សង្គមធម៌ គឺធម៌សម្រាប់មនុស្សសង្គ្រោះមនុស្ស ឬជាធម៌នាំឲ្យកើតការរាប់រកគ្នារវាងមនុស្ស និងមនុស្សក្នុងពិភពលោកឡើងទៅដរាបមានបញ្ញាចេះដឹងវិជ្ជាដល់ថ្នាក់ បណ្ឌិត ដែលពិភពលោកសន្មតថា អ្នកប្រាជ្ញាបាន ។ ការសិក្សាត្រឹមប៉ុណ្ណោះនៅមិនទាន់ដល់កម្រិតបញ្ញាសិក្ខា គឺនៅមិនទាន់ស្គាល់ពិភពលោកច្បាស់លាស់ គ្រាន់តែបានស្គាល់តាមក្បួនរាយរងបន្តិចបន្តួចប៉ុណ្ណោះ ត្រូវសិក្សាបង្កើនថ្នាក់ឲ្យដល់កម្រិតបញ្ញាសិក្ខាបានដល់ការ សិក្សាតាមមគ្គសច្ចវិទ្យាត្រង់អង្គទី១ និងទី២ គឺសម្មាទិដ្ឋិ និងសម្មាសង្កប្បៈ ជាច្រើនឆ្នាំតទៅទៀតដរាបដល់មានបញ្ញាស្គាល់ពិភពលោកច្បាស់លាស់ អាចបំបាត់ជាតិជរាព្យាធិមរណៈបាន ។ល។
នេះ ជាអត្ថន័យសង្ខេបចំពោះធម៌ត្រៃសិក្ខា ឯធម៌ដទៃទៀតទាំងអស់ ក៏សុទ្ធតែមានន័យទាក់ទងក្នុងពិភពលោក ចាប់តាំងពីចំណុចសូន្យឡើងទៅដល់មគ្គផលនិព្វានដូចគ្នាទាំងអស់ មិនមែនមានន័យតែខាងបរលោកមួយកំណាត់ដូចមនុស្សមានតែក្បាលឥតដៃ ជើង ឥតដងខ្លួននោះឡើយ ព្រោះពុទ្ធសាសនាជាទ្រឹស្ដីលោក ។
ត្រង់ ចំណុចនេះ អ្នកពិភពលោកមានការយល់ច្រឡំច្រើនគ្នាណាស់ ច្រឡំរហូតដល់មើលងាយពុទ្ធសាសនាថា ជាសាសនានាំមនុស្សឲ្យល្ងង់ ត្រង់ខ្លួនដែលល្ងង់សព្វជាតិមិនទាំងស្គាល់ពុទ្ធសាសនាជាអ្វីសោះ នោះ ថាជាអ្នកប្រាជ្ញទៅវិញ ។
អាស្រ័យ ហេតុនេះ ពួកមនុស្សដែលល្ងង់ដប់គត់ គ្មានចេះដឹងធម៌វិន័យផ្លូវលោក ផ្លូវធម៌ ឥតស្គាល់ខុសត្រូវនោះ ពិតជាមិនមែនអ្នកកាន់ពុទ្ធសាសនា មិនមែនអ្នកស្គាល់ពុទ្ធសាសនាឡើយ ទោះបីបានបួសរៀនស្លៀកស្បង់ចីពរហើយ ក៏នៅតែមិនមែនទៀត ព្រោះព្រះពុទ្ធសាសនាជាឃ្លាំងនៃក្បួនច្បាប់ចំណេះវិជ្ជា សីលធម៌ អារ្យធម៌ វឌ្ឍនធម៌ វប្បធម៌ផង ជាប្រភពបណ្ដុះបណ្ដាលឲ្យកើតវិជ្ជាទាំងឡាយ មានវិទ្យាសាស្ត្រជាដើមផង ដូចមានភ័ស្តុតាងដែលនិយាយហើយក្នុងសៀវភៅនេះស្រាប់ ។
ពុទ្ធសាសនា និងវិទ្យាសាស្ត្រ ដូចបានវែកញែកប្រៀបធៀបបន្តិចមកនេះ បើអនុលោមទៅតាមអ្នកវិទ្យាសាស្ត្រនិយម ឃើញថា ពុទ្ធសាសនា និងវិទ្យាសាស្ត្រមាន ភាពចុះសម្រុងគ្នាដោយច្រើន គ្រាន់តែវិទ្យាសាស្ត្រនិយាយមិនដល់ថ្នាក់ខ្ពស់ មិនដល់ខ្លឹមសាររបស់ធម្មជាតិ គឺកម្មផល និងមគ្គផល និព្វានប៉ុណ្ណោះ ទើបវិទ្យាសាស្ត្រត្រលប់កើតជាឧបករណ៍សម្រាប់បំពេញបំប៉នកាមគុណ បណ្ដុះបណ្ដាល រាគៈ លោភៈ ទោសៈ មោហៈ ឲ្យកាន់តែធាត់ធំ កាន់តែសាហាវឡើង ទាំងឲ្យពិភពលោកកាន់តែវឹកវរ មិនបានសុខស្ងប់ ។
បើអ្នកវិទ្យាសាស្ត្រយកទ្រឹស្ដីពុទ្ធសាសនាតែបន្តិច គឺយកមនុស្សធម៌ បានដល់សីល៥ ដែល ជានិច្ចសីលនោះទៅបញ្ចូលក្នុងទ្រឹស្ដីខ្លួន ហើយនាំគ្នាអនុវត្តតាមឲ្យបានពិតប្រាកដ វិទ្យាសាស្ត្រ និងក្លាយទៅជាវត្ថុទិព្វសម្រាប់ពិភពលោកមិនខាន ព្រោះមានភាព និងមានបឋមវិធានស្របនឹងពុទ្ធសាសនាដែរ ៕
No comments:
Post a Comment