Slide Show

Wednesday, August 20, 2025

អប្បមាទោ អមតំ បទំ សេចក្ដីមិនប្រមាទ ជាផ្លូវនៃសេចក្ដី មិនស្លាប់។

អប្បមាទោ អមតំ បទំ សេចក្ដីមិនប្រមាទ ជាផ្លូវនៃសេចក្ដី
មិនស្លាប់។

សេចក្ដីមិនប្រមាទ ជាឈ្មោះរបស់សតិដែលតាំងមាំជានិច្ច ដោយអត្ថ
គឺការមិននៅប្រាសចាកសតិ។ សេចក្ដីមិនប្រមាទ ជាឫសគល់នៃ
កុសលធម៌ទាំងអស់ ជាទីប្រជុំចុះនៃកុសលធម៌ទាំងពួង ប្រៀបដូច
ជាស្នាមជើងដំរី ជាស្នាមជើងដ៏ធំ ជាទីប្រជុំចុះនៃព្រះពុទ្ធវចនៈក្នុង
៤៥ ព្រះវស្សាផងដែរ។
អមតំ បទំ សេចក្ដីមិនប្រមាទ ជាផ្លូវទៅដល់ព្រះនិព្វាន ជាទីបំផុតទុក្ខ។
ព្រះគាថាប្រារព្ធព្រះនាងសាមាវតី៖
*អប្បមាទោ អមតំ បទំ បមាទោ មច្ចុនោ បទំ
អប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា
ឯតំ វិសេសតោ ញត្វា អប្បមាទម្ហិ បណ្ឌិតា
អប្បមាទេ បមោទនិ្ត អរិយានំ គោចរេ រតា
តេ ឈាយិនោ សាតតិកា និច្ចំ ទឡ្ហបរក្កមា
ផុសន្តិ ធីរា និព្វានំ យោគក្ខេមំ អនុត្តរំ។
-សេចក្ដីមិនប្រមាទជាផ្លូវនៃសេចក្ដីមិនស្លាប់ សេចក្ដីប្រមាទ
ជាផ្លូវនៃសេចក្ដីស្លាប់ ជនទាំងឡាយ ដែលមិនប្រមាទហើយ
ឈ្មោះថាមិនស្លាប់ ជនទាំងឡាយដែលប្រមាទហើយ ទុកដូច
ជាមនុស្សស្លាប់ទៅហើយ។ ពួកបណ្ឌិតបានជ្រាបនូវដំណើរ
នេះ ដោយប្លែកគ្នា(ទើបឋិតនៅ) ក្នុងសេចក្ដីមិនប្រមាទ រីករាយ
ក្នុងសេចក្ដីមិនប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរក្នុងធម៌
ជាទីគោចរនៃព្រះអរិយបុគ្គលទាំងឡាយ។ បណ្ឌិតអ្នកមិនប្រមាទ
ទាំងនោះ មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មាន
សេចក្ដីប្រឹងប្រែងមាំមួនជានិច្ច ជាអ្នកមានប្រាជ្ញា តែពាល់ត្រូវ
នូវព្រះនិព្វានជាទីក្សេមក្សាន្តចាកយោគៈ ជាធម្មគុណដ៏ប្រសើរ
បំផុត។
---------------------------------------------------------------------
ស្រង់ពីសៀវភៅ  ព្រះពុទ្ធភាសិត (ប៊ុត សាវង្ស)

No comments:

Post a Comment