ពេលនេះមហិច្ឆតារបស់កម្ពុជា គឺការដាក់បញ្ចូលនូវក្បាច់គុនបូរាណខ្មែរ ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌អរូបីសម្រាប់មនុស្សជាតិ ក្នុងខណៈដែលអ្វីៗស្ថិតក្នុងភាពមិនទាន់ឯកភាពគ្នានៅឡើយ ។
គ្រូគុនចំនួន ២នាក់ បានលើកឡើងពីទឡ្ហីករណ៍រៀងៗខ្លួនអំពីល្បុក្កតោ ដែលម្ខាងចាត់ទុកថាជាប្រភពនៃក្បាច់គុន ឯម្ខាងទៀថាល្បុក្កតោគ្រាន់តែជាឈ្មោះនៃប្រភេទអាវុធមួយប្រភេទតែប៉ុណ្ណោះ ។ ក្នុងចិត្តនៃគ្រូគុនទាំង ២រូប នេះយ៉ាងណា គ្មាននរណាដឹងទេ តែអ្វីដែលជាការស្ដែងមកខាងក្រៅ សុទ្ធតែបង្ហាញថាខ្លួនជាអ្នកអភិរក្ស និងស្រាវជ្រាវក្បាច់គុនដ៏ចំណាស់នេះ ខ្លាចវាបាត់បង់ ។
គេហទំព័រ CEN មិនធ្វើការសន្និដ្ឋានលើទឡ្ហីករណ៍របស់អ្នកចាស់ទុំខាងក្បាច់គុនទាំង ២រូប នេះឡើយ ហើយនរណាខុស ឬ ត្រូវនោះ ក៏មិនហ៊ានថាដែរ ។
+លោក សាន គឹមស៊ាន ដែលក្នុងពិភពអ្នកក្បាច់គុនទទួលស្គាល់ថា គាត់ជាជនជាតិកម្ពុជាដំបូងគេ ដែលបានហ្វឹកហាត់ក្បាច់គុន Hapkido របស់កូរ៉េខាងត្បូង ។ លោកបានចេញទៅរស់នៅសហរដ្ឋអាមេរិក ពេលស្រុកចប់សង្គ្រាមលោកបានវិលមកស្រុកខ្មែរវិញ ហើយមួយរយៈក្រោយមកលោកបានប្រកាសខ្លួនឯងថា ជាអ្នកស្រាវជ្រាវពីក្បាច់គុនល្បុក្កតោ ព្រមទាំងបានដំឡើងឋានៈខ្លួនឯង ជាគ្រូតាក្រមាមាសនៃក្បាច់គុនល្បុក្កតោ ។
លោកគ្រូគុនរូបនេះអះអាងថា វាជាក្បាច់គុនមួយដែលរួមបញ្ចូលគ្នា មានគុនកាំបិតវែង-ខ្លី ដំបងវែង-ខ្លី គុនដាល់ ចំបាប់ គុនខែល គុនកាំបិតផ្គាក់ គុនក្រមា…ជាដើម ។ ក្បាច់គុនល្បុក្កតោមានចរិតសាហាវ ដែលការប្រកួតងាយនឹងធ្វើឲ្យមនុស្សស្លាប់ណាស់ ។ ការប្រយុទ្ធក្នុងជំហរកៀកនោះ វាកាន់តែងាយនឹងធ្វើគូបដិបក្ខមានគ្រោះថ្នាក់បន្ថែមទៀត ។
ពេលស្ថិតក្នុងស្ថានភាពប្រយោល ល្បុក្កតោបញ្ចេញកាយវិការរាំ ដែលនេះជាចិត្តសាស្ត្រមួយបង្កឲ្យគូប្រកួតបែកអារម្មណ៍ ឬ មានអារម្មណ៍ច្រាសច្រាល ។ សភាពបែបនេះ វាជាឱកាសផ្ដួលគូប្រកួតបានយ៉ាងស្រួល ។ លោកបញ្ជាក់ថា សព្វថ្ងៃនេះលោកលើកយកតែប្រមាណជា ៣០០ ស្នៀតប៉ុណ្ណោះមកបង្ហាត់សិស្ស ហើយបង្ហាត់ជារបៀបប្រកួតក្នុងក្របខ័ណ្ឌកីឡា គឺមិនមែនសម្រាប់ប្រកួតស្លាប់-រស់នោះទេ ។
លោក សាន គឹមស៊ាន បញ្ជាក់ថា ល្បុក្កតោមានប្រវត្តិជាង ២.០០០ ឆ្នាំមកហើយ ។
លោកមិនចង់ឲ្យក្មេងជំនាន់ក្រោយ បន្តស្រពេចស្រពិលអំពីក្បាច់គុននេះ ទើបលោកខិតខំស្រាវជ្រាវវាមក ដើម្បីជាប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយតែប៉ុណ្ណោះ ពិសេសកុំឲ្យវាបាត់បង់ ។ គ្រូគុនរូបនេះហាក់ដូចជាព្យាយាមមិននិយាយដល់ការពន្យល់របស់សម្ដេចសង្ឃ ជួន ណាត ដែលថា ល្បុក្កតោជាប្រភេទអាវុធភ្លោះមួយគូដាក់ស្របនឹងកំភួនដៃ ដែលប្រើសម្រាប់ការពារទល់នឹងអាវុធរបស់គូប្រកួត ។
ទោះយ៉ាងណាក៏លោក សាន គឹមស៊ាន បញ្ជាក់ថា លោកជាខ្មែរ អ្វីដែលលោកធ្វើក្នុងនាមខ្មែរ ដើម្បីខ្មែរ ។ លោកចាស់ហើយ លោកចង់បន្សល់នូវស្នាដៃខ្លះសម្រាប់អ្នកជំនាន់ក្រោយ ឬ យ៉ាងហោចណាស់ក៏លោកបានវែកផ្លូវសម្រាប់អ្នកជំនាន់ក្រោយអាចដើរបន្តបានទៀតដែរ ។
+លោក ភូមិ ណាគ្រី គឺជាគ្រូគុនមួយរូប ដែលរស់នៅភូមិច្រកសៀម ឃុំគយមែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានបន្តអះអាងថា ល្បុក្កតោជាប្រភេទអាវុធភ្លោះដែលគេប្រើសម្រាប់រងអាវុធគូសត្រូវ ។ អាវុធភ្លោះនោះ គេពាក់វានឹងកំភួនដៃ អាវុធនោះមានឈ្មោះថា ល្បុក្កតោ ។ ដូច្នេះល្បុក្កតោជាឈ្មោះអាវុធ មិនមែនជាក្បាច់គុនទេ បើនិយាយពីក្បាច់គុនគឺ ក្បាច់គុន ខម ដូច្នេះល្បុក្កតោវាអាចជាអាវុធរបស់ក្បាច់គុន ខម ។
លោក ភូមិ ណាគ្រី បញ្ជាក់ថា ល្បុក្កតោជាភាសាខ្មែរ តែបើជាភាសាសំស្ក្រឹតនោះគេហៅថា ល្ពុឌទ្វី ឬ ល្ពុឌទ្វិ ។ ចំពោះភាសាបាលីវិញនោះ គេហៅថា លពុឡទ្វិ ។ ឯភាសាសម្រាយវិញនោះ គេហៅដោយសាមញ្ញថា ដំបងភ្លោះខ្លីដាក់ស្របនឹងកំភួនដៃ ប្រើសម្រាប់រងអាវុធរបស់គូប្រកួត ។
គ្រូគុនរូបនេះបញ្ជាក់ថា បើតាមការស្រាវជ្រាវរបស់លោកនោះថា ល្បុក្កតោ ឬ អាវុធ ភ្លោះនេះ បង្កើតឡើងដោយមេកន្ទ្រាញ ២នាក់ បងប្អូន នៅក្នុងឆ្នាំខាល ឆស័ក ពុទ្ធសករាជ ១០២៥ ។ លោកបន្តថា នៅក្នុងគម្ពីរពិជ័យសង្គ្រាមរបស់សម្ដេច ព្រះបាទអង្គច័ន្ទ ក៏បានបញ្ជាក់ដែរថា ល្បុក្កតោជាប្រភេទដំបងខ្លីមួយគូ ឬ កាំបិតខ្លីមួយគូដែលប្រើក្នុងចម្បាំង ដោយដាក់ស្របនឹងកំភួនដៃ ។
ចំពោះការសំដែងដោយមានចលនាបែបរាំនោះ លោក ភូមិ ណាគ្រី ពន្យល់ថា បន្ទាប់ពីស្រុករួចផុតពីសង្គ្រាមកលយុគនោះ មហាក្សត្រមិនបោះបងគំនិតប្រុងប្រយ័ត្នក្នុងការការពារទឹកដីនោះទេ ដូច្នេះជារៀងរាល់ឆ្នាំមហាក្សត្រតែងតែមានពិធីជួបជុំគ្នា រវាងគ្រូគុនមកពីគ្រប់តំបន់ទាំងអស់ ដើម្បីប្រកួតសាកល្បងថ្វីដៃគ្នា សំដៅពង្រឹងសមត្ថភាពកងទ័ព ។
ការប្រកួតនោះមិនឲ្យមានគ្រោះថ្នាក់ទេ តែអ្នកដែលឈ្នះ ឬ មានប្រៀបលើគូប្រកួតតែងតែបញ្ចេញកាយវិការចំអកដាក់គូប្រកួត តាមរបៀបបង្កឲ្យមានភាពសប្បាយតែប៉ុណ្ណោះ ។ គ្រូគុនរូបនេះបង្ហាញថា ខ្មែរយើងមានក្បាច់គុនសំបូរបែបណាស់ គ្រាន់តែយុទ្ធគុន ខម មាន ៩.៥៦៣ ស្នៀត ឯក្បាច់ប្រដាល់មានមិនតិចជាង ៤.០០០ ស្នៀតនោះទេ ។ ប្រភព:http://www.cen.com.kh
- See more at: http://www.cen.com.kh/localnews/details_more/25?token=MDgzMmM2MjI0ZjY3NDQ4NmMzNGQ1OGY5ZDhjMjg2#sthash.dFO7rPMM.dpuf
Hot Menu
- Home
- Culture
- Khmer History
- Kun Khmer
- Entertainment
- Dharma
- Poetry
- Jobs
- Sports
- Cambodia
- Ideas
- Khmer Website
- Khmer Tipitaka
- Network
- Philosophy
- Ting Mong
- Widgets
- Khmer Library
- Khmer Legends
- Khmer History
- Information Technology
- Khmer Festival
- Template
- Buddhism
- Monks
- Picture
- bokator
- Khmer dictionary
- Comparative Religion
- Khmer Proverbs
- State Institutions
- Astrology
- Khmer Literature
- Literature
- Video Dharma
- Sangkrant Khmer
- English Website
- General Culture
- Khmer Salute
- Linguistics
- Meditation
- Birds of a Feather
- Computer Tips
- Attractions
- Privacy Policy
- About Us
- Site Map