​ និង​កាត់បន្ថយ​កំហុស​ដែល​កើត​មាន​ដោយ​អចេតនា​ក្នុង​ការ​សរសេរ​ផងដែរ។​ ប្រសិនបើគំនិត​មាន​ការ​កំហុសអក្ខរាវិរុទ្ធ​ និង​ពាក្យ​នៅ​ត្រង់​កន្លែង​ណា​នោះ សូម​ប្រិយមិត្ត​មេត្តា​ដាស់​តឿន​ និង​ណែនាំផង ដើម្បីអក្សរសាស្ត្រ​ជាតិ​យើង​ទាំង​អស់​គ្នា។ ប្រសិន​បើ​ប្រិយ​មិត្ត​មានចំណាប់​អារម្មណ៍​ចង់​ដឹង​បន្ថែម​ទៀត​​ អំពី​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់​គេហទំព័រ​គណៈកម្មាធិការ​ភាសាជាតិ​តាម​ រយៈអាស័យដ្ឋាន  http://khmergovernmentoffice.org/nckl/contects/print.phpTags: , , , ពាក្យ ​ប្រើ​សម្រាប់​បញ្ជាក់​ប្រភេទ​ពាក្យ​ក្នុង​វេយ្យាករណ៍​ខ្មែរ មាន​ការប្រើ​ខុសៗ​គ្នា​តាម​សម័យកាល តាម​អ្នក​និពន្ធ ។ ប្រការ​នេះ ខ្ញុំ​ពុំ​ធ្លាប់​ចាប់អារម្មណ៍​ទេ ស្រាប់តែ​ថ្ងៃនេះ សុវិចិត្រ ធ្វើ​ឲ្យ​ខ្ញុំ​វង្វេងវង្វាន់​ដូច​មាន់​ត្រូវ​មួយ​ដំបង ។ លុះ​ពិភាក្សា​វែកញែក​ជាមួយ សុវិចិត្រ​មួយ​រយៈ​ ទើប​អាច​តោង​ឃើញ​ហេតុ​ពិត​នៃ​ការប្រើប្រាស់​ពាក្យ​ប្លែក​គ្នា ដែល​សំដៅ​លើ​ន័យ​តែ​មួយ ។មើល​សៀវភៅ​ក្នុង​ទសវត្ស​ ៦០ របស់​លោក ពូវ អ៊ុម និង លោក រ៉ាយប៉ុក ប្រើ និបាតសព្ទ សម្រាប់​ជំនួស គុណកិរិយា, អាយតនិបាតសព្ទ ជំនួស ធ្នាក់ និង សន្ធានសព្ទ ជំនួស ឈ្នាប់ ។ ចំណែក​ក្នុង​សៀវភៅ​របស់​លោក ឃឹន សុខ (២០០៧) លោក​ប្រើ ស្នៀត ជំនួស អាយតនិបាតសព្ទ និង ធ្នាក់ ប្រើ ចំណងជំនួស ​សន្ធានសព្ទ និង ឈ្នាប់ ។ដូច្នេះ ការប្រើប្រាស់​ពាក្យ​ក្នុង​វេយ្យាករណ៍​ខ្មែរ​ខុស​គ្នា​ទៅ​តាម​អ្នកនិពន្ធ និង​សម័យ​កាល ។ ប្រសិន​បើ​លោក​អ្នក​អាន​ជួប​នឹង​ពាក្យ​ទាំងអស់​នេះ សូម​កុំ​ប្លែក​ក្នុង​ចិត្ត​ឡើយ ។ដូច្នេះ​​បើ​គេ​ចេក​ប្រភេទ​ពាក្យ គេ​អាច​សរសេរ​ជា ៖
  • នាម
  • គុណនាម
  • សព្វនាម
  • កិរិយាសព្ទ
  • កិរិយាវិសេសន៍
  • និបាតសព្ទ ឬ គុណកិរិយា
  • អាយតនិបាតសព្ទ ឬ ធ្នាក់ ឬ ស្នៀត
  • សន្ធានសព្ទ ឬ ឈ្នាប់ ឬ ចំណង
  • បរិវាសព្ទ
  • សំខ្យាសព្ទ
  • ឧទានសព្ទ

No comments:

Post a Comment