Monday, November 28, 2022

គួរអានណាស់ ហើយពិចារណាផង

 

គួរអានណាស់ ហើយពិចារណាផង ជាពាក្យបកប្រែពីភាសាបាលីគម្ពីរមិលិន្ទបញ្ហាទាំងស្រុង មកជាភាសាខ្មែរខាងក្រោមនេះ ។

តើព្រះបរិត្ត និងមន្ត មិនមានប្រយោជន៍ដល់អ្នកសូធ្យ និងអ្នកស្តាប់ទេឬ?

ព្រះបរិត្តគ្រាន់តែសូធ្យឲ្យស្តាប់បានពិចារណាទេ ឬ?
ខាងក្រោមនេះ ជាចម្លើយដែលស្តេចមិលិន្ទជាជនជាតិក្រិក នៅដែនសាគលនគរ ឥណ្ឌាខាងជើង បានចោទសួរចំពោះព្រះនាគសេន ដែលជាព្រះអរហន្តមួយអង្គបែកធ្លាយក្នុងបដិសម្ភិទា ៤ ត្រង់ មច្ចុបាសមុត្តិបញ្ហា ដូច្នេះថា ៖

ស្តេចមិលិន្ទ: លោកម្ចាស់នាគសេន ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ភាសិតនេះទុកថា ៖

ន អន្តលិក្ខេ ន សមុទ្ទមជ្ឈេ
ន បព្វតានំ វិវរំ បវិស្ស
ន វិជ្ជតី សោ ជគតិប្បទេសោ
យត្ថដ្ឋិតោ មុច្ចេយ្យ មច្ចុបាសា។
បុគ្គលអ្នកកើតមកហើយ គេចទៅក្នុងអាកាស
ក៏មិនផុតចាកសេចក្តីស្លាប់ គេចទៅក្នុងមហាសមុទ្រ
ក៏មិនផុតចាកសេចក្តីស្លាប់ គេចចូលទៅក្នុងរូងភ្នំ
ក៏មិនផុតចាកសេចក្តីស្លាប់ ស្ថិតក្នុងភូមទីណាហើយ
នឹងគប្បីផុតចាកសេចក្តីស្លាប់ មិនមានឡើយ ។

ដូច្នេះហើយ ក៏នៅសម្តែងព្រះបរិត្តទាំងឡាយទុក តើព្រះបរិត្តនោះ បានដល់អ្វីខ្លះ បានដល់ រតនសូត្រ មេត្តាសូត្រ ខន្ធបរិត្ត មោរបរិត្ត ធជគ្គបរិត្ត អាដានាដិយបរិត្ត អង្គុលិមាលបរិត្ត ។ បពិត្រនាគសេនដ៏ចម្រើន ប្រសិនបើ បុគ្គលសូម្បីទៅក្នុងអាកាសហើយ សូម្បីទៅកណ្តាលមហាសមុទ្រហើយ សូម្បីទៅក្នុងប្រាសាទ កុដិ ទីពួន គុហា រូងភ្នំ ប្រហោង ញកភ្នំ ចន្លោះភ្នំ ក៏នៅមិនផុតចាកសេចក្តីស្លាប់សោត, បើយ៉ាងនោះ ការ ចម្រើនព្រះបរិត្ត ក៏ជាផ្លូវធ្វើនាទីមិនត្រឹមត្រូវ ។ ប្រសិនបើ នឹងមានផុតចាកសេចក្តីស្លាប់ ដោយការចម្រើនព្រះបរិត្តបានពិត បើយ៉ាងនោះ ពាក្យដែលត្រាស់ទុកថា បុគ្គលអ្នកកើត មកហើយ គេចទៅក្នុងអាកាស ក៏មិនផុតចាកសេចក្តីស្លាប់ ។ល។ ស្ថិតក្នុងភូមទីណា ហើយ នឹងគប្បីផុតចាកសេចក្តីស្លាប់ មិនមានឡើយ ដូច្នេះ ក៏ត្រូវជាពាក្យដែលមិនត្រឹម ត្រូវ ។ បញ្ហានេះ មាន ២ ខ ជាបញ្ហាជ្រៅក្រៃលែង ធ្លាក់ដល់លោកហើយ សូមលោកដោះស្រាយ ។
ព្រះនាគសេន បពិត្រមហារាជ ព្រះដ៏មានព្រះភាគត្រាស់ភាសិតនេះថា បុគ្គលអ្នកកើតមកហើយ គេចទៅក្នុងអាកាស ក៏មិនផុតចាកសេចក្តីស្លាប់ ។ល។ ស្ថិតក្នុងភូមិទីណាហើយ នឹងគប្បីផុតចាកសេចក្តីស្លាប់ មិនមានឡើយ ដូច្នេះទុកពិត និងព្រះដ៏មានព្រះភាគក៏បានត្រាស់ព្រះបរិត្តទាំងឡាយទុកពិត តែថា ព្រះបរិត្តនោះត្រាស់ទុក សម្រាប់បុគ្គលអ្នកនៅមានអាយុសល់ នៅមានវ័យសម្បូរណ៍ មិនមានកម្មរារាំងប៉ុណ្ណោះ សម្រាប់បុគ្គលអស់អាយុហើយ កិច្ចដែលត្រូវធ្វើ ឬសេចក្តីព្យាយាមដើម្បីតាំងនៅនៃជីវិត រមែងមិនមាន ។
បពិត្រមហារាជ ប្រៀបដូចជា ដើមឈើដែលងាប់ហើយ ស្ងួតហើយ មិនមានជ័រទៀត ជីវិតរលត់ហើយ ប្រាសចាកអាយុសង្ខារហើយ កាលបុគ្គលដួសទឹកមកស្រោចទាំងឆ្នាំងរាប់ពាន់ ក៏មិនអាចត្រឡប់ស្រស់ខៀវ ឬដុះស្លឹកពន្លកឡើងមកបានឡើយ យ៉ាងណាមិញ បពិត្រមហារាជ សម្រាប់បុគ្គលអស់អាយុហើយ កិច្ចដែលគួរធ្វើ ឬសេចក្តីព្យាយាម ដើម្បីតាំងនៅនៃជីវិតដោយថ្នាំ ឬព្រះបរិត្ត រមែងមិនមាន ក៏យ៉ាងនោះដែរ ។ បពិត្រមហារាជ ព្រះបរិត្តនឹងរក្សាគ្រប់គ្រងចំពោះអ្នកនៅមានអាយុសល់ នៅមានវ័យបរិបូណ៌ មិនមានកម្មមករារាំង ព្រះដ៏មានព្រះភាគទ្រង់សម្តែងព្រះបរិត្តទុក ក៏ដើម្បីប្រយោជន៍ដល់មនុស្សទាំងនោះ ។
បពិត្រមហារាជ ប្រៀបដូចជា កាលស្រូវទុំហើយ ដើមស្រូវក៏ងាប់ទៅ អ្នកស្រែ ឃាំងទឹកមិនឲ្យហូរ ចំណែកសន្ទូងដែលនៅខ្ចី មានបរិបូណ៌ រមែងដុះលូតលាស់ធំធាត់ឡើងបានដោយការបន្ថែមទឹកឲ្យយ៉ាងណា សម្រាប់អ្នកមានអាយុអស់ ក៏ត្រូវលើកវៀរ សម្រាប់អ្នកនៅអាយុសល់ នៅមានវ័យបរិបូណ៌ ត្រូវប្រាប់ ត្រូវប្រាប់ការប្រើថ្នាំ ឬការចម្រើនព្រះបរិត្ត, ព្រះដ៏មានព្រះភាគត្រាស់ព្រះបរិត្តនិងថ្នាំទុក ដើម្បីប្រយោជន៍ដល់បុគ្គលទាំងនោះ បុគ្គលទាំងនោះ រមែងចម្រើន (ជីវិត) បានដោយការចម្រើនព្រះបរិត្ត និងការប្រើថ្នាំ ក៏យ៉ាងនោះ ដូចគ្នា ។
ស្តេចមិលិន្ទ : បពិត្រព្រះនាគសេនដ៏ចម្រើន បើអ្នកមានអាយុអស់ ត្រូវស្លាប់ អ្នកមានអាយុនៅសល់ ទើបនឹងត្រូវរស់នៅបាន បើយ៉ាងនោះ ព្រះបរិត្តនឹងថ្នាំ ក៏ជារបស់ឥត ប្រយោជន៍ ?
ព្រះនាគសេន : មហាបពិត្រ ព្រះអង្គធ្លាប់ទតព្រះនេត្រឃើញ មនុស្សដែលមានជំងឺ ល្មមប្រើថ្នាំ ក៏វិនាសពីជំងឺខ្លះទេ ?
ស្តេចមិលិន្ទ : បពិត្រព្រះនាគសេន ធ្លាប់ឃើញ ធ្លាប់ឃើញច្រើនរយនាក់មកហើយ។
ព្រះនាគសេន : បើយ៉ាងនោះ ព្រះអង្គត្រាស់ថា ការធ្វើព្រះបរិត្តនិងថ្នាំជារបស់ឥតប្រយោជន៍ ដូច្នេះ ក៏រមែងជាពាក្យដែលត្រាស់មិនត្រូវ ។
ស្តេចមិលិន្ទ : បពិត្រព្រះនាគសេន ការផឹកថ្នាំ ក៏ប្រាកដថា ជាសេចក្តីព្យាយាមរបស់គ្រូពេទ្យ ព្រោះសេចក្តីព្យាយាមនោះរបស់ពេទ្យនោះ រោគទើបជាសះស្បើយ ។
ព្រះនាគសេន : មហាបពិត្រ បុគ្គលទាំងឡាយ កាលសូធ្យព្រះបរិត្ត អណ្តាតស្ងួត បេះដូងកម្រើក កឈឺ ការឈឺចុកចាប់ទាំងពួងរបស់បុគ្គលនោះ ក៏ស្ងប់រំងាប់ទៅ ព្រោះការសូធ្យព្រះបរិត្តនោះ ចង្រៃទាំងពួង ក៏ប្រាសចេញទៅ ។
បពិត្រមហារាជ ព្រះអង្គធ្លាប់ទតព្រះនេត្រឃើញខ្លះទេថា មនុស្សខ្លះត្រូវពស់ចឹក ល្មមប្រើបទមន្ត ក៏អាចធ្វើពិសនោះសាបទៅ ធ្វើពិសឲ្យចេញទៅ សម្រកពិសចេញមកបាន ទាំងផ្លូវខាងលើនិងខាងក្រោម ។
ស្តេចមិលិន្ទ : បពិត្រព្រះនាគសេន ខ្ញុំធ្លាប់ឃើញ សព្វថ្ងៃនេះ ក៏នៅប្រើវិធីនេះរក្សា ដូចគ្នា ។
ព្រះនាគសេន : មហាបពិត្រ បើយ៉ាងនោះ ព្រះអង្គត្រាស់ថា ការធ្វើព្រះបរិត្តនិងថ្នាំ ជារបស់ឥតប្រយោជន៍ ដូច្នេះនេះ ក៏ជាពាក្យត្រាស់មិនត្រូវ មហាបពិត្រ ពស់ត្រូវការចឹក ក៏មិនអាចចឹកបុរសអ្នកចម្រើនព្រះបរិត្តបាន រមែងហាមាត់មិនបាន ពួកចោរមិនអាចលើកដំបងឡើង (ធ្វើអាក្រក់)បាន ពួកចោរទាំងនោះលះបង់ដំបងចេញ ហើយធ្វើសេចក្តីស្រឡាញ់ឲ្យកើតឡើងជំនួស សូម្បីដំរីដ៏កាច ល្មមមកដល់ក៏លុតជង្គង់ចុះ ក៏គេចចេញទៅ សូម្បីគំនរភ្លើងកំពុងឆេះ ល្មមដល់ជិតខ្លួន ក៏រលត់ទៅ សូម្បីថ្នាំពិសដ៏ខ្លាំងក្លាដែលលេបចូលទៅ ក៏វិនាសទៅដូចជាថ្នាំកែពិស ឬត្រឡប់ទៅជាអាហារផ្សាយចូលទៅ អ្នកប៉ងសម្លាប់គេ ល្មមចូលទៅជិតគេ ក៏ព្រមធ្វើខ្លួនជាទាសៈទៅវិញ សូម្បីដើរជាន់អន្ទាក់ ក៏មិនវ័ធឡើង ។
បពិត្រមហារាជ ព្រះអង្គធ្លាប់ឮមកខ្លះទេថា ក្ងោកចម្រើនព្រះបរិត្តរាល់ថ្ងៃ ព្រានព្រៃមិនដាក់អន្ទាក់ឲ្យជាប់បានរហូត ៧០០ ឆ្នាំ ក្នុងថ្ងៃមិនបានចម្រើនព្រះបរិត្តត្រឹមតែមួយថ្ងៃ ព្រានព្រៃអាចដាក់អន្ទាក់ជាប់បាន ។
ស្តេចមិលិន្ទ : ខ្ញុំធ្លាប់បានឮ កិត្តិស័ព្ទក្នុងរឿងនេះផ្សាយពេញក្នុងលោក ព្រមទាំងទេវលោក ។
ព្រះនាគសេន : មហាពិត្រ បើយ៉ាងនោះ ព្រះអង្គត្រាស់ថា ការចម្រើនព្រះបរិត្ត ការប្រើថ្នាំជារបស់ឥតប្រយោជន៍ ដូច្នេះ ក៏ជាពាក្យត្រាស់មិនត្រូវ ។
ព្រះនាគសេន : ព្រះអង្គធ្លាប់ឮមកខ្លះទេថា មានយក្សមួយ កាលនឹងរក្សាភរិយា របស់ខ្លួនទុកឲ្យល្អ ក៏ដាក់ចុះក្នុងហឹបលេបទុកក្នុងពោះ តមក មានវិជ្ជាធរម្នាក់ ចូលទៅតាមផ្លូវមាត់របស់យក្សនោះ ហើយបានសេពអសទ្ធម្មជាមួយភរិយារបស់យក្សនោះ វេលាដែលយក្សនោះដឹង ក៏បើកហឹបចេញមកមើល គ្រាន់តែហឹបបើកចេញភ្លាមវិជ្ជាធរ ក៏គេចចេញបាត់ទៅ ។
ស្តេចមិលិន្ទ : ខ្ញុំធ្លាប់បានឮ រឿងនេះផ្សាយពេញក្នុងលោក ព្រមទាំងទេវលោក ។
ព្រះនាគសេន : មហាបពិត្រ វិជ្ជាធរនោះ ប្រើកម្លាំងរបស់ព្រះបរិត្តមិនមែនឬ ទើបផុតការចាប់ខ្លួនបាន ?
ស្តេចមិលិន្ទ : មែនហើយ ព្រះគុណម្ចាស់ ។
ព្រះនាគសេន : មហាបពិត្រ បើយ៉ាងនោះ កម្លាំងនៃព្រះបរិត្ត ក៏ពិតជាមាន ។ មហាបពិត្រ ព្រះអង្គធ្លាប់ឮមកខ្លះទេថា មានវិជ្ជាធរម្នាក់បានសេពអសទ្ធម្ម ជាមួយនឹងមហេសីរបស់ព្រះរាជាក្នុងក្រុងពារាណសីខាងក្នុងក្រុង ល្មមត្រូវចាប់បាន ក៏ប្រើកម្លាំង មន្តបំបាំងកាយបាត់ខ្លួនតែម្តង ។
ស្តេចមិលិន្ទ : បពិត្រព្រះនាគសេន ខ្ញុំធ្លាប់បានឮ ។
ព្រះនាគសេន : បពិត្រមហារាជ វិជ្ជាធរនោះ ប្រើកម្លាំងនៃព្រះបរិត្តឬ ទើបផុតការចាប់ខ្លួន ។
ស្តេចមិលិន្ទ : មែនហើយ ព្រះគុណម្ចាស់ ។
ព្រះនាគសេន : បើយ៉ាងនោះ កម្លាំងនៃព្រះបរិត្តក៏មាន ។
ស្តេចមិលិន្ទ : បពិត្រព្រះនាគសេន ព្រះបរិត្តរក្សាបានគ្រប់គ្នាឬ ?
ព្រះនាគសេន : មហាបពិត្រ រក្សាបានមនុស្សខ្លះ មិនរក្សាបានខ្លះ ។
ព្រះនាគសេន : មហាបពិត្រ អាហាររមែងរក្សាជីវិតរបស់មនុស្សបានគ្រប់គ្នាឬ ?
ស្តេចមិលិន្ទ : បពិត្រព្រះនាគសេន រមែងរក្សាបានខ្លះ រក្សាមិនបានខ្លះ ។
ព្រះនាគសេន : ព្រោះហេតុអី ?
ស្តេចមិលិន្ទ : បពិត្រព្រះនាគសេន ព្រោះហេតុថា មនុស្សខ្លះបរិភោគអាហារច្រើនពេក ក៏ស្លាប់ ព្រោះហល់ ។
ព្រះនាគសេន : មហាបពិត្របើយ៉ាងនោះ អាហារមិនឈ្មោះថា រក្សាជីវិតបានគ្រប់គ្នាទេ ។
ស្តេចមិលិន្ទ : បពិត្រព្រះនាគសេន អាហាររមែងផ្តាច់ជីវិតបាន ព្រោះហេតុ ២ យ៉ាង គឺ ១ ព្រោះបរិភោគលើសប្រមាណ ២ ព្រោះធាតុភ្លើងទន់ខ្សោយ បពិត្រព្រះនាគសេន អាហារសូម្បីមានប្រក្រតីឲ្យអាយុ តែមានវិធីការមិនបាន រមែងផ្តាច់ជីវិតបាន ។
ព្រះនាគសេន : បពិត្រមហារាជ ឧបមាយ៉ាងណា ឧបមេយ្យក៏យ៉ាងនោះ ព្រះបរិត្ត គ្រប់គ្រងរក្សាបានតែមនុស្សខ្លះ មិនអាចគ្រប់គ្រងរក្សាមនុស្សខ្លះ ។ បពិត្រមហារាជ ព្រះ បរិត្តមិនអាចគ្រប់គ្រងរក្សាបានព្រោះហេតុ ៣ ប្រការ គឺ
១-បរិត្តំ ន រក្ខតិ កម្មាវរណេន ព្រះបរិត្តមិនរក្សាព្រោះកម្មរារាំង (បុគ្គលធ្វើអនន្តរិយកម្ម)
២-បរិត្តំ ន រក្ខតិ កិលេសាវរណេន ព្រះបរិត្តមិនរក្សាព្រោះកិលេសរារាំង (បុគ្គលមិច្ឆាទិដ្ឋិ)
៣-បរិត្តំ ន រក្ខតិ អសទ្ទហនតាយ ព្រះបរិត្តមិនរក្សាព្រោះមិនជឿ (អ្នកមិនជឿអានុភាពនៃព្រះបរិត្ត)
បពិត្រមហារាជ ព្រះបរិត្តដែលមានប្រក្រតីតាមរក្សាសត្វទាំងឡាយបាន រមែងមិនរក្សា ក៏ព្រោះហេតុ ៣ នេះណានីមួយ ដែលខ្លួនបានបង្កទុកមក ។
ប្រែចេញពីភាសាបាលីគម្ពីរមិលិន្ទបញ្ហាទាំងស្រុង ពិចារណាតាមសមគួរចុះ ចប់ត្រឹមនេះឯង ឯវំ ។



No comments:

Post a Comment