Monday, May 22, 2023

រឿង ជ័យឯកនឹងនាងពៅ

កាលពីសម័យបុរាណកន្លងជាយូរមកហើយ មានកសិករពីរនាក់ប្ដីប្រពន្ធ មានកូនប្រុសម្នាក់ឈ្មោះជ័យឯក ជាយុវជនមានប្រាជ្ញាឈ្លាសវៃបានត្រូវកសិករជាឪពុកយកទៅឲ្យរៀនសូត្រនៅសំណាក់លោកគ្រូអាចារ្យនៅវត្តមួយនៅក្នុងស្រុកដែលគេរស់នៅនោះ។ យុវជនជ័យឯកមិនគ្រាន់តែរៀនពូកែចេះលេខចេះអក្សរស្ទាត់ប៉ុណ្ណោះទេគេថែមទាំងចេះគូរគំនូរឆ្លាក់រូបភាពផ្សេងៗបានយ៉ាងចំណានថែមទៀតផង។
ដោយបានឃើញជីវភាពរបស់ឪពុកម្ដាយខ្លួនក្រីក្រលំបាកហើយជាប់ជំពាក់បំណុលលោកសេដ្ឋីដូច្នោះនាយជ័យឯកក៏ស្នើសុំមាតាបិតាអនុញ្ញាតឲ្យរូបគេទៅបម្រើលោកសេដ្ឋីដើម្បីកាត់បំណុលជំពាក់នោះ។ ដំបូងម្ដាយឪពុករបស់ជ័យឯកមិនចង់ឱ្យកូនទៅបម្រើលោកសេដ្ឋីទេតែដោយយុវជនជ័យឯកទទូចសុំខ្លាំងពេកពួកគាត់ក៏អនុញ្ញាតតាមសំណូមពររបស់កូនប្រុសគាត់នោះទៅ។
កម្លោះជ័យឯកនៅបម្រើក្នុងផ្ទះលោកសេដ្ឋីបានមួយខែហើយលោកសេដ្ឋីពុំទាន់ឲ្យធ្វើការងារអ្វីធំដំុឲ្យសមនឹងចំណេះវិជ្ជារបស់នាយជ័យឯកនៅឡើយទេ លោកសេដ្ឋីប្រើឲ្យនាយជ័យឯកមើលថែសួនច្បារជាការសាកល្បង។ ព្រឹកមួយនោះលោកសេដ្ឋីហៅអ្នកបម្រើប្រុសស្រីមកឈរតម្រង់ជួរមុខលោក ។លោកសេដ្ឋីពិនិត្យទៅឃើញបាត់ម្នាក់លោកក៏សួរថា : -ឯណាអាជ័យឯក?បាត់មិនឃើញមកតម្រង់ជួរ? អ្នកបម្រើម្នាក់ឆ្លើយថា: -បាទលោកម្ចាស់អាជ័យឯកវាថាវាកំពុងជាប់រវល់លោកម្ចាស់!
សេដ្ឋី: -ស្អី? វាជាប់រវល់? ការងារវាអីក៏ធំដុំសម្បើមម៉្លេះ? អញហៅមកតម្រង់ជួរវាអត់មក ហើយហ៊ានថាជាប់រវល់? ពួកឯងដឹងថាវាជាប់រវល់រឿងអីហ៎ះ?
អ្នកបម្រើ -បាទជំរាបលោកម្ចាស់! អាជ័យឯកវាថាវាជាប់រវល់ច្របាច់ជើងសម្រួលសរសៃឲ្យអ្នកនាងពៅកូនក្រមុំលោកម្ចាស់នៅក្រោមដើមកខុបក្រោយវិមានលោកម្ចាស់!។
លោកសេដ្ឋី -យើ! អាថ្លើមធំជ័យឯកវាហ៊ានដល់ម្លឹង? ហ៊ានច្របាច់ជើងសម្រួលសរសៃអោយកូនស្រីពៅអញផង!

មើល៍ពួកអស់ឯងនាំអញទៅមើលអាស្អីហ្នឹងបន្តិចមើល៍!។
លោកសេដ្ឋីខឹងច្រឡោតហើយនាំអ្នកបម្រើទាំងអស់ដើររលះរលាំងទៅមើលជ័យឯកនៅក្រោយផ្ទះ។ ពេលទៅដល់លោកឃើញនាយជ័យឯកកំពុងឱនច្របាច់ជើងកូនស្រីលោកសេដ្ឋី លោកសេដ្ឋីខឹងខ្លាំងណាស់ក៏ស្រែកថា: -អាជ័យឯក! អាព្រហើន!ឯងហ៊ានច្របាច់ជើងកូនស្រីអញផងឬ? តិចអញវាយមួយឈើច្រត់បែកក្បាលឥឡូវ!
ជ័យឯកឃើញលោកសេដ្ឋីខឹងដូច្នោះក៏ប្រញាប់ជម្រាបលោកសេដ្ឋីថា: - លោកតាកុំយល់ច្រឡំអី! ខ្ញុំមិនមែនថ្លើមធំហ៊ានច្របាច់ជើងអ្នកនាងពៅដោយចិត្តឯងទេ មកពីអ្នកនាងពៅសុំជិះលើស្មាខ្ញុំដើម្បីបេះផ្លែកខុបទំ។ខ្ញុំមិនហ៊ានប្រកែកក៏ឲ្យនាងឡើងជិះទៅ។ពេលនាងឈរជំទើតលើស្មាខ្ញុំហើយ អ្នកនាងឈោងដៃបេះផ្លែកខុប ហើយជើងនាងញ័រៗ ខ្ញុំអាសើបស្មាពេកក៏ភ្លាត់ជើងធ្លាក់អ្នកនាងមកដីក្ដុក! ឯខ្ញុំក៏ដួលដែរ(វានិយាយហើយធ្វើកាយវិការផង)ដួលលើអ្នកនាងសង្កត់អ្នកនាងបណ្ដាលអោយជើងអ្នកនាងឡើងហើមអស់! ខ្ញុំភ័យពេកជួយលើកអ្នកនាងឡើងហើយជួយម៉ាស្សាជើងឲ្យអ្នកនាងដូចលោកតាឃើញជាក់ស្ដែងពេលនេះស្រាប់ សូមលោកតាជ្រាប!។
លោកសេដ្ឋី -បានហើយ!ៗ ឈប់និយាយរ៉ាយរ៉ាប់ទៀតអញថ្លង់ណាស់!
លោកសេដ្ឋីស្ដាប់ឮនាយជ័យឯកនិយាយប្រាប់រឿងសព្វគ្រប់ក៏គិតក្នុងចិត្តថា: អាជ័យឯកវានិយាយសមហេតុផលរបស់វាដែរ លោកក៏នៅស្ងៀមហើយបន្ទាប់មកលោកនិយាយទៅកាន់ជ័យឯកថា: -ចាប់ពីថ្ងៃនេះទៅបើកូនស្រីអញប្រើឯងឱ្យធ្វើអីឯងត្រូវប្រយ័ត្នការពារកូនស្រីអញឲ្យបានល្អកុំឲ្យគ្រេចជើងទៀតឮទេ?
ជ័យឯក -បាទលោកតា!
២ថ្ងៃបន្ទាប់មក ពេលព្រឹក នៅក្នុងសួនច្បារ

នាយជ័យឯកកាន់ធុងទឹកស្រោចផ្កានៅក្បែរបង្អួចបន្ទប់នាងពៅកូនក្រមុំដ៏ស្រស់ផូរផង់របស់លោកសេដ្ឋី។ឯនាងក្រមុំអង្គុយនៅមាត់បង្អួចសម្លឹងមើលមកនាយជ័យឯកកំពុងស្រោចផ្កាដោយ រីករាយរំភើបក្នុងចិត្តឥតឧបមាព្រោះនាងស្ដាប់ឮនាយជ័យឯកស្រោចផ្កាផងច្រៀងនិងហួចលេងយ៉ាងសប្បាយគ្មានខ្វល់អ្វីឡើយ។
ជ័យឯកក្រឡេកភ្នែកទៅឃើញនាងពៅនៅមាត់បង្អួចក្រមុឹមៗញញឹមមើលមក នាយក៏ សួរទៅនាងថា:-អ្នកនាងបាត់ឈឺជើងហើយឬនៅបាទ ?
នាងពៅឆ្លើយថា: -បាត់ឈឺហើយ! តែខ្ញុំអផ្សុកណាស់!
ជ័យឯកឮនាងពៅថាអផ្សុកណាស់វាក៏ពោលឡើងភ្លាមថា: -បើអ្នកនាងអផ្សុកម៉េចមិនចេញមកលេងក្នុងសួនច្បារមក?
-ទេ! លោកឪពុកខ្ញុំអត់ឲ្យចេញក្រៅបន្ទប់ទេ! ខ្លាចគ្រោះថ្នាក់ផ្សេងៗ!
- កុំបារម្ភអ្វីអ្នកនាង! មានខ្ញុំនៅទីនេះហើយខ្ញុំអាចការពារអ្នកនាងបានគ្រប់ពេលវេលា! អ្នកនាងនៅតែក្នុងបន្ទប់ដូច្នេះមិនចេញមកហាត់ប្រាណយកខ្យល់អាកាសឲ្យត្រូវកម្ដៅថ្ងៃខ្លះទេនឹងបណ្តាលឲ្យកើតជម្ងឺស្ពឹកមិនខាន ជម្ងឺនេះកាចសាហាវណាស់គ្មានថ្នាំព្យាបាលឲ្យជាបានទេ អាចបណ្ដាលឲ្យស្លាប់បានណា៎!។
ឮនាយជ័យឯកថាកើតជម្ងឺស្ពឹកស្លាប់ដូច្នោះ នាងពៅភិតភ័យយ៉ាងខ្លាំងក៏សួរទៅជ័យឯកបន្តថា: -តើខ្ញុំចេញទៅហាត់ប្រាណដូចម្ដេចកើតទៅ? បើចេញទៅតាមទ្វារក្រែងបងស្រីខ្ញុំឃើញមិនបានទេ!
- រឿងនេះងាយសោះ! អ្នកនាងឡើងតាមបង្អួចមកចាំខ្ញុំជួយទប់ !
នាងពៅក៏ឡើងផ្លោះតាមបង្អួចដែលមានកម្ពស់ ២ម៉ែត្រទម្លាក់ជើងចុះក្រោម នាយជ័យឯកជួយទប់នាងចុះមកដល់ដីហើយនាំនាងដើរនៅក្នុងសួនច្បារយ៉ាងសប្បាយរីករាយ ទៅដល់កន្លែងស្ងាត់មួយដែលមានដើមឈើធំៗ មានស្រះទឹកដ៏ល្អគួរជាទីមនោរម្យក្រៃលែង កម្លោះក្រមុំទាំងពីរ ...
សូមរង់ចាំអានភាគបន្ត
(និពន្ធនឹងគូរ អ៊.រ)

 

No comments:

Post a Comment