លោក សាន គឹមស៊ាន អតីតប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ដែលត្រូវបានមហាសន្និបាត បោះឆ្នោតឲ្យធ្វើជាប្រធានកិតិ្តយសរបស់សហព័ន្ធមួយជីវិតវិញនោះ បានប្រតិកម្មទៅនឹងការអះអាងរបស់គ្រូក្បាច់គុនមួយចំនួន ដែលបានផ្តល់សម្ភាសន៍ឲ្យបណ្តាញសារព័ត៌មានក្នុងស្រុកមួយ ដោយនិយាយថា ល្បុក្កតោមិនមែនជាកំពូលក្បាច់គុនរបស់ខ្មែរ ហើយការលើកឡើងនោះបានធ្វើឲ្យលោកចេញមុខមកបកស្រាយ និងបានបង្ហាញពីសក្តានុពល និងភ័ស្តុតាង ព្រមទាំងសមិទ្ធផលដ៏ត្រចះត្រចង់ ដែលល្បុក្កតោបានងើបឡើងវិញ និងដណ្តើមបានចំណាត់ថ្នាក់ល្អពីអន្តរជាតិ។
នៅក្នុងបទសម្ភាសជាមួយភ្នំពេញ ប៉ុស្តិ៍ លោក សាន គឹមស៊ាន ដែលកំពុងបើកសាលាគុនបណ្ឌិត្យសភាល្បុក្កតោ នៅខេត្តសៀមរាប នោះបាននិយាយថា៖«ហេតុផលដែលខ្ញុំដេកមិនលក់ ដោយសារមានលោកគ្រូក្បាច់គុនមួយចំនួន តាំងខ្លួនគ្រាន់បើ និយាយអួតអាងពីចំណេះក្បាច់គុន ធ្វើឲ្យប៉ះពាល់ដល់មរតកក្បាច់គុនល្បុក្កតោរបស់ខ្មែរ ជាពិសេសបានធ្វើឲ្យពលរដ្ឋខ្មែរ និងបរទេសមួយចំនួន មានការភាន់ច្រឡំ ឬវង្វេងដោយសារតែពួកគ្រូក្បាច់គុនក្មេងខ្ចីមួយចំនួននោះ»។
លោក ស៊ាន គឹមស៊ាន និយាយថា គ្រូទាំងនោះ បាននិយាយផ្តេសផ្តាសប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្បាច់គុនល្បុក្កតោ មិនមែនរបស់ខ្មែរ។ លោក បានបន្តថាប្រសិនបើពួកគេនិយាយបែបនោះ ស្មើនឹងបំផ្លិចបំផ្លាញមរតកក្បាច់គុន ដែលជាព្រលឹងខ្មែរ។
ការរស់ឡើងវិញនៃល្បុក្កតោ
យោងតាមឯកសារលោក សាន គឹមស៊ាន បានចងក្រងជាលំដាប់លំដោយទាក់ទងទៅនឹងកីឡាល្បុក្កតោ ដោយមានការទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា គឺមាន៩ចំណុចគួរកត់សម្គាល់។ ទី១ ល្បុក្កតោ បានចាប់កំណើតឡើងវិញនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៤ ដោយលោក សាន គឹមស៊ាន បង្កើតបានជាសហព័ន្ធ និងបានទទួលស្គាល់ពីស្ថាប័នជំនាញថាជាកីឡារបស់ជាតិ។
ចំណុច ទី២ ល្បុក្កតោ បានចេញទៅប្រកួតស៊ីហ្គេម លើកទី២៣ នៅហ្វីលីពីន ឆ្នាំ២០០៥ ដោយដណ្តើមបានមេដាយសំរឹទ្ធ ក្នុងវិញ្ញាសាជាក្រុម។ ទី៣ នៅឆ្នាំ២០០៦ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យប្រកួតជើងឯកជាតិទូទាំងប្រទេស។ រីឯទី៤ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៩ ក្បាច់គុនល្បុក្កតោ បានចូលជាសមាជិកពេញសិទិ្ធនៃសហភាពកីឡាក្បាច់គុនបុរាណពិភពលោក (World Martial Arts Union) ដោយមានអង្គការយូណេស្កូទទួលស្គាល់ និងមានសមាជិក៣៣ប្រទេស ដែលសុទ្ធសឹងតែមានក្បាច់គុនជាវប្បធម៌ចំណាស់មានប្រភពច្បាស់លាស់។
ចំណែកទី៥ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១០ ល្បុក្កតោ ត្រូវបានទៅបង្ហាញក្បាច់គុននៅទីក្រុងឃ្យុងយូប្រទេសកូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍ World Martial Arts Festival ដែលមាន១២ប្រទេសចូលរួម ហើយ ជាប់ចំណាត់ថ្នាក់លេខ២។ ទី៦ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១១ ល្បុក្កតោ បានទៅចូលរួមបង្ហាញក្បាច់គុននៅបារាំងដែលក្នុងព្រឹត្តិការណ៍ KARATE BUSHIDO ឬ 26 Festival Des Arts Martiaux ParisBercy ហើយទី៧ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១១ ល្បុក្កតោបានទៅចូលរួមប្រកួតកីឡាវាយដាក់ទ្រុង(MMA)នៅម៉ាឡេស៊ី នាទីក្រុងគូឡាឡាំពួ ដែលមាន១០ប្រទេសចូលរួម និងទទួលបានចំណាត់ថ្នាក់លេខ២។
ចំណុចទី៨ គឺនៅថ្ងៃទី៦ កញ្ញា ឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស និងបង្កើតគណៈកម្មការអន្តរក្រសួង រៀបចំឯកសារដាក់បញ្ចូលល្បុក្កតោ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌មនុស្សជាតិ និងបានបំពេញលក្ខខណ្ឌដាក់ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃ មនុស្សជាតិ ក្នុងឆ្នាំ២០១២។ ចំណុចទី៩ នៅថ្ងៃទី២៨ និងទី២៩ ខែមិថុនា ឆ្នាំ២០១២ កីឡាល្បុក្កតោ បានចូលរួមប្រកួតក្បាច់គុនបុរាណនៅក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងព្រឹត្តិការណ៍ ONG BANG ដែលមានប្រទេស២៧នៅលើពិភពលោកបានចូលរួម ហើយកម្ពុជាជាប់លំដាប់លេខ១ ផ្នែកសម្តែង និងប្រយុទ្ធ និងជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកបវរកញ្ញាក្បាច់គុន មួយទៀត។
លោក សាន គឹមស៊ាន បានរៀបរាប់ថា៖«នៅឆ្នាំ២០១៣ ខ្ញុំត្រូវបានគាំទ្រពីលោកគ្រូៗគ្រប់ខេត្ត ក្រុង សិស្សគណ និងអស់លោកថា្នក់ឯកឧត្តមមួយចំនួន ព្រមទាំងជនបរទេសមកពី USA អូស្ត្រាលី កូរ៉េ បារាំង កាណាដា ជប៉ុន ជាដើមឲ្យធ្វើជាសមាជិកគណៈកម្មការរបស់សហព័ន្ធកីឡាល្បុក្កតោកម្ពុជា និងជាប្រធានសាលាបណ្ឌិត្យសភាល្បុក្កតោ ហើយដោយមានការគាំទ្រយ៉ាងខ្លាំងនេះ ខ្ញុំមានមោទនភាពក្រៃលែងក្នុងការបណ្តុះបណ្តាលក្បាច់គុនជូនក្មេង ជំនាន់ក្រោយ ដើម្បីថែរក្សាមរតកវប្បធម៌ដូនតាឲ្យគង់វង្ស ហើយថ្ងៃអនាគតល្បុក្កតោ នឹងល្បីរន្ទឺចាំងរស្មីដូចពេជ្រដែលមានពន្លឺ៧ពណ៌»។
ចំណែកលោក ហុក ឈាងគីម ព្រឹទ្ធាចារ្យក្បាច់គុនចម្រុះ មានបទពិសោធច្រើនក្នុងសកម្មភាពកីឡា ហើយបច្ចុប្បន្នជាគ្រូ ល្បុក្កតោ វ៉ូវីណាម ហាប់គីដូ និងកីឡាចំបាប់នោះ បាននិយាយថា៖ «ក្បាច់គុនបុរាណអ្វីក៏ដោយក៏ជាមរតកក្បាច់គុនបន្សល់ទុកពីដូនតា ខ្មែរដែរ ប៉ុន្តែរឿងរ៉ាវដែលមានគ្រូក្បាច់គុនមានគំនិតខ្វែងគ្នា ឬនិយាយដើម្បីអួតអាងថាក្បាច់គុននេះល្អជាងអានោះ អានេះកើតក្រោយអានោះ អានេះធំជាងអានោះ គឺជារឿងបុគ្គល ដែលធ្វើឲ្យប៉ះពាល់ដល់មរតកដូនតា ព្រោះវាសុទ្ធតែជារបស់ខ្មែរទាំងអស់ហ្នឹង»។
គ្រូបង្វឹកវ័យ៧០ ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា៖ «ប្រវត្តិសាស្ត្ររបស់ខ្មែរ ដែលធ្លាប់បែកបាក់ គឺដោយសារអំនួតរបស់ពួកអាត្មានិយម ឬក្រុមអះអាងថា ខ្លួនឯងពូកែជាងគេនោះ។ សរុបទៅសម្រាប់ខ្ញុំផ្ទាល់ មិនគួរនិយាយថាក្បាច់គុនល្បុក្កតោ មិនមែនរបស់ខ្មែរនោះទេ ព្រោះសម្តីទាំងនោះជាការបន្តុះបង្អាប់មរតកជាតិយើងតែប៉ុណ្ណោះ ហើយក៏អាចធ្វើឲ្យក្បាច់គុនក្នុងសង្គមខ្មែរបែបបាក់»។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ NOCC និងជាស្ថាបនិកចងក្រងក្បាច់គុនល្បុក្កតោឡើងវិញ មានវ័យក្មេងជាងគេ និងមានជំនាញខាងកីឡាសម័យទំនើបនោះ មានប្រតិកម្មថា៖«ល្បុក្កតោពិតជាក្បាច់គុនរបស់ខ្មែរពិតប្រាកដ ដែលមានអំណះអំណាងទាំងឯកសារចងក្រងនិងចម្លាក់នៅប្រាងប្រាសាទ បុរាណជាភ័ស្តុតាង»។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍បន្ថែមទៀតថា៖ «រីឯ ក្បាច់គុនក្រៅពីល្បុក្កតោ មានដូចជា ប្រដាល់ក្បាច់បុរាណខ្មែរ យុទ្ធគុនខម ឬយុទ្ធគុនក្រម ដែលលម្អិតទៅជាឈ្មោះក្បាច់គុនដូចជាក្បាច់ក្រពើហា ខ្លាក្រាប ស្រង៉ែពេន ឈៀងកន្តៀត។ល។ គឺសុទ្ធតែរបស់ខ្មែរទាំងអស់ មិនអាចនិយាយថា ក្បាច់មួយណានៅក្រោមមួយណាទេ ព្រោះវាជារបស់ខ្មែរ ដែលរីកចម្រើនតាមសម័យកាល ដូច្នោះអ្វីដែលលោកគ្រូតាក្រមាមាស សាន គឹមស៊ាន និងព្រឹទ្ធាចារ្យក្បាច់គុន ហុក ឈាងគីម លើកឡើងត្រឹមត្រូវ ខ្ញុំគាំទ្រ»៕ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍
Hot Menu
- Home
- Culture
- Khmer History
- Kun Khmer
- Entertainment
- Dharma
- Poetry
- Jobs
- Sports
- Cambodia
- Ideas
- Khmer Website
- Khmer Tipitaka
- Network
- Philosophy
- Ting Mong
- Widgets
- Khmer Library
- Khmer Legends
- Khmer History
- Information Technology
- Khmer Festival
- Template
- Buddhism
- Monks
- Picture
- bokator
- Khmer dictionary
- Comparative Religion
- Khmer Proverbs
- State Institutions
- Astrology
- Khmer Literature
- Literature
- Video Dharma
- Sangkrant Khmer
- English Website
- General Culture
- Khmer Salute
- Linguistics
- Meditation
- Birds of a Feather
- Computer Tips
- Attractions
- Privacy Policy
- About Us
- Site Map