មានពាក្យពីរម៉ាត់ដែលខ្មែរយើងតែងបញ្ចេញសម្លេងផ្សេងគ្នា និងឲ្យនិយមន័យផ្សេងគ្នា ។ អ្នកណាដែលបញ្ចេញសម្លេងថា “មនុស្ស” គេតែងថា អ្នកនោះជាអ្នកបានទទួលការសិក្សា ។ បើអ្នកណាបញ្ចេញសម្លេងថា “មនឹស្ស” គេថាអ្នកនោះសម្រែ ឬគ្មានការសិក្សា ។ ចុះតើ
ពាក្យណាត្រូវជាង ?មនុស្ស ក្នុងភាសាបាលី មកពីពាក្យពីរម៉ាត់ គឺ មនៈ = ចិត្ត និង ឧស្ស = ខ្ពស់ រួមគ្នាទៅជាមនុស្ស ដែលប្រែតាមព្យញ្ជនៈថា អ្នកមានចិត្តខ្ពស់ ។ បានជាលោកប្រើពាក្យ មនុស្ស ហៅពួកយើងជាបុគ្គលម្នាក់ៗនេះ ព្រោះលោកចង់ឲ្យយើងយកពាក្យនេះជាមាត្រដ្ឋាន សំរាប់ដើរទៅឲ្យដល់ ឬសំរាប់អភិវឌ្ឍខ្លួនឲ្យផុតពីភាពជា បុគ្គល ដែលលោកប្រែថា “អ្នកស្ពាយនូវថង់ស្អុយ ” បានដល់ស្ពាយក្រពះ គឺគិតតែពីរឿងស៊ីជុះតែម្យ៉ាង ។ មនុស្ស ជាអ្នកមានចិត្តខ្ពស់ គឺខ្ពស់ជាងពីរឿងស៊ីជុះ ខ្ពស់ជាងរោគ ១៦ យ៉ាងខាងផ្លូវចិត្ត ដែលតែងតែមកបៀតបៀន ។ គឺបើអ្នកណាទៅជាមនុស្សហើយ អ្នកនោះមិនមានរោគ ឧបកិលេសទាំង ១៦ យ៉ាងនេះទេ ។
មនឹស្ស ពាក្យនេះមិនដឹងថាមាន ក្នុងភាសាបាលី ឬពុទ្ធវចនៈទេ តែពាក្យនេះ អាចញែកចេញប្រែ ហើយមានន័យបានត្រូវល្អណាស់ ។ មនឹស្ស មកពីពាក្យ មនៈ ប្រែថា ចិត្ត និង ឥស្ស ប្រែថា ច្រណែនឫស្យា ឈ្នានីស ភ្ជាប់គ្នាទៅ បានជាពាក្យថា មនឹស្ស ដែលអាចប្រែជាអត្ថន័យថា អ្នកមានចិត្តឫស្យា ច្រណែន ។
តាមន័យទាំងពីរខាងលើ សូមអ្នកអានវិនិច្ឆ័យដោយផ្ទាល់ចុះ ថាពាក្យណាត្រូវជាងពាក្យណា ។
No comments:
Post a Comment