Monday, July 09, 2012

ស្រីហិតោបទេស




១-អ្នកមានទ្រព្យ តែងមានភ័យជានិច្ច កើតពីរាជភ័យ អំពីឧទកភ័យ អំពីអគ្គិភ័យ អំពីចោរភ័យ និងវិវាទភ័យ ដូចសព្វសត្វទាំងឡាយខ្លាចអំពីមរណភ័យដូច្នោះដែរ។
២-មនុស្សចិត្តអាក្រក់សាមាន្យ ប្រៀបដូចឆ្នាំងដី បែកបាក់ប្រេះឆាក៏ឆាប់រហ័សណាស់ ដល់តវិញមិនជាប់ទេ ឯសោតអ្នកសាធុជនចិត្តសប្បុរស ប្រៀបដូចឆ្នាំងមាសមិនងាយបែកបាក់ប្រេះឆាទេ ដល់ផ្សាផ្ចាប់វិញក៏ងាយជាប់។
៣-ភាពជាបុគ្គលមានចិត្តបរិសុទ្ធ ភាពជាបុគ្គលមានចិត្ត ចង់ឲទាន ភាពជាបុគ្គលមានចិត្តអង់អាច ភាពជាបុគ្គលមានចិត្តក្នុងគ្រាសុខទុក្ខ ភាពជាបុគ្គលមានចិត្តករុណា ភាពជាបុគ្គលមានចិត្តស្រលាញ់រាប់អាន ភាពជាបុគ្គលមានចិត្តទៀងត្រង់ ទាំងអស់នេះជាគុណសម្បត្តិនៃមិត្ត។
៤-កិរិយាទំលាយ អាថ៌កំបាំងក្តី ល្មោភស្មូមក្តី មានចិត្តរឹងរូសក្តី មានចិត្តរប៉ិលរប៉ូចក្តី មានសេចក្តីក្រោធច្រើនក្តី មិនមានសច្ចក្តី ស្រវឹងឈ្លក់ក្នុងល្បែងក្តី ទាំងអស់នេះជាគ្រឿងប្រទូស្តនៃមិត្ត។
៥-អ្នកមានប្រាជ្ញា កាលដែលលើកជើងក្រោយ លុះត្រាតែជើងមុខជាន់ស៊ប់ហើយ រកទីឋានឯទៀតបានហើយ ទើបលះបង់ទីឋានចាស់ចោលបាន។
៦-ការគ្រាន់តែប្រដៅនរជនទាំងឡាយដ៏ទៃ ឲគេបានជាបណ្ឌិត ជនណាក៏ធ្វើបានងាយ តែការទូន្មានខ្លួនឯងឲប្រព្រឹត្តទៅតាមកន្លងធម៌ជាការក្រធ្វើបានតែចំពោះបុគ្គលមានមហាត្ម័ន។
៧-ពន្លឺត្រជាក់នៃព្រះចន្ទ មិនជាទីពេញចិត្តនៃមនុស្សរងារ ពន្លឺក្តៅនៃព្រះអាទិត្យ មិនជាទីពេញចិត្តនៃមនុស្សក្តៅក្រហលក្រហាយ រឺឯប្តីដែលចាស់ជរា គ្រាំក្រា ក៏មិនជាទីពេញចិត្តនៃភរិយាក្មេង។
៨-បិតារក្សាក្នុងកាលនៅក្មេង បងប្រុសគ្រប់គ្រងកាលនូវជាក្រមុំ កូនប្រុសរក្សាកាលដល់វ័យចាស់ជរាភាពជាស្រ្តីនូវឯករាជ្យមិនគួរឡើយ។
៩-ផ្ទះអ្នកមិនមានកូនជាផ្ទះសោះសូន្យ នរជនមិនមានមិត្តចិត្តល្អជាបុគ្គលសោះសូន្យ ឯភាពមនុស្សក្រីក្រឈ្មោះថាភាពសោះសូន្យ ជាងអ្វីទាំងអស់។
១០-ជោគលាភគឺព្រេងសំណាង តែងរត់ទៅរកតែជនដែរបរិបូណ៌ដោយសេចក្តីព្យាយាម មិនដេកទ្រមក់ហួសកាលវេលា ស្គាល់ដំណើរការមិនជាប់ជម្ពាក់ចិត្តក្នុងក្តីអន្តរាយ ក្លៀវកា្លហាន និងឧបការគុណគេនិងមានចិត្ត មាំមួនក្នុងសន្តានដោយទីពឹងខ្លួនឯង មិនមកពីទីលំនៅជាហេតុទេ។
១១-បុគ្គលសូម្បីបានសិក្សារៀនសូត្រនៅសាស្រ្តវិជ្ជា ទាំងឡាយហើយគឺនៅតែល្ងង់ លុះត្រាតែបុគ្គលណាបានហាត់ធ្វើធ្នឹកហើយ បុគ្គលនោះទើបឈ្មោះថាជាអ្នកមានប្រាជ្ញាពិតមែន ដូចគ្រូទេព្យធ្លាប់ត្រិះរិះគិតផ្សំថ្នាំបានល្អ ថ្នឹកមើលអ្នកជម្ងឺរឲជារោគ មិនមែនគ្រាន់តែប្រាប់ឈ្មោះថ្នាំ ហើយថាជារោគនោះទេ។
១២-នរជនលះបង់របស់ទៀងទាត់ ទៅស្រវាយករបស់ មិនទៀងទាត់វិញ របស់ដែរទៀងទាត់ក៏ វិនាសបាត់សូន្យទៅ ឯរបស់ដែរមិនទៀងទាត់ក៏ហិនហោចបាត់ទៅថែមទៀតដែរ។
១៣-លក្ស្មីមិនរត់ទៅរកជនដែរឥតសេចក្តីប្រឹងប្រែងខ្ជិលច្រអូសវង្វែងជឿព្រេងវាសនា និងមិនព្យាយាមទេដូចប្រពន្ធក្មេងមិនអើរពើរប្តីចាស់ជរាដូច្នោះ។
១៤-ទឹកស្រក់មួយដំណក់ៗជាលំដាប់ អាចពេញក្អមបាន នេះជាគ្រឿងឧបមានៃការរៀនសព្វវិជ្ជា ការប្រតិបត្តិធម៌ និងការសន្សំទ្រព្យសម្បត្តិ។
១៥-សេចក្តីសង្ស័យស្ទាក់ស្ទើរចិត្ត ជាការអន្តរាយ ដល់សារពើរការងារ បុគ្គលគប្បីលះបង់ចោល ឲអស់ស្រឡះទៅ ព្រោះការលះបង់ឲអស់សេចក្តីសង្ស័យ ស្ទាក់ស្ទើរចិត្តហើយ ការសម្រេចផលប្រយោជន៍និងកើតប្រាកដទៅតាមរបៀប។
១៦-ជនអប្បឥតប្រាជ្ញា សំរាំងខ្លួនហើយ សំរាំងទៀត ទុកបម្រុងគ្រាន់តែបម្រើជនដ៏ទៃជានាយ ព្រោះប្រាថ្នាទ្រព្យ ដូចស្រ្តីផ្កាមាស តុបតែងខ្លួនឲល្អ សម្រាប់តែបុរស។
១៧-ភ្លើងតែងមិនឆ្អែតដោយអង្កត់អុសទាំងឡាយ មហាសមុទ្រតែងមិនឆ្អែតដោយទឹកស្ទឹងទាំងឡាយឯស្រ្តីមានរូបល្អតែងមិនឆ្អែតដោយប្រុសទាំងឡាយ។
១៨-ភរិយាចិត្តអាក្រក់សាមាន្យ មិត្តជាសត្រូវ អ្នកបំរើព្រហើនពោលពាក្យតបផ្ទះមានពស់ ទាំងអស់នេះលោកថាសុទ្ធតែម្រឹត្យូវឥតសង្ស័យឡើយ។
១៩-ក្នុងកាលខ្លះសេចក្តីអត់ធន់ជាគ្រឿងលំអរនៃបុរស ដូចសេចក្តីអៀនខ្មាស់ជាលំអរនៃស្រ្តីទាំងឡាយតែក្តីក្លាហានជាគ្រឿងលំអរនៃបុរសក្នុងពេលដែលគេមើលងាយ ដូចការមិនអៀនខ្មាស់ជាគ្រឿងលំអរនៃស្រ្តីក្នុងការសេពសន្ថវះដូច្នោះដែល។
យឺន ឃុនយ៉ាន
៩-០៥-២០១២
ការបំបែកមិត្ត
១-នរជនដូចម្តេច កាលក្រឡែកមើលទៅក្រោមឃើញជនជាន់ទាបជាងខ្លួន មិនឡើងជោរអួតអាងថាខ្លួនធំមហិមា តែកាលក្រឡេកមើលទៅខាងលើឃើញជនជាន់ខ្ពស់ជាងខ្លួន ទើបដឹងថាខ្លួនជាអ្នកកំសត់ក្រៃលែង។
២-នរជនណាមានទ្រព្យច្រើន នរជននោះសូម្បីសម្លាប់ព្រះព្រហ្មមួយ ក៏នៅតែមានគេគោរពបូជា ឯនរជនក្រីក្រ សូម្បីមានវង្សត្រកូលខ្ពង់ខ្ពស់ស្មើនិងវង្សព្រះបាទចន្ទ ក៏នៅតែគេមើលងាយ។
៣-សំណាងទ្រព្យសម្បត្តិ មិនរត់ទៅរកជនដែរឥតសេចក្តីប្រឹងប្រែង ខ្ជិលច្រអូសវង្វែងជឿព្រេងវាសនា និងមិនព្យាយាមទេ ដូចប្រពន្ធក្មេងមិនអើរពើរប្តីចាស់ជរាដូច្នោះ។
៤-ភាវះជាបុគ្គលខ្ជិល១ ការសេពគប់ស្រ្តីផ្កាមាស១ ភាវះជាបុគ្គលមានរោគច្រើន១ ចិត្តជាប់និងស្រុកកំណើត១ ចិត្តសន្តោស១ ភាវះជាបុគ្គលខ្លាចច្រើន១ ទោស៦ប្រការនេះ ជាគ្រៀងទំលាយបង់នូវភាវះនៃខ្លួនជាធំ ។
៥-នរជនណា មានទ្រព្យសម្បត្តិតិចតួច សម្គាល់ថាខ្លួនមានទ្រព្យសម្បត្តិច្រើន មិនខំរកតទៅទៀត ព្រះព្រហ្មដែលជាអ្នកសាងទ្រព្យសម្បត្តិ មិនព្រមចម្រើនទ្រព្យសម្បត្តិឲនរជននោះទេ។
៦-កូនមិនឧស្សាហ៍ មិនជាទីគាប់ចិត្ត មិនមានវិរិយ ជាទីឡក់ឡឺយនៃសត្រូវ សូមកុំឲស្រ្តីណាមួយបង្កើតកូនបែបនេះឲសោះ។
៧-បុគ្គលគប្បីស្វែងរកទ្រព្យដែលមិនទាន់បាន គប្បីរក្សាទ្រព្យដែលរកបានហើយ កុំឲរផាត់រទាំងអស់ទៅវិញ គប្បីកពួនទ្រព្យសម្បត្តិដែលរក្សាទុកនោះ ឲចម្រើនឡើងដោយប្រពៃ គប្បីកប់ទុកទ្រព្យសម្បត្តិដែលចម្រើនឡើងហើយក្នុងបុញ្ញខេត្ត។
៨-ទ្រព្យដែលគេមិនឲទាន ឫមិនបរិភោគខ្លួនឯង មានប្រយោជន៍អ្វី? រេហ៍ពលដែលគេមិនយកទៅច្បាំងតស៊ូសត្រូវ មានប្រយោជន៍អ្វី? ការចេះដឹងគម្ពីរដីកាធម៌អាថ៌ បើគេមិនប្រតិបត្តិតាម តើ មានប្រយោជន៍អ្វី? ខ្លួនយើង បើមិនទូន្មានឥន្រ្ទិយឲបានបទទេ តើ មានប្រយោជន៍អ្វី?
៩-ទឹកស្រក់មួយដំណក់ៗ ជាលំដាប់ អាចពេញក្អមបាន នេះជាគ្រឿងឧបមា នៃការរៀនសព្វវិជ្ជា ការប្រតិបត្តិធម៌ និងការសន្សំទ្រព្យសម្បត្តិ។
១០-ជីវិតនរជនណា ដែលបណ្តោយឲថ្ងៃប្រព្រឹត្តកន្លងទៅទទេ ដោយមិនបានបរិច្ចាគទ្រព្យខ្លួនជាទាន នឹងបរិភោគបំពេញផ្ទៃខ្លួនឯងទេ ជីវិតនរជននោះ ដូចស្នប់ជាងដែក សូម្បីរស់ដកដង្ហើមចេញចូលបាន ក៏ឈ្មោះថាស្លាប់។
១១-បុគ្គល កាលឃើញការអស់ទៅនៃថ្នាំបន្តក់ភ្នែក នឹងការកពូននៃកណ្តៀរហើយ គប្បីប្រឹងប្រែងឲកើតប្រយោជន៍រាល់ៗថ្ងៃដោយការឲ្យទាន ដោយការសិក្សាក្បួនខ្នាត នឹងដោយការធ្វើការងារ។
១២-ភារះដូចម្តេច ដែលហៅថាធ្ងន់ណាស់ សម្រាប់អ្នកមានសមត្ថភាព? ទីណា ដែលហៅថាឆ្ងាយណាស់សម្រាប់អ្នកមានព្យាយាមច្រើន? ប្រទេសណា ដែលហៅថាបរទេសសម្រាប់អ្នកមានចំណេះវិជ្ជា? ជនណា ដែលហៅថាអ្នកកន្ទៀតសម្រាប់អ្នកមានប្រិយវាទ?
១៣-ជនអ្នកចេះដឹងនីតិសាស្រ្ត ល្បងធ្វើព្យាយាមខាងនេះខាងនោះលងមើលទៅចុះ តែផលដែលត្រូវបាននោះ ព្រះព្រហ្មលោកលិខិតទុកឲ្យដិតជាប់ក្នុងចិត្តរួចស្រេចហើយ។
១៤-សេចក្តីសង្ស័យស្ទាក់ស្ទើរចិត្ត ជាការអន្តរាយ ដល់សារពើរការងារ បុគ្គលគប្បីលះបង់ចោល ឲ្យអស់ស្រឡះទៅ ព្រោះការលះបង់ឲ្យអស់សេចក្តីសង្ស័យ ស្ទាក់ស្ទើរចិត្តហើយ ការសម្រេចផលប្រយោជន៍និងកើតប្រាកដទៅតាមរបៀប។
១៥-សូម្បីលិចលង់ក្នុងមហាសមុទ្រ ឫធ្លាក់ចុះពីលើកំពូលភ្នំ ឫក៏ត្រូវនាគតក្សកះ(ស្តេចនាគមានឫទ្ធិខ្លាំងពូកែ)ចឹក បើមិនទាន់ដល់ការស្លាប់ទេ អាយុនៅតែរក្សាជីវិតន្រ្តីយឲ្យរស់តទៅបាន។
១៦-សត្វលោក សូម្បីត្រូវសរមួយរយផ្លែ បើមិនទាន់ដល់កាលក៏មិនស្លាប់ បើដល់កាលមរណហើយ សព្វបើមុតដោយស្បូវបន្តិចក៏មិនរស់ដែរ។
១៧-អ្វីមួយ មិនមានគេរក្សា តែមានបុណ្យវាសនាជួយរក្សា ក៏អាចឋិតថេរទៅបាន អ្វីមួយមានគេរក្សាល្អហើយ តែបុណ្យវាសនាមិនជួយរក្សាផងក៏វិនាសអន្តរាយទៅបាន ប្រៀបដូចនរជនអនាថាគេលះបង់ចោល កណ្តាលព្រៃជ្រៅ គង់មានជីវិតរស់បាន ឯនរជនមានគេរក្សាប្រយ័ត្នប្រយែង នៅតែក្នុងផ្ទះ ក៏ស្លាប់ទៅបាន។
១៨-ម្រឹគទាំងឡាយ មិនធ្វើពិធីបុណ្យអភិសេកឲ្យសីហះទេ សីហះបានរាជ្យ បានជាធំលើពួកសត្វម្រឹគដោយកម្លាំងព្យាយាមនៃខ្លួនឯង។
១៩-ចូរមើល! គួរអនិច្ចាអ្នកបម្រើ ចូលចិត្តធ្វើខ្ញុំបម្រើគេ ព្រោះតែចង់បានទ្រព្យ មនុស្សល្ងង់ ចូលចិត្តបម្រើគេ រហូតដល់វិនាសឥស្សរភាពខ្លួនក៏មិនថា។


២០-អ្នកធ្វើខ្ញុំបម្រើគេ តែងធន់ទ្រាំលំបាកដោយត្រជាក់ ដោយខ្យល់នឹងដោយកម្តៅថ្ងៃ ឥតបានប្រយោជន៍អ្វីសោះ ឯអ្នកប្រាជ្ញខំបំពេញតប បើទុកជាលំបាក គង់បានសេចក្តីសុខជាផល។
២១-ជនអប្បឥតប្រាជ្ញា សំរាំងខ្លួនហើយ សំរាំងទៀត ទុកបម្រុងគ្រាន់តែបម្រើជនដ៏ទៃជានាយ ព្រោះប្រាថ្នាទ្រព្យ ដូចស្រ្តីផ្កាមាស តុបតែងខ្លួនឲល្អ សម្រាប់តែបុរស។
២២-បើនៅទ្រមឹងមិននិយាយច្រើន គេថាល្ងង់ បើនិយាយគេថានិយាយច្រើនពេកឫថាឆ្កួត បើចេះអត់ធ្មត់ គេថាខ្លាច បើជេរមិនឈឺ គេថានាភិជាតិ បើនៅជិត គេថាហ៊ានពេក បើនៅឆ្ងាយ ដោយមានវិន័យ គេថាញញើតញញើមពេក។
២៣-នរជនណា ជួញចិត្តរវល់ ក្នុងកាលដែលមិនត្រូវរវល់ នរជននោះ នឹងត្រូវដេកស្លាប់លើផែនដី ដូចពានរថ្លស់ខ្លួនដល់ស្លាប់ព្រោះចាប់ទាញឈើស្នៀត។
២៤-បុគ្គលគួរបូជាព្រះអាទិត្យពីខាងក្រោយខ្នង បូជាភ្លើងពីខាងពោះ បូជាម្ចាស់ដោយកាយនិងចិត្ត នឹងប្រតិបត្តិដើម្បីបរលោកដោយមិនមានមាយា។
២៥-ថ្ម បុគ្គលលើកយកឡើងទៅដាក់លើកំពូលភ្នំបានដោយសេចក្តីព្យាយាមដ៏ធំ តែបើទម្លាក់ចុះពីលើកំពូលភ្នំវិញបានដោយងាយយ៉ាងណា ខ្លួនយើងឡើងទៅកាន់ឋានះខ្ពង់ខ្ពស់ដោយគុណគឺក្តីព្យាយាមដ៏ធំ តែបើធ្លាក់ទៅកាន់ឋានះថោកទាបវិញដោយទោសដ៏ងាយៗក៏យ៉ាងនោះឯង។
២៦-នរជនធ្លាក់ចុះទៅខាងក្រោម ឫឡើងខ្ពស់ទៅខាងលើ ដោយកម្មជារបស់ខ្លួន ដូចជាគេជីកអណ្តូង ឫកសាងកំពែង តែងទាបខ្លួនចុះទៅតាមជម្រៅអណ្តូង ឫអណ្តែតខ្ពស់ឡើងតាមកម្ពស់កម្ពែង។
២៧-ពាក្យពេចន៍ ដែលបុគ្គលពោលចេញហើយ សូម្បីបសុសត្វក៏ចាប់យកសេចក្តីបាន សេះនឹងដំរី ដែលគេហ្វឹកហ្វឺនហើយ កាលបើជនបង្គាប់អាចនាំជនទៅបាន ជនជាបណ្ឌិត សូម្បីគេមិនទាន់ហាមាត់ចេញនិយាយ វាងវៃដឹងទាន់ ព្រោះថាប្រាជា្ញមានផលប្រសើរ គឺការដឹងនូវទឹកចិត្តនៃជនដ៏ទៃ ដែលមានអាការចេញមកខាងក្រៅ។
២៨-បុគ្គលអាចគត់សម្គាល់ នូវចិត្តនៃបុគ្គលដទៃដែលឋិតនៅខាងក្នុងដោយអាការខាងក្រៅបាន គឺដោយចរិយា ដោយគតិ ដោយកិរិយា ដោយទឹកសម្តី នឹងដោយវិការះនៃភ្នែកនឹងមុខមាត់។
២៩-ពោលពាក្យឲ្យសមតាមកាលះទេសះ ធ្វើខ្លួនឲ្យគេស្រលាញ់ប្រាកដស្នើនឹងភាពជាអ្នកសប្បុរស ចេះក្រោធឲ្យសមតាមសក្តិខ្លួន អ្នកណាចេះធ្វើដូច្នេះ អ្នកនោះជាបណ្ឌិត។
៣០-មានរបស់អ្វីមួយ ដែលល្អ ឫមិនល្អ ទៅតាមសភាពរបស់វាឫទេ? របស់ណាគាប់ចិត្តនរជនណា របស់នោះឈ្មោះថាល្អ សម្រាប់នរជននោះ។
៣១-នរជនណាៗមានភាពលក្ខណយ៉ាងណាក៏ដោយ ការអ្នកប្រាជ្ញចូលទៅនៅជិតហើយ អាចញុំាងនរជននោះៗ ឲ្យនៅក្នុងអំណាចនៃខ្លួនបានដោយឆាប់រួសរាន់។
៣២-ការមិនហ៊ានប្រារព្ភធ្វើអ្វី ព្រោះភ័យខ្លាចតែពីខុស នេះជាលក្ខណនៃបុរសគម្រក់ ។
៣៣-ទោសត្រឡប់ទៅជាគុណ គុណត្រឡប់ទៅជាទោសវិញ នឹងទោសនៅជាទោស គុណនៅជាគុណ កាលមិនមានលក្ខណជាម្ចាស់មាន ៣ប្រការដូច្នេះ។
៣៤-អ្នកប្រាជ្ញទាំងឡាយតែងសម្តែងប្រាប់នូវការវិបត្តិ(អន្តរាយ)ដែលកើតពីការយល់ឃើញខុស នឹងសិទ្ធិ(ការសម្រេច)ដែលកើតពីការយល់ឃើញត្រូវ ឲ្យឃើញស្តែងតាមនីតិវិធី បង្ហាញឲ្យឃើញដូចជាអ្វីមួយដែលផុសផុលប្រាកដឡើងក្នុងទីចម្ពោះមុខ។
៣៥-ក្នុងគ្រាអន្តរាយកើតឡើង ក្នុងការដើរវង្វេងផ្លូវ នឹងក្នុងគ្រាប្រកបការក្នុងការគួរធ្វើខ្ញុំបម្រើ ដែលប្រាថ្នាប្រយោជន៍ សូម្បីម្ចាស់មិនសូរនាំ ក៏ត្រូវតែពោល។
៣៦-ការប្រព្រឹត្តចិញ្ចឹមជីវិត ដែលលោកសប្បុរសទាំងឡាយសរសើនៅក្នុងលោកនេះ ដោយគុណណា គុណនោះ បុគ្គលអ្នកមានគុណគួររក្សាទុកដោយប្រពៃផង គួរធ្វើឲ្យចម្រើនកើនឡើងផង។
៣៨-នរជនមានប្រាជ្ញានឹងមានសេចក្តីប្រព្រឹត្តមឺងម៉ាត់សូម្បីជនដទៃមើលងាយថាមិនបានជាការអ្វី នុ៎ះក៏បុគ្គលមិនគប្បីសន្ធះសង្ស័យថា ” វិនាសសាបសូន្យ” ឡើយ ភ្លើងសូម្បីបុគ្គលយកទៅដាក់ខាងក្រោម ក្នុងកាលណាក៏ដោយ អណ្តាតភ្លើង មិនដែលទៅក្រោមទេ តែងទៅតែខាងលើជាដរាប។
៣៩-មានប្រយោជន៍អ្វីដោយជនភក្តី តែមិនមានសមត្ថភាព មានប្រយោជន៍អ្វីដោយជនអង់អាច តែមិនធ្វើអ្វីឲ្យកើតប្រយោជន៍។
៤០-បើសត្រូវតូច បុគ្គលមិនគប្បីចាប់បានដោយព្យាយាមក្លៀវក្លាទេ ដើម្បីផ្ចាញ់សត្រូវនោះបុគ្គលគប្បីរកសន្យានុភាព ដែលមានកម្លាំងប៉ុនគ្នាមកកម្រាបទើបសម្រេចបាន។
៤១-ភ្លើងតែងមិនឆ្អែតដោយអង្កត់អុសទាំងឡាយ មហាសមុទ្រតែងមិនឆ្អែតដោយទឹកស្ទឹងទាំងឡាយឯស្រ្តីមានរូបល្អតែងមិនឆ្អែតដោយប្រុសទាំងឡាយ។
៤២-ដោយការឲ្យរង្វាន់ក៏មិនបាន ដោយការយកចិត្តក៏មិនបាន ដោយការប្រើអាវុថបង្ខំក៏មិនបានឫដោយការប្រើច្បាប់ចរិយាបង្គាប់ក៏មិនបានទៀត ដោយពិត ស្រ្តីភាពគឺគេទូន្មានមិនងាយបានដោយប្រការទាំងពួង។
៤៣-ស្រ្តីភាពចិត្តដាច់ណាស់ អាចលះបង់ប្តីដែលមានគុណដ៏ប្រសើរ មានកិត្តិយស មានរូបល្អជាទីពេញចិត្ត ឆ្លាតក្នុងកាមវិធី មានទ្រព្យសម្បត្តិច្រើន ឫនៅក្មេងស្រឡាងចោលភ្លាមមួយរម្ពេច ហើយរត់ទៅរើសរកប្រុសគម្រក់តាមថ្នល់ដែលឥតគុណនឹងចរិយា។
៤៤-ពិតប្រាកដណាស់! នារី សូម្បីដេកលើទែនសយនារចនាដ៏វិចិត្រប្រណិតគួរជាទីមនោរម្យ ក៏មិនគាប់ចិត្តស្អិតស្មើដោយក្តីភ្លើតភ្លើនរួមខ្នើយដោយប្រុសប្តីគេ ជាគូស្នេហាថ្មីប្លែកមុខ យកផែនដីជាគ្រែក្រាលដោយស្មៅក្រៀមក្រោះជាកន្ទេល។
៤៥-បុគ្គលគប្បីជ្រាបថា ស្រ្តីបរិភោគអាហារទ្វេគុណ មានប្រាជា្ញចតុគុណ មានកលមាយាឆគុណ នឹងបរិភោគកាមអដ្ធគុណ។
៤៦-ភរិយាចិត្តអាក្រក់សាមាន្យ មិត្តជាសត្រូវ អ្នកបំរើព្រហើនពោលពាក្យតប នៅក្នុងផ្ទះមានពស់ ទាំងអស់នេះលោកថាសុទ្ធតែម្រឹត្យូវឥតសង្ស័យឡើយ។
៤៧-នរជនណាមានប្រាជ្ញា នរជននោះឈ្មោះថាមានកម្លាំង ឯនរជនមិនមានប្រាជា្ញ នឹងមានកម្លាំងមកពីណា។
៤៨-បុរសណា មិនចង់បានទ្រព្យ បុរសនោះ មិនមាននៅក្នុងលោកនេះទេ ក្នុងលោកនេះ នរណាមួយមិនក្រឡេកមើលដោយសាទរចម្ពោះប្រពន្ធក្មេងដែលមានរូបល្អគួរជាទីពេញចិត្តនៃជនដទៃ?
៤៩-មិត្រណាជាទីស្រឡាញ់ពេញចិត្ត បើទុកជាកុហកបោកប្រាសយើងខ្លះ មិត្រនោះ នៅជាទីស្រឡាញ់ពេញចិត្តដដែល ដូចរាងកាយយើង ទោះបីមានរោគាព្យាធិប្រទូសសព្វទាំងអស់ អ្នកណាមួយមិនស្រឡាញ់រាងកាយខ្លួន។
៥០- មិត្រណាជាទីស្រឡាញ់ពេញចិត្ត សូម្បីធ្វើឲ្យយើងមិនពេញចិត្តច្រើនយ៉ាង មិត្រនោះ នៅតែជាមិត្រជាទីស្រឡាញ់ពេញចិត្តដដែល ដូចភ្លើង សូម្បីឆេះមន្ទីរមហាសាល អ្នកណាមួយ លែងនិយមរាប់អានភ្លើងទៀត?
៥១-ការរលត់បង់នូវពាក្យជជែក ដែលមិនជាទីពេញចិត្ត តែងនាំមកនូវសេចក្តីសុខ ទីណាមានអ្នកនិយាយ ហើយមានអ្នកស្តាប់ ទីនោះ ក្តីសម្រេចផលគួរជាទីពេញចិត្តតែងកើតឡើង។
៥២-មនុស្សទុជ៌ន បើទុកជាលើកតម្កើងឲ្យមានយសសក្តិជានិច្ចក៏ដោយ ក៏នៅតែមិនមានក្តីស្មោះត្រង់មិនលះបង់ប្រក្រតីដើម ដូចកន្ទុយឆ្កែ សូម្បីគេយកប្រេងលាបរឹតឲ្យត្រង់ ក៏មិនលះបង់ចុងងស្តើតទៅលើដូចប្រក្រតីវាឡើយ។
៥៣-ការបណ្តុះបណ្តាលឲ្យចម្រើន ឫការរាប់អានលើកតម្កើងឲ្យប្រសើរ នឹងអាចញុំាងមនុស្សខិលខូចចិត្តអាក្រក់ ឲ្យត្រេកអរពេញចិត្តដូចម្តេចកើត? ដូចដើមឈើ មានពិសពុល សូម្បីយកទឹកអម្រឹតទៅស្រោចស្រព ក៏មិនអាចត្រឡប់ចេញផ្លែគួរជាទីប្រាថ្នាបានដូច្នោះដែរ។
៥៤-ពូជគឺការសម្ងាត់នេះសូម្បីតែបន្តិច បុគ្គលគប្បីលាក់ទុកដោយប្រពៃ គប្បីរក្សាទុកដោយមឺងម៉ាត់តាមដែលនឹងអាចមឺងម៉ាត់បាន បុគ្គលត្រូវប្រយត្ន័កុំឲ្យបែកការឡើយ ការសម្ងាត់នោះ បើបែកធ្លាយហើយ មិនដុះដាលបានផលសម្រេចទេ។
៥៥-ការងារ ដែលត្រូវចាប់ធ្វើ ឫដែលត្រូវបង្គាប់គេ ឫដែលត្រូវធ្វើខ្លួនឯង បើបុគ្គលមិនគប្បីប្រញាប់ប្រញាល់ធ្វើឲ្យបានរួសរាន់ទាន់ពេលទេ កាលវេលា នឹងជញ្ជក់ក្រេបផឹកសីរសជាតិការងារនោះអស់រលីង។
៥៦-ការប្រារព្ភធ្វើការងារដែលមិនគួរធ្វើ១ ការទាស់ទែងខ្វែងគំនិតបងប្អូនឯង១ ការប្រណាំងប្រជែងតស៊ូអ្នកមានកម្លាំងជាង១ ការទុកចិត្តក្នុងស្រ្តីទាំងឡាយ១ ទាំង៤ប្រការនេះឈ្មោះថាបើកទ្វារឲ្យដល់ម្រឹត្យុទាំងរស់។
៥៧-ធ្វើគុណដល់អសប្បុរស ១០០ដង មិនបានផល, និយាយពាក្យសុភាសិតដល់មនុស្សល្ងង់ ១០០ដងឥតអំពើ, និយាយពាក្យពិរោះដល់មនុស្សគ ១០០ដង ឥតប្រយោជន៍, ប្រើឧបាយប្រាជ្ញា ១០០ដង ចម្ពោះជនឥតការត្រិះរិះពិចារណា ក៏មិនបានការ។
៥៨-នៅលើដើមចន្ទន៍ មានពស់,នៅក្នុងត្រពាំងដែលដេរដាសដោយផ្កាឈូក មានក្រពើ,នៅក្នុងភោគទ្រព្យ មានជនពាលជាអ្នករុកកួនឈ្នានីស,ក្នុងលោកនេះ សេចក្តីសុខ បា្រសចាកការថ្នាំងថ្នាក់ចិត្តមិនដែលមានសោះឡើយ។
៥៩-នៅគល់ដើមចន្ទន៍ មានអសិរពិស,នៅផ្កាចន្ទន៍ មានមេឃ្មុំកាច,នៅមែកចន្ទន៍ មានពានរ,នៅដើមចន្ទន៍ មានខ្លាឃ្មុំ ដូច្នេះនៅដើមចន្ទន៍ទាំងមូល ឥតមានផ្នែកត្រង់ណា ដែលមិនមានសត្រូវចង្រៃអាក្រក់អាស្រ័យនៅទេ។
៦០-ជនពីរផ្នែកណា មានទ្រព្យស្មើគ្នា មានកម្លាំងស្មើគ្នា ជនទាំងពីរផ្នែកនោះ ទើបវិវាទច្បាំងគ្នាបាន ចុះបើមួយផ្នែកមានអំណាចខ្ពង់ខ្ពស់ មួយផ្នែកទៀតថោកទាបឥតអំណាចសោះតើគួរនឹងនាំឲ្យកើតវិវាទច្បាំងខ្លះទេហះ ?
៦១-នណាហ្ន៎ចង់ចងពន្ធជាមួយនឹងមនុស្សទុជ៌ន ? នណាហ្ន៎ មិនក្នាញ់បើមានគេសូមញយៗ ? នណាហ្ន៎បានទ្រព្យច្រើនហើយមិនរីករាយ ? នណាហ្ន៎ ជាបណ្ឌិត មិនចាញ់កលក្នុងវិធីទុច្ចរិត ? ។
៦២-នរជនអ្នកស្គាល់សភាពពិតនៃព្រះធម៌ ប្រយោជន៍ នឹងកាម មិនគួរមានករុណាតែមួយចំណែកទេព្រោះថា នរជនដែលមានតែចិត្តអត់ឱនមិនអាចសីបាយដែលស្ថិតនៅក្នុងកណ្តាប់ដៃខ្លួនឡើយ។

No comments:

Post a Comment