Slide Show

Saturday, October 11, 2025

ពុទ្ធឱវាទ ឃរាវាសធម៌ មានន័យថា (សម្រាប់ជីវិតបច្ចុប្បន្នមានប្រពន្ធ-ប្តី រស់នៅជាមួយគ្នារាល់ថ្ងៃ

 ពុទ្ធឱវាទ ឃរាវាសធម៌ មានន័យថា (ធម៌សម្រាប់ជីវិតបច្ចុប្បន្នមានប្រពន្ធ-ប្តី រស់នៅជាមួយគ្នារាល់ថ្ងៃ) វិន័យ-ច្បាប់ សម្រាប់ក្រហស្ថ ប្រុសស្រី សង្គមគ្រួសារ រដ្ឋ ប្រទេស។ ព្រះពុទ្ធសំដែងថា មនុស្សក្នុងលោកគ្មានឃរាវាសធម៌នេះទេ រួមរស់នៅជាមួយគ្នាមិនបានជាដាច់ខាត ព្រៀបបានទៅហ្នឹងចានក្នុងរាវអញ្ជឹងដែរ។ (ការពិសោធន៍រស់នៅជាមួយគ្នារាល់ថ្ងៃ)

​ប្រសិនបើ អ្នក​អាច​ជម្នះ​នឹង​បញ្ហា​ទាំង​៣​នេះ​បាន នោះ​អ្នកនឹង​ក្លាយជា​មនុស្ស​ល្អ​បំផុត ដែល​អាច​កែប្រែ គ្រប់គ្រង និង​ដឹកនាំ​ជីវិត​របស់ខ្លួន​បាន

ការអត់ធ្មត់តែងមានរសជាតិល្វីងជូរចត់ តែផ្លែផ្កានៃការអត់ធ្មត់ នឹងផ្តល់នូវរសជាតិផ្អែមគួរជាទីមោទន។

សូក្រាត និង ភរិយា បង្រៀនយើងលើសពីតថភាព ប៉ុន្តែអំពីសច្ចៈធម៌។ សូក្រាត ជាគ្រូរបស់ ប្លាតូ, ផ្តល់យោបល់ព្រះរាជាក្នុងការដឹកនាំនគរ, និងមានឥទ្ធិពលផ្នែកគំនិតលើពិភពលោក….តែ សូក្រាត ប្រឈមជាប្រចាំជាមួយមនុស្សម្នាក់គឺ ប្រពន្ធគាត់។ ទស្សនៈវិជ្ជា នៅទីនេះគឺ «អ្នកមិនអាចដឹកនាំមនុស្ស ដែលមិនព្រមដើរតាមអ្នកនោះទេ»។

ឃរាវាសធម៌ ឬ វិន័យ-ច្បាប់ សម្រាប់ក្រហស្ថ ប្រុសស្រី សង្គមគ្រួសារ នីមួយៗ ប្រជាជន-អ្នកស្រុក សមាគម រដ្ឋ ប្រទេសជាតិ សម្រាប់កាន់តាម អនុវត្តតាម ប្រតិបត្តិតាមធ្វើតាមដើម្បីបាននូវសុខ-សន្តិភាពជានិរន្តរ៍។

សំណួរ- ដូចម្តេចដែលហៅថា ឃរាវាសធម៌?

ចម្លើយ- ដែលហៅថា ឃរាវាសធម៌ គឺជាធម៌ឬច្បាប់របស់គ្រហស្ថ អ្នកគ្រប់គ្រងផ្ទះ សម្រាប់កាន់ឬប្រតិបត្តិតាម ។

១- សច្ចៈ សេចក្តីទៀងត្រង់ដល់គ្នានិងគ្នា។

២- ទមៈ ទូន្មានចិត្តឲ្យទន់ភ្លន់មិនហិង្សា។

៣- ខន្តី អត់ធន់គ្រប់យ៉ាង ក្នុងភារកិច្ចគ្រប់មុខ។

៤- ចាគៈ លះបង់ទ្រព្យសម្បត្តិឲ្យអ្នកដទៃដែលគួរឲ្យ។

        អត្ថាធិប្បាយ- គ្រហស្ថទាំងឡាយដែលជាអ្នកគ្រប់គ្រងផ្ទះសម្បែងតែងតែមានភរិយា បុត្រធីតា ដែលជាសមាជិកនៃគ្រួសាររៀងៗខ្លួន ។ សមាជិកទាំងនោះរមែងមានអត្តចរិតផ្សេងៗពីគ្នា ទោះបីអ្នកទាំងនោះមានឈាមជ័រតែមួយក៏ដោយ ។ ខ្លះមាននិស្ស័យជាអ្នកចូលចិត្តតែសប្បាយហើយនិយាយច្រើន ខ្លះចូលចិត្តកំប្លែងលេងក្រមាច់ក្រមើម ខ្លះចំណូលខាងភូតភរកុហកគេ កុហកឯង ប្រើល្បិចគ្រប់យ៉ាង ខ្លះទៀតជាមនុស្សស្មោះត្រង់ហើយប្រាថ្នាតិច ចូលចិត្តការស្ងប់ស្ងាត់ មិនចង់បានមានអ្វីឲ្យហួសហេតុដែលផ្ទុយពីចរិយាសម្បត្តិរបស់មាតាបិតា ។ ដោយហេតុមនុស្សដែលកើតក្នុងគ្រួសារតែមួយ ហើយមានអធ្យាស្រ័យ និងលក្ខណៈផ្សេងៗពីគ្នា តាមការប្រព្រឹត្ត ការយល់ឃើញផ្ទាល់ខ្លួនម្នាក់ៗដូច្នោះហើយ បានជាព្រះសម្មាសម្ពុទ្ធសំដែងអំពីសច្ចធម៌នេះ ថាជាធម៌សម្រាប់ទំនាក់ទំនងគ្នាល្អវិសេស អាចបង្កើតសាមគ្គីភាពក្នុងគ្រួសារនីមួយៗបាន ។ បើមនុស្សទាំងនោះមានការរួបរួមគ្នាហើយ សេចក្តីសុខ ចម្រើនក្នុងផ្ទៃនៃគ្រួសារទាំងមូលពិតជាមានប្រាកដពុំខាន ។ សច្ចធម៌នេះក៏មានអានុភាពធំធេង លាតសន្ធឹងវែងឆ្ងាយរហូតដល់ប្រជាជនក្នុង

ប្រទេសទាំងមួល ឲ្យប្រព្រឹត្ត ឲ្យកាន់ទៀតផង ។ ជាពិសេស អ្នកដឹកនាំជាតិក៏ត្រូវកាន់ទង់សច្ចធម៌នេះមុនគេបង្អស់ហើយជាក់លាក់ទៀត ។

                គុណធម៌ដ៏ល្អដែលជាលក្ខណសម្បត្តិដ៏ប្រសើរបំផុត ក៏ត្រូវមានសច្ចធម៌ជាមូលដ្ឋាន ឬជាដើមចមនេះឯងបានជាបណ្ឌិត ទាំងឡាយចងក្រងអត្ថបទចែងថា អ្នកដឹកនាំកំពូលប្រទេសនីមួយៗត្រូវមានសម្បទាធម៌ដូចខាងក្រោមនេះ ៖

            ក- ធ្វើការបំរើជាតិដោយសុទ្ធចិត្ត និងសច្ចធម៌គ្រប់១០០%(Vérité c’est le respect les citoyens)ស្មោះត្រង់ប្រជាជនទៀងត្រង់នឹងប្រជាជន លើកប្រយោជន៍ជាតិជាធំជាងប្រយោជន៍ផ្ទាល់ខ្លួន មិនកេងប្រវញ្ចន៍កាញ់លើខ្នងប្រជារាស្ត្រមិនប្រឡាក់ប្រឡូសដោយអំពើពុករលួយ លក់សម្បត្តិជាតិ សម្បត្តិរដ្ឋឥតក្តីអាសូរ ស្អាតស្អំជានិច្ច ជាអចិន្ត្រៃយ៍ មានតណ្ហាតិច មិនធ្វើការអ្វីដែលជាមូលហេតុនៃសេចក្តីទុក្ខព្រួយដល់ជាតិទាំងមួល ។

            ខ- មានសេចក្តីប្រាថ្នាតិច ធ្វើការបំរើជាតិមិនស្គាល់ថ្ងៃ មិនស្គាល់យប់ អស់ពីកម្លាំងកាយនិងកម្លាំងចិត្ត ហើយមិនចង់បានអ្វីសម្រាប់ខ្លួននិងគ្រួសារខ្លួន គោលបំណងជាចម្បងធំបំផុត គឺចង់ឲ្យប្រទេសជាតិរីកចំរើនគ្រប់វិស័យ រុងរឿងដូចអារ្យប្រទេសនានាលើសកលលោក និងប្រជារាស្ត្ររបស់ខ្លួនបានជួបសន្តិភាពក្សេមក្សាន្តជានិរន្តរ៍ ជីវភាពប្រជាជនរីកធូរធារស្រស់បំព្រងដូចៗគ្នា ។

            គ- មានបញ្ញាភ្លឺថ្លាមោះមុត ដូចរស្មីនៃព្រះអាទិត្យ អាចឆ្លុះមើលឃើញនូវប្រវត្តិសាស្ត្រ ភូមិសាស្ត្រនៃប្រទេសខ្លួន ក្នុងអតីតកាលយ៉ាងណាដែលត្រូវយកមកជាមេរៀនក្នុងបច្ចុប្បន្នកាលនេះ និងមើលឃើញការវិវឌ្ឍន៍នៃប្រទេសជាតិទៅអនាគតវែងឆ្ងាយ យូរអង្វែងតទៅទៀត ។

            ឃ-មានចំណេះដឹងគ្រប់គ្រាន់ដែលនឹងអាចយកទៅបម្រើប្រទេសជាតិបានដោយបរិបូណ៌ ។ នេះគឺជារឿងធម្មតា អ្នកដឹកនាំតែងតែជួបប្រទះនឹងពាក្យទិទៀន ឬពាក្យសរសើរពីសំណាក់ប្រជាជន ព្រោះអីរឿងលោកធម៌វាតែងតែកើតមានយ៉ាងនេះហើយតាំងពីព្រេងនាយមកម៉្លេះ ។ តែផ្ទុយទៅវិញបើមគ្គុទ្ទេសក៍មិនយកចំណេះដែលខ្លួនមាទៅអនុវត្តក្នុងផ្លូវត្រូវ ផ្លូវល្អទេ ក៏មិនបានផលប្រយោជន៍អ្វីដល់ប្រជាជាតិដែរ ។

            ង- អ្នកដឹកនាំជាតិ អង្គុយធ្វើការតែក្នុងផ្ទះកញ្ចក់ មិនកំបាំងភ្នែកមហាជន បានសេចក្តីថាប្រជាជនអាចមើលសកម្មភាពឬការងាររបស់អ្នកដឹកនាំបានគ្រប់ពេលវេលា ។

            ច- ហ៊ានពុះពាររហូតដល់លះបង់ជីវិតក្នុងគ្រាដែលប្រទេសជាតិជួបប្រទះវិបត្តិ និងសង្គ្រាម ដូចជាសង្គ្រាមដែលបរទេសឈ្លានពានបង្កចូលមក ។ អត្ថបទដែលពណ៌នាមកនេះ គឺជាបុគ្គលិកលក្ខណៈដ៏ថ្លៃថ្លា កាត់ថ្លៃមិនបានរបស់អ្នកកាន់ចង្កូតរដ្ឋនេះឯង ។ បើប្រទេសណាមានអ្នកដឹកនាំដូចខាងលើនេះ ប្រទេសនឹងរីកចម្រើនជាភិយ្យោភាព យ៉ាងជាក់ស្តែងនៅនាលោកីយ៍នេះ ។បើគ្រួសារនីមួយៗ ឬប្រជាជនក្នុងប្រទេសបានតាំងនៅស៊ប់មាំក្នុងសច្ចធម៌ គឺសេចក្តីទៀងត្រង់រវាងគ្នានឹងគ្នាហើយ ក៏តោងមាន ៖

            ទមធម៌ (ទមៈ-ធម៌) គឺការទូន្មានចិត្តឲ្យបានល្អ ដែលគេហៅថាលត់ដំ គឺធ្វើឲ្យចិត្តស្ងប់ស្ងាត់ ទន់ភ្លន់ កុំឲ្យមានការក្រេវក្រោធ រំលោភលើគ្នាថែមទៀត ។ ចិត្តជាសភាវៈតែងតែត្រិះរិះអារម្មណ៍ផ្សេងៗមិនឈប់ឈរ តែងតែរំភើបញ័បញ័រពិបាកនឹងការពារឬទប់ទល់ឲ្យនៅនឹងមួយកន្លែងបាន ។ អ្នកប្រាជ្ញបានពោលថា បុគ្គលណាបានទូន្មានចិត្តឲ្យល្អប្រពៃហើយ បុគ្គលនោះឈ្មោះថាបានសេចក្តីសុខដែលជាបំណងធំបំផុតរបស់មនុស្សលោក ។ ពិតមែនតែចិត្តជាអរូបី យើងមិនអាចមើលឃើញដោយចក្ខុទេ តែវាអាចបង្គាប់បញ្ជាលើរូបកាយទាំងមូលបាន ។ យ៉ាងនេះហើយបានជាព្រះសាស្តាប្រដៅសត្វលោកឲ្យអប់រំចិត្តអោយមានសភាពទន់ភ្លន់ល្អ អោយវៀរចាកអកុសលធម៌ទាំងពួង មានការប្រព្រឹត្តអាក្រក់ដោយកាយ ឬដោយវាចាជាដើម ទៅលើមនុស្ស ឬសត្វដែលនៅជុំវិញខ្លួនយើង ។ ចិត្តនេះ ទោះបីរបឹងរឹងរូសដូចម្តេចក្តីក៏គេអាចទូន្មាន ឬអប់រំឲ្យបានល្អដែរមិនខុសពីជាងធ្នូពត់តម្រង់កូនសរឲ្យត្រង់ដែលអាចបាញ់ចំគោលដៅក្នុងទិសទាំងបួនដូចសេចក្តីប្រាថ្នាបាន ។ បើលំអិតចិត្តបានហើយ ទើបបំពេញកិច្ចការសម្រេចបាន ។ ការងារគ្រប់យ៉ាង ទោះលំបាកក្តី ស្រណុកក្តី ដែលអាចសម្រេចតាមបំណងបាន ក៏អាស្រ័យទៅលើការធ្វើដោយសេចក្តីព្យាយាមនិងសេចក្តីអត់ធន់

ដែលលោកហៅថា ៖

            ខន្តី គឺការអំណត់តស៊ូ ធ្វើមិនខ្លាចនឿយលំបាកគ្រប់យ៉ាង ក្នុងការបំពេញកិច្ចនោះៗ ។ ការងារទាំងឡាយមិនអាចសម្រេចដោយឯងៗ ដោយគ្រាន់តែគិត ឬនឹកចង់នោះទេ លុះត្រាតែធ្វើហើយអំណត់ទៀតផងទើបសម្រេច ។ ខន្តី

លោកចាត់ជាតបៈធម៌ដ៏ខ្ពង់ខ្ពស់ក្រៃលែង សម្រាប់កំចាត់អកុសលធម៌ទាំងឡាយ មានហិង្សាជាដើម និងជាអលង្កាដ៏ប្រសើររបស់បុរសស្ត្រីផង ។ កាលបើមានការអំណត់អត់ឱនចំពោះគ្នានឹងគ្នាហើយ ក៏ត្រូវមានការចែកចាយទ្រព្យសម្បត្តិរបស់ខ្លួនតទៅទៀត ដែលលោកហៅថាចាគៈនេះឯង ។

        ចាគៈ គឺជាការលះបង់កំណាញ់ ហើយយកទ្រព្យសម្បត្តិទៅធ្វើជាទានដល់អ្នកដែលគួរនឹងឲ្យ ពីព្រោះគ្រហស្ថត្រូវបែង

សម្បត្តិរបស់ខ្លួនជា ៥ ផ្នែកគឺៈ

១- ចិញ្ចឹមខ្លួន និងមាតាបិតាបុត្តភរិយាទាសកម្មករឲ្យបានសេចក្តីសុខ ។

២- ទំនុកបម្រុងកល្យាណមិត្តឲ្យបានសុខ ។

៣- កំចាត់អន្តរាយដែលកើតអំពីភ័យផ្សេងៗ ។

៤- ធ្វើពលី ៥យ៉ាង មានញាតិពលីជាដើម ។

៥- ឲ្យទានដល់សមណព្រាហ្មណ៍ដែលប្រព្រឹត្តល្អ ។

          អ្នកស្វែងរកទ្រព្យសម្បត្តិបានមកដោយផ្លូវល្អ ផ្លូវសុចរិតហើយ គួរតែចេះកាន់យកប្រយោជន៍នៃទ្រព្យនោះឲ្យបាន មិន

ត្រូវទុកទ្រព្យឲ្យនៅទំនេរទេ ។ បុគ្គលណាចាយវាយប្រើប្រាស់ទ្រព្យសម្បត្តិចិញ្ចឹមខ្លួន និងមាតាបិតាជាដើម បុគ្គលនោះ

ឈ្មោះថាកាន់យកនូវប្រយោជន៍នៃទ្រព្យនោះទុកបាន ។ បើប្រើបា្រស់ទ្រព្យក្នុងផ្លូវឥតប្រយោជន៍ ដូចលេងល្បែងភ្នាល់

និងផ្គាប់ផ្គុនស្រីជាដើម ឈ្មោះថាមិនកាន់យកនូវប្រយោជន៍នៃទ្រព្យនោះឡើយ ។

          ចិញ្ចឹមមិត្តសម្លាញ់ឲ្យបានសុខ គឺថាយើងរើសយកតែកល្យាណមិត្ត ឯបាបមិត្ត យើងមិនត្រូវចែកចាយឲ្យទេ ត្បិតអី

អាសេវនធម៌ជារឿងធំបំផុតនៃជីវិតមនុស្សយើង សូម្បីតែព្រះពុទ្ធជាម្ចាស់សំដែងក្នុងមង្គលសូត្រ៣៨ប្រការ ក៏ចាប់យកការសេពគប់ជាមុនដែរ ដូចបទថា អសេវនា ច ពាលានំ បណ្ឌិតានញ្ច សេវនា ជាដើម ប្រែសេចក្តីថា ចូរអ្នកកុំសេពគប់នឹងមនុស្សពាល ឲ្យសេពគប់តែបណ្ឌិត ទើបសន្មតថាជាមង្គលគឺសេចក្តីចម្រើន។ ហេតុនេះបានជាព្រះអង្គឲ្យសង្គ្រោះតែមិត្តដែលអាចពឹងពាក់ ឬជួយធុរៈយើងគ្រប់ពេលវេលាក្នុងគ្រាក្រ ។

          ចំណាយទ្រព្យសម្បត្តិ កំចាត់អន្តរាយដែលកើតពីហេតុផ្សេងៗនោះ គឺបំបាត់អន្តរាយដែលកើតអំពីភ័យគ្រប់យ៉ាងមានអគ្គីភ័យ ភ័យអំពីភ្លើងឆេះ ចោរភ័យ ភ័យអំពីចោរលួច ឧទកភ័យ ភ័យអំពីទឹកលិចជាដើម ដោយកម្លាំងទ្រព្យដែលអាចចាត់វិធានការការពារយ៉ាងម៉ឺងម៉ាត់ មិនឲ្យកើតឡើងបាន ។

          ត្រូវជួយសង្គ្រោះញាតិ ទៅតាមលំដាប់ថ្នាក់ក្នុងជួរទាំងសង្ខាងដែលហៅថាញាតិពលី ។ ត្រូវធ្វើបដិសណ្ឋារៈដ៏ល្អចំពោះភ្ញៀវដែលមកសំណាក់ក្នុងផ្ទះរបស់ខ្លួន ហៅថា អតិថិពលី ។ ត្រូវធ្វើបុណ្យឧទ្ទិសផលដល់បុព្វបុរសទាំងឡាយ មានមាតាបិតាជាដើម ដែលចែកឋានទៅកាន់បរលោកហើយ ហៅថា បុព្វប្បេតពលី ។ ត្រូវបង់ពន្ធដារជូនរដ្ឋតាមប្រពៃណីនៃច្បាប់ប្រទេសនីមួយៗ ហៅថា រដ្ឋពលី ។ ទេវតាដែលជាសម្មាទិដ្ឋិរក្សាគ្រប់គ្រងលោកធាតុទាំងមូល ឲ្យតាំងនៅក្នុងសេចក្តីសុខគ្រប់ទីកន្លែង ។ អ្នកម្ចាស់ទីកន្លែងត្រូវតែធ្វើបុណ្យឧទ្ទិសផលឲ្យតាមគតិនិយមចំពោះទេវតាទាំងនោះហៅថា ទេវតាពលី ។ សមណព្រាហ្មណ៍ដែលប្រកបដោយសីលាចារវត្ត ជាអ្នកបំពេញកិច្ចខាងផ្លូវសាសនា ឬបំពេញសាធារណប្រយោជន៍ដល់មហាជនទូទៅ ក៏គួរទទួលឋានៈជាបុគ្គលដែលត្រូវគេគោរពបូជាដែរ ។

          ការធ្វើអត្ថាធិប្បាយអំពីឃរាវាសធម៌ទាំង ៤ប្រការ ដែលទាក់ទងទៅនឹងការបែងចែកទ្រព្យរបស់គ្រហស្ថ ក៏សមគួរដល់កាលវេលានឹងបញ្ចប់តែប៉ុណ្ណេះ សូមសាធុជនទាំងឡាយ ជួបប្រទះតែសេចក្តីសុខចម្រើនអស់កាលជានិរន្តរ៍តទៅ ។

        កាព្យរំលឹក

ឃរាវាសធម៌ ៤ប្រការ

ដែលព្រះសាស្តាទ្រង់សំដែង

បើអ្នកប្រព្រឹត្តយ៉ាងជាក់ស្តែង

អ្នកនោះរមែងជួបក្តីសុខ ។

បើមិនប្រព្រឹត្តឲ្យទៀងទាត់

គង់តែនឹងភ្លាត់ជួបក្តីទុក្ខ

ហិនហោចខ្លោចផ្សារតទៅមុខ

មិនបានក្តីសុខទេលោកអើយ ។

☘️បិ១៩ សិង្គាលកសូត្រ☘️ពុទ្ធឱវាទ

អំណាចនៃភាពស្ងៀមស្ងាត់ (ព្រះបាទជ័យវរ្ម័ន​ទី​៧ ​អត់ធ្មត់ ព្យាយាម​តស៊ូ រង់ចាំ​របស់​ព្រះអង្គមាន​រយៈ​ពេល​ដល់​ទៅ​១៧​ឆ្នាំ )

ការស្ងៀមស្ងាត់មិនមែនមានន័យថា គ្មានសកម្មភាពនោះឡើយ ប៉ុន្តែវាគឺជាសកម្មភាពដ៏អស្ចារ្យក្នុងកាលៈទេសៈដ៏សមស្របណាមួយ។ទស្សនវិទូចិន ខុងជឺ និយាយថា “គ្រប់របស់ទាំងអស់សុទ្ធតែមានសម្រស់របស់វា ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមើលឃើញនោះទេ”។ ដូចនេះ ភាពស្ងៀមស្ងាត់ ក៏មានសម្រស់និងអំណាចរបស់វាដែរ។ 

មនុស្សជាច្រើន មិនឱ្យតម្លៃលើភាពស្ងៀមស្ងាត់ ហើយបានចាត់ទុកវាថា ជាភាពអសកម្ម ភាពកំសាក ឬជាភាពអន់មួយ។ ប៉ុន្តែនៅក្នុងទស្សនទានជាច្រើនរបស់បុគ្គលជោគជ័យសុទ្ធតែបានបង្ហាញពីអំណាចដ៏ខ្លាំងក្លានៃភាពស្ងប់ស្ងាត់ទាំងនោះ។ ទស្សនវិទូក្រិកបុរាណ ជូរីភីឌីស (Euripides) និយាយថា “ការស្ងៀមស្ងាត់ គឺជាការឆ្លើយតបប្រកបដោយគតិបណ្ឌិតបំផុត”។ ចំណែកម្ចាស់ក្សត្រីអង់គ្លេសដ៏ល្បីល្បាញ អេលីហ្សាប៊ែតទី១ លើកឡើងថា “ខ្ញុំចូលចិត្តសង្កេតនិងបន្តនៅស្ងៀមស្ងាត់”។  ដូចនេះ តើអ្វីជាអំណាចនៃភាពស្ងៀមស្ងាត់? 

ពេលដែលយើងមិនទាន់មានសកម្មភាពឬដំណោះស្រាយដែលមានប្រសិទ្ធភាពមួយ ភាពស្ងៀមស្ងាត់នឹងក្លាយជាសកម្មភាពដ៏មានប្រសិទ្ធភាពបំផុតមួយដោយស្វ័យប្រវត្តិ។ អ្នកមិនអាចប្រថុយធ្វើសកម្មភាពទាំងងងឹតងងុល គ្មានដឹងខុសត្រូវអ្វីឡើយ។ លទ្ធផល ប្រាកដជាមិនដូចអ្វីដែលយើងចង់បានឡើយ។ សកម្មភាពមិនច្បាស់លាស់ នោះលទ្ធផលនឹងមិនច្បាស់លាស់ដូចគ្នាដែរ។ 

ឆ្លើយតបនឹងសកម្មភាពដែលខុសរួចហើយឬសកម្មភាពដែលមនុស្សគ្រប់គ្នាដឹងរួចហើយ ភាពស្ងប់ស្ងាត់គឺជាការឆ្លើយតបដ៏អស្ចារ្យមួយ។ មនុស្សឆ្កួតម្នាក់ដែលមនុស្សគ្រប់គ្នាបានស្គាល់ កំពុងជេរអ្នក នោះការស្ងៀមស្ងាត់ គឺជាការឆ្លើយតបដ៏ត្រឹមត្រូវបំផុតមួយដែរ។ ចំណែកការឆ្លើយតបជាមួយរឿងរ៉ាវដែលមនុស្សគ្រប់គ្នាដឹងរួចហើយ នោះការឆ្លើយតបនឹងបង្ហាញពីភាពអន់មួយ ដែលផ្ទុយពីភាពស្ងៀមស្ងាត់ ដែលអាចនឹងក្លាយជាចំណុចខ្លាំងវិញ។

ថៃ ដើរប្រាសចាកពីមាគ៌ាព្រះពុទ្ធសាសនា ព្រោះបង្កជម្លោះព្រំដែនជាមួយកម្ពុជា

សៀមរាប៖ ប្រទេសថៃ ហាក់បានដើរប្រាសចាកពីមាគ៌ាព្រះពុទ្ធសាសនា ព្រោះការរំលោភបំពា​នដ៏ធ្ងន់ធ្ងរមកលើកម្ពុជា។ ទង្វើនេះមិនសមគួរជាប្រទេសដែលគោរពព្រះពុទ្ធសាសនានោះឡើយ។ បើផ្អែកតាមទ្រឹស្ដីព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធបង្រៀនបរិស័ទត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវ«សីល ៥» ក្នុងជីវិតរស់នៅប្រចាំថ្ងៃឱ្យប្រកបទៅដោយសេចក្តីសុខ ប៉ុន្តែ ថៃបានចាប់ផ្ដើមវាយប្រហារមកកាន់ប្រទេសកម្ពុជាមុន។ ប្រការនេះ បានប្រាសចាកពីសិក្ខាបទទី១ គឺការមិនបៀតបៀនអាយុជីវិតអ្នកដទៃ។ 

ម្យ៉ាងទៀត ក្រោយបទឈប់បាញ់បានចូលជាធរមាន កងទ័ពថៃបានចាប់ខ្លួនទាហានកម្ពុជា២០រូប ដោយរំលោភបទឈប់បាញ់ និងបានបង្កើតព័ត៌មានក្លែងក្លាយជាច្រើនដើម្បីកុហកប្រជាជនខ្លួនឯងនិងអន្តរជាតិ។ នេះជាការបំពានសិក្ខាបទទី៤ គឺហាមពោលពាក្យកុហក។ បើយោងតាមការបដិបត្តិប្រាសចាកសិក្ខាបទទាំងពីរនេះ បង្ហាញឱ្យឃើញថាប្រទេសថៃ ប្រកាន់ព្រះពុទ្ធសាសនាត្រឹមតែរូបភាពប៉ុណ្ណោះ។ រីឯការបដិបត្តិគឺខុសពីការអប់រំទូន្មានរបស់ព្រះពុទ្ធជាម្ចាស់។ នេះបើតាមសង្ឃដីការបស់ព្រះតេជគុណ អួន គង់ ជាព្រះសង្ឃគង់នៅវត្តប្រាសាទឥន្ទ្រា ហៅវត្តគោកប៉ាទ្រី ក្នុងក្រុងសៀមរាប។  

គួរជម្រាបដែរថា «សីល ៥» គឺជាមូលដ្ឋានគ្រឹះនៃសីលធម៌សម្រាប់ពុទ្ធសាសនិកជន បដិបត្តិប្រចាំថ្ងៃ។  «សីល ៥» គឺជាការវៀរចាកនូវអំពើអាក្រក់ទាំងឡាយ ហើយជួយឱ្យមនុស្សរស់នៅដោយមានសេចក្ដីសុខ សុវត្ថិភាព និងបង្កើតសង្គមមួយដែលពោរពេញដោយសីលធម៌ល្អ។

«សីល ៥» មានសិក្ខាបទចំនួន ៥ គឺ៖

សិក្ខាបទទី ១៖ បាណាតិបាតា វេរមណី -  វៀរចាកការសម្លាប់សត្វដែលមានជីវិត។

សិក្ខាបទទី ២៖ អទិន្នាទានា វេរមណី- វៀរចាកការលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ។

សិក្ខាបទទី ៣៖ កាមេសុមិច្ឆាចារា វេរមណី - វៀរចាកការប្រព្រឹត្តខុសក្នុងកាម (ការផិតក្បត់ ឬប្រព្រឹត្តលើកូនដែលស្ថិតក្រោមអាណាព្យាបាល)។

សិក្ខាបទទី ៤៖ មុសាវាទា វេរមណី - វៀរចាកការនិយាយកុហក។

សិក្ខាបទទី ៥៖ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី - វៀរចាកការសេពគ្រឿងស្រវឹង (ស្រា បៀរ គ្រឿងញៀន) ដែលជាហេតុនាំឲ្យបាត់បង់ស្មារតី។

វិភាគទស្សន: លោក សូក្រាត ❝ មានប្រពន្ធល្អ អ្នកនឹងសប្បាយចិត្ដ តែប្រសិនបើមានប្រពន្ធមិនកើតវិញ អ្នកនឹងក្លាយជា ទស្សនវិទូ ❞។

តាមពិតទៅមនុស្សជាច្រើនក្នុងលោកសុទ្ធតែដឹងថា ប្រវត្តិលោកសូក្រាតនេះហើយដែលមានប្រពន្ធមិនកើត គឺប្រពន្ធកំណាច ខ្មែរយើងហៅថា “កញ្ជើធ្លុះ ឬកាឡកិណី” សំដៅថា ជាមនុស្សឥតបុណ្យ និងជាមនុស្សចង្រៃ។ ប៉ុន្តែលោកអាចទ្រាំរស់នៅជាមួយបានដោយមិនចេះតបតសំឡេងធំតូចដាក់ប្រពន្ធវិញ ថែមទាំងប្រាប់មនុស្សក្នុងលោកថា លោកអាចក្លាយជាទស្សនវិទូ ក៏ដោយសារតែលោកទ្រាំរស់នៅជាមួយប្រពន្ធ “កាឡកិណី” នេះឯង។

មិនមែនមនុស្សទូទៅសុទ្ធតែអាចធ្វើបានដូចគាត់នោះទេ សូម្បីអ្នកខ្លះមានកម្រិតចំណេះដឹងខ្ពស់ ក៏មានការតបតសម្ដីធ្ងន់ស្រាលរហូតឈានដល់ចែកផ្លូវគ្នាទៀតផង។ ដូចសុភាសិតខ្មែរបានពោលថា “អ្នកប្រាជ្ញឯណានៅរួមដោយសិស្សកាច ឬប្រពន្ធកំណាចចោរមាយា និងអសប្បុរសជាពាលា ទោះប្រាជ្ញនោះជាក៏គង់តែលង់” គឺលង់នឹងការខឹងសម្បា ជេរតបតដោយសំឡេងធ្ងន់ស្រាល និងស្ដីវាយប្រដៅជាដើម។

តើអ្វីជាមូលដ្ឋានរបស់គាត់ដែលអាចទ្រាំរស់នៅជាមួយប្រពន្ធបែបនេះបាន ហើយប្រពន្ធបែបនេះមានចំណុចខ្លាំងត្រង់ណាដែលអាចធ្វើឱ្យគាត់ វិវឌ្ឍនខ្លួនក្លាយជាទស្សនវិទូ?

ប្រពន្ធគាត់មិនមានចំណុចខ្លាំងទេ តែលោកសូក្រាតទៅវិញទេដែលខ្លាំង ខ្លាំងត្រង់ថាគាត់មានចិត្ដធ្ងន់ មូលដ្ឋានដែលធ្វើឱ្យគាត់ចិត្ដធ្ងន់ គឺចំណេះដឹង ព្រោះគាត់ក៏ជាមនុស្សឆ្លងកាត់ការរៀនសូត្រមិនខុសពីយើងដែរ។ ដូចសុភាសិតខ្មែរមួយឃ្លាទៀតបានពោលថា “ធ្ងន់នៅថ្ម ក្រនៅក្ដី” បានន័យថា បើចង់ក្លាយជាមនុស្សរឹងមាំ ហើយមានទម្ងន់នឹងធឹងដូចជាថ្ម ត្រូវតែមានចំណេះដឹងមកសង្កត់អារម្មណ៍ក្រេវក្រោធ ហើយបើអ្នកចិត្ដស្រាល អ្នកនឹងប្រឈមរឿងក្តីក្ដាំគ្រប់បញ្ហា រាល់ក្ដីក្ដាំគ្រប់បញ្ហាទាំងអស់វានឹងធ្វើឱ្យអ្នកទៅជាក្រ គឺក្រចិត្ត ក្រគំនិត ក្រការវិភាគ ក្រសទ្ធា ក្រទ្រព្យ និងក្រអ្វីគ្រប់យ៉ាងដែលជាសេចក្ដីល្អ។ 

ហើយលោកសូក្រាតអាចក្លាយជាទស្សនវិទូបាន ក៏ព្រោះតែ គាត់រមែងយកសេចក្ដីអាក្រក់របស់ប្រពន្ធគាត់មកជួយពង្រឹងការអត់ធ្មត់ខ្លួនឯងឱ្យកាន់តែខ្លាំង។ ពេលណាប្រពន្ធគាត់មានទង្វើអាក្រក់ដាក់គាត់ គាត់រមែងតែកំណត់ដឹងថានេះជារឿងអាក្រក់ រួចហើយគាត់បំបែកគំនិតវិភាគថា ចុះបើនេះជារឿងអាក្រក់ តើអ្វីទៅគឺជារឿងល្អ? ដូចពាក្យមួយគេលើកឡើងថា “មានគ្រោះតែងមានលាភ ក្នុងស្ថានការណ៍តែងមានឱកាស មានខុសទើបមានត្រូវ មានអាក្រក់ទើបមានល្អ”។ ចំណុចនេះហើយដែលធ្វើឱ្យគាត់មានការវិភាគកំណត់ដឹងនូវសេចក្ដីអាក្រក់ ហើយគាត់អាចបង្កើតបានជាសេចក្ដីល្អ ឬកំណត់ដឹងនូវសេចក្ដីខុស ហើយអាចបង្កើតបាននូវសេចក្ដីត្រឹមត្រូវ។

“ការរៀនសូត្រអាចបង្កើតភាពអត់ធ្មត់ ហើយភាពអត់ធ្មត់ជាមូលដ្ឋាននៃការបង្កើតចំណេះដឹង”។

ពេលខ្លះបើយើងអង្គុយរកនឹកអ្វីហៅថាល្អក្នុងគោលដៅមួយ អ្វីហៅថាត្រូវក្នុងគោលដៅមួយ វាពិតជាពិបាករកនឹកចង្អុលឱ្យចំ និងពិបាកធ្វើឱ្យចំ។ តែបើយើងប្រឈមនឹងសេចក្ដីអាក្រក់ដោយជាក់ស្ដែង ឬសេចក្តីខុសដោយជាក់ស្ដែង ហើយអាចកំណត់ដឹងថាវាជារឿងអាក្រក់ ឬវាជារឿងខុស នោះជាចំណោទមួយដែលយើងគិតវិភាគឃើញអ្វីហៅថាល្អ រួចហើយបង្កើតរឿងដែលល្អនោះទៅ។ 

“សេចក្ដីអាក្រក់គឺជាកញ្ចក់ឆ្លុះពីសេចក្ដីល្អ សំខាន់អ្នកចេះឆ្លុះវាដែរឬទេ?”

ដូច្នេះដំណើរការប្រឈមបែបនេះ ជារៀងរាល់ថ្ងៃ និងរៀងរាល់ខែឆ្នាំ បញ្ញាខួរក្បាលរបស់លោកសូក្រាត ត្រូវបានហ្វឹកហាត់ លត់ដំកាន់តែច្រើនជាមួយការវិភាគថ្លឹងថ្លែងរហូតវិវឌ្ឍនខ្លួនក្លាយជា អ្នកប្រាជ្ញខាងទស្សនវិទូ។ 

ន័យនេះមិនមែនទាល់តែយើងបានរស់នៅជាមួយប្រពន្ធកាឡកិណីដូចលោកសូក្រាត ទើបយើងមានឱកាសលត់ដំបញ្ញាខួរក្បាលបាននោះទេ ខ្លឹមសារបញ្ជាក់យ៉ាងច្បាស់ថា កាលដែលប្រឈមនឹងរឿងអវិជ្ជមាន ចិត្ដធ្ងន់និងការអត់ធ្មត់វាជាកត្តាមួយ ប៉ុន្តែកត្តាដែលសំខាន់គឺយើងអាចរៀនសូត្រពីរឿងអវិជ្ជមានទាំងនោះ ដើម្បីវិវឌ្ឍនបញ្ញាខួរក្បាលឱ្យបានរីកចម្រើន។

No comments:

Post a Comment