ទន្សាយពេលរស់សម្លឹងចន្ទ្រ ទុកខែសំខាន់ស្មើរូបកាយ
ហ៊ានប្តូរជីវិតស្លាប់មិនស្តាយ ពេលរស់ឃ្លាតឆ្ងាយស្លាប់សូមក្បែរ។
ពុំប្រាថ្នាចន្ទ្រលំអោនខ្លួន មើលចន្ទ្រសមសួនក៏បានល្ហែ
ពីចម្ងាយក៏អស់ចិត្តដែរ នេះហើយជាស្នេហពីទីឆ្ងាយ។
ទោះថ្ងៃពេញបោរមិនឋិតថេរ អ្វីដែលមិនរេគឺទន្សាយ
នៅទន្ទឹងចន្ទ្រឥតនឿយណាយ មិនអាចក្បែរកាយអាចក្បែរចិត្ត។
ក្រោយស្លាប់ទន្សាយមិនប៉ងអ្វី ក្រៅពីសុំក្តីសន្តោសពិត
ពីចន្ទ្រសូមតែឱយនៅឋិត អស់មួយជីវិតនៃក្តីស្លាប់។
ស្រាប់តែក្ស័យហើយចន្ទ្រភ្លេចអស់ មិនមានស្រណោះចន្ទ្រក្រលាប់
ទន្សាយចោលឆ្អឹងជាប់ឈឺចាប់ គ្មានទីសម្រាប់ទន្សោយជ្រក។
ចង់រស់រួមទុក្ខនឹងចន្ទ្រា សូន្យទាំងទីធ្លាធ្លាប់ទៅមក
ផែនដីចាកហើយចន្ទ្រពន្លក មិនទទួលយកសែនកំសត់។
ទន្សាយក្នុងខែប្រែក្រៅចន្ទ្រ សូន្យវិញ្ញាណក្ខន្ធចាំចិត្តក្បដ
ចន្ទ្រាភ្លឺថ្លាមិនប្រាកដ ទន្សាយសូមស្បថនៅក្រៅចន្ទ្រ។
ដោយ តៃ សុវណ្ណារុណ
សុក្រ, ១២:២៣–១២:៤៦, ០១/០២/២០១៣
No comments:
Post a Comment