១-អ្នកប្រាជ្ញកាលបើស្វែងរកវិជ្ជានឹងទ្រព្យគប្បីគិតថាដូចជាខ្លួនមិនចាស់ មិនស្លាប់កាលបើស្វែងរកធម៌គប្បីគិតថា ខ្លួនត្រូវម្រឹត្យុចាប់ក្របួចសក់បោកសម្លាប់ឥឡូវនេះហើយ។
២-បណ្តាទ្រព្យទាំងពួងវិជ្ជាលោកពោលថាជាទ្រព្យដ៏ឧត្តមព្រោះវិជ្ជាចោរលួចយកមិនបានផង កាត់ថ្លៃមិនបានផង មិនចេះរីចរឹលអស់ទៅផងសព្វៗកាល។
៣-វិជ្ជាយឹតយោងជនដែលនៅថោកទាបឲ្យបានចូលទៅជិតព្រះនរបតីដែលគេទៅជិតបានដោយក្រ ឬអ្នកមានបុណ្យដ៏ក្រៃលែងជាងព្រះនរបតីទៅទៀត ដូចស្ទឹងដែលនៅក្នុងទីទាបតែងប្រមូលយកទៅចូលទៅកាន់សមុទ្រ។
៤-វិជ្ជានំាឲ្យមានវិន័យ វិន័យនំាឲ្យបានសេចក្តីថ្លៃថ្នូរ សេចក្តីថ្លៃថ្នូរ នំាឲ្យមានទ្រព្យសម្បត្តិ ទ្រព្យសម្បត្តិ នំាឲ្យមាន ធម៌ ធម៌ដឹកនំាឲ្យបានសេចក្តីសុខ។
៥-សស្រ្តវិជ្ជា និងសាស្រ្តវិជ្ជា ទំាងពីរនេះ គួរប្រតិបត្តិសិក្សារៀនឲ្យចេះដឹងទំាងអស់ វិជ្ជាទី១ខាងដើម(សស្រ្តវិជ្ជា) កើតចម្រើនឡើង ដើម្បីសើចលេងត្លុកកំប្លែង វិជ្ជាទី២ខាងចុង(សាស្រ្តវិជ្ជា) បុគ្គលគួរគោរពក្នុងកាលទំាងពួង។
៦-សាស្រ្តវិជ្ជាជាគ្រឿងកាត់បង់នូវសេចក្តីសង្ស័យជាអនេកជាគ្រឿងបើកបង្ហាញនូវអាថ៌កំបំាងនិងជាភ្នែកសម្រាប់
មើលសព្វសារពើការណ៍ទំាងឡាយ អ្នកណាមិនមានសាស្រ្តវិជ្ជា អ្នកនោះទុកដូចជាមនុស្សខ្វាក់។
៧-ភាពជាយុវជន១ ភាពជាអ្នកមានទ្រព្យច្រើន១ ភាពជាអ្នកមានអធិបតេយ្យ១ និងភាពជាអ្នកមិនបែកបាក់គ្នា១ បើមានតែមួយៗក៏នំាឲ្យខូចប្រយោជន៍ ធ្វើដូចម្តេចហ្ន៎ ឲ្យបានគ្រប់ទំាង៤ប្រការក្នុងខ្លួនមនុស្ស ?
៨-មានប្រយោជន៍អ្វី ចំពោះកូនដែលកើតហើយល្ងង់ផង មិនប្រកបដោយធម៌ផង ដូចភ្នែកឈឺមានប្រយោជន៍អ្វី ? បានគ្រាន់តែឈឺចាក់ដោតនំាឲ្យរំខានប៉ុណ្ណោះ។
៩-បណ្តាកូន៣ពួកគឺកូនមិនទាន់កើត១ពួកកូនកើតហើយស្លាប់ទៅវិញ១ពួកនិងកូនល្ងង់១ពួក។ កូនពីរពួកខាងដើមជាកូនគាប់ប្រសើរ ពួកកូនទី៣មិនប្រសើរឡើយ ព្រោះថាកូនពីរពួកខាងដើម ធ្វើទុក្ខព្រួយតែ
ម្ដងក៏អស់ហើយទៅ ឯពួកកូនក្រោយទី៣ធ្វើទុក្ខមាតាបិតាឲ្យលំបាកគ្រប់ជំហានជើង។
១០-អ្នកណាកើតហើយ ដឹកនំាត្រកូលឲ្យចម្រើនខ្ពង់ខ្ពស់ឡើង អ្នកនោះទើបឈ្មោះថា ”កើត” មែនទែន ឬពេញជាកើតត្រឹមត្រូវ ព្រោះក្នុងសង្សារវដ្ត ដែលប្រព្រឹត្តទៅនេះ អ្នកណាមួយដែលស្លាប់ទៅហើយ មិនត្រឡប់កើតវិញទៀត?
១១-ក្នុងពេលបា្ររព្ធ នឹងរើសរកឈ្មោះនៃពួកអ្នកមានគុណចុះក្នុងបញ្ជីឬផែនថ្មឈ្មោះ អ្នកណាឥតគុណ មិនញុំាងចិត្តគេឲ្យរំភើបព្រឺព្រួចទេគេមិនចារឹកឈ្មោះអ្នកនោះឡើយបើដូច្នោះ តើគួរនឹងហៅម្តាយដែលបង្កើតកូននោះ ថាជាស្រីអ្វីហ្ន៎?
១២-អ្នកណាមិនដម្កល់ខ្លួនក្នុងការឲ្យទាន ក្នុងតបធម៌គឺសុចរិត ក្នុងសេចក្តីអង់អាចក្លាហានក្នុងវិទ្យាសាស្រ្ត និងការស្វែងរកទ្រព្យអ្នកនោះ លោកទុកថាដូចជាឧច្ចារៈនៃមាតា។
១៣-កូនមានគុណគាប់តែម្នាក់ជាកូនប្រសើរ កូនល្ងង់រាប់រយមិនប្រសើរទេ ដូចព្រះចន្ទតែមួយដួងអាចកម្ចាត់ ងងឹតអន្ធកាលបាន កងតារាទំាងឡាយ កម្ចាត់បង់ងងឹតមិនបានឡើយ។
១៤-តបៈគឺការបំពេញកុសលដែលបុគ្គលណាមួយធ្វើក្នុងទីស័ក្កិសិទ្ធ ពុំនោះបំពេញទុក្ករកម្មដ៏ក្រៃលែងឯណាមួយ ព្រោះបា្រថ្នាកូន កូននៃអ្នកនោះគួរជាកូនប្រដៅងាយ សមឫទ្ធីសម្រេចប្រយោជន៍ប្រកបដោយធម៌និងបា្រជា្ញ បរិបូរណ៍។
១៥-កិរិយាបានទ្រព្យ១ ភាពជាបុគ្គលមិនមានរោគជានិច្ច១ ភរិយាជាទីស្រឡាញ់ ភរិយាពោលពាក្យពិរោះ១ កូនប្រដៅងាយ១ និងមានវិជ្ជាធ្វើប្រយោជន៍ដល់សាធារណៈជន១ បពិត្រព្រះរាជាធម៌៦ប្រការនេះ ជាបរមសុខក្នុងជីវលោកនេះ។
១៦-គួរនិងរាប់អ្នកមានកូនច្រើនថាគាប់ប្រសើរឬទេ? បើកូនទំាងឡាយនោះទុកដូចជានាឡិទទេក្នុងជង្រុក កូនតែម្នាក់ជាទីពឹងផ្អែកទំនុកបម្រុងត្រកូលល្អជាជាងកេរ្តិ៍ឈ្មោះបិតា ក៏នឹងល្បីល្បាញឮខ្ចរខ្ជាយទៅកាន់ទិសានុទិស។
១៧-បិតាធ្វើបំណុលទុកឲ្យកូនជាសត្រូវ មាតាប្រព្រឹត្តទុច្ចរិតខុសគន្លងប្រពៃណីជាសត្រូវ ភរិយាមានរូបល្អជាសត្រូវ កូនល្ងង់ក៏ជាសត្រូវ។
១៨- វិជ្ជា បើមិនបានយកទៅប្រើប្រាស់ ជាពិសពុល ភោជនដែលបរិភោគទៅហើយ មិនរលួយ ជាពិសពុល សភា ជាពិសពុលសម្រាប់មនុស្សក្រីក្រ ស្រ្តីក្រមុំជាពិសពុលសម្រាប់មនុស្សចាស់ជរា។
១៩-នរជនសូម្បីកើតចេញពីត្រកូលណាក៏ដោយ តែមានគុណគាប់ប្រសើរហើយលោកក៏គួរគោរពបូជា ធ្នូសូម្បី បរិសុទ្ធដោយវង្ស តែមិនបានប្រសិទ្ធី និងធ្វើអ្វីកើត?
២០-ឱកូនតូចកម្សត់អើយ! អ្នកមិនទាន់រៀនសូត្រសោះ រាត្រីទំាងឡាយចេះតែប្រព្រឹត្តកន្លងទៅៗ បើដូច្នោះខ្លួន អ្នកនឹងកប់បាត់នៅកណ្តាលហ្វូងអ្នកប្រាជ្ញទំាងឡាយដូចជាគោលង់ទ្រនេសជាប់ក្នុងកណ្តាលបឹងភក់។ កាលបើដូច្នេះធ្វើដូចម្តេចឲ្យកូនអាត្មាអញត្រឡប់បានជាបុគ្គលមានគុណគាប់ប្រសើរឡើង ក្នុងកាលឥឡូវនេះ?
២១-បរិភោគអាហារ១ ការដេក១ ភ័យ១ និងសេពមេថុន១ ធម៌ទាំង៤ប្រការនេះ មនុស្សនឹងសត្វមានស្មើគ្នា មានតែព្រះធម៌ប៉ុណ្ណោះទេ ទើបអាចធ្វើមនុស្សនិងសត្វឲ្យវិសេសប្លែកពីគ្នា នណាប្រាស់ចាកធម៌អ្នកនោះទុក ស្មើសត្វ។
២២-អាយុ១ កម្ម១ ទ្រព្យ១ វិជ្ជា១ និងសេចក្តីស្លាប់១ ធម៌៤ប្រការនេះ កើតសម្រេចមកជាមួយរាងកាយមនុស្សតាំងតែពីស្ថិតនៅក្នុងគភ៌ម៉្លេះ។
២៣- របស់ណាមិនមានបច្ច័យ របស់នោះក៏មិនមាន ថាបើរបស់ណាមានបច្ច័យ របស់នោះក៏មិនមែនជាមិនមាន ថ្នាំនេះរម្ងាប់នូវពិសពុលគឺសេចក្តីគិតបាន ហេតុដូចម្តេចក៏គេមិនផឹកថ្នាំនោះហ្ន៎ ?
២៤-បុគ្គលសូម្បីគិតឃើញព្រេងវាសនាក៏មិនគួរលះបង់សេចក្តីព្យាយាមខ្លួនចោលឡើយ បើបុគ្គលមិនព្យាយាម ចម្រាញ់ល្ងមិនបានប្រេងល្ងទេ។
២៥-ជោគលាភ តែងចូលទៅរកបុរសសីហៈ ដែលជាអ្នកមានព្យាយាមក្លៀវក្លា មានតែបុរសគម្រក់ទេ តែងពោលថា “ស្រេចតែព្រេងសំណាង!” បុគ្គលចូរផ្ចាញ់វាសនា ហើយធ្វើនូវព្យាយាមឲ្យពេញជាកូនប្រុស តាមកម្លាំងខ្លួនដែលអាចធ្វើបាន ថាបើតាំងព្យាយាមប្រឹងប្រែងធ្វើហើយ នៅតែមិនសម្រេចទៀត តើវានឹងកើតទោសអ្វី?
២៦-រថមិនគប្បីទៅបានដោយកង់តែមួយ យ៉ាងណាព្រេងវាសនា បើវាចាកព្យាយាម នៃបុរសហើយ ក៏មិនសម្រេចយ៉ាងនោះដែរ។
២៧-កម្ម ដែលបុគ្គលធ្វើបុព្វជាតិ លោកហៅថាព្រេងវាសនា ព្រោះហេតុនោះបុគ្គលមិនខ្ចិលច្រអូស គប្បីធ្វើសេចក្តីប្រឹងប្រែង ដោយព្យាយាមពេញជាបុរស។
២៨-ជាងប៉ាន់ ប៉ាន់ដុំដីរូបផ្សេងៗ តាមចិត្តខ្លួនប៉ាន់យ៉ាងណា កម្មដែលបុគ្គលសាងទុកខ្លួនឯងក៏ប៉ាន់មនុស្សឲ្យ ប៉ាន់មនុស្សឲ្យភាវៈផ្សេងៗតាមលក្ខណៈនៃកម្មរបស់ខ្លួនយ៉ាងនោះដែរ។
២៩-បុគ្គល សូម្បីឃើញកំណប់ទ្រព្យ នៅក្នុងទីចំពោះមុខ ដូចរឿងក្អែក ដោយមិននឹកនាថានឹងកើតមានបាន ហើយចាំព្រេងវាសនាគាស់កកាយមកឲ្យឯងៗ មិនរវល់ធ្វើសេចក្តីព្យាយាមពេញជាប្រុសមិនបានកំណប់នោះ ទេ។
៣០-ការទាំងឡាយតែងសម្រេចដោយសេចក្តីព្យាយាមប្រឹងប្រែងដោយពិត មិនមែនដោយមនោរថទេ ដូចម្រឹក ទាំងឡាយ មិនដែលបោលចូលមាត់សីហៈដេកលក់ឡើយ។
៣១-កូនក្មេងដែលមានមាតាបិតាហ្វឹកហ្វឺនហើយទៅជាកូនមានគាប់គុណប្រសើរបាន មិនដែលមានកូនក្មេង បានទៅជាបណ្ឌិតដោយគ្រាន់តែច្យុតចេញពីគភ៌មាតាទេ។
៣២-កូនក្មេងដែលមាតាបិតាណាមិនបានឲ្យរៀនសូត្រ មាតានោះត្រឡប់ជាសត្រូវ បិតានោះត្រឡប់ជាបុគ្គល មានពៀរ ព្រោះកូនមិនបានរុងរឿងក្នុងទីប្រជុំជន ដូចកុកនៅកណ្តាលហ្វូងសង្ឃ។
៣៣-កូនក្មេងបរិបូរណ៍ដោយរូប និងវ័យក្មេង សម្ភពក្នុងត្រកូលដ៏ពិសាល ឥតចេះដឹងវិជ្ជាអ្វីមិនមានរាសីរុងរឿងទេ ដូចផ្កាចារឥតមានក្លិនក្រអូប។
៣៤-មនុស្សល្ងង់ ប្រដាប់កាយដោយគ្រឿងអម្ពរតែងមានរាសីរុងរឿងក្នុងទីប្រជុំជន បើមនុស្សល្ងង់នោះ មិនទាន់ហារមាត់ចេញនិយាយដរាបណា ក៏នៅតែមានរស្មីរុងរឿងដរាបនោះ។
៣៥-កញ្ចក់នៅរួមជាមួយនឹងមាសអាចចោលស្រមោលទៅជាកែវមរកតយ៉ាងណា មនុស្សល្ងង់នៅរួមជាមួយ លោកសប្បុរស ក៏អាចត្រឡប់ទៅជាសប្បុរសឆ្លៀវឆ្លាតបានយ៉ាងនោះដែរ។
៣៦-កូនអើយ! មតិថោកទាប ព្រោះសមាគមមួយអន្លើដោយបុគ្គលថោកទាប សមាគមមួយអន្លើដោយបុគ្គលស្មើ
គ្នា មតិក៏ស្មើគ្នា សមាគមមួយអន្លើដោយបុគ្គលប្រសើរ មតិក៏រឹងរឹតតែប្រសើរឡើង។
៣៧-កិច្ចការអ្វី១ ដែលប្រកបដោយអំពើឥតប្រយោជន៍ក៏រមែងមិនបានផលសមតាមប្រាថ្នាទេ ដូចជាប្រើវេលា ព្យាយាមបង្រៀនសត្វកុកឲ្យចេះនិយាយដូចសត្វសេក សូម្បីច្រើនរយដងនឹងមានផលក៏ឥតអង្គឺមានឡើយ។
៣៨-តែក្នុងមហាត្រកូលបែបនេះ អ្នកគ្មានបុណ្យមិនមកកើតទេ ប្រៀបដូចអណ្តូងរ៉ែ កើតត្បូងទទឹម ធ្វើម្តេចឡើយនឹងកើតមានកញ្ចក់ ?
៣៩-ដង្កូវឡើងទៅទំលើក្បាលសាធុជនទាំងឡាយបានព្រោះនៅលាយឡំជាមួយកម្រងផ្កា ដុំថ្មដែលអ្នកធំលើក តម្កើងហើយ ក៏ក្លាយទៅជាភាពទេវតាពូកែស័ក្តសិទ្ធិ។
៤០-របស់ទ្រព្យដែលនៅលើកំពូលភ្នំខាងឧទយាទិត្យតែងបានទទួលពន្លឺស្វាងរុងរឿង ព្រោះនៅជិតព្រះអាទិត្យ យ៉ាងណា ជនហីនជាតិវណ្ណៈថោកតែងបានទទួលការចេះដឹងជាពន្លឺព្រោះនៅជិតលោកអ្នកសប្បុរសយ៉ាងនោះ ដែរ។
៤១-អ្នកមានគុណគាប់ តែងដឹងល្អ និងអាក្រក់ អ្នកមានគុណគាប់នោះ បើទៅសេពគប់មនុស្សអាក្រក់ ក៏ត្រឡប់ទៅជាអាក្រក់វិញ ដូចស្ទឹងមានទឹកដ៏ហើយដោយរសជាតិល្អ លុះហូរចូលទៅដល់សមុទ្រហើយ ក៏ក្លាយទៅជាមានរសប្រៃ ផឹកមិនបាន។
៤២- អ្នកបា្រជ្ញ តែងប្រើកាលវេលា ឲ្យប្រព្រឹត្តទៅ ដោយការកំសាន្តកាព្យសាស្រ្ត មនុស្សល្ងង់តែងប្រើកាលវេលា ឲ្យប្រព្រឹត្តទៅ ដោយការប្រព្រឹត្តសេចក្តីវិនាស ដោយការដេក និងដោយការឈ្លោះទាស់ទែង។
៤៣-អ្នកប្រាជ្ញាមានចិត្តល្អសូម្បីខ្សត់ទ្រព្យហើយ ឥតកម្លាំងក៏អាចជួយកែខៃឲ្យសម្រេចប្រយោជន៍បានដោយ រួសរាន់ ដូចរឿងក្អែក អណ្តើក និងកណ្តុរ។
៤៤-មនុស្សល្ងង់តែងជួបប្រទះប៉ះទង្គិចហេតុដែលនាំឲ្យកើតសេចក្តីសោកមួយពាន់ដង ឬហេតុដែលនាំឲ្យកើត ភ័យមួយរយដងក្នុងមួយថ្ងៃៗ តែអ្នកប្រាជ្ញជួបប្រទះប៉ះទង្គិចហេតុដូច្នេះឥតអង្គឺមានឡើយ។
៤៥-ការភ្ញាក់ក្រោកឡើងពីព្រលឹម នរជនគប្បីដាស់សតិរំឮករាល់ថ្ងៃថា ៖ “មហាភ័យទាំងឡាយជិតមកដល់ហើយ បណ្តាលមហាភ័យទាំងឡាយនោះ ការឈឺចាប់ សេចក្តីស្លាប់ និងសេចក្តីទុក្ខសោករោគភ័យ ឬអន្តរាយអ្វីមួយ មុខជានឹងធ្លាក់មកដល់អាត្មាអញក្នុងថ្ងៃនេះ ” ។
៤៦-ការស្វែងលាភក្នុងវត្ថុដែលពេញចិត្តអំពីមនុស្សអាក្រក់មិនមែនជាគតិល្អទេ ព្រោះថាទឹកអម្រឹតលាយដោយ ពិសពុល មានក្នុងទីណា គេអាចស្លាប់បានក្នុងទីនោះ។
៤៧-នរជនមិនឡើងកាន់សេចក្តីសង្ស័យ (មិនចេះសង្ស័យ) មើលមិនឃើញសេចក្តីចម្រើនទេ ថាបើឡើងកាន់ សេចក្តីសង្ស័យម្តងហើយ ម្តងទៀត ចិត្តនៅតែសាញសាំញុំាចេះតែសង្ស័យស្ទាក់ស្ទើរ កាលបើឃើញសេចក្តី ចម្រើនហើយ ក៏ឈ្មោះថាមិនឃើញដែរ។
៤៨-មនុស្សលោកតែងផ្ទៀងទៅតាមដំណើរហេតុដែលកន្លងទៅហើយ មិនជឿទុកចិត្តស្រីផ្កាមាសដែលគេបានឲ្យ ឧបទេស(គេបានទូន្មានល្អ) ហើយមិនគិតយកព្រះធម៌ជាប្រមាណ ដូចជាគេមិនជឿទុកចិត្តព្រាហ្មណ៍ដែលធ្លាប់ កាប់សម្លាប់គោ។
៤៩-ភ្លៀងដែលបង្អុរចុះលើផែនពសុធាដែលរីងហែងរំហួតយ៉ាងណា ការឲ្យភោជនាហារដល់ជនស្រេកឃ្លាន អត់បាយក្រហាយទឹកក៏យ៉ាងនោះដែរ ការឲ្យទានដែលបានអានិសង្សច្រើន គឺការឲ្យទានដល់មនុស្សអ្នកទីទាល់ ក្រីក្រលំបាកតោកយ៉ាក។
៥០-ជីវិតរបស់ខ្លួនជាទីស្រឡាញ់ពេញចិត្តយ៉ាងណា ជីវិតរបស់ជនដទៃក៏យ៉ាងនោះដែរ លោកសប្បុរសទាំង ឡាយ តែងធ្វើសេចក្តីមេត្តាករុណា ព្រោះលោកយកខ្លួនរបស់លោកជាគ្រឿងឧបមា។
៥១-កំណាញ់នឹងការឲ្យទាន សេចក្តីសុខនឹងសេចក្តីទុក្ខ ស្រឡាញ់នឹងស្អប់ បុគ្គលអាចយកប្រមាណសេចក្តីបាន ដោយយកខ្លួនអាត្មាជាគ្រឿងឧបមា។
៥២-នរជន ឃើញភរិយាអ្នកដទៃ ទុកស្មើដោយមាតារបស់ខ្លួន ឃើញទ្រព្យអ្នកដទៃ ទុកស្មើដោយដុំថ្ម ឃើញសព្វសត្វទាំងឡាយ ទុកស្មើដោយរូបខ្លួន នរជននោះលោកហៅថា ”បណ្ឌិត” ។
៥៣- ទានជារបស់គួវគប្បីឲ្យ តែឲ្យដល់អ្នកមិនមានឧបការគុណ ក៏មិនសូវមានផលប្រយោជន៍ទេ ការឲ្យទានដែរអ្នកបា្រជ្ញពោលថា ប្រកបដោយផលប្រយោជន៍នោះ គឺឲ្យទានត្រឹមត្រូវតាមកាលៈទេសៈ និងឲ្យដល់បុគ្គលមានគុណគួរឲ្យ។
៥៤- បុគ្គលចិត្តអាក្រក់សាមាន្យ និងសម្គាល់បានដោយអាងហេតុថា “ចេះពោលធម្មសាស្រ្ត “ក៏មិនមែន ឬថា “ចេះស្វាធ្យាយគម្ពីរព្រះវេទ “ក៏មិនមែនដែរ មធុរសនៃទឹកដោះគោ រមែងផ្អែមល្ហែមទៅតាមប្រក្រតីរបស់ទឹកដោះគោយ៉ាងណា សភាពសត្វលោកក្នុងសង្សារវដ្តនេះ លោកពោលថា ដូចគ្នាយ៉ាងនោះឯង។
៥៥- ការធ្វើអ្វីទាំងពួងនៃបុគ្គលអ្នកមានឥន្រ្ទីយ និងចិត្តមិនលុះនៅក្នុងអំណាចខ្លួនក៏មិនជាផលដូចជាការលាងជម្រះដំរី ពុំនោះការចេះដឹង បើបា្រសចាកការធ្វើឲ្យជាប្រយោជន៍ហើយ ក៏ធ្ងន់ខួរក្បាលឥតអំពើ ដូចជាការបំពេញគ្រឿងអលង្ការ បំប៉នឲ្យភរិយាចង្រៃ បានតែធ្ងនខ្លួនឥតប្រយោជន៍។
៥៦- បុគ្គលមិនគួរធ្វើសេចក្តីស្និទ្ធសា្នលទុកចិត្តទឹកទន្លេ បុគ្គលមានសាស្រ្តាវុធក្នុងដៃ សត្វមានស្នែង និងស្រ្តីក្នុងរាជត្រកូលទាំងឡាយ។
៥៧- សភាព (លក្ខណៈ)នៃបុគ្គលទាំងអស់ក្នុងលោកនេះ គេមើលឃើញច្បាស់បា្រកដ តែគុណធម៌ទាំងឡាយនៃបុគ្គល គេមើលមិនឃើញងាយទេ សភាពនៃបុគ្គលនីមួយៗកម្ចាត់បង់នូវគុណធម៌ទាំងពួង ហើយចូលទៅទំនៅលើក្បាលបាន។
៥៨- មែនពិត ព្រះចន្ទទ្រទ្រង់នូវសហស្សរង្សី ត្រច់ចររុងរឿងព្ធដ៏នភាល័យប្រទេសកម្ចាត់បង់នូវងងឹតអន្ធការ អ័ព្វសូន្យសុងកណ្តាលដួងតារាព្រោងព្រាត សូម្បីមានរិទ្ធដល់ម្ល៉ោះ ដល់គ្រោះជោគគ្រោះជាំ ក៏ត្រូវរាហូចាប់លេបបាន នណាហ្ន៎អាចវេចគេចឲ្យរួចពីលិខិតដែលព្រះជាម្ចាស់ត្រាស់ទុកព្ធដ៏ថ្ងាសបាន ?
៥៩- អាហារដែលរលួយល្អ កូនមានប្រាជា្ញឆ្លៀវឆ្លាត ភរិយាស្តាប់បង្គាប់ឱវាទ ព្រះនរបតីមានប្រជារាស្ត្រស្វាមីភ័ក្តិ គិតគូរឲ្យល្អិតល្អ ហើយទើបនិយាយ ពិចារណាឲ្យជុំវិញខ្លួនហើយទើបធ្វើទាំងអស់នេះ លោកពោលថា សូម្បីស្ថិតនៅអស់កាលយូវអង្វែងក៏ដោយ ក៏មិនឃ្លាតក្លាយទៅជាអី្វឡើយ។
៦០- កាលបើមានអន្តរាយមកដល់ជិត បុគ្គលគប្បីកាន់តាមពាក្យចាស់ព្រឹទ្ធាចារ្យ តែបើប្រើការពិចារណាឲ្យសព្វគ្រប់យ៉ាងនេះហើយ សូម្បីស្វែងរកអាហារភោជន ក៏មិនត្រូវស្វែងរកដែរ។
៦១- បុគ្គលដែលស្វែងរកបាយទឹកនំចំណី លើផែនពសុធានេះ សុទ្ធសឹងប៉ះទង្គិចដោយសេចក្តីរង្គៀស ភយន្តរាយទាំងឡាយ និងប្រព្រឹត្តស្វែងរងក្នុងកាលណា ?ធ្វើម្តេចហ្ន៎ គេនឹងអាចចិញ្ចឹមជីវិតឲ្យប្រព្រឹត្តទៅបាន ?
៦២- បុគ្គលមានឥច្ឆាឈ្នានីស បុគ្គលពោលពាក្យនិន្ទារិះគន់ បុគ្គលមិនសន្តោស បុគ្គលក្រោធច្រើន បុគ្គលមានសេចក្តីរង្កៀសជានិច្ច និងបុគ្គលពឹងផ្អែកស៊ីតែដោយសារបុគ្គលដទៃ បុគ្គលទាំង៦បែបនេះ ត្រូវទទួលចំណែកនៃសេចក្តីទុក្ខ។
៦៣- បុគ្គលជាពហូស្សូត ចេះដឹងនូវសាស្រ្តវិជ្ជាទាំងឡាយច្រើនមហិមា អារកាត់នូវសេចក្តីសន្ទិះសង្ស័យគ្រប់ប្រការបាន កាលបើសេចក្តីលោភចង់បានមកបំបាំងគំនិតឲ្យល្ងិតសូន្យសុងហើយ ក៏តែងទទួលសេចក្តីទុក្ខលំបាកតោកយ៉ាក។
៦៤- សេចក្តីក្រោធ ដើមកំណើតមកពីលោភៈ កាមរាគកើតមកពីលោភៈ មោហៈនឹងសេចក្តីវិនាសក៏កើតមកពីលោភៈដែរ ព្រោះហេតុនោះ លោភៈជាប្រភពនៃសេចក្តីអាក្រក់គ្រប់ប្រការ។
៦៥- ដោយពិត ប្រើសមាសមិនដែលកើតមានទេ បើទុកជាដូច្នេះ ព្រះរាមក៏ទ្រង់នៅជាប់ព្រះទ័យចង់បានប្រើសមាស ឬសេចក្តីអន្តរាយក្នុងកាលវិបត្តិមកដល់ សូម្បីប្រាជា្ញនៃបុរសជាតិ ក៏ត្រឡប់ជាងងឹតងងុល គិតមិនយល់បាន។
៦៦- បុគ្គលមិនគប្បីចេញមុខជាមេគណៈធ្វើការងារណា ដែលសម្រេចប្រយោជន៍ទៅហើយត្រូវបាមផលស្មើគ្នា ព្រោះថា បើការងារនោះអន្តរាយវិញ អ្នកចេញមុខត្រូវស្លាប់ក្នុងទីនោះមុនគេ។
៦៧- សូម្បីមិត្រ ជាអ្នកធ្វើប្រយោជន៍ឲ្យពិតៗ ក៏អាចក្លាយទៅជាដើមហេតុនាំបណ្តាលឲ្យកើតអន្តរាយធ្លាក់មកបាន ដូចជាស្មងមេគោអាចទៅជាសសរចងកូនគោ។
៦៨- អ្នកណាមួយអាចជួយអ្នកមានគ្រោះឲ្យរួចពីក្តីអន្តរាយ ដែលមកដល់ អ្នកនោះលោកទុកជាផៅពង្ស ឯអ្នកបណ្ឌិតតែមាត់ បានតែពោលបន្តោសទម្លាក់ខុសទៅគេអួតថាខ្លួនជួយស្រោចស្រង់ឲ្យរួចផុតពីក្តីភិតភ័យ និងទុកថាជាផៅពង្សពុំបានឡើយ។
៦៩- ចិត្តមឺងម៉ាត់ក្នុងគ្រាក្រទុក្ខព្រួយ ចិត្តនឹងធឹងក្នុងគ្រាក្រសុខចម្រើន សេចក្តីអង់អាចក្នុងទីប្រជុំដោយសម្តីថ្វីមាត់ ចិត្តក្លៀវក្លាក្នុងរណរង្គ (សមរភូមិទីចំបាំងជាញជ័យ) ចិត្តត្រេកអរក្នុងយសនិងចិត្តស្រវាស្រទេញក្នុងការសិក្សា ទាំងអស់នេះ ជាលក្ខណៈសម្បត្តិជាប្រក្រតីចំពោះតែបុគ្គលមានមហាត្ម័ន (មានចិត្តប្រសើរ) ។
៧០- អ្នកណាមិនរីករាយហួសហេតុ ក្នុងគ្រាបានសេចក្តីសុខចម្រើន មិនខូចកម្លាំងចិត្តក្នុងគ្រាក្រទុក្ខព្រួយ មានសេចក្តីក្លាហានក្នុងរណរង្គ មាតាបង្កើតកូន ដែលមានតិលកៈ(បុរសលក្ខណៈនៃបុគ្គលដ៏ប្រសើរក្នុងត្រៃភព)ដូច្នេះក្នុងលោកទាំងបីនេះក្រមានណាស់។
៧១- ក្នុងលោកនេះ ទោស៦ប្រការ បុគ្គលបា្រថា្នសេចក្តីសុខចម្រើន គួរគប្បីលះបង់ចោលគឺដេកទ្រមក់១ ខ្ជិលច្រអូស១ ភ័យ១ ក្រោធ១ ទន់មួរមុខ១ និងឡេឡាយឺតយូរក្រោយគេ១។
៧២- នរជនណាអាចជួយស្រោចស្រង់យើងឲ្យរួចផុតពីក្តីអន្តរាយ និងចេះរកឧបាយជួយឲ្យរួចភ្លាមៗមិនបង្អង់ នវជននោះលោកហៅថា មិត្រពិត ។
៧៣- ការវេញចងបាច់វត្ថុអ្វី១ សូម្បីតូចឆ្មារឲ្យរួបរួមគ្នា ក៏ធអាចញុំាការងារឲ្យសម្រេចប្រយោជន៍បាន ដូចគេប្រមូលស្មៅវេញជាទន្លីងយកទៅធ្លីងដំរីចុះប្រេងឲ្យជាប់បោលទៅណាមិនរួច។
៧៤- ការចងបាច់វង្សត្រកូលរបស់ខ្លួន សូម្បីពីរ ឬបីនាក់ ឲ្យរួបរួមមូលត្រកូលគ្នា ក៏ជាការគាប់ប្រសើរល្អណាស់ ដូចគ្រាប់ស្រូវ ដែលគេបកសម្បកចេញ ហើយយកទៅសាបព្រួសមិនដុះលូតលាស់ឡើងបានទេ។
៧៥- មាតា មិត្រ និងបិតា ត្រៃអង្គនេះជាអ្នកធ្វើហិតានុហិតតាមសភាពខ្លួន ឯអ្នកដទៃទៀតក៏ធ្វើហិតានុហិតបែបនេះដែរ ព្រោះគេយកនាទីមាតា មិត្រ បិតា មកទុកជាហេតុដើម។
៧៦- ក្នុងលោកនេះ មិនមានបុណ្យវាសនា ជាងអ្នកដែលបានជួបប្រទះ សន្ទនារីករាយជាមួយនឹងមិត្រ អ្នកដែលឋិតនៅរួមមួយអន្លើដោយមិត្ត និងអ្នកដែលបា្រស្រ័យបា្រប់សុខទុក្ខទៅវិញទៅមក មួយអន្លើដោយមិត្រដូច្នេះទេ ។
៧៧- សេចក្តីល្អ និងសេចក្តីអាក្រក់ ជាកម្មរបស់ខ្លួនឯណា ព្រោះហេតុឯណា ដោយប្រការឯណា ក្នុងកាលឯណា ដរាបណា ក្នុងទីណា អំពើនោះ សម្រេចផលតាមអំណាចនៃព្រះព្រហ្មបង្កើតលោក ព្រោះហេតុនោះ ដោយប្រការនោះ ក្នុងកាលនោះ ដរាបនោះ ក្នុងទីនោះ។
៧៨- រោគាព្យាធិ សោកសង្រេងសង្រៃ សេចក្តីក្តៅក្រហាយ ការជាប់អន្ទាក់ចំណង និងសេចក្តីវិនាសអន្តរាយទាំងឡាយ នេះជាផលដែលមកពីព្រឹក្សាជាតិ គឺទោសកំហុសរបស់ខ្លួននៃមនុស្សទាំងឡាយ ។
៧៩- បុគ្គលគប្បីថែរក្សាទ្រព្យទុក ដើម្បីការពារគ្រាក្រ គប្បីរក្សាភរិយាដោយទ្រព្យ តែគេគប្បីរក្សាខ្លួនរឿយៗដោយភរិយាផង ដោយទ្រព្យផង។
៨០- បា្រណគឺជីវិត មានការតាំងនៅមាំ ជាហេតុដើម្បីប្រព្រឹត្តធម៌ស្វែងរកទ្រព្យសម្បត្តិសេពកាម និងរកមោក្សធម៌ បើប្រាណគឺជីវិតវិនាសហើយ អ្វីមួយដែលឈ្មោះថាមិនវិនាសទៅនុ៎ះ?ការរក្សាប្រាណគឺជាជីវិតឲ្យគង់វង្សនៅ អ្វីមួយដែលឈ្មោះថាមិនរក្សាផងដែរ ។
៨១- អ្នកប្រាជ្ញគប្បីលះបង់ទ្រព្យផង ជីវិតផង ជាពលិកម្ម ដើម្បីការពារជនដទៃ ការបរិច្ចាគជីវិតក្នុងអំពើល្អបែបនេះ ជាកិត្តិយសប្រសើរណាស់ បើសេចក្តីស្លាប់ជាធម៌ទៀង។
៨២- បណ្តាគុណធម៌ទាំងឡាយ គឺជាទ្រព្យ និងគុណសម្បត្តិ គុណធម៌៣ប្រការនេះ បរិវារមានស្មើនិងម្ចាស់ សម្លាញ់ ! ចូរអ្នកនិយាយឲ្យច្បាស់មកមើល ដូចម្តេចដែលហៅថាភាពនៃខ្លួនជាធំវិសេសជាងគេ?ដល់កាលណាទៅត្រូវសម្តែងភាពនៃខ្លួនជាធំនោះ ?
៨៣- បរិវារទាំងឡាយនេះ មិនមានគ្រឿងអាហារចិញ្ចឹមជីវិត និងមិនលះបង់ការសំណាក់ពឹងពាក់ចោលខ្ញុំទេ ព្រោះហេតុនោះ សូមសម្លាញ់ជួយស្រោចស្រង់ជីវិតបរិវារទាំងឡាយនេះមុនសិន សូម្បីតែត្រូវក្តីវិនាសអន្តរាយដល់ជីវិត ក៏មិនថា ។
៨៤- ថាបើបុគ្គលគប្បីបាននូវកិត្តិយសដែលទៀងទាត់ មិនមានមន្ទិលដោយការបរិច្ចាគកាយដែលផ្ទុកដោយគ្រឿងមន្ទិលសៅហ្មងស្មោកគ្រោក មិនទៀងទាត់នេះបាន បើដូច្នោះតើបុគ្គលនឹងគប្បីកាន់យកនូវគុណធម៌ គឺកិត្តិយសនោះឬអ្វី ?
៨៥- សរីរៈ និងកិត្តិគុណ មានចន្លោះតំាងនៅឆ្ងាយពីគ្នាលន្លង់លន្លោចណាស់ សរីរៈនេះរលត់រលាយទៅក្នុងមួយខណៈ ឯកិត្តិគុណស្ថិតនៅរហូត ។
៨៦- ក្នុងលោកនេះ សត្វបក្សីមើលឃើញអាហារចំណី ដែលឋិតនៅឆ្ងាយជាងមួយរយយោជន៍ តែសត្វបក្សីនោះ កាលបើគ្រោះជោគគ្រោះជាំមកដល់ហើយ មើលអន្ទាក់ចំណងមិនឃើញទេ ។
៨៧- បុគ្គលគប្បីព្រមធ្វើបដិសណ្ឋារៈ ទទួលភ្ញៀវដែលមកដល់ផ្ទះហើយ ទោះបីភ្ញៀវជាសត្រូវក៏ដោយ ដូចព្រឹក្សាជាតិ តែងឲ្យម្លប់ជាទីសំចតមិនរើសមុខ សូម្បីអ្នកកាប់ឈើ។
៨៨- បើទុកជាខ្សត់ខ្សោយទ្រព្យ មិនមានចំណីអាហារទទួលភ្ញៀវដែលមកដល់ដោយហោចទៅ ក៏គួររាប់អានរាក់ទាក់ចំពោះភ្ញៀវដោយសម្តីដ៏ពិរោះជាទីត្រេកអរដែរ ព្រោះថា ៖
៨៩- ស្មៅ (ឬចំបើងសម្រាប់អុជបំភ្លឺ) ភូមិទីលំនៅ ទឹក និងសម្តីពិរោះផ្អែមល្ហែម ធម៌៤ប្រការនេះ ក្នុងកាលណាក៏ដោយ មិនដែលខ្វះខាតរលីបរលាប ក្នុងផ្ទះលោកអ្នកសប្បុរសទំាងឡាយទេ។
៩០- លោកសប្បុរសទាំងឡាយ តែងសម្តែងមេត្តាករុណាចំពោះសត្វទាំងឡាយ មិនរើសមុខសូម្បីបុគ្គលថោកទាបក៏ដោយ ដូចជាព្រះចន្ទនឹងថាកំណាញ់ពន្លឺឲ្យដល់លំនៅជន កណ្តាលក៏ឥតអង្គឺមាន។
៩១- ភ្ញៀវវិលត្រឡប់ចេញពីផ្ទះអ្នកណា ដោយក្តីក្តៅក្រហាយចិត្ត ភ្ញៀវនោះឈ្មោះថា ប្រគល់ឲ្យនូវបាបអពមង្គលដល់ម្ចាស់ផ្ទះនោះ ហើយកាន់យកនូវបុណ្យ សិរីសួស្តីត្រឡប់ទៅវិញ។
៩២- បុគ្គលមានគោត្រកូលឧត្តមខ្ពង់ខ្ពស់ បើមានភ្ញៀវត្រកូលថោកទាបមកដល់ហើយ ក៏គួរតែគោរពបូជា តាមគួរដែរអាចទទួលបាន ព្រោះភ្ញៀវទាំងអស់សុទ្ធតែជាទេវតា។
៩៣- ទោះបើក្មេងកម្លោះ ក្រមុំ ឬព្រឹទ្ធាចារ្យ ដែលមកដល់ផ្ទះយើង បុគ្គលត្រូវតែជ្រះថា្លទទួលរាក់ទាក់ដោយការរាប់អានខ្ពង់ខ្ពស់ ព្រោះក្នុងលោកនេះ គេទុកភ្ញៀវជាបុគ្គលខ្ពង់ខ្ពស់ជាងជនទាំងពួង។
៩៤- នរជនណា មិនប្រព្រឹត្តបៀតបៀនសព្វសត្វទាំងឡាយឲ្យក្តៅក្រហាយ មានព្យាយាមអត់ធន់ចំពោះការងារទាំងពួង និងជាទីពឹងពាក់ពុំនាក់អាស្រ័យនៃសព្វសត្វ នរជននោះឈ្មោះថាកសាងស្ពានទៅកាន់ឋានសួគ៌។
៩៥- មានធម៌មួយទេ លោកហៅថា “មិត្រធម៌” ដែលជាប់ដិតតាមជាមួយខ្លួន ទៅក្នុងពេលស្លាប់ឯអវៈយវៈដទៃទៀត សុទ្ធតែដល់នូវក្តីវិនាសអន្តរាយជាមួយនឹងសរីរៈរាងកាយទាំងអស់។
៩៦- កាលបើអ្នកនឹងស៊ីសាច់គេ គួរពិចារណាមើល អ្នកស៊ីសាច់គេ និងសាច់គេដែរអ្នកត្រូវស៊ីឲ្យយើងប្លែកគ្នាទាំងសងខាងសិនថា អ្នកម្ខាងបានឆ្អែត មានបីតិរីករាយតែក្នុងមួយខណៈប៉ុណ្ណោះ ឯអ្នកម្ខាងទៀតនោះត្រូវបាត់បង់ជីវិត។
៩៧- នរជន តែងមានសេចក្តីទុក្ខព្រួយ ដោយគិតថា “ខ្លួមត្រូវគេសម្លាប់” កាលបើគិតឃើញដូច្នេះគ្រប់គ្នាហើយនិយាយថ្វីដល់ទៅមិត្រ សូម្បីតែសត្រូវក៏អាចជួយការពារជីវិតបានផងដែរ
៩៨- បុគ្គលគប្បីបំពេញផ្ទៃខ្លួនឯង ដោយបន្លែជារុក្ខាលតាជាតិដែលដុះក្នុងព្រៃតាមទំនើងវាបាន ហេតុអ្វីក៏ចំាបាច់កាប់សម្លាប់គេដ៏អាក្រក់ក្រៃលែង ដើម្បីបំពេញខ្លួនដែលគ្រាន់តែស្រេកឃ្លានប៉ុណ្ណោះ ?
៩៩- ទីឋានណា មិនមានអ្នកបា្រជ្ញរាជបណ្ឌិត ទីឋាននោះ សូម្បីមានអ្នកចេះដឹងបន្តិចបន្តួចក៏គួរលើកតម្កើងសរសើរ ដូចជាប្រទេសមួយ ដែលឥតមានព្រឹក្សាជាតិ បើមានតែដើមល្ហុង ក៏លោកសន្មត់ថា ជាដើមឈើបានដែរ។
១០០- អ្នកនេះជាពួកយើង អ្នកនោះជាពួកគេ មានចិត្តគំនិតល្អតែងនិយាយថ អ្នកនៅលើផែនពសុធា សុទ្ធតែជាផៅពង្សនឹងគ្នាទំាងអស់។
១០១- នឹងថាអ្នកណាជាមិត្តអ្នកណា ក៏ពុំទាន់បាន នឹងថាអ្នកណាជាសត្រូវ អ្នកណាក៏ពុំទាន់បានដោយអំពើដែលគេប្រព្រឹត្ត ទើបគេស្គាល់ថា “អ្នកនោះជាមិត្រ អ្នកនោះជាសត្រូវ” ។
១០២- គេដឹងចិត្តមិត្រក្នុងគ្រាក្រ ដឹងចិត្តទាហានក្លៀវក្លាក្នុងសង្រ្គាម ដឹងចិត្តស្មោះត្រង់ក្នុងការសងបំណុលគេ ដឹងចិត្តភរិយាក្នុងពេលខ្សត់ទ្រព្យ និងដឹងចិត្តផៅពង្សក្នុងគ្រាវិនាសអន្តរាយ។
១០៣- អ្នកណាមិនលះបង់មិត្រ ក្នុងគ្រាទុក្ខ ក្នុងគ្រាអន្តរាយ ក្នុងគ្រាទុរ្ភិក្ស ក្នុងគ្រារាស្រ្តចលាចលក្នុងទ្វារព្រះរាជា ក្នុងអង្គព្រៃស្មសាន អ្នកនោះលោកថា “ផៅពង្ស” ។
១០៤- បើមានអ្នកណាមួយនិយាយថា ខ្ញុំមិនមានចិត្តអាក្រក់ព្យាបាទទេ ដូច្នេះក៏ដោយ បុគ្គលមិនជឿពាក្យនោះ យកជាហេតុមេត្រីស្និទ្ធស្នាលឡើយ សេចក្តីពិត អ្នកដែរមានគុណគឺការចេះដឹងច្រើន ក៏តែងមានភ័យកើតមកពីមនុស្សទុច្ចរិតទាំងឡាយដែរ។
១០៥- មនុស្សស្លាប់មិនធុំក្លិនផ្សែងចង្កៀង ដែលគេលត់ ស្តាប់មិនឮពាក្យដាស់តឿនមិត្រសម្លាញ់ មើលមិនឃើញផ្កាយព្រឹក។
១០៦- បុគ្គលគប្បីវារមិត្រដែលប៉ងបំផ្លិចបំផ្លាញការងារក្នុងទីកំបាំងមុខ មិត្របែបនេះប្រៀបដូចឆ្នាំងដែលពេញដោយពិសពុល មានមាត់ប្រឡាក់ដោយទឹកដោះផ្អែម។
១០៧- ក្នុងលោកនេះ បើគេនិយាយឲ្យស្លាប់ចិត្ត ដោយប្រើពាក្យផ្អែមល្ហែមដូចទឹកឃ្មុំ បើគេធ្វើលុះក្នុងអំណាច ដោយឧបាយមិច្ឆាចារ បើគេមកពឹងពាក់ ដោយធ្វើឲ្យជឿទុកចិត្តដូច្នេះ តើនណាឡើយ ដែលគេមិនអាចបញ្ឆោតបោកបាន ? ឱគួរឲ្យសង្វេគណាស់ !
១០៨- បុគ្គលកុំគប្បីចងមិត្រសម្លាញ់ ឬចងស្ពានមេត្រីមួយអន្លើ ដោយមនុស្សទុរជនឲ្យសោះដូចជាធ្យូង បើនៅក្តៅវារលាកដៃ បើរលត់ហើយវាប្រឡាក់ដៃ។
១០៩- នៅមុខអ្នក វាសំពះលុតក្រាបជិតបាទជើង នៅក្រោយអ្នក វាបេះសាច់ឆ្អឹងជំនីស៊ី វានិយាយសម្តីផ្អែមល្អូកល្អិន មានលេបខាយដ៏វិចិត្រ ល្ហឹមៗជិតត្រចៀកអ្នក បើមានចន្លោះ លូកចូលទៅបេះយកថ្លើមប្រម៉ាត់មួយរំពេចឥតកោតញញើតឡើយ សត្វរុយវាចេះធ្វើត្រាបលក្ខណៈមនុស្សចិត្តអាក្រក់សមាន្យបានទំាងអស់។
១១០- មនុស្សទុរជន និយាយពាក្យពិរោះគួរជាទីពេញចិត្ត តែមិនត្រូវយកជាហេតុមកធ្វើសេចក្តីស្និទ្ធស្នាល ព្រោះតែសម្តីពិរោះនោះទេ ប្រៀបដូចទឹកឃ្មុំជាប់នៅចុងអណ្តាតក្នុងចិត្តពេញដោយពិសពុលដ៏ក្តៅក្រហាយរោលរាល។
១១១- សណ្តានចិត្តលោកសប្បុរសទាំងឡាយ សូម្បីមានសេចក្តីក្រេវក្រោធកើតឡើង ក៏មិនប្រែប្រួលអាកប្បកិរិយា ដូចជាគេមិនអាចយកគុម្ពស្មៅមួយគុម្ព ទៅដុតកម្តៅទឹកសមុទ្រសាគរឲ្យក្តៅពុះពារបានឡើយ។
១១២- បើជាសត្រូវហើយ បុគ្គលកុំគប្បីចងមេត្រីជឿទុកចិត្តយ៉ាងជិតស្និទ្ធស្នាលឲ្យសោះ ដូចជាទឹកផឹក ទុកជាពុះខ្លាំងគ្រឹកៗ ក៏អាចរំលត់ភ្លើងបាន។
១១៣- រីមនុស្សទុរជន សូម្បីប្រដាប់ខ្លួនដោយគ្រឿងអម្ពរ ចំណេះវិជ្ជា ក៏បុគ្គលគប្បីជៀសវាងចេញឲ្យផុត ដូចសត្វអសិរពិស សូម្បីប្រដាប់ដោយកែវមណី វានិងមិនធ្វើឲ្យយើងភ័យឬអ្វី?
១១៤- របស់ណាមិនអាច របស់នោះនៅតែមិនអាចពិតប្រាកដ របស់ណាអាច របស់នោះនៅតែអាចពិតបា្រកដ ដូចជារទេះបរទៅលើទឹកមិនបានទេ ឯទូក អុំលើគោក ក៏ទៅមិនបានដូច្នោះដែរ។
១១៥- នរជនណា ទៅចងចិត្តស្និទ្ធស្នាលនឹងសត្រូវ ឬភរិយាដែរមិនមានចិត្តប្រតិព័ទ្ធខ្លួនដោយអាងថាមានទ្រព្យសម្បត្តិច្រើន ជីវិតនរជននោះ ឈ្មោះថាចូលទៅដល់ទីបំផុតខែត្រត្រឹមនោះហើយ។
១១៦- មនុស្សទុរជនចិត្តអាក្រក់សាមាន្យ ប្រៀបដូចឆ្នាំងដី បែកបាក់ប្រេះឆាក៏ឆាប់រហ័សណាស់ ដល់តវិញមិនជាប់ទេ ឯលោកសាធុជនចិត្តសប្បុរស ប្រៀបដូចឆ្នាំងមាស មិនងាយបាក់បែកប្រេះឆាទេ ដល់ផ្សារភ្ជាប់វិញក៏ងាយជាប់។
១១៧- ជាតិលោហធាតុទំាងអស់ រលាយចូលគ្នាបាន ព្រោះដែកមានការរលាយជាលក្ខណៈ ម្រឹគបក្សីទាំងឡាយ រួបរួមចូលជាហ្វូងបាន ព្រោះមានរូបរាងសណ្ធានជាលក្ខណៈ មនុស្សល្ងង់រួបរួមគ្នាបាន ព្រោះមានភ័យខឹងលោកជាលក្ខណៈ ឯសាធុជនមានមហាត្ម័ន រួបរួមចូលគ្នាបានដោយទស្សនញាណ (ស្គាល់ហេតុស្គាល់ផល) ។
១១៨- មែនពិត សាធុជនចិត្តល្អ គេមើលទៅឃើញមានអាការៈដូចផ្លែដូង ឯអ្នកដទៃទៀតគេមើលទៅដូចជាផ្លែពុទា្រ មានសម្បកក្រៅរលោងស្រិលគួរជាទីពេញចិត្ត។
១១៩- ខ្សែមេត្រីចិត្តនៃលោកសប្បុរសទាំងឡាយ សូម្បីមានឧបសគ្គអ្វីមកផ្តាច់ពីក្តីស្នេហាគ្នាគុណប្រសើរមិនផ្លាស់ប្តូរប្រែប្រួលទេ ដូចដើមឈូក សូម្បីបាក់ពាក់កណ្តាល ក៏នៅមានជាប់អន្លាយ។
១២០- ភាពជាបុគ្គលមានចិត្តបរិសុទ្ធ ភាពជាបុគ្គលមានចិត្តចង់ឲ្យទាន ភាពជាបុគ្គលមានចិត្តអង់អាច ភាពជាបុគ្គលមានចិត្តស្មើក្នុងគ្រាសុខទុក្ខ ភាពជាបុគ្គលមានចិត្តករុណា ភាពជាបុគ្គលមានចិត្តស្រឡាញ់រាប់អាន ភាពជាបុគ្គលមានចិត្តទៀងត្រង់ ទាំងអស់នេះគុណសម្បត្តិនៃមិត្រ។
១២១- កិរិយាទម្លាយអាថ៌កំបាំងក្តី ល្មោភស្មូមក្តី ភាពជាបុគ្គលមានចិត្តរឹងរូសក្តី ភាពជាបុគ្គលមានចិត្តរប៉ិលរប៉ូចក្តី សេចក្តីក្រោធច្រើនក្តី ភាពជាបុគ្គលមិនមានសច្ចៈក្តី ស្រវឹងឈ្លក់ក្នុងល្បែងក្តី ទាំងអស់នេះជាគ្រឿងប្រទូស្តនៃមិត្ត។
១២២- បុគ្គលគប្បីសង្កេតដឹង នូវភាពបុគ្គលមានចិត្តអាក្រក់ និងភាពនែបុគ្គលមានចិត្តមិននឹងធឹង និងភាពនែបុគ្កលមានចិត្តរប៉ិលរប៉ូច ដោយឃើញប្រត្យក្សនិងភ្នែក។
១២៣- មែនពិត មេត្រីចិត្តនែបុគ្គលមានចិត្តបរិសុទ្ធ មានសភាពម្យ៉ាង ឯសម្តីនៃបុគ្គលមានចិត្តអាក្រក់ខិលខូច មានសភាពម្យ៉ាងទៀត។
១២៤- មនុស្សចិត្តអាក្រក់ ចិត្តគិតផ្សេងសម្តីនិយាយផ្សេងទៀតកិរិយាប្រព្រឹត្តធ្វើផ្សេងទៅទៀត ឯបុគ្គលមានមហាត្ម័ន ចិត្តគិតសម្តីនិយាយនិងកិរិយាប្រព្រឹត្តធ្វើតែមួយ។
១២៥- អ្នកមានប្រាជ្ញា កាលដែលលើកជើងក្រោយ លុះត្រាតែជើងមុខជាន់ស៊ប់ហើយ រកទី ឋានឯទៀតបានហើយ ទើបលះបង់ទីឋានចាស់ចោលបាន។
១២៦- ការគ្រាន់តែប្រដៅនរជនទំាងឡាយដទៃ ឲ្យគេបានជាបណ្ឌិតនរណាក៏ធ្វើបានងាយតែការទូន្មានខ្លួនឯងឲ្យប្រព្រឹត្តទៅតាមគន្លងធម៌ជាកាក្រ ធ្វើបានចំពាះតែបុគ្គលមានមហាត្ម័ន។
១២៧- ប្រទេសឯនាមិនមានគេរាប់អាន មិនមានផ្លូវរកស៊ីចិញ្ចឹមជីវិត មិនមានញាតិសន្តានផៅពង្ស ឬក៏មិនមានវិទ្យាគមចម្រើនចំណេះវិជ្ជា បុគ្គលគប្បីលះបង់ប្រទេសនោះចេញ។
១២៨- លោកយាត្រា(ការលក់ដូរ)១ សចេក្តីភ័យ១ អាម៉ាសមុខ១ មេត្តាករុណា១ ការបរិច្ចាគទាន១ ទីឋានណា មិនមានធម៌៤ប្រការនេះទេ បុគ្គលមិនប្បីតាំងលំនៅក្នុងទីឋាននោះឡើយ។
១២៩- មនុស្សសងបំណុលគេ១ គ្រូពេទ្យ១ សមណព្រាហ្មណ៍ចេះដឹងវេទ១ ទន្លេមានទឹកថ្លាបរិសុទ្ធមួយ នែសម្លាញ់! ទីឋានណាមិនមានវត្ថុទាំង៤ប្រការនេះទេ បុគ្គលមិនគប្បីតាំងលំនៅក្នុងទីឋាននោះឡើយ។
១៣០- ប្រពន្ធក្រមុំ ស្រាប់តែធ្វើមាយាទាញសក់ប្តីចាស់ជរាជប់ថើប ហើយចាប់ឱបញក់ញីឥតប្រណីខុសទំនង នុ៎ះមុះជាមានហេតុអ្វី ខុសឆ្គងមិនខាន ។
១៣១- ពន្លឺត្រជាក់នៃព្រះចន្ទ មិនជាទីពេញចិត្តនៃមនុស្សរងារ ពន្លឺក្តៅនៃព្រះអាទិត្យ មិនជាទី
ពេញចិត្តនៃមនុស្សក្តៅក្រហលក្រហាយ ប្តីដែលចាស់ជរាគ្រាំក្រាតតេ្រតតត្រត ក៏មិនជាទី ពេញចិត្តនៃភរិយាក្មេង។
១៣២- បើប្តីចាស់មើលទៅឃើញសក់ស្កូវព្រោងហើយ ឲ្យភរិយាក្មេងប្រាថ្នាកាមរាគដូចម្តេចកើត ?ភរិយាណាមានចិត្តប្រគល់ឲ្យទៅប្រុសដទៃទៀតហើយ ភរិយានោះ ទុកប្តីដូចជាថ្នាំកែរោគ។
១៣៣- សេចក្តីប្រាថ្នាចង់បានទ្រព្យសម្បតិ្ត សេចក្តីប្រាថ្នាចង់ឲ្យមានអាយុយឺនយូរ ជាធម៌តែងមាននៅចិត្តនៃសព្វសត្វទាំងឡាយ ឯភរិយាក្មេងរូបរាងកាយស្រស់ឥតខ្ចោះត្រង់ណា ជាធម៌ធ្ងន់កណ្តុកជាប់ក្នុងចិត្តដ៏ក្រៃលែង នៃប្តីចាស់ជរាជាងជីវិតទៅទៀត។
១៣៤- មនុស្សចាស់ជរាលុះក្នុងវិស័យនៃកាម និងបរិភោគកាម ក៏មិនកើត ឬលះបង់ចោលកាមក៏មិនកើតទៀត ដូចសត្វសុនខដែលបាក់ចង្កូមហើយ គ្រាន់តែបានអង្គៀមយកអណ្តាតលិទ្ធឆ្អឹងតែប៉ុណ្ណោះ។
១៣៥- កិរិយាប្រព្រឹត្តតាមទំនើងចិត្ត កិរិយានៅក្នុងផ្ទះនៃបិតា កិរិយាចូលចិត្តមើលមហោស្រពកិរិយាចូលចិត្តសេពគប់និយាយច្រើននឹងញាតិ កិរិយាចូលចិត្តអង្គុយជិតបុរស កិរិយានៅបរទេស សមាគមញយៗដោយស្ត្រីផ្កាមាស វិនាសទ្រព្យសម្បត្តិ ព្រោះចាយវាយឥតសណ្តាប់ធ្នាប់ សា្វមីចាស់ជរាប្រច័ណ្ឌឬស្យានឹងស្វាមីធ្វើដំណើរទៅប្រទេសក្រៅ ទាំងអស់នេះ ជាហេតុនាំឲ្យភរិយាក្បត់ចិត្តប្តី។
១៣៦- កិរិយាផឹកទឹកស្រវឹង១ កិរិយានៅច្រឡំបល់ដោយមនុស្សអាក្រក់១ កិរិយានៅស្ងាត់ពីស្វាមី១ កិរិយាដើរលេង១ កិរិយាដេកនៅក្នុងផ្ទះអ្នកដទៃ១ កិរិយានៅឆ្ងាយពីស្វាមី១ ទោស៦ប្រការនេះ ជាគ្រឿងប្រទូស្តនៃស្ត្រីទាំងឡាយ។
១៣៧- នឹងថាបុរសណា ស្រ្តីមិនស្រឡាញ់ក៏មិនមែន នឹងថាបុរសណា ស្រ្តីស្រឡាញ់ក៏មិនមែនទៀត ដោយពិត ស្ត្រីភាព ដូចគោដើរស្វែងរកស្មៅជាអាហារក្នុងព្រៃតែងបា្រថ្នានូវស្មៅថ្មី ជានិច្ចរហូតតទៅ។
១៣៨- នារីបីដូចជាឆ្នាំងខ្លាញ់ បុរសបីដូចជាភ្លើង ហេតុនោះបានជាអ្នកប្រាជ្ញ លោកមិនដម្កល់ទុកឆ្នំាងខ្លាញ់ និងភ្លើងក្នុងទីជិតគ្នាទេ។
១៣៩- ធម្មជាតិជាស្ត្រី នឹងថាអៀនខ្មាស់ក៏មិនមែន នឹងថាមានចិត្តស្មោះត្រង់ចំពោះប្តីក៏មិនមែន ពុំនោះនឹងថា មានសេចក្តីភ័យខ្លាចក៏មិនមែនដែរ សេចក្តីពិត គឺមិនមានបុរសចង់ នេះជាហេតុនៃសេចក្តីស្មោះត្រង់(បរិសុទ្ធ) នៃស្រ្តីទាំងឡាយ។
១៤០- បិតារក្សាក្នុងការនៅក្មេង បងប្រុសគ្រប់គ្រងកាលនៅជាក្រមុំ កូនប្រុសរក្សាកាលដល់វ័យចាស់ជរា ស្រ្តីភាពនៅឯករាជ្យមិនគួរឡើយ។
១៤១- អ្នកប្រាជ្ញមិនគប្បីប្រកាស ការវិនាសទ្រព្យសម្បត្តិ ការក្តៅក្រហាយចិត្តទុច្ចរិតឧបទ្រពចង្រៃក្នុងផ្ទះ ការត្រូវគេប្រវ័ញ្ច និងការគេមើលងាយ ឲ្យគេដឹងឮឡើយ។
១៤២- អាយុជីវិត ទ្រព្យសម្បត្តិ ទោសជាចន្លោះក្លុងផ្ទះ មន្រ្តី(រៀងសម្ងាត់)មេថុនភេសជ្ជៈ(ថ្លាំកែរោគ) តបធម៌ ការឲ្យទាន និងការគេមើលងាយ លក្ខណៈ៩ប្រការនេះបុគ្គលគប្បីគ្រប់គ្រងរក្សាទុកដោយប្រយ័ត្នប្រយែងមែនទែន។
១៤៣- អ្នកមានប្រាជ្ញាតែខ្សត់ទ្រព្យ បើព្រេងវាសនាមិនជួយ ព្យាយាមបុរសក៏ឥតប្រយោជន៍ តើនឹងទៅស្វែងរកសចេក្តីសុខដទៃឯណាក្រៅពីចូលទៅនៅក្នុងព្រៃ?
១៤៤- អ្នកមានប្រាជ្ញា បើទុកជាត្រូវស្លាប់ក៏មិនប្រកែក តែមិនព្រមឲ្យធ្លាក់ខ្លួនទៅជាអ្នកក្រីក្រទេដូចជាភ្លើង សូម្បីរលត់ហើយ ក៏មិនព្រមត្រជាក់។
១៤៥- អ្នកមានបា្រជា្ញ និងផ្កាភួងមានសភាពដូចគ្នា ស្ថិតនៅក្នុងគតិតែ២យ៉ាង គឺ៖
១-ទៅទំលើក្បាលនៃនរជនទាំងពួង និង ២-ស្រពោនស្វិតក្រៀមក្រញង់ស្លាប់នៅក្នុងព្រៃ។
១៤៦- នរជនធ្លាក់ខ្លួនទៅជាក្រីក្រ លោតទម្លាក់ខ្លួនក្នុងគំនរភ្លើងឲ្យស្លាប់បង់ជីវិតស្រឡះទៅប្រសើរជាងការដើរទៅអើតងើបសុំទានគេ ដែលឥតគួរសមកំណាញ់មិនចង់ឲ្យទាន មិនប្រសើរឡើយ។
១៤៧- សេចក្តីក្រីក្រ នាំឲ្យកើតក្តីអៀនខ្មាស ក្តីអៀនខ្មាស នាំឲ្យបាត់ក្តីក្លាហាន ការបាត់ក្តីក្លាហាន នាំឲ្យបុគ្គលដទៃមើលងាយ ការគេមើលងាយ នាំឲ្យកើតក្តីស្អប់ខ្ពើម ក្តីស្អប់ខ្ពើម នាំឲ្យកើតក្តីទុក្ខសោក សេចក្តីទុក្ខសោក នាំឲ្យអាប់ប្រាជា្ញ ការអាប់ប្រាជា្ញ នាំឲ្យដល់ក្តីក្ស័យអន្តរធានអ្វីទំាងអស់ ឱអនិច្ចាក្តីក្រីក្រអើយ អ្នកជាប្រធាននៃសេចក្តីវិនាសគ្រប់ប្រការ។
១៤៨- ការនៅស្ថៀមប្រសើរ ការពោលពាក្យកុហកមិនប្រសើរឡើយ ការតាំងខ្លួនជាបុរសខ្សោយអំណាចប្រសើរ ការលួចភរិយាអ្នកដទៃមិនប្រសើរឡើយ ការលះបង់ជីវិតប្រសើរ ការពេញចិត្តស្តាប់ពាក្យញុះញង់ស៊កសៀតមិនប្រសើរឡើយ ការយកស្រ្តីផ្កាមាសជាភរិយា ប្រសើរ ការយកស្ត្រីមានត្រកូល ដែលប្រព្រឹត្តកន្លងប្រពៃណី មិនប្រសើរឡើយ ការនៅក្នុងព្រៃប្រសើរ ការនៅក្នុងបុរីដែលមានស្តេចអយុត្តិធម៌មិនប្រសើរឡើយ និងការបរិច្ចាគជីវិតប្រសើរ ការសេពគប់ទុរជនមិនប្រសើរឡើយ។
១៤៩- ការចេះដឹងរផាត់រទាំង១ មេថុនដោយការទិញដូរ១ និងការចិញ្ចឹមជីវិតដោយសារជនដទៃ១ ទាំង៣ប្រការនេះ ជាគ្រឿងរំខាននំាឲ្យអាម៉ាស់មុខបុរសទាំងឡាយ។
១៥០- បុគ្គលមានរោគបៀតបៀន បុគ្គលព្រាត់ប្រាសអស់កាលយូរ បុគ្គលអាស្រ័យបាយទឹកគេចិញ្ចឹមជីវិត និងបុគ្គលប្រព្រឹត្តដោយនៅក្រោមសំយ៉ាបផ្ទះជនដទៃ ជីវិតនៃបុគ្គលនោះៗឈ្មោះថាជាជីវិតស្លាប់សូន្យឈឹង សេចក្តីស្លាប់នៃបុគ្គលនោះៗ ឈ្មោះថាជាទីសម្រាកដ៏ស្ងប់ស្ងៀម។
១៥១- នរជនមានបា្រជា្ញ តែងនៅញាប់ញ័រដោយសេចក្តីលោភ សេចក្តីលោភនំាបង្កើតតណ្ហា
តណ្ហានាំបង្កើតឲ្យបានក្តីទុក្ខនៅនាលោកនេះ និងបរលោក។
១៥២- បុគ្គលមានចិត្តជាប់ដោយទ្រព្យ មិនមានចិត្តរីករាយ មានចិត្តមិនក្នុងអំណាចខ្លួននិងមានខ្លួនមិនបានទូន្មាន សេចក្តីអន្តរាយទាំងអស់ តែងគ្របសង្កត់ចិត្តនៃជនណាមួយ ដែលមិនសន្តោស។
១៥៣- នរជនណា មានចិត្តសន្តោសរីករាយ នរជននោះឈ្មោះថាជាមា្ចស់នៃទ្រព្យសម្បត្តិទាំងអស់ ដូចបុគ្គលពាក់ទ្រនាប់ជើងស្បែកដើរលើផែនដី ក៏ហាក់ដូចជាដឹងថា ផែនដីទាំងមូលក្រាលពាសពេញដោយស្បែក មិនមែនដូច្នោះឬ ?
១៥៤- បុគ្គលដែលក្រេបផឹកទឹកអម្រឹតគឺសន្តោស មានចិត្តក្សេមក្សាន្ត តែងបាននូវសេចក្តីសុខត្រជាក់ត្រជុំ ឯបុគ្គលល្មោភដើរស្វះស្វែងរកទ្រព្យ ទៅខាងនេះ ទៅខាងនោះ ខ្វល់រចល់ញ័រទទ្រើកដូចរកខ្យល់កើតបានសេចក្តីសុខមកពីណា ?
១៥៥- អ្នកណាលះបង់សេចក្តីប្រាថា្នទ្រព្យទុកក្រោយខ្នង មិនមានអាល័យទ្រព្យនោះសោះ អ្នកនោះឈ្មោះថា មានរៀនសូត្រហើយ ឈ្មោះថាបានស្តាប់យល់ហើយ និងឈ្មោះថា បានប្រតិបត្តធម៌ទាំងអស់។
១៥៦- ជីវិតនៃបុគ្គលណាមួយ ដែលមិនទៅអើតងើតសូមទានតាមទ្វារផ្ទះនៃឥស្សរជន មិនធា្លប់គប់រក មិនដែលភពប្រសព្វសេចក្តីព្រាត់ប្រាសទុក្ខព្រួយ និងមិនដែរពោលពាក្យឥតខ្លឹមសារ បុគ្គលនោះ ឈ្មោះថាមានបុណ្យវាសនាធំណាស់ហ្ន៎ !
១៥៧- ទីឋានឆ្ងាយចំនួនមួយរយយោជន៍មិនមែនឆ្ងាយណាស់ណាទេ សម្រាប់បុគ្គលជាខ្ញុំតណ្ហាឯបុគ្គលមានចិត្តសន្តោស សូម្បីទ្រព្យមកដល់ដៃហើយ ក៏មិនរវល់អើពើអ្វីប៉ុនា្មន។
១៥៨- សម្រាប់ជននាផ្ទៃក្រោមនេះ អ្វីហ្ន៎ជាធម៌ ! សេចក្តីអាណិតអាសូរសត្វលោក ! អ្វីហ្ន៎ជាសេចក្តីសុខ? កិរិយាបា្រសចាករោគាពាធ ! អ្វីហ្ន៎ជាសេចក្តីស្នេហា? ភាពនៃបុគ្គលជាអ្នកសប្បុរស អ្វីហ្ន៎ជាភាពនៃបណ្ឌិត? ការដឹងកំណត់ប្រមាណខ្លួន។
១៥៩- មែនពិត ភាពជាបណ្ឌិត គឺការដឹងកំណត់ប្រមាណកាលមានហេតុវិបត្តកើតឡើង នរជនដែលមិនដឹងការកំណត់ប្រមាណខ្លួន តែងភប់ប្រសព្វក្តីវិបត្តអន្តរាយគ្រប់ៗជំហានជើង។
១៦០- គប្បីលះបង់បុគ្គលម្នាក់ ដើម្បីសង់ត្រកូល គប្បីលះបង់ត្រកូល ដើម្បីរក្សាភូមិ ដើម្បីរក្សាប្រទេស គប្បីលះបង់ប្រទេស ដើម្បីស្រោចស្រង់ខ្លួន។
១៦១- មានទឹកផឹកមិនបាច់ព្យាយាមដងក្តី មានអាហារប្រកបដោយរសជាតិឆ្ងាញ់ ទីណាមានសេចក្តីរលត់ទុក្ខ ទីនោះឈ្មោះថាជាសេចក្តីសុខក្សេមក្សាន្ត។
១៦២- ព្រឹក្សជាតិ មានពិសពុល ពោលគឺសង្សារវដ្តនេះ មានផលទុកដូចជារសផ្អែមតែពីរប្រការ គឺចម្ងាញ់នៃរសទឹកអម្រឹត ពោលគឺកាព្យឃ្លោង១និងសមាគមមួយអន្លើដោយសប្បុរសទាំងឡាយ១។
១៦៣- ទ្រព្យសម្បត្តិប្រៀបដូចធូលីជាប់បាទជើង យោព្វនវ័យប្រៀបដូចជាខ្សែទឹកក្នុងជ្រោះហូរខ្មាញ់ចុះពីកំពូលភ្នំ ការមានអាយុរស់នៅយឺនយូរប្រៀបដូចជាការឃ្លេងឃ្លោងនៃដំណក់កម្រើក ជីវិតសត្វប្រៀបដូចជាកូនសោរចាក់បើកទា្វរទៅកាន់ស្ថានសួគ៌ទេ អ្នកនោះលុះត្រូវជរារួមរឹតស៊ីឲ្យទ្រុឌទ្រោមហើយ ក៏រមែងឆេះដោយភ្លើង គឺសេចក្តីសោកសង្រេងសង្រៃ និងសេចក្តីក្តៅក្រហាយស្តាយក្រោយមិនមានទីបំផុត។
១៦៤- មនុស្សកំណាញ់ តែងជីកកប់ទ្រព្យទុកក្នុងខាងក្រោមដីដោយហេតុឯណា ដោយហេតុនោះ មនុស្សកំណាញ់ ឈ្មោះថា កសាងផ្លូវដើម្បីឋានក្រោមគឺនរក ទុកមុនជាសេ្រចហើយ។
១៦៥- នរជនណា ការគិតតែពីបានទ្រព្យសម្បត្តិ តែងបិទផ្លូវសេចក្តីសុខខ្លួនឯង នរជននោះទុកដូចជារែកភារៈដ៏ធ្ងន់ឲ្យជនដទៃ យកខ្លួនធ្វើជាភាជនៈទទួលរងទុក្ខលំបាកជំនួសគេទទេៗ ។
១៦៦- បុរសសូម្បីបានសិក្សារៀនសូត្រសាស្រ្តវិជា្ជទាំងឡាយហើយ ក៏នៅតែល្ងង់ លុះត្រាតែបុរសណាហាត់ធ្វើថ្នឹក បុរសនោះទើបឈ្មោះថាជាអ្នកប្រាជ្ញមែន ដូចគ្រូពេទ្យធ្លាប់ត្រិះរិះគិតផ្សំថ្នាំបានល្អ ថ្នឹកមនុស្សឈឺឲ្យជារោគ មិនមែនគ្រាន់ទេប្រាប់ឈ្មោះថ្នាំ ហើយជារោគនោះទេ។
១៦៧- សេចក្តីពិត វិធីនៃការចេះដឹង មិនអាចញុំាងបុគ្គលខ្លាចនឿយហត់ (ខ្លាចសេចក្តីព្យាយាមហាត់ធ្វើ) សូម្បីតែបន្តិចបន្តួចឲ្យបានជាបុគ្គលមានគុណគាប់ប្រសើរទេ ក្នុងលោកនេះ បុគ្គលភ្នែកខ្វាក់សូម្បីកាន់ប្រទីបនៅដៃ នឹងថាមើលឃើញទ្រព្យសម្បត្តិដែលនៅជុំវិញខ្លួនឬអ្វី?
១៦៨- វីរបុរសជាអ្នកមានប្រាជា្ញ មិនរវល់យកចិត្តទុកដាក់ថា “ដូចម្តេចហៅថាប្រទេសខ្លួន ឬដូចម្តេចហៅថាបរទេសឡើយ ចូលទៅក្នុងប្រទេសណា ក៏ខំប្រឹងប្រែងរកទ្រព្យដោយកម្លំាងនៃខ្លួនក្នុងប្រទេសនោះ ដូចសត្វសីហៈចូលទៅនៅក្នុងព្រៃណាមិនមានអ្វីជាអាវុធ មានតែចង្កូម ក្រចក និងកន្ទុយជាគ្រឿងប្រហារ អាចចាក់សម្លាប់ស្តេចដំរីសារ ហែកជញ្ជែកស៊ីហុតឈាមដើម្បីបំបាត់ក្តីស្រេកឃ្លាននៅក្នុងព្រៃនោះ។
១៦៩- បុគ្គលមិនប្រឹងប្រែងរកទ្រព្យសម្បត្តិ ឈ្មោះថាប្រគល់ការសម្បូរណ៍ទ្រព្យសម្បត្តិទៅ លើដៃនរជនដែលមានសេចក្តីព្យាយាម ដូចកង្កែបលោតចូលទៅក្នុងអណ្តូង ឬដូចត្រី ដែលទៅនៅក្នុងស្រះដែល ពេញប្រៀបដោយទឹកដូច្នោះ។
១៧០- បុគ្គលគប្បីទទួលរាប់រងសេចក្តីសុខ និងសេចក្តីទុក្ខទាំងពីរប្រការនេះ តែងវិលចុះវិលឡើងជុំវិញដូចកង់រទេះ។
១៧១- ជោគលាភ (ព្រេងសំណាង) តែងរត់ទៅរកតែនរជន ដែលបរិបូណ៌ដោយសេចក្តីព្យាយាម មិនដេកទ្រមក់ហួសកាលវេលា ស្គាល់វិធីដំណើរការ មិនជាប់ជម្ពាក់ចិត្តក្នុងក្តីអន្តរាយ ក្លៀវកា្លហាន និងឧបការគុណគេ និងមានចិត្តមាំមួនក្នុងសន្តានដោយទីពឹងខ្លួនឯងមិនមែនមកពីទីលំនៅជាហេតុទេ។
១៧២- វិស័យវីរជន សូម្បីខ្សត់ខ្សោយទ្រព្យសម្បតិ្ត ក៏អាចចូលទៅកាន់ភាពខ្ពង់ខ្ពស់ ដោយកិត្តិយសដ៏ក្រៃលែង ឯបុគ្គលកំណាញ់ សូម្បីប្រកបដោយទ្រព្យសម្បត្តិសម្បូរណ៍ច្រើនប៉ុន្មានក៏ដោយ ក៏ធ្លាក់ចុះទៅកាន់សភាពថោកទាបដ៏អាក្រក់ក្រៃលែង ដូចសុនខជាតិ គេចងកដោយខ្សែកជាវិការនៃមាស ម្តេចឡើយនឹងបានល្អ ដូចសត្វសីហៈដ៏រុងរឿងប្រកបដោយវិស័យលេចល្អឡើងស្រាប់ពីកំណើតព្រមទាំងគុណលក្ខណៈគ្រប់ប្រការ ។
១៧៣- បើមានទ្រព្យសម្បត្តិច្រើន ខ្ញុំរីករាយសប្បាយចិត្ត បើធ្លាក់ខ្លួនជាអ្នកខ្សត់ទ្រព្យ ខ្ញុំសោកសៅក្តៅក្រហាយចិត្ត ធ្វើដូច្នេះឬអ្វី ? ដោយពិត ការធ្លាក់ទៅទាប និងការឡើងទៅខ្ពស់នៃមនុស្សទាំងឡាយ ប្រៀបដូចបាល់ ដែលគេបោះដោយដៃដូច្នោះទេ។
១៧៤- ម្លប់ពពក មេត្រីដោយមនុស្សសាហាវ សន្ទូងថ្មី ស្រ្តីក្រមុំ និងទ្រព្យសម្បតិ្ត ទាំងអស់នេះធ្វើឲ្យកើតសេចក្តីរីករាយ តែមួយខណៈៗទេ។
១៧៥- បុគ្គលមិនគប្បីប្រឹងខ្វល់ខ្វាយហួសប្រមាណពេកទេ ដើម្បីរកទ្រព្យចិញ្ចឹមជីវិត ព្រោះថាព្រះជាម្ចាស់បាននិម្មិតទុកជាស្រេចហើយ ដូចដោះទាំងគូរនៃមាតាតែងបង្ហូរទឹកក្សីរឲ្យទារកតាំងពីកាលប្រសូត្រចេញពីគភ៌ម្ល៉េះ ។
១៧៦- លោកអង្គណាដែលសាងហង្ស ឲ្យមានពណ៌ស លោកអង្គណាដែលសាងសេក ឲ្យមានពណ៌ខៀវ លោកអង្គណាដែលសាងក្ងោក ឲ្យមានពណ៌វិចិត្រផ្សេងៗ លោកអង្គនោះៗ នឹងសាងគ្រឿងចិញ្ចឹមជីវិតទុកសម្រាប់នរជនទាំងឡាយដូចគ្នាដែរ។
១៧៧- ការស្វែងរកទ្រព្យបានក្តីទុក្ខលំបាកម្តង កាលវិបត្តទ្រព្យសម្បតិ្តទៅបានក្តីទុកក្តៅក្រហាយម្តង កាលបានសម្បូរណ៍ទ្រព្យសម្បត្តិកើតមានស្រវឹងម្តងទៀត ដូច្នេះតើទ្រព្យសម្បត្តិទាំងឡាយនេះ នាំឲ្យយើងបានសេចក្តីសុខដូចម្តេចហ្ន៎ ?
១៧៨- បើអ្នកស្វែងរកទ្រព្យដើម្បីប្រព្រឹត្តធម៌ កុំស្វែងរកល្អជាង ព្រោះលាងឲ្យស្អាតមុនល្អ ជាងការឲ្យប្រឡាក់រួចទើបលាងក្រោយ។
១៧៩- បក្សីស្វែងរកអាហារបរិភោគក្នុងអាកាស ឆ្កែស្វែងរកអាហារចំណីបរិភោគក្នុងទឹកយ៉ាងណា នរជនប្រាថា្នទ្រព្យក៏ស្វែងរកទ្រព្យបរិភោគបាន គ្រប់ទីកន្លែងយ៉ាងនោះដែរ។
១៨០- អ្នកមានទ្រព្យតែងមានភ័យជានិច្ច កើតពីរាជភ័យ អំពីឧទកភ័យ អំពីអគ្គិភ័យ អំពីចោរភ័យ និងវិវាទភ័យ (ការទាស់ទែងដណើ្តមគ្នាឯង) ដូចសព្វសត្វទាំងឡាយ ខ្លាចអំពីមរណភ័យដូច្នោះដែរ។
១៨១- ក្នុងជីវិតដែលបរិបូរណ៍ដោយសេចក្តីលំបាកគ្រប់ប្រការនេះ នឹងមានអ្វីជាទុក្ខ ឲ្យក្រៃលែងជាងទៅទៀតហ្ន៎ ! មានតែសេចក្តីប្រាថា្ននេះ មិនមែនជាមិនមាន ហើយមិនចេះត្រឡប់ថយពីជាយចិត្តសោះ។
១៨២- ដោយពិតទ្រព្យនេះ គេរកបានមកដោយក្រណាស់ រកបានហើយលំបាករក្សាទុកដាក់ទៀត រកបានហើយវិនាសទៅវិញទៀត ដូចគេរក្សាម្រឹត្យូវ (សេចក្តីស្លាប់)ព្រោះហេតុនោះបុគ្គលមិនគប្បីគិតពីទ្រព្យពេកទេ ។
១៨៣- ក្នុងលោកនេះ បើបុគ្គលលះបង់ចោលតណ្ហាចេញ បានអ្នកណាធ្វើជាអ្នកក្រីក្រ ?បានអ្នកណាធ្វើជាអ្នកធំមានទ្រព្យ ?តែថាបើបុគ្គលប្រគល់ខ្លួនឲ្យជាខ្ញុំតណ្ហាវិញ នុ៎ះឈ្មោះថា បណ្តោយឲ្យទាសភាពមកទំលើអំបែងក្បាលប្រាកដតែម្តង !
១៨៤- ការចងមេត្រីរាប់អានគ្នាជាប់រហូតដល់ថ្ងៃស្លាប់ជាទីបំផុត សេចក្តីក្រេវក្រោធបាត់បក់ ក្នុងមួយខណៈ នឹងការបរិច្ចាគទានឥតអាឡោះអាល័យនេះ ជាធម៌តែងមានក្នុងសន្តានចិត្តនៃបុគ្គលមានមហាត្ម័ន។
១៨៥- សប្បុរសពេញចិត្តឲ្យប្រព្រឹត្តល្អ តែទុរជនមិនគាប់ចិត្តអ្នកប្រព្រឹត្តល្អទេ ឃ្មុំសុខចិត្តហើរចេញទៅស្វែងរកក្រេបផ្កាឈូក តែជាតិកង្កែបសូម្បីនៅជិតឈូកក៏មិនអើពើ។
១៨៦- នរជនណា មានមនុស្សត្រូវការមកសូមទាន ឬសូមពឹងពាក់ជ្រកកោន មិនខូចបំណង មិនអាម៉ាសមុខ ត្រឡប់ទៅវិញមិនក្តៅក្រហាយ នរជននោះ ជាបុគ្គលឯកគួរសរសើរក្នុង ចំណោមមនុស្សជាតិទាំងឡាយ នរជននោះ ជាសប្បុរសឧត្តុង្គឧត្តមមានលក្ខណៈជាមនុស្សមានបុណ្យពិត។
១៨៧- កូនដែលកើតចេញពីទ្រូង១ អ្នកដែលធ្លាប់ចងស្ពានមេត្រីជាមួយគ្នា១ អ្នកដែលជាប់ខ្សែស្រឡាយត្រូវជាវង្សត្រកូល១ និងអ្នកដែលរក្សាការពារឲ្យផុតពីសេចក្តីអន្តរាយ១ ទាំង៤ប្រការនេះ បុគ្គលគប្បីដឹងថាជាវិធីត្រូវចងជាមិត្រ។
១៨៨- សរ គឺកិរិយាក្រឡេកមើល កើតក្តីស្នេហាស្ត្រីមានរូបល្អទាំងឡាយ បាញ់ចេញអំពីកិរិយាយឺតកៅទ័ណ្ឌគឺរោមចិញ្ចើមដ៏មានពណ៌ខ្មៅនិលស្រិល កោងទ្រទួយវែងដល់គុម្ពត្រចៀកបើមិនទាន់មកប៉ះដល់ចិត្តបុរសដរាបណា បុរសអាចដម្កល់ចិត្តមាំក្នុងធម៌លោកសប្បុរសអាចគ្របសង្កត់ឥន្រ្ទីយទាំងឡាយ អាចរក្សាសេចក្តីអៀនខ្មាស និងអាចតាំងនៅក្នុងវ័យបានដរាបនោះ។
១៨៩- មិនមានសច្ចៈ ចិត្តរហ័ស មាយា ឥច្ឆា លោភក្រៃពេក មិនមានគុណសម្បតិ្តល្អ នឹងលាមកទាំងអស់នេះ ជាទោសនៃស្ត្រី កើតពីសភាពឯង។
១៩០- ស្ត្រីណាឆ្លៀវឆ្លាស់ប្រសប់វាងវៃក្នុងការងារផ្ទះ ស្រ្តីនោះជាភរិយាមែនទែន ស្រ្តីណាសាយកូន ស្រ្តីនោះជាភរិយាមែនទែន ស្រ្តីណាប្រគល់ចិត្តខ្លួនឲ្យស្វាមី ស្រ្តីនោះជាភិរិយាមែនទែន ។
១៩១- ស្រ្តីណាមិនធ្វើភស្តារីករាយសប្បាយ ស្រ្តីនោះបុគ្គលមិនគួរហៅថា ភរិយាទេ បើភស្តាពេញចិត្តចំពោះនារីណាជាភរិយាហើយ សូម្បីពួកទេវតាក៏ជួយរីករាយដែរ។
១៩២- សម្លេងពិរោះ ជាលម្អនៃសត្វតាវ៉ៅ ចិត្តស្មោះត្រង់ចំពោះស្វាមី ជាលម្អនៃស្រ្តី ចំណេះវិជ្ជា ជាលម្អនៃបុរស និងខន្តី ជាលម្អនៃអ្នកប្រព្រឹត្តធម៌។
១៩៣- នរជនណា បរិសុទ្ធដោយត្រកូល ដោយផៅពង្ស ដោយអាចារធម៌ មានតបៈតេជដ៏ខ្លាំងកា្ល ប្រកបដោយធម៌ចរិយា នឹងនីតិកោសល្យ (ជំនាញក្នុងនយោបាយ) នរជននោះសមគួរនឹងបានជាស្តេចលើផែនដីនេះ។
១៩៤- តាមធម្មតា បុគ្គលត្រូវរកម្ចាស់ផែនដីឲ្យបានទុកជាបឋម រួចហើយសឹមរកភរិយា និងរកទ្រព្យ ថាបើមានស្តេចនឹងគ្រប់គ្រងផែនដី តើត្រូវរកភរិយា និងរកទ្រព្យនៅក្នុងលោកនេះធ្វើអ្វី?
១៩៥- ម្ចាស់ផែនដី ជាទីពឹងពាក់នៃពលរដ្ឋទាំងឡាយ ដូចជាភ្លៀងជាទីពឹងពាក់នៃសត្វទាំងឡាយ បើភ្លៀងរអាក់រអួល សត្វលោកអាចញុំាងជីវិតិន្រ្ទិយ៍ឲ្យប្រព្រឹត្តទៅបាន តែបើព្រះរាជាមិនប្រកបដោយធម៌ ពលរដ្ឋរស់នៅមិនបានទេ។
១៩៦- ក្នុងលោកនេះ នរជនប្រព្រឹត្តទៅតាមច្បាប់ដោយច្រើនព្រោះតែខ្លាចទណ្ឌកម្មទេ នរជននៅក្នុងអំណាចគេ ហើយប្រព្រឹត្តល្អមែននោះ រកបានដោយកម្រណាស់ ដូចកុលនារីគោរពស្វាមីស្គមវិកលសពាង្គកាយ ឈឺរឹងរៃ និងក្រីក្រ ព្រោះតែខ្លាចទណ្ឌកម្មប៉ុណ្ណោះ ។
១៩៧- ដរាបណា អាត្មាអញមិនទាន់បានដល់ទីបំផុតពោលគឺ ត្រើយសមុទ្រនៃសេចក្តីទុក្ខមួយទេ ដរាបនោះ អាត្មាអញក៏តែងតែជួបប្រទះសេចក្តីទុក្ខពីរទៀត ឬសេចក្តីទុក្ខនេះ បើមានច្រកជាទំនងហើយ ក៏ចេះតែកើតមានឡើងថែមហើយថែមទៀតច្រើនឡើងៗ ។
១៩៨- មិត្តភាពណា មានសភាពប្រក្រតីជាមិត្រ កើតឡើងដោយបុណ្យវាសនា មិត្តភាពប្រកបដោយសភាពប្រក្រតីនោះ មិនលះបង់ចោលគ្នាក្នុងគ្រាវិបត្តិអន្តរាយឡើយ។
១៩៩- នរជនដូចម្តេច កាលក្រឡែកមើលទៅក្រោមឃើញជនជាន់ទាបជាងខ្លួន មិនឡើងជោរអួតអាងថាខ្លួនធំមហិមា តែកាលក្រឡេកមើលទៅខាងលើឃើញជនជាន់ខ្ពស់ជាងខ្លួន ទើបដឹងថាខ្លួនជាអ្នកកំសត់ក្រៃលែង។
២០០- នរជនណាមានទ្រព្យសម្បត្តិច្រើន នរជននោះសូម្បីសម្លាប់ព្រះព្រហ្មមួយ ក៏នៅតែមានគេគោរពបូជា ឯនរជនក្រីក្រ សូម្បីមានវង្សត្រកូលខ្ពង់ខ្ពស់ស្មើ និងវង្សព្រះបាទចន្ទ ក៏នៅតែគេមើលងាយ។
២០១- សំណាងទ្រព្យសម្បត្តិ មិនរត់ទៅរកជនដែរឥតសេចក្តីប្រឹងប្រែង ខ្ជិលច្រអូស វង្វែងជឿព្រេងវាសនា និងមិនព្យាយាមទេ ដូចប្រពន្ធក្មេងមិនអើរពើរប្តីចាស់ជរាដូច្នោះ។
២០២- ភាវះជាបុគ្គលខ្ជិល១ ការសេពគប់ស្រ្តីផ្កាមាស១ ភាវះជាបុគ្គលមានរោគច្រើន១ ចិត្តជាប់និងស្រុកកំណើត១ ចិត្តសន្តោស១ ភាវះជាបុគ្គលខ្លាចច្រើន១ ទោស៦ប្រការនេះ ជាគ្រឿងទំលាយបង់នូវភាវះនៃខ្លួនជាធំ ។
២០៣- នរជនណា មានទ្រព្យសម្បត្តិតិចតួច សម្គាល់ថាខ្លួនមានទ្រព្យសម្បត្តិច្រើន មិនខំរកតទៅទៀត ព្រះព្រហ្មដែលជាអ្នកសាងទ្រព្យសម្បត្តិ មិនព្រមចម្រើនទ្រព្យសម្បត្តិឲ្យនរជននោះទេ។
២០៤- កូនមិនឧស្សាហ៍ មិនជាទីគាប់ចិត្ត មិនមានវិរិយ ជាទីឡកឡឺយនៃសត្រូវ សូមកុំឲ្យស្រ្តីណាមួយបង្កើតកូនបែបនេះឲ្យសោះ។
២០៥- បុគ្គលគប្បីស្វែងរកទ្រព្យដែលមិនទាន់បាន គប្បីរក្សាទ្រព្យដែលរកបានហើយ កុំឲ្យរផាត់រទាំងអស់ទៅវិញ គប្បីកពួនទ្រព្យសម្បត្តិដែលរក្សាទុកនោះ ឲ្យចម្រើនឡើងដោយប្រពៃ គប្បីកប់ទុកទ្រព្យសម្បត្តិដែលចម្រើនឡើងហើយក្នុងបុញ្ញខេត្ត។
២០៦- ទ្រព្យដែលគេមិនឲ្យទាន ឫមិនបរិភោគខ្លួនឯង មានប្រយោជន៍អ្វី ? រេហ៍ពលដែលគេមិនយកទៅច្បាំងតស៊ូសត្រូវ មានប្រយោជន៍អ្វី? ការចេះដឹងគម្ពីរដីកាធម៌អាថ៌ បើគេមិនប្រតិបត្តិតាម តើមានប្រយោជន៍អ្វី? ខ្លួនយើង បើមិនទូន្មានឥន្រ្ទិយឲ្យបានទេ តើ មានប្រយោជន៍អ្វី?
២០៧- ទឹកស្រក់មួយដំណក់ៗ ជាលំដាប់ អាចពេញក្អមបាន នេះជាគ្រឿងឧបមា នៃការរៀនសព្វវិជ្ជា ការប្រតិបត្តិធម៌ និងការសន្សំទ្រព្យសម្បត្តិ។
២០៨- ជីវិតនរជនណា ដែលបណ្តោយឲ្យថ្ងៃប្រព្រឹត្តកន្លងទៅទទេ ដោយមិនបានបរិច្ចាគទ្រព្យ
ខ្លួនជាទាន នឹងបរិភោគបំពេញផ្ទៃខ្លួនឯងទេ ជីវិតនរជននោះ ដូចស្នប់ជាងដែក សូម្បីរស់ដកដង្ហើមចេញចូលបាន ក៏ឈ្មោះថាស្លាប់។
២០៩- បុគ្គល កាលឃើញការអស់ទៅនៃថ្នាំបន្តក់ភ្នែក នឹងការកពូននៃកណ្តៀរហើយ គប្បីប្រឹងប្រែងឲកើតប្រយោជន៍រាល់ៗថ្ងៃដោយការឲ្យទាន ដោយការសិក្សាក្បួនខ្នាត នឹងដោយការធ្វើការងារ។
២១០- ភារះដូចម្តេច ដែលហៅថាធ្ងន់ណាស់ សម្រាប់អ្នកមានសមត្ថភាព? ទីណា ដែលហៅថាឆ្ងាយណាស់សម្រាប់អ្នកមានព្យាយាមច្រើន ? ប្រទេសណា ដែលហៅថាបរទេសសម្រាប់អ្នកមានចំណេះវិជ្ជា ? ជនណា ដែលហៅថាអ្នកកន្ទៀតសម្រាប់អ្នកមានប្រិយវាទ?
២១២- ជនអ្នកចេះដឹងនីតិសាស្រ្ត ល្បងធ្វើព្យាយាមខាងនេះខាងនោះ លងមើលទៅចុះតែផលដែលត្រូវបាននោះ ព្រះព្រហ្មលោកលិខិតទុកឲ្យដិតជាប់ក្នុងចិត្តរួចស្រេចហើយ។
២១៣- សេចក្តីសង្ស័យស្ទាក់ស្ទើរចិត្ត ជាការអន្តរាយ ដល់សារពើរការងារ បុគ្គលគប្បីលះបង់ចោល ឲ្យអស់ស្រឡះទៅ ព្រោះការលះបង់ឲ្យអស់សេចក្តីសង្ស័យ ស្ទាក់ស្ទើរចិត្តហើយ ការសម្រេចផលប្រយោជន៍និងកើតប្រាកដទៅតាមរបៀប។
២១៤- សូម្បីលិចលង់ក្នុងមហាសមុទ្រ ឫធ្លាក់ចុះពីលើកំពូលភ្នំ ឬក៏ត្រូវនាគតក្សកះ (ស្តេចនាគ
មានឫទ្ធិខ្លាំងពូកែ)ចឹក បើមិនទាន់ដល់ការស្លាប់ទេ អាយុនៅតែរក្សាជីវិតន្រ្ទិយឲ្យរស់តទៅបាន។
២១៥- សត្វលោក សូម្បីត្រូវសរមួយរយផ្លែ បើមិនទាន់ដល់កាលក៏មិនស្លាប់ បើដល់កាលមរណហើយ សព្វបើមុតដោយស្បូវបន្តិចក៏មិនរស់ដែរ។
២១៦- អ្វីមួយមិនមានគេរក្សា តែមានបុណ្យវាសនាជួយរក្សា ក៏អាចឋិតថេរទៅបាន អ្វីមួយមានគេរក្សាល្អហើយ តែបុណ្យវាសនាមិនជួយរក្សាផងក៏វិនាសអន្តរាយទៅបាន ប្រៀបដូចនរជនអនាថាគេលះបង់ចោល កណ្តាលព្រៃជ្រៅ គង់មានជីវិតរស់បាន ឯនរជនមានគេរក្សាប្រយ័ត្នប្រយែង នៅតែក្នុងផ្ទះ ក៏ស្លាប់ទៅបាន។
២១៧- ម្រឹគទាំងឡាយ មិនធ្វើពិធីបុណ្យអភិសេកឲ្យសីហៈទេ សីហៈបានរាជ្យ បានជាធំលើពួកសត្វម្រឹគដោយកម្លាំងព្យាយាមនៃខ្លួនឯង។
២១៨- ចូរមើល! គួរអនិច្ចាអ្នកបម្រើ ចូលចិត្តធ្វើខ្ញុំបម្រើគេ ព្រោះតែចង់បានទ្រព្យ មនុស្សល្ងង់ចូលចិត្តបម្រើគេ រហូតដល់វិនាសឥស្សរភាពខ្លួនក៏មិនថា។
២១៩- អ្នកធ្វើខ្ញុំបម្រើគេ តែងធន់ទ្រាំលំបាកដោយត្រជាក់ ដោយខ្យល់នឹងដោយកម្តៅថ្ងៃ ឥតបានប្រយោជន៍អ្វីសោះ ឯអ្នកប្រាជ្ញខំបំពេញធម៌ បើទុកជាលំបាក គង់បានសេចក្តីសុខជាផល។
២២០- ជនអប្បឥតប្រាជ្ញា សំរាំងខ្លួនហើយ សំរាំងទៀត ទុកបម្រុងគ្រាន់តែបម្រើជនដទៃ ជានាយព្រោះប្រាថ្នាទ្រព្យ ដូចស្រ្តីផ្កាមាស តុបតែងខ្លួនឲ្យល្អ សម្រាប់តែបុរស។
២២១- បើនៅទ្រមឹងមិននិយាយច្រើន គេថាល្ងង់ បើនិយាយគេថានិយាយច្រើនពេកឬថាឆ្កួតបើចេះអត់ធ្មត់ គេថាខ្លាច បើជេរមិនឈឺ គេថានាភិជាតិ បើនៅជិត គេថាហ៊ានពេក បើនៅឆ្ងាយ ដោយមានវិន័យ គេថាញញើតញញើមពេក។
២២២- នរជនណា ជួញចិត្តរវល់ ក្នុងកាលដែលមិនត្រូវរវល់ នរជននោះ នឹងត្រូវដេកស្លាប់លើផែនដី ដូចពានរថ្លស់ខ្លួនដល់ស្លាប់ព្រោះចាប់ទាញឈើស្នៀត។
២២៣- បុគ្គលគួរបូជាព្រះអាទិត្យពីខាងក្រោយខ្នង បូជាភ្លើងពីខាងពោះ បូជាម្ចាស់ដោយកាយនិងចិត្ត នឹងប្រតិបត្តិដើម្បីបរលោកដោយមិនមានមាយា។
២២៤- ថ្ម បុគ្គលលើកយកឡើងទៅដាក់លើកំពូលភ្នំបានដោយសេចក្តីព្យាយាមដ៏ធំ តែបើទម្លាក់ចុះពីលើកំពូលភ្នំវិញបានដោយងាយយ៉ាងណា ខ្លួនយើងឡើងទៅកាន់ឋានៈខ្ពង់ខ្ពស់ដោយគុណគឺក្តីព្យាយាមដ៏ធំ តែបើធ្លាក់ទៅកាន់ឋានៈថោកទាបវិញ ដោយទោសដ៏ងាយៗក៏យ៉ាងនោះដែរ។
២២៥- នរជនធ្លាក់ចុះទៅខាងក្រោម ឫឡើងខ្ពស់ទៅខាងលើ ដោយកម្មជារបស់ខ្លួន ដូចជាគេជីកអណ្តូង ឬកសាងកំពែង តែងទាបខ្លួនចុះទៅតាម ជម្រៅអណ្តូង ឬអណ្តែតខ្ពស់ឡើងតាមកម្ពស់កម្ពែង។
២២៦- ពាក្យពេចន៍ ដែលបុគ្គលពោលចេញហើយ សូម្បីបសុសត្វក៏ចាប់យកសេចក្តីបានសេះនឹងដំរី ដែលគេហ្វឹកហ្វឺនហើយ កាលបើជនបង្គាប់អាចនាំជនទៅបាន ជនជាបណ្ឌិត សូម្បីគេមិនទាន់ហាមាត់ចេញនិយាយ វាងវៃដឹងទាន់ ព្រោះថាប្រាជា្ញមានផលប្រសើរ គឺការដឹងនូវទឹកចិត្តនៃជនដទៃ ដែលមានអាការចេញមកខាងក្រៅ។
២២៧- បុគ្គលអាចគត់សម្គាល់ នូវចិត្តនៃបុគ្គលដទៃដែលឋិតនៅខាងក្នុងដោយអាការខាងក្រៅបាន គឺដោយចរិយា ដោយគតិ ដោយកិរិយា ដោយទឹកសម្តី នឹងដោយវិការៈនៃភ្នែកនឹងមុខមាត់។
២២៨- ពោលពាក្យឲ្យសមតាមកាលៈទេសៈ ធ្វើខ្លួនឲ្យគេស្រលាញ់ប្រាកដស្នើនឹងភាពជាអ្នកសប្បុរស ចេះក្រោធឲ្យសមតាមសក្តិខ្លួន អ្នកណាចេះធ្វើដូច្នេះ អ្នកនោះជា ”បណ្ឌិត “។
២២៩- មានរបស់អ្វីមួយដែលល្អ ឬមិនល្អ ទៅតាមសភាពរបស់វាឬទេ ? របស់ណាគាប់ចិត្តនរជនណា របស់នោះឈ្មោះថាល្អ សម្រាប់នរជននោះ។
២៣០- នរជនណាៗ មានភាពលក្ខណយ៉ាងណាក៏ដោយ កាលអ្នកប្រាជ្ញចូលទៅនៅជិតហើយ អាចញុំាងនរជននោះៗ ឲ្យនៅក្នុងអំណាចនៃខ្លួនបានដោយឆាប់រួសរាន់។
២៣១-ការមិនហ៊ានប្រារព្ភធ្វើអ្វី ព្រោះភ័យខ្លាចតែពីខុស នេះជាលក្ខណនៃបុរសគម្រក់ ។
២៣២- ទោសត្រឡប់ទៅជាគុណ គុណត្រឡប់ទៅជាទោសវិញ នឹងទោសនៅជាទោស គុណនៅជាគុណ កាលមិនមានលក្ខណជាម្ចាស់មាន ៣ប្រការដូច្នេះ។
២៣៣- អ្នកប្រាជ្ញទាំងឡាយតែងសម្តែងប្រាប់នូវការវិបត្តិ (អន្តរាយ) ដែលកើតពីការយល់ឃើញខុស នឹងសិទ្ធ (ការសម្រេច) ដែលកើតពីការយល់ឃើញត្រូវ ឲ្យឃើញស្តែងតាមនីតិវិធីបង្ហាញឲ្យឃើញដូចជាអ្វីមួយដែលផុសផុលប្រាកដឡើងក្នុងទីចំពោះមុខ។
២៣៤- ក្នុងគ្រាអន្តរាយកើតឡើង ក្នុងការដើរវង្វេងផ្លូវ នឹងក្នុងគ្រាប្រកបការក្នុងការគួរធ្វើខ្ញុំបម្រើដែលប្រាថ្នាប្រយោជន៍ សូម្បីម្ចាស់មិនសូរនាំ ក៏ត្រូវតែពោល។
២៣៥- ការប្រព្រឹត្តចិញ្ចឹមជីវិត ដែលលោកសប្បុរសទាំងឡាយសរសើនៅក្នុងលោកនេះ ដោយគុណណា គុណនោះ បុគ្គលអ្នកមានគុណ គួររក្សាទុកដោយប្រពៃផង គួរធ្វើឲ្យចម្រើនកើនឡើងផង។
២៣៦- នរជនមានប្រាជ្ញា នឹងមានសេចក្តីប្រព្រឹត្តម៉ឺងម៉ាត់ សូម្បីជនដទៃ មើលងាយថាមិនបានជាការអ្វី នុ៎ះក៏បុគ្គលមិនគប្បីមន្ទិលសង្ស័យថា ” វិនាសសាបសូន្យ” ឡើយភ្លើងសូម្បីបុគ្គលយកទៅដាក់ខាងក្រោម ក្នុងកាលណាក៏ដោយ អណ្តាតភ្លើង មិនដែលទៅក្រោមទេ តែងតែទៅខាងលើជាដរាប។
២៣៧- មានប្រយោជន៍អ្វីដោយជនភក្តី តែមិនមានសមត្ថភាព មានប្រយោជន៍អ្វីដោយជនអង់អាច តែមិនធ្វើអ្វីឲ្យកើតប្រយោជន៍។
២៣៨- បើសត្រូវតូច បុគ្គលមិនគប្បីចាប់បានដោយព្យាយាមក្លៀវក្លាទេ ដើម្បីផ្ចាញ់សត្រូវនោះបុគ្គលគប្បីរកសន្យានុភាព ដែលមានកម្លាំងប៉ុនគ្នាមកបង្រ្កាបទើបសម្រេចបាន។
២៣៩- មនុស្សរឹងរួសវិនាសយស មនុស្សមានចិត្តមិនស្មើគ្នាបាត់មិត្តភាព មនុស្សវិកលឥន្រ្ទីយ៍មិនមានត្រកូល មនុស្សល្មោភមិនមានធម៌ មនុស្សធ្វើសេចក្តីអន្តរាយខាតផលវិជ្ជា មនុស្សកំណាញ់វិនាសសេចក្តីសុខ ព្រះរជាមានតែអាមាត្រឡែបឡបស្រវឹងលាភយស វិនាសរាជ្យ។
២៤០- នរជនឆ្លៀតឆ្លាត អាចប្រឌិតរបស់ដែលមិនពិតឲ្យទៅជារបស់ពិតប្រាកដបាន ដូចវិចិត្រករប្រសប់ប៉ិនប៉ៅអាចគូររូបភាពលើផ្ទៃដ៏រាបស្មើឲ្យឆ្លុះស្រមោលគេមើលទៅឃើញមានទាបខ្ពស់ទៅតាមចិត្តបាន ។
២៤១- ភ្លើងតែងមិនឆ្អែតដោយអង្កត់ឧសទាំងឡាយ មហាសមុទ្រតែងមិនឆ្អែតដោយទឹកស្ទឹង
ទាំងឡាយ ឯស្រ្តីមានរូបល្អតែងមិនឆ្អែតដោយប្រុសទាំងឡាយ ។
២៤២- ដោយការឲ្យរង្វាន់ក៏មិនបាន ដោយការយកចិត្តក៏មិនបាន ដោយការប្រើអាវុធបង្ខំក៏មិនបាន ឬដោយការប្រើច្បាប់ចរិយាបង្គាប់ក៏មិនបានទៀត ដោយពិត ស្រ្តីភាពគឺគេទូន្មានមិនងាយបានដោយប្រការទាំងពួង។
២៤៣- ស្រ្តីភាពចិត្តដាច់ណាស់ អាចលះបង់ប្តីដែលមានគុណដ៏ប្រសើរ មានកិត្តិយស មានរូបល្អជាទីពេញចិត្ត ឆ្លាតក្នុងកាមវិធី មានទ្រព្យសម្បត្តិច្រើន ឬនៅក្មេងស្រឡាង ចោលភ្លាមមួយរំពេចហើយរត់ទៅរើសរកប្រុសគម្រក់តាមថ្នល់ដែលឥតគុណ នឹងចរិយា ។
២៤៤- ពិតប្រាកដណាស់ ! នារី សូម្បីដេកលើទែនសយនារចនាដ៏វិចិត្រប្រណិតគួរជាទីមនោរម្យ ក៏មិនគាប់ចិត្តស្អិតស្មើដោយក្តីភ្លើតភ្លើនរួមខ្នើយដោយប្រុសប្តីគេ ជាគូស្នេហាថ្មីប្លែកមុខ យកផែនដីជាគ្រែក្រាលដោយស្មៅក្រៀមក្រោះជាកន្ទេល ។
២៤៥- បុគ្គលគប្បីជ្រាបថា ស្រ្តីបរិភោគអាហារទ្វេគុណ មានប្រាជា្ញចតុគុណ មានកលមាយាឆគុណ នឹងបរិភោគកាមអដ្ធគុណ។
២៤៦- ភរិយាចិត្តអាក្រក់សាមាន្យ មិត្តជាសត្រូវ អ្នកបំរើព្រហើនពោលពាក្យតប នៅក្នុងផ្ទះមានពស់ ទាំងអស់នេះលោកថាសុទ្ធតែម្រឹត្យូវ ឥតសង្ស័យឡើយ។
២៤៧- នរជនណា មានប្រាជ្ញា នរជននោះឈ្មោះថាមានកម្លាំង ឯនរជនមិនមានប្រាជា្ញ នឹងមានកម្លាំងមកពីណា។
២៤៨- បុរសណា មិនចង់បានទ្រព្យ បុរសនោះ មិនមាននៅក្នុងលោកនេះទេ ក្នុងលោកនេះ នរណាមួយមិនក្រឡេកមើលដោយសាទរចំពោះប្រពន្ធក្មេងដែលមានរូបល្អគួរជាទីពេញចិត្ត
នៃជនដទៃ ?
២៤៩- មិត្រណាជាទីស្រឡាញ់ពេញចិត្ត បើទុកជាកុហកបោកប្រាសយើងខ្លះ មិត្រនោះ នៅជាទីស្រឡាញ់ពេញចិត្តដដែល ដូចរាងកាយយើង ទោះបីមានរោគាព្យាធិប្រទូសសព្វទាំងអស់ អ្នកណាមួយមិនស្រឡាញ់រាងកាយខ្លួន។
២៥០- មិត្រណាជាទីស្រឡាញ់ពេញចិត្ត សូម្បីធ្វើឲ្យយើងមិនពេញចិត្តច្រើនយ៉ាង មិត្រនោះ នៅតែជាមិត្រជាទីស្រឡាញ់ពេញចិត្តដដែល ដូចភ្លើង សូម្បីឆេះមន្ទីរមហាសាល អ្នកណាមួយ លែងនិយមរាប់អានភ្លើងទៀត ?
២៥១- ការរលត់បង់នូវពាក្យជជែក ដែលមិនជាទីពេញចិត្ត តែងនាំមកនូវសេចក្តីសុខ ទីណាមានអ្នកនិយាយ ហើយមានអ្នកស្តាប់ ទីនោះ ក្តីសម្រេចផលគួរជាទីពេញចិត្តតែងកើតឡើង ។
២៥២- មនុស្សទុជ៌ន បើទុកជាលើកតម្កើងឲ្យមានយសសក្តិជានិច្ច ក៏ដោយ ក៏នៅតែមិនមានក្តីស្មោះត្រង់មិនលះបង់ប្រក្រតីដើម ដូចកន្ទុយឆ្កែ សូម្បីគេយកប្រេងលាបរឹតឲ្យត្រង់ក៏មិនលះបង់ចុងងស្តើតទៅលើដូចប្រក្រតីវាឡើយ ។
២៥៣- ការបណ្តុះបណ្តាលឲ្យចម្រើន ឬការរាប់អានលើកតម្កើង ឲ្យប្រសើរនឹងអាចញុំាងមនុស្សខិលខូច ចិត្តអាក្រក់ ឲ្យត្រេកអរពេញចិត្តដូចម្តេចកើត ? ដូចដើមឈើ មានពិសពុល សូម្បីយកទឹកអម្រឹតទៅស្រោចស្រព ក៏មិនអាចត្រឡប់ចេញផ្លែគួរជាទីប្រាថ្នាបានដូច្នោះដែរ។
២៥៤- ពូជគឺការសម្ងាត់នេះសូម្បីតែបន្តិច បុគ្គលគប្បីលាក់ទុកដោយ ប្រពៃគប្បីរក្សាទុកដោយម៉ឺងម៉ាត់តាមដែលនឹងអាចម៉ឺម៉ាត់បាន បុគ្គលត្រូវប្រយត្ន័កុំឲ្យបែកការឡើយការសម្ងាត់នោះបើបែកធ្លាយហើយ មិនដុះដាលបានផលសម្រេចទេ ។
២៥៥- ការងារ ដែលត្រូវចាប់ធ្វើ ឬដែលត្រូវបង្គាប់គេ ឬដែលត្រូវធ្វើខ្លួនឯង បើបុគ្គលមិនគប្បីប្រញាប់ប្រញាល់ធ្វើឲ្យបានរួសរាន់ទាន់ពេលទេ កាលវេលា នឹងជញ្ជក់ក្រេបផឹកស៊ីរសជាតិការងារនោះអស់រលីង ។
២៥៦- ការប្រារព្ភធ្វើការងារដែលមិនគួរធ្វើ១ ការទាស់ទែងខ្វែងគំនិតបងប្អូនឯង១ ការប្រណាំងប្រជែងតស៊ូអ្នកមានកម្លាំងជាង១ ការទុកចិត្តក្នុងស្រ្តីទាំងឡាយ១ ទាំង៤ប្រការនេះឈ្មោះថាបើកទ្វារឲ្យដល់ម្រឹត្យុទាំងរស់ ។
២៥៧- ធ្វើគុណដល់អសប្បុរស ១០០ដង មិនបានផល, និយាយពាក្យសុភាសិតដល់មនុស្សល្ងង់ ១០០ដងឥតអំពើ, និយាយពាក្យពិរោះដល់មនុស្សគ ១០០ដង ឥតប្រយោជន៍, ប្រើឧបាយប្រាជ្ញា ១០០ដង ចំពោះជនឥតការត្រិះរិះពិចារណា ក៏មិនបានការ។
២៥៨- នៅលើដើមចន្ទន៍ មានពស់, នៅក្នុងត្រពាំងដែលដេរដាសដោយផ្កាឈូក មានក្រពើ, នៅក្នុងភោគទ្រព្យ មានជនពាលជាអ្នករុកកួនឈ្នានីស, ក្នុងលោកនេះ សេចក្តីសុខ បា្រសចាកការថ្នាំងថ្នាក់ចិត្តមិនដែលមានសោះឡើយ ។
២៥៩- នៅគល់ដើមចន្ទន៍ មានអសិរពិស, នៅផ្កាចន្ទន៍ មានមេឃ្មុំកាច, នៅមែកចន្ទន៍ មានពានរ, នៅដើមចន្ទន៍ មានខ្លាឃ្មុំ ដូច្នេះនៅដើមចន្ទន៍ទាំងមូល ឥតមានផ្នែកត្រង់ណា ដែលមិនមានសត្រូវចង្រៃអាក្រក់អាស្រ័យនៅទេ ។
២៦០- ជនពីរផ្នែកណា មានទ្រព្យស្មើគ្នា មានកម្លាំងស្មើគ្នា ជនទាំងពីរផ្នែកនោះទើបវិវាទច្បាំងគ្នាបាន ចុះបើមួយផ្នែកមានអំណាចខ្ពង់ខ្ពស់ មួយផ្នែកទៀតថោកទាបឥតអំណាចសោះតើគួរនឹងនាំឲ្យកើតវិវាទច្បាំងគ្នាបានខ្លះទេហះ ?
២៦១- នណាហ្ន៎ ចង់ចងពន្ធជាមួយនឹងមនុស្សទុជ៌ន ? នណាហ្ន៎ មិនក្នាញ់បើមានគេសូមញយៗ? នណាហ្ន៎ បានទ្រព្យច្រើនហើយមិនរីករាយ ? នណាហ្ន៎ ជាបណ្ឌិត មិនចាញ់កលក្នុងវិធីទុច្ចរិត ?
២៦២- នរជនអ្នកស្គាល់សភាពពិតនៃព្រះធម៌ ប្រយោជន៍ នឹងកាមមិនគួរមានករុណាតែមួយចំណែកទេព្រោះថា នរជនដែលមានតែចិត្តអត់ឱន មិនអាចស៊ីបាយដែលស្ថិតនៅក្នុងកណ្តាប់ដៃខ្លួនឡើយ។
២៦៣- ក្នុងកាលខ្លះសេចក្តីអត់ធន់ជាគ្រឿងលំអរនៃបុរស ដូចសេចក្តីអៀនខ្មាស់ជាលំអរនៃស្រ្តីទាំងឡាយ តែក្តីក្លាហានជាគ្រឿងលំអរនៃបុរស ក្នុងពេលដែលគេមើលងាយ ដូចការមិនអៀនខ្មាស់ជាគ្រឿងលំអរនៃស្រ្តីក្នុងការសេពសន្ថវៈដូច្នោះដែល។
២៤៤- នរជនណា កាមើលឃើញការមានកម្លំាង និងការឥតកម្លំាងតនែខ្លួននឹងសត្រូវហើយមិនស្គាល់ប្រភេទផ្សេងគ្នាទៀត នរជននោះ ត្រូវសត្រូវមើលងាយ។
២៤៥-ដើមឈើធំ បរិបូណ៌ដោយសន្លឹក មានម្លប់ត្រជាក់នឹងរយោនរយានដោយផ្លែ ក៏បុគ្គលគប្បីពឹងពាក់អាស្រ័យ តែបើជូនកាលខ្លះ ទេវតាបណ្តាលមិនឲ្យមានផ្លែមិនឲ្យមានម្លប់ បុគ្គលនឹងមិនត្រូវបំផ្លាញចោល ឬអ្វី ?
២៤៦- បុគ្គលមិនគប្បីធ្វើការសេពគប់ពឹងពាក់ចំពាះជនដែលតូចតាចថោកទាបឡើយ គប្បីធ្វើចំពោះតែឥស្សរជន ដែលមានអំណាច ព្រោះថាទឹកដោះ បើនៅក្នុងកណ្តាប់ដៃអ្នកស្រវឹងក៏បានឡើងឈ្មោះទៅជាទឹកគ្រឿងស្រវឹងដែរ។
២៤៧- ទូតសូម្បីនៅកណ្តាលសាស្ត្រាវុធ ដែលគេលើច្រូងចា្រង ក៏មិននិយាយអ្វីដទៃក្រៅពីការខ្លួន អាស្រ័យដោយខ្លួនជាទូត គេមិនសម្លាប់ ហេតុនោះទើបទូតចរចាត្រង់ទៅត្រង់មកតាមសេចក្តីពិត។
២៤៨- មានភក្តី មានគុណ បរិសុទ្ធល្អ ប្រសប់វាងវៃ ឈ្លៀវឆ្លាត និងមានប្រតិភាន បុគ្គលបែបនេះ គួរធ្វើជាទូត។
២៤៩- នារីណាប្តីជេរប្រទេចក្តី ឬប្តីសំឡឹងសំឡក់ដោយក្តីក្រោធក្តី នៅតែធ្វើទឹកមុខស្រស់ស្រាយញញឹម នារីនោះទើបឈ្មោះថា ស្រីមានលក្ខណ៍។
២៥០- ស្រីណាស្រឡាញ់ប្តី ទោះប្តីនៅក្រុង ឬនៅស្រុកព្រៃ ឬពុំនោះទេ ជាប្តីគ្មានបុណ្យ ឬមានបុណ្យក្តី ស្រីនោះទើបលោកទាំងមូលឲ្យសេចក្តីសុខ ។
២៥១- គួរគប្បីមួយរយ តែមិនគួរធ្វើឲ្យកើតវិវាទមួយទេ នេះជាមតិអ្នកប្រាជ្ញ សូម្បីមិនមានមូលហេតុអ្វីជាមាំមួន ហើយក៏ធ្វើវិវាទដែរ នេះជាលក្ខណៈមនុស្សល្ងង់ទេ ។
២៥២- អ្នកប្រាជ្ញអាចស្ទង់មើលចិត្តនៃជនដទៃដោយទឹកមុខអាការសំឡេងវិការនៃភ្នែក នឹងវិការមុខបានព្រោះដូច្នោះ គួរប្រឹក្សាគ្នាក្នុងទីស្ងាត់ ។
២៥៣- មនុស្សឈឺ ឲ្យសេចក្តីសុខចម្រើនដល់ពេទ្យ មនុស្សមានវិបត្តិគ្រោះថា្នក់ ឲ្យសេចក្តីសុខចម្រើនដល់មន្ត្រី មនុស្សល្ងង់ជាការរស់នៅនៃអ្នកបា្រជ្ញ វណ្ណៈល្អទាំងឡាយ ជាការរស់នៅនៃសប្បុរសទាំងឡាយ ។
២៥៤- គួរប្រើចារបុរសក្នុងការស៊ើបអង្កេតឲ្យបានដឹងសេចក្តីថា ការគួរធ្វើ និងមិនគួរធ្វើក្នុងប្រទេសខ្លួន ឬក្នុងបរទេស ព្រោះចារបុរសជាព្រះនេត្រានៃព្រះរាជា។
២៥៥- ទីណាមិនមានចាស់ព្រឹទា្ធចារ្យ ទីនោះមិនមែនជាសភាទេ នរជនណាមិនពោលធម៌ នរជននោះមិនមែនជាព្រឹទ្ធាចារ្យទេ ពាក្យណាមិនមានសត្យ ពាក្យនោះមិនមែនធម៌ទេ ត្រង់ណាមានតែប្រវញ្ចន៍ ត្រង់នោះមិនមានពាក្យសត្យទេ ។
២៥៦- ក្តីមិនសន្តោសជាវិបត្តិនៃព្រាហ្មណ៍ ក្តីសន្តោសជាវិបត្តិនៃព្រះរាជា ក្តីខ្មាសអៀនជាវិបត្តិនៃស្រីផ្កាមាស ក្តីមិនខ្មាសអៀនជាវិបត្តិនៃកុលធីទាំងឡាយ។
២៥៧- អ្នកប្រាជ្ញគប្បីលះបង់នូវទ្រព្យផង នូវជីវិតផង ដើម្បីជាប្រយោជន៍ដល់ជនដទៃថា បើសេចក្តីស្លាប់ជាធម៌ទៀង គួរលះបង់អត្តភាពខ្លួនទើបប្រសើរ។
២៥៨- លោភ ទ្រនង់យង់ឃ្នង ខ្ជិលមិនមានពាក្យសត្យ ធ្វេសប្រហែស ខ្លាច មិនម៉ឺងមាត់ ល្ងង់ខ្លៅ មើលងាយយោធា ទាំងអស់នេះជាលក្ខណៈសត្រូវ ដែលបរបក្សយកជ័យជំនះបានដោយងាយ ។
២៥៩- ជនក្លៀវក្លាតែងបានទ្រព្យ ជនបរិភោគអាហាររលួយងាយតែងមិនមានរោគ ជនមិនមានរោគតែងបានសេចក្តីសុខ ជនមានព្យាយាមតែងបានដល់ត្រើយនៃវិជា្ជ ជនមានវិន័យតែងបានសេចក្តីចម្រើនទ្រព្យសម្បត្តិ និងយសសក្តិ ។
២៦០- ដោយពិត នរជនអប្បឥតប្រាជ្ញា សូម្បីប្រារព្ធធើ្វការតូចតាច តែងសំដែលអាការៈឡេះឡះ ឯអ្នកមានប្រាជ្ញា សូម្បីប្រារព្ធធើ្វការធំៗនៅនឹងថ្កល់ដូចថ្ម មិនសម្តែងអាការៈឡេះឡះឡើយ។
២៦១- ម្ចាស់ណាគិតតែខ្លួនម្នាក់ឯង ឥតពិចារណា កាចទ្រនង់មិនដឹងឧបការៈគេ ម្ចាស់នោះត្រូវអ្នកបម្រើដែលប្រសើរលះបង់ចោល ។
២៦២- នរជនណាប្រតិព័ទ្ធនឹងជនណា គប្បីមានការខ្ពង់ខ្ពស់ ឬការថោកទាបមួយអន្លើដោយជននោះ នវជននោះ គួរប្រគល់ជីវិតផង ទ្រព្យសម្បត្តិផង ដល់ជននោះ ដើម្បីប្រកបកិច្ចការទាំងពួង ។
២៦៣- ញុះញង់បំបែកឲ្យកើតក្បត់១ ឡោមព័ទ្ធទុកឲ្យបានយូរ១ ចូលលុកចោមវាយ១ ក្លាហានក្រៃលែង១ ទាំង៤ប្រការនេះ លោកពោលថា ជាមធ្យោបាយសម្រាប់វាយបន្ទាយឲ្យបែក។
២៦៤- នរជន ដែលធ្លាក់ខ្លួនទៅក្នុងគ្រោះកាច តែងតែបន្ទោសព្រេងវាសនា មនុស្សល្ងង់មិនព្រមទទួលកំហុសដែលខ្លួនធ្វើទេ។
២៦៥-នរជនណា ស្និទ្ធស្នាលចំពោះសត្រូវ ដោយការរាប់អានក្តី ដោយការយល់ឧការៈក្តីនរជននោះ
ទុកដូចជាមនុស្សដេកលក់លើដើមឈើ ហើយភ្លាត់ធ្លាក់មកដល់ដី ទើបភ្ញាក់ដឹងខ្លួន។
២៦៦-បុគ្គលគួរចងស្ពានមេត្រីមួយអន្លើដោយសត្រូវ ដែលធ្វើឧបការៈ តែកុំធ្វើមួយអន្លើដោយមិត្ត
ដែលធ្វើអបការៈ (ទោស)ឡើយ ឧបការៈនឹងអបការៈទាំងពីរប្រការនេះជាលក្ខណ
ដែលបុគ្គលគប្បីកំណត់ដឹងចំពោះសត្រូវ នឹងមិត្រទាំងឡាយ។
២៦៧-ជនណាមួយត្រេកអរមុនចំពោះប្រយោជន៍ ដែលមិនទាន់មកដល់តាមគំនិតដែលខ្លួនគិតទុកទេ
ជននោះនឹងត្រូវប្រសព្វសេចក្តីក្តៅក្រហាយស្តាយក្រោយ។
២៦៨-មនុស្ស ស្រវឹងស្រា មនុស្សឆ្កួត មនុស្សកាចកំរោល មនុស្សអស់កម្លាំង មនុស្សក្រោធ
មនុស្សអត់ឃ្លាន មនុស្សល្មោភ មនុស្សខ្លាច មនុស្សរហ័សភ្លែត នឹងមនុស្សបរិភោគកាម មនុស្សទំាងអស់នេះមិនចេះធម៌ទេ។
២៦៩-ខ្សែទឹកក្នុងស្ទឹងទាំងឡាយ តែងហូរទៅៗ ហើយកាន់យកសំណាត់ទៅជាមួយផង
មិនដែលត្រឡប់ថយក្រោយវិញទេ គ្រប់ៗកាល មានឧបមាយ៉ាងណា យប់និងថ្ងៃក៏ចាប់ឆក់យកនូវអាយុនៃសត្វទាំងឡាយ ហើយទៅមិនត្រឡប់ថយក្រោយវិញគ្រប់ៗកាល មានឧបមាមេយ្យយ៉ាងនោះដែរ ។
២៧០-ជនគប្បីយកចិត្តមនុស្សល្មោភដោយឲ្យទ្រព្យ មនុស្សមានស្តុកស្តុម្ភដោយអញ្ជលិកម្ម
មនុស្សល្ងង់ដោយបណ្តោយតាមចិត្ត បណ្ឌិតដោយការនិយាយពាក្យសច្ចៈ ។
២៧១- កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ១ កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ១
កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ១ ទាំងបីនេះជាមង្គលដ៏ឧត្តម។
២៧២-កិរិយានៅក្នុងប្រទេសដ៏សមគួរ១ ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន១
កិរិយាតម្កល់ខ្លួនដោយប្រពៃ១ ទាំង៣នេះជាមង្គលដ៏ឧត្តម។
២៧៣-ភាវៈនៃបុគ្គលបានស្តាប់បានរៀនហើយដោយច្រើន១
សិល្បសាស្ត្រគឺសេចក្តីឆ្លៀវឆ្លាសក្នុងហត្ថកម្មរបស់អ្នកបួសនិងគ្រហស្ថ១
វិន័យដែលបុគ្គលសិក្សាដោយប្រពៃ១ វាចាដែលបុគ្គលពោលត្រឹមត្រូវ១ ទាំង៤នេះជាមង្គលដ៏ឧត្តម ។
២៧៤- កិរិយាបរិច្ចាគទាន១កិរិយាប្រព្រឹត្តនូវធម៌១ សេចក្តីសង្គ្រោះដល់ញាតិទាំងឡាយ១
ការងារទាំងឡាយដែលមិនមានទោស១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
២៧៥-កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀរចាកបាប១ សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង១
សេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយ១ ទាំង៣នេះជាមង្គលដ៏ឧត្តម។
២៧៦.សេចក្តីគោរពចំពោះបុគ្គលដែលគួរគោរព១ កិរិយាប្រព្រឹត្តបន្ទាបនូវខ្លួន១
សេចក្តីត្រេកអរចំពោះរបស់ដែលមាន១ភាវៈនៃបុគ្គលអ្នកដឹងនូវឧបការៈដែលអ្នកដទៃធ្វើហើយដល់ខ្លួន១ កិរិយាស្តាប់នូវធម៌តាមកាល១ ទាំង៥នេះជាមង្គលដ៏ឧត្តម ។
២៧៧.សេចក្តីអត់ធន់១ ភាវៈនៃបុគ្គលដែលប្រដៅបានដោយងាយ១
កិរិយាបានឃើញបានជួបនូវសមណៈទាំងឡាយ១
ធម្មសាកច្ឆា គឺកិរិយាសន្ទនានូវធម៌ទៅវិញទៅ មកតាមកាល១ ទាំង៤នេះជាមង្គលដ៏ឧត្តម ។
២៧៨. សេចក្តីព្យាយាមដុតនូវបាបធម៌១ កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ១ កិរិយាឃើញនូវអរិយសច្ច ទាំងឡាយ១
កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន១ ទាំង៤នេះជាមង្គលដ៏ឧត្តម ។
២៧៩.ចិត្តនៃបុគ្គលឯណាដែលមានលោកធម៌ទាំងឡាយពាល់ត្រូវហើយមិនរំភើបញាប់ញ័រ១
មិនមានសេចក្តីសោក១មានធូលីគឺរាគៈទៅប្រាសហើយ១ជាចិត្តក្សេមក្សាន្ត១ ទាំង៤នេះជាមង្គលដ៏ឧត្តម ។
២៨០.កិរិយាបម្រើនូវមាតា១ កិរិយាបម្រើនូវបិតា១ សេចក្តីសង្គ្រោះដល់បុត្រនិងភរិយា១ ការងារទំាងឡាយដែល
មិនច្របូលច្របល់១ ទាំង៤នេះជាមង្គលដ៏ឧត្តម ។
២៨១. ជនកំហិល គេធ្វើជាឈរឈ្មោះកសាងវត្តអារាមតាមពិត បែរជាយកទីនោះធ្វើចេតិយឬម៉ុង សម្រាប់កប់ខ្មោចគ្រួសារគេសោះ សូម្បីតែចនោះធ្វើផ្លូវដើរក៏គ្មានដែរ!
២៨២- ក្នុងពេលរស់នៅ ត្រូវខំប្រឹងធើការ ដែលមានប្រយោជន៍កុំសំចៃកម្លំាងទុកឡើយ ព្រោះកម្លំាងនោះបើឲ្យនៅស្ងៀមគង់តែត្រូវរិលរេចថយចុះរាល់ ពេលដោយអំណាចជរា ។ (សម្តេចហួតតាត) ។
២៨៣- សុភាសិតគួរចងចំា អនុវត្ត
- ការអម្បាល កុំអាលពោលអួតមុន ។
- ឧបាយកលសើរៗ ពុំស្មើគំនិតជ្រៅ ។
- កំណាចឈ្លានពាន មានរឿងពុំសូវស្រាក ។
- សេពគប់ពាលៗ នំាទៅរកខុស សេពគប់ប្រាជ្ញប្រុស
ប្រាជ្ញនំាទៅរកត្រូវ ។
- សូវនៅម្នាក់ឯង គួរជៀសវាងបាបមិត្ត ។
- ចិត្តឥតភែ្នកៗ ឥតចិត្ត អ្នកគិតល្អិតទើបអាចយល់បាន ។
- មើលងាយអ្នកផង នំាឲ្យកន្លងច្បាប់ ។
- រអិលមាត់ ច្រើនតែភ្លាត់ស្នៀត ។
- សើចក្អាកក្អាយ នំាឲ្យស្តាយក្រោយ ។
- កាប់បំពង់រង់ចំាទឹកភ្លៀង ភ្នែកមិនឆ្មៀងឃើញមិនសព្វ ។
- ធ្វើស្រែទាន់មានភ្លៀង ស្រែកច្រៀងទាន់មានភ្លេង ។
- ពេលត្រូវដើរបែរជាដេក ខ្ជិលហួសពេកនំាឲ្យល្ងង់ ។
- នមាចចេសក្រៃ អស់តម្លៃគ្មានចំណេញ ។
- បំណាច់កើតមកជាអង្គប្រុស កុំប្រព្រឹត្តខុសពីធម៌ច្បាប់ ។
- ប្រាំបួនទិញ ដល់ទិញ កុំទិញរបស់ថោក ។
- កុំស្តាយគុម្ពចេកមួយគុម្ព ។
- កុំស្តាយអាចម៍គោមួយគំនរ ។
- បើមិនចេះត្រូវសួរគេ កុំមានះយកគ្រាន់បើ ។
២៨៤- អ្នកប្រាជ្ញឆៅនៅក្រៅទីប្រជុំអួតក្អេងក្អាងណាស់សូម្បីតែព្រះក៏គេហ៊ានចោទឆ្លើយដែរ តែតាមពិតនៅទីប្រជុំនុំសូម្បីតែដៃស្ទើរមិនហ៊ានលើកផង កុំនិយាយឡើយទៅជជែកវែករកការខុសត្រូវ ! តើយើងត្រូវជ្រើសរើសជនប្រភេទណា ឲ្យធ្វើជាភ្នែកជាច្រមុះរបស់ផងយើង ?
២៨៥-មនុស្សមិនត្រូវអួតអាងថា គ្មាននរណាបោកបានមួយជីវិតទេ តែត្រូវគិតកុំឲ្យគេបោកបានច្រើនដងពេក ។
២៨៥-ឱ ក្មួយកំសត់អើយ ! អ្នកមិនទាន់បានរៀនសូត្រសោះ កើតក្នុងសម័យអក្សរសាស្រ្តយើងផុសឡើងវិញនេះរាត្រីទំាងឡាយចេះតែធ្វើគមនាការជានិច្ច រូបអ្នកនឹងនៅក្នុងហ្វូងអនក្ខជន ប្រៀបដូចជានៅក្នុងគុហាងងឹតសូន្យសុង ។
២៨៦- ការកើតឡើងនៃមនុស្សងាយណាស់ តែការធ្វើខ្លួនឲ្យទៅជាមនុស្សម្នាក់នឹងគេ មិនងាយទេ តោងប្រឹងប្រែងប្យាយាមទើបបានសម្រេច ។
២៨៧- មុននឹងគេបោកមនុស្សណាម្នាក់ គេតែងធ្វើល្អនឹងអ្នកនោះមុនជាដរាប ។
២៨៨- គ្រាន់តែឃើញជនដែលធ្វើល្អភ្លាម កុំអាលសរសើរថា ជាមនុស្សត្រឹមត្រូវ តាមពិតជនពុករលួយក៏វាចេះធ្វើបុណ្យហែកថិនដែរ ដើម្បីបំបាំងអំពើពុករលួយរបស់វា ។ដូច្នេះត្រូវពិចារណាឲ្យល្អិតល្អន់សឹមដាក់ជំនឿ ។
២៨៩- អ្កបា្រជ្ញតែងសន្សំនូវអ្នកបា្រជ្ញដូចគ្នា តែងស្រឡាញ់មនុស្សដូចគ្នា មិនចេះលាក់លៀមនូវការណាប្រសើរឡើយ ហើយតែងដឹកនំាអ្នកផង ឲ្យឈានទៅរកសេចក្តីចំរើនជានិច្ច ។
២៩០- វិទ្យាសាស្រ្តជាកូន អកតញ្ញូនៃទស្សនវិជ្ជា ។
២៩១- អ្នកដែលមិនធ្វើសស្មារតី មិនស្លាប់គំនិតទោះបើស្លាប់ទៅហើយ ក៏ទុកដូចជានៅរស់ ។
២៩២- ជនអ្នកចម្រុងចម្រើនដោយយស
យសតែងចម្រើនដល់ជន
- អ្នកមានព្យាយាមរឹងប៉ឹងម៉ឹងមាត់,
- អ្នកមាស្មារតីខ្ជាប់ខ្លួនមិនភ្លេចភ្លាត់,
- អ្នកមានការងារស្អាតហ្មត់ហ្មង,
- អ្នករិះរេពិចារណាត្រាតែយល់ការសព្វគ្រប់សិនហើយទើបធ្វើ ៗ
- អ្នកសង្រួមឥន្រ្ទីយស្រគត់ស្រគំសមរម្យមិនឆ្គង,
- អ្នកចិញ្ចឹមជិវិតត្រឹមត្រូវតាមគន្លងធម៌,
- អ្នកមិនប្រមាទ គឺប្រុងប្រយ័ត្នស្មារតីជានិច្ច មិនលុះលង់ក្នុងការធ្វេសប្រហែស(ដោយបរិយាយថា “អ្នកមានសតិសម្បជញ្ញៈជានិច្ច” ។
២៩៣- មុននឹងវិនិច្ឆ័យអ្នកដទៃ ត្រូវពិចារណាខ្លួនឯងជាមុន ស្គាល់ខ្លួនឯង ស្គាល់អ្នកដទៃជីវិតមានន័យសង្គមរឹងមាំ។
២៩៤- ដើម្បីត្រួតពិនិត្យរឿងរ៉ាវឱ្យបានត្រឹមត្រូវមានវិធីតែមួយគត់ គឺការត្រួតពិនិត្យយ៉ាងគ្រប់ជ្រុងជ្រោយ។ (Ruskin)
២៩៥- កុំវិនិច្ឆ័យមនុស្សទៅលើសម្បកក្រៅ កុំសម្រេចកិច្ចការអ្វីមួយដោយសម្លឹងមើលតែមួយផ្លូវ។
២៩៦- មនុស្សឆ្លាតទទួលស្គាល់ការធ្លាប់ធ្វើខុស គឺជារឿងដែលគួរឱ្យរីករាយគុណធម៌ដ៏ធំធេងរបស់មនុស្សស្ថិតនៅលើការចេះកែប្រែពីភាពខុសឆ្គងក្លាយមកជាមនុស្សថ្មី (Wuang Yang Ming)
២៩៧- ដឹងថាខុស ត្រូវតែប្រែភ្លាម មិនបាច់ចាំស្អែកនោះទេ។
២៩៨- ត្រូវសម្តែងឥរិយាបថ ដែលជាលំនាំរបស់ខ្លួនឯង
អ្នកចង់ទៅជាអ្វីវានិងទៅជាយ៉ាងនោះ (Max R.einhardt)។
២៩៩- បើនិងធ្វើត្រាប់តាមគេ គួរធ្វើត្រាប់ដោយប្រើវិចារញ្ញាណ។
៣០០- មនុស្សកើតមកមិនបានដូចគ្នាទាំងអស់នោះទេ បើខ្លួនបានល្អគ្រាន់បើហើយសូមកុំជាន់ឈ្លីអ្នកដទៃ (P.Svien)។
៣០១- ត្រូវធ្វើចិត្តឱ្យទូលំទូលាយជាមួយអ្នកដទៃ តែត្រូវតឹងរឹងចំពោះខ្លួនឯង។
៣០២- ទេវតាប្រទានខួរក្បាលសម្រាប់ឲ្យអ្នកគិតអ្នកបានគិតច្រើន ខួរក្បាលអ្នកកាន់តែល្អ ។
៣០៣- ការសួរដេញដោលដែលគ្មានគោលដៅឬដើម្បីផ្ចាញ់ផ្ចាលគ្រាន់តែជាការសម្តែងឲ្យឃើញនូវភាពល្ងង់ខ្លៅរបស់ខ្លួនប៉ុណ្ណាះ ។
៣០៤- មិនគួរសម្លឹងមើលរឿងហេតុផ្សេងៗលើលោកចេញតែពីជ្រុងម្ខាងរបស់ខ្លួនឯងនោះឡើយ (lchlk l kanshi ) ។
៣០៥- ចេះបទបែនកែសម្រួល គឺមនុស្សឆ្លាតចចេសរឹងរូសមិនព្រមកែប្រែ គឺមនុស្សល្ងង់ ។
៣០៦- យើងមិនគួរប្រើជញ្ជីងសម្រាប់ថ្លឹងខ្លួនឯងយកទៅថ្លឹងអ្នកជិតខាងនោះទេ (MauMoo)
៣០៧- ក្រៅពីស្កាល់ខ្លួនឯងបានល្អហើយត្រូវឧស្សាហ៍ ព្យាយាមរៀនសូត្រនិងខិតខំហ្វឹកហាត់ឲ្យខ្លួនបានល្អជាងមុន (Soerates) ។
៣០៨- ភាពក្លាហ៊ានបែបឆាបទួទលហៅថាការពុះកញ្រ្ជោលភាពក្លាហានដ៏ពិតប្រាកដកើតដោយការត្រិះរិះពិចារណា (Napoleon Bonaparte) ។
៣០៩- ពេលកុំពុងតែខឹងសូមអ្នកទប់មាត់កុំនិយាយស្ដីកុំទាន់ធ្វើការសម្រេចចិត្តអ្វីផ្សេងៗដើម្បីកុំឲ្យភាពក្ដៅក្រហាយកាន់តែរីករាលដាលច្រើនឡើង (Socrates) ។
៣១០-បាត់បង់ទ្រព្យសម្បត្តិជាវិបត្តិដ៏ធ្ងន់ធ្ងរតែបើបាត់បង់នូវភាពក្លាហានប្រៀបដូចបាត់បង់អ្វីគ្រប់យ៉ាង(Miguel deCaryantes Saaredra) ។(មិនទាន់កែ)
៣១១- បញ្ចេញភាពក្លាហានយកមកប្រើដើម្បីប្រឈមមុខនិងឧបសគ្គល្អប្រសើរជាជាងការឱនក្បាលចុះញ៉ម។(ប្រាជ្ញាជីវិត)
៣១២- ពេញចិត្តនិងសម្តែងនូវអ្វីដែលខ្លួនមាននោះហើយដែលហៅថា” មនុស្សពិតប្រាកដ “ ។
៣១៣- កុំយកចំណុចខ្លាំងរបស់ខ្លួន ទៅរិះគន់ចំណុចខ្សោយរបស់អ្នកដទៃ។
៣១៤- ចេះស្គាល់ប៉ុនណាគ្រប់ ប៉ុនណាល្មម មួយជីវិតអ្នកមិនចេះអាប់ឱន (China)។
៣១៥- ត្រូវដាស់តឿនសតិតាំងចិត្តឱ្យក្លាហាន សេចក្តីក្លាហានដ៏ធំធេង អាចជួយដល់អ្នកបាន (Hicemio) ។
៣១៦- ព្រេងសំណាងមិនមានពិតបា្រកដនោះទេ វាជាអ្វីដែលមិនអាចកំណត់បាននិងដោយចៃដន្យបំផុតដែលការពិតវាជាអ្វីដែលប្រុងនិងកើតតែប៉ុណ្ណោះ។(Albert Einstein)។
៣១៧- ផែនការដ៏ធំធេងចាំបាច់ត្រូវមានបំណងប្រាថា្នដ៏ខ្លាំងក្លានិងមុះមុត (English)
៣១៨- មនុស្សគ្រប់គ្នាចង់បានណាស់នូវចំណេះវិជ្ជាតែបែរជាមិនសូវមាននរណារីករាយនិងបង់តម្លៃតបស្នង (Juvenal)។
៣១៩- ទោះជារៀនបានសម្រេចអ្វីមួយក៏ដោយក៏មិនមែនបានន័យថា អ្នកចេះអស់នោះទេ រៀនកាន់តែច្រើន កាន់តែដឹងថាខ្លួននៅចេះតិច។
៣២០- កើតមកជាមនុស្សមិនខ្លាចថាតម្រិះវិជ្ជានិងសមត្ថភាពមិនគ្រប់គ្រាន់នោះទេ ខ្លាចតែការតាំងចិត្តមិនបានដាច់ខាត (China)។
៣២១- ចេះប្រើលុយឱ្យមានប្រយោជន៍ធ្វើជាចៅហ្វាយរបស់លុយយ៉ាងមានសេចក្តីសុខ។
៣២២- ធ្វើអ្វីមួយទៅលើគេ ត្រូវប្រៀបធៀបថាបើគេធ្វើដូចគ្នានេះមកលើយើង តើយើងគិតយ៉ាងណា(Charles Liddell)។
៣២៣- សុំឱ្យតែមានចិត្តស្វះស្វែងរៀនសូត្រមិនថាជារឿងអ្វី សុទ្ធតែជាគ្រូរបស់អ្នក (Matsushita)។
៣២៤- ឆ្លាតឬល្ងង់អាស្រ័យលើខ្លួនឯងថាតើនិងខិតខំស្វះស្វែងរៀនសូត្រដែរឬអត់។
No comments:
Post a Comment