ប្រវត្តិ
មានតំណាលថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេសរៀន ចេះចប់ត្រៃវេទតាំងពីអាយុបាន ៧ឆ្នាំ។ សេដ្ឋីបិតាបានសាង ប្រាសាទឲ្យនៅទៀបដើមជ្រៃមួយធំ នៅឆេ្នរទនេ្ល ដែលជាទីនៅនៃបក្សីទាំងឡាយធម្មបាលកុមារនោះ បានចេះទាំងភាសាបក្សី ទាំងពួងផង ហើយបានជាអាចារ្យសមែ្តងមង្គល ផេ្សងៗដល់មនុស្សទាំងពួងផង។ គ្រានោះមនុស្សលោករមែងរាប់អានព្រះមហាព្រហ្មនិង កុបិលមហាព្រហ្ម ១អង្គទៀតដែលជាអ្នកឈ្មោះទេពធីតាមហាសង្រ្កាន្ត និង គ្រឿងអាភរណៈ
ថ្ងៃ | ទេពធីតាមហាសង្រ្កាន | គ្រឿងអាភរណៈ |
---|---|---|
អាទិត្យ | ទុង្សាទេវី | សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំកងចក្រ ឆ្វេងសង្ខ័ពាហានៈគ្រុឌ ។ |
ចន្ទ័ | គោរាគទេវី | សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន អាវុធឆ្វេងឈើច្រត់ ពាហនៈ ខ្លា ។ |
អង្គារ | រាគ្យសាទេវី | សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ អាវុធឆេ្វងធ្នូ ពាហនៈអស្សតរ ។ |
ពុធ | មណ្ឌាទេវី | សៀតផ្កាចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសប្បិ អាវុធស្តាំម្ជុល អាវុធឆ្វេងឈើច្រត់ ពាហនៈ លា។ |
ព្រហស្បតិ៍ | កិរិណីទេវី | សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ អាវុធឆ្វេងកាំភ្លើង ពាហនៈដំរី ។ |
សុក្រ | កិមិរាទេវី | សៀតផ្កាចង្កុលណី គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារ ចេកណាំវ៉ាអាវុធស្តាំ ព្រះខ័ន ឆេ្វងពិណពាហនៈក្របី ។ |
សៅរ៍ | មហោទរា | សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរត័ន៍ ភក្សាហារ សាច់ទ្រាយ អាវុធស្តាំកងចក្រ ឆេ្វងត្រីសូល៍ ពាហនៈក្ងោក ។ |
ទំនៀមចូលឆ្នាំ
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃវ័នបត ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ ឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យតាមក្បួនហោរាសាស្ត្របែបបុរាណគឺក្បួនមហាសង្ក្រាន្ត នេះឯង។តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពីត្រឹមសម័យក្រុងនគរធំឡើងទៅខ្មែរយើងប្រើចន្ទគតិ (ដំណើរព្រះចន្ទ) ទើបកំនត់យកខែមិគសិរជាខែចូលឆ្នាំ ហើយជាខែទី១ ខែកត្តិក ជាខែទី១២ ។ លុះក្រោយមកទើបគេនិយមប្រើសុរិយគតិ (ដំណើរព្រះអាទិត្យ)ជាសំខាន់វិញហើយ កំណត់ ចូលឆ្នាំក្នុងខែចែត្រ (ខែទី៥) ដែលជាឆ្នាំកំនត់ព្រះអាទិត្យចូលកាន់មេរាសី ហើយថ្ងៃចូលឆ្នាំ
រមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ ។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត)។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា «អាយន្តសង្ក្រាន្ត» (ពេលដែលព្រះអាទិត្យដើរបញ្ឈៀងមិនត្រង់ពីលើ) ។ គេនៅប្រើចន្ទគតិអែបគ្នា នឹងសុរិយគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិច្រើន ។ ចំនែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀងទាត់ជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ ។ ប៉ុន្តែនៅក្នុងរវាង១ខែគឺមិនមុនថ្ងៃ ៤កើត ខែចេត្រ និងមិនហួសថ្ងៃ ៤កើត ខែពិសាខទេ ដូចនេះសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន ។
ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ នៅពេលមុនចូលឆ្នាំគេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារសំអាតផ្ទះសំបែង រែកទឹកដាក់ពាង រកអុសទុកកាត់សំលៀកបំពាក់ថ្មីៗជាដើម ។ ថ្ងៃចូលឆ្នាំមកដល់គេរៀបគ្រឿងសក្ការៈបូជាសំរាប់ទទួលទេវតាថ្មី មាន : បាយសីមួយគូ ស្លាធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ ផ្កាភ្ញី លាជ ទឹកមួយផ្តិល និងភេសជ្ជៈនំនែក ផ្លែឈើគ្រប់មុខ។ ចំនែកផ្ទះសំបែងគេតុបតែងរំលេចដោយអំពូលអគ្គីសនីខ្សែតូចៗចំរុះពណ៌ រឺចង្កៀងគោម គ្រប់ពណ៌សំរាប់ទទួលទេព្តាថ្មី។ លុះដល់វេលាកំណត់ទេព្តាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខចំរើនគ្រប់ប្រការពីទេព្តាថ្មី ។ ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងោយដាក់ថ្វាយទេព្តោនាះ គេនិយមតំរូវតាមចិត្តទេវតាដែលនឹងត្រូវចុះក្នុងឆ្នាំនីមួយៗ។ ឧទាហរណ៍ : បើទេវតាដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ…ឯពិធី ៣ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ :
- ថ្ងៃទី១ : គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយនៅជុំវិញព្រះវិហារ រឺនៅជុំវិញដើមពោធិ៍ណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចំរើន ព្រះបរិត្ត និងសំដែងធម្មទេសនា ។
- ថ្ងៃទី២ : កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបំរើ រឺអ្នកក្រីក្រទៀតផង ។ ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចជាចូឡាមណី ចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបង ឬ ប្អូនដែលបានស្លាប់ទៅ ។
- ថ្ងៃទី៣ : ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និងមានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង និង សៀមរាប) ជាពិសេសទៀតគឺរាំវង់តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្ស ម្នាក់ៗ គឺខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត ខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។
វាលុកចេតិយ
ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់» ។ ការពូនភ្នំនេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកណ្តាលទីធ្លាដែលគេ បានកំណត់ រួចពូនអោយចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំណាងអោយព្រះចូឡាមណីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ ឬ ក្នុងព្រះវិហារផងដែរ។ ភ្នំខ្សាច់ដែលគេពូនមិនមានកំណត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកស្អាង។ ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកណ្តាល ហើយត្រូវមានភ្នំតូចៗ ៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។ នៅជុំវិញភ្នំគេមានធ្វើរាជវត័ តុបតែងលំអស្លឹកដូង ស្លឹករំសែជាបួនជ្រុងមានទ្វារ ចេញចូលតាមទិសធំទាំង ៤ ។ នៅជុំវិញរាជវ័តគេមានរៀបរានទេវតាគ្រប់ទិសទាំង ៨។ នៅលើរានទេវតានិមួយៗគេរៀបស្លាធម៌មួយគូបាយសីមួយថ្នាក់ មួយគូ ទៀន៥ ធូប៥ ផ្កាភ្ញី និងអុជទៀនធូបថ្វាយ ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវត័ គេរៀបរានធំៗបីទៀត សំរាប់ថ្វាយព្រះយមរាជ ស្ថិតនៅកណ្តាលខាងឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្ណុការរានធំទាំងបីនេះ គឺគេរៀបគ្រឿងសក្ការៈបូជាដូចរានទេវតាដែរ តែបាយសីខ្ពស់រហូតដល់ ៩ថ្នាក់ និងមានដាក់សំលៀកបំពាក់ឆ្វេងស្តាំ ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។ ការសាងវាលុកចេតិយនេះ ដោយគេសំគាល់ថា នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ ។រួមអានិសង្ស
ព្រះបរមសាស្តាទ្រង់បានសំដែងអំពីអានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារអ្នកដែលបាន ផ្ងូតទឹកអោយមាតាបិតាគ្រូឧបជ្ឈាយ៍ អាចារ្យ រឺព្រះសង្ឃក្នុងឱកាស សង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដីមាន រិទ្ធិដ៏មហិមាសំបូរដោយ រតនៈ៧ប្រការ ដេរដាសដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អនិងសំបូរដោយចតុរង្គសេនា ជាអ្នក បាននូវសេចក្តីសុខគ្រប់យ៉ាង ។ អ្នកដែលបានលែងសត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយអំណាចដែលបានលែងសត្វអម្បាលនោះអ្នកនោះរមែងជា អ្នកមានអាយុយឺនយូរ ជាអ្នកមានសុខច្រើនឥតមានរោគភ័យមកបៀតបៀនក្នុងកាលទាំងពួង ប្រកបតែសេចក្តីសុខ។ ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះទោះទៅកើតក្នុង ភពណាៗក្តី រមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់អ្នកបានឃើញ ជាអ្នកមានសម្បុរកាយផូរផង់ ជាទី គាប់ចិត្តជាទីគួរអោយមើល ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះ សូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់និងចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺន យូររាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយានូវគណាញាតិសុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹក ក្នុងពេលចូលឆ្នាំ។ ដោយប្រការដូច្នេះហើយបានជានៅឱកាសចូលឆ្នាំ មនុស្សទាំងឡាយតែង នាំគ្នាដោះលែងសត្វផ្សេងៗតែងនាំគ្នាធ្វើបុណ្យផ្សេងៗ..ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។អានិសង្សវាលុកចេតិយ
ក្រៅអំពីមហាសំការសូត្រនៅមានរឿងទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេ តែងជាភាសាខ្មែរមកយូរ ហើយមានចំនួន ១ខ្សែសំដែងអំពីការសាងវាលុកចេតិយថាមានផល្លា និសង្សជាអនេកប្បការវេលាឆ្លង វាលុកចេតិយគេច្រើន យករឿងនេះទេសន៍ ។ ក្នុងរឿង អានិសង្សវាលុកចេតិយនោះនាំនិទាន ៣ រឿងមកប្រកបជាឧទាហរណ៍គឺ :- និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅនាសម័យមួយបាវិកបើក សំពៅទៅជួញបានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ ក៏បបួលពួកពាណិជ ដែលទៅជួញ ជាមួយគ្នាបើកសំពៅឆៀងចូលចតនៅទៀប ផ្នូកខ្សាច់នោះ ហើយនាំគ្នាក ជាវាលុកចេតិយឧទ្ទិសជាតំណាងចូឡាមណីចេតិយដែលបញ្ចុះព្រះចង្កូមកែវរបស់ព្រះពុទ្ធ អំពីបុណ្យសឹងបុរាណសឹងប្រតិស្ឋាននៅឋានត្រៃត្រិង្សទេវលោកស្រេចហើយពួកពាណិជ ទាំងនោះក៏បេះយកផ្កាឈើមកបូជា ដើរប្រទក្សិណ ៣ជុំ ហើយនាំគ្នាចុះសំពៅបើកចេញ ទៅជួញតទៅទៀត ។ បាវិកពោធិសត្វ និង ពួកឈ្មួញអម្បាលនោះ លុះរំលាយខន្ធទៅ ហើយ បានទៅកើតជាទេវបុត្រនៅឋានសួគ៌ជាច្រើនជាតិលុះច្យុតពីសួគ៌ក៏កើតក្នុងមនុស្ស លោកបានជាស្តេចឯរាជ្យជាច្រើនជាតិ និងត្រារាប់ពុំបានឡើយក្នុងទីបំផុតបារិក ពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ អំនាចផល្លានិសង្ស ដែលបានវាលុកចេតិយ ។
- និទានទី២ ដំណាលពីនាយនេសាទ១ នាក់ (មិនប្រាកដឈ្មោះ) ថានាយនេសាទនោះ ធ្វើតែបាបសំលាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យដល់ ម្តងសោះ ។ នាថ្ងៃមួយមានភិក្ខុសង្ឃ ១រូបនឹកអាណិតនាយនេសាទខ្លាំងណាស់ក៏គិតរក ឧបាយអោយបានសាងបុណ្យកុសលខ្លះ លុះគិតដូច្នេះលោកក៏ឃ្លុំចីវរកាន់យកនូវបាត្រ ដើរទៅរង់ចាំផ្លូវនាយនេសាទ ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង ១ និងពុនបាយ ១កញ្ចប់ចេញទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង។ ដំបូងនាយ នេសាទប្រកែកដាច់ខាតថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ អត់មិនបានក៏ រំលែក បាយ ១ពំនូតប្រគេន ។ ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅ ត្រូវ ពួកយម បាលឬយមភូបាលយកខ្លួនទៅសួរយកចំលើយអំពីរឿងកាលនៅមនុស្សលោក នោះបាន ធ្វើបុណ្យខ្លះដែរឬទេ ? នាយនេសាទតបថា មិន បានធ្វើបុណ្យអ្វី ធ្វើតែបាបតាំង ពីតូចមក ។ ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរណ្តៅភ្លើងនរកតែមិនឆេះ ត្រឡប់ជាខ្ទាតចេញមកវិញ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ទទួលនាយនេសាទក្រឡេក ទៅឃើញអណ្តាតភ្លើងមានសំប្បុរដូចចីវរលោកសង្ឃ ក៏នឹកឃើញដល់ទានដែលខ្លួន បានធ្វើទើប ឆ្លើយថា កាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូប ដែរ ។ ពួកយម ភូបាលប្រាប់ថា បើដូច្នេះអ្នកអែងត្រូវទៅកើតអែឋានសួគ៌មួយអាទិត្យ លុះដល់ថ្ងៃទី៨ យើង នឹងយកខ្លួនមកអោយទទួល ទោសនៅឋាននរកនេះវិញ ។ ក្នុងមួយរំពេចនោះ វិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើតឯឋានសួគ៌ឈ្មោះថា អន្នំលោកង្សិ ន៍ទេវបុត្រ មានទំហំ ១២យោជន៍បរិបូរណ៍ទៅដោយសម្បត្តិ និងស្រីទេពកញ្ញាបំរើត្រៀបត្រាមាន នាងសុវណ្ណឱរ៉ៃជាទេពី។ អន្នំ លោកង្សិនីទេវបុត្រសោយសម្បត្តិមកបាន ៦ថ្ងៃនឹកឃើញ ដល់បន្តាំយមបាល ក៏កើតសេចក្តីទុក្ខទោមនស្សពន់ប្រមាណ ហើយចូលទៅដេក នាង សុវណ្ណឱរ៉ៃឃើញដូច្នេះ ក៏ចូលទៅសួរអន្នំលោកង្សិនីទេវបុត្រក៏រ៉ាយរឿងប្រាប់តាំងអំពី ដើមរហូតដល់ចប់។ នាងសុវណ្ណឱរ៉ៃលួងលោមថា បើដូច្នោះ សូមព្រះអង្គកុំជាទុក្ខ ទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណាធ្វើបាប អម្បាលម៉ានក្តីបើចង់ អោយរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លងហើយនឹង រួចអំពីកម្មពៀរនោះហោង» ហេតុនេះសូមព្រះអង្គធ្វើតាមព្រះពុទ្ធបន្ទូលនេះចុះទៀងជា ដោះ រួចចាកកម្មពៀរជាមិនខាន ។
ចំណែកអន្នំលោកង្សិនីទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត មិនបានទៅសោយទុក្ខក្នុងនរក ដូចដែលយមបាលកំនត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំនាច ផល្លានិសង្សដែលបានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងដូចពោលហើយ។
- និទានទី៣ ដំនាលកាលពីរឿងចៅកំជិលខ្សាច់ ថាមានក្មេង ១នាក់ចេះតែទៅកភ្នំខ្សាច់ នោះរាល់ៗថ្ងៃ ប្រឡាក់ទៅដោយដីខ្សាច់ព្រលូសតែរាល់ថ្ងៃ ទាល់តែគេហៅថា«ចៅកំជិល ខ្សាច់» ។ នាថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់ អោយនាងទេពធីតា ១អង្គចុះមកធ្វើ ជាប្រពន្ធចៅកំជិលខ្សាច់។ ដំបូងចៅកំជិលខ្សាច់ ប្រកែកមិនព្រមយកដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹម នាងទេព ធីតាទើបទៅរកម្តាយអាពុកចៅកំជិលខ្សាច់ ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រប្រើ អោយចុះមកធ្វើជាប្រពន្ធចៅកំ ជិលខ្សាច់។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្ត ដោយនាងមានរូបឆោមល្អ ទើបសំណេះសំណាលលួងលោមចៅកំជិលខ្សាច់ ទាល់តែ ព្រម យក ។ ចៅកំជិលខ្សាច់តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាត បាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយ ណាស់ដោយនាងទេពធីតាជួយថែសំអាតទាំង សមរម្យគ្នា នឹងប្រពន្ធនោះណាស់ ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកំជិលខ្សាច់បាននាង ទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅ ពិនិត្យមើល ឃើញដូចពាក្យគេដំណាល ។ ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគត គ្មាន អ្នកទទួល រាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សមគួរជាព្រះរាជា ម្ចាស់ផែន ដី ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ផែនដី បុស្បុកក៏ទៅត្រូវ លើចៅកំ ជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅអោយសោយរាជ្យ ព្រម ទាំងនាងទេព ធីតា។ ផលដែលជាទិដ្ឋធម្មវេទនីយ ដូច្នេះលោកថាបាន ដោយហេតុដែល បានពូនភ្នំខ្សាច់ នោះឯង។កាលកើតមានរឿងសំដែងអំពីអានិសង្ស នៃការស្អាងវាលុក ចេតិយដូច្នេះហើយ ខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿនិងជ្រះថ្លា ទើបបាននាំគ្នាស្អាង វាលុកចេតិយជាប់ជាប្រវេណីដរាបមក ដល់បច្ចុប្បន្នកាល ។
- បំបួសភ្នំ លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយអោយតំនាងព្រះចូឡាមណី ចេតិយ រួចយកកំណាត់សប្រវែងប្រមាណមួយម៉ែត្រកន្លះទៅពានាពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងអោកាសនោះដែរព្រះសង្ឃសូត្រធម៌ ចំរើនព្រះបរិត្ត នៅសាលាធម្មដោយបន្តអំបោះមកដល់ភ្នំទាំងអស់។ ភ្នំដែលបានឡើងជា អង្គចេតិយហើយ អ្នកណាមួយទៅជាន់ រំលងឬរំលាយមុនគេផ្សឹកទុកត្រូវទទួលបាប ។
No comments:
Post a Comment