Monday, November 21, 2022

សម្តេចព្រះមហាឃោសនន្ទ

សម្តេចព្រះមហាឃោសនន្ទ បណ្ឌិតសង្ឃខ្មែរ និង ជាសម្តេចព្រះសង្ឃសន្តិភាព មាន ព្រះកិត្តិនាមជាកំពូលបព្វជិតខ្មែរល្បីល្បាញខ្ទរខ្ទារទូទាំងពិភពលោក ដោយសារបេសកកម្មដើម្បី សន្តិភាព និង ការផ្សះផ្សារជាតិនៅកម្ពុជាក៏ដូចជាដើម្បីសន្តិភាព និង មនុស្សធម៌ពិភពលោក ។ សម្តេចព្រះមហាឃោសនន្ទ មាននាមដើមថា វ៉ យ៉ាវ ហើយតាមការសាកសួរបានឱ្យដឹងថា ព្រះអង្គមានដែនកំណើតនៅភូមិ បារ៉ាយ ឃុំបារ៉ាយ ស្រុកដូនកែវ ខេត្តតាកែវ ។ កាលនៅកុមារភាព កុមារ យ៉ាវ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងនឹងសាសនា ហើយបានទៅស្នាក់នៅបម្រើព្រះសង្ឃ នៅពេលមានអាយុ៨ឆ្នាំ ។ កុមារ យ៉ាវ បានធ្វើឱ្យព្រះសង្ឃទាំងឡាយដែលខ្លួនបម្រើ មានការគាប់ ព្រះទ័យជាខ្លាំង។ លុះអាយុ១៤ឆ្នាំ បានបួសជាសាមណេរ ។ សាមណេរ វ៉ យ៉ាវ បានសិក្សា ព្រះពុទ្ធសាសនា និង គម្ពីរភាសាបាលី ក្នុងមូលដ្ឋាន រហូតដល់ឆ្នាំ១៩៣០ បាននិមន្តមកភ្នំពេញ ដើម្បីចូលរួមប្រឡងដេញប្រយោគផ្ទាល់មាត់ផ្នែកព្រះពុទ្ធសាសនា និង ភាសាបាលី នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ។ នៅភ្នំពេញ ព្រះអង្គបានបន្តការសិក្សានៅ សាលាបាលីជាន់ខ្ពស់ ព្រះសុរាម្រឹត និងបន្តថ្នាក់ឧត្តមសិក្សាផ្នែកព្រះពុទ្ធសាសនានៅសាលាបាលីជាន់ខ្ពស់ ខេត្តបាត់ដំបង។ ឆ្នាំ១៩៤៣ សាមណេរ វ៉ យ៉ាវ បានបំពេញឧបសម្បទាជាភិក្ខុភាវៈដោយមានសម្តេច ព្រះសង្ឃរាជ ជួន ណាត ជាព្រះឧបជ្ឈាយ៍ ដែលកាលនោះព្រះអង្គគង់ក្នុងឋានៈជាចាងហ្វាងសាលា បាលីជាន់ខ្ពស់ ។ គួរបញ្ជាក់ថា សម្តេចព្រះសង្ឃរាជ ជួន ណាត និង សម្តេចព្រះមហាសុមេធាធិបតី ហួត តាត ជាអាចារ្យរបស់ ភិក្ខុ វ៉ យ៉ាវ ផងដែរ ។ មានការតំណាលតៗគ្នា ក៏ដូចជាឯកសារនានាបានអះអាងថា ព្រះគ្រូទាំងទ្វេរបស់ព្រះអង្គដែលសុទ្ធតែជាកំពូលបព្វជិតក្នុងប្រវត្តិសាស្ត្រខ្មែរ សព្វព្រះទ័យនឹងចរិយាធម៌ដ៏ឧត្តម ស្លូតបូត ទន់ភ្លន់ សុភាពរាបសា និង ភាពឧស្សាហ៍ បញ្ញាវាងវៃ បរិបូរដោយក្តីព្យាយាមរបស់ ភិក្ខុ វ៉ យ៉ាវ ណាស់ ។ ក្រោមការបង្ហាត់បង្រៀនរបស់ព្រះគ្រូទាំងទ្វេនេះ ភិក្ខុ វ៉ យ៉ាវ បានជោគជ័យ និងទទួលបាននូវចំណេះ វិជ្ជាយ៉ាងបរិបូរ ។ សង្គ្រាមលោកលើកទី១ និង លើកទី២ បានហែកហួរពិភពលោកឱ្យខ្ទេចខ្ទាំយ៉ាងខ្លាំង ហើយ បានបញ្ចប់ទៅដោយការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកទៅលើទីក្រុង ហ៊ីរ៉ូស៊ីម៉ា និង ទីក្រុងណាហ្គាសាគី ប្រទេសជប៉ុន នាខែសីហាឆ្នាំ១៩៤៥ ។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យពិភពលោក មានការភ្ញាក់ផ្អើល និង ស្រងាកចិត្តយ៉ាងខ្លាំង ។ ឯកសារមួយចំនួនបានអះអាងថា យុវភិក្ខុ វ៉ យ៉ាវ ដែលមានព្រះទ័យពោរពេញដោយក្តីមេត្តា នោះ មានក្តីកង្វល់យ៉ាងខ្លាំងនឹងព្រឹត្តិការណ៍ពិភពលោកដែលគិតតែពីការកាប់សម្លាប់គ្នាយ៉ាងនោះ ។ ឧប្បត្តិហេតុមួយទៀតគឺការទម្លាប់គ្រាប់បែកទៅលើវត្តឧណ្ណាលោមនាឆ្នាំ១៩៤៦ ដែលបានធ្វើគត់ ព្រះសង្ឃជាច្រើនអង្គ និង មនុស្ស១១នាក់នោះ ជាព្រឹត្តិការណ៍ដ៏រន្ធត់កើតឡើងកៀកនឹងភិក្ខុដ៏ទន់ភ្លន់ រូបនេះ ក្នុងពេលដែលព្រះអង្គគង់នៅទីអារាមនេះជាមួយព្រះគ្រូរបស់ព្រះអង្គ ។ ហេតុការណ៍នេះឯង ដែលញ៉ាំងឱ្យយុវភិក្ខុយើង បានឧទ្ទិសជីវិតរបស់ខ្លួនដើម្បីសន្តិភាពតាំងពីពេលនោះមក ។ តាំងពីព្រះអង្គប្រសូត្រមក រហូតដល់ឆ្នាំ១៩៥៣ ជាពេលដែលប្រទេសកម្ពុជាទទួលបាន ឯករាជ្យពីប្រទេសបារាំងនោះ ព្រះអង្គមានការអាណិតអាសូរដល់មាតុប្រទេសដ៏អភ័ព្វរបស់ព្រះអង្គ ដែលតែងតែរងគ្រោះនូវការហែកហួរគ្នាឥតឈប់ឈររួមទាំងសង្គ្រាមផ្ទៃក្នុង និង ការជិះជាន់ពីបរទេស មានសៀម យួន បារាំង និង ជប៉ុន ផង។ នៅប្រទេសកម្ពុជា ព្រះអង្គអស់ថ្នាក់ដែលត្រូវសិក្សាហើយ ប៉ុន្តែភិក្ខុរូបនេះមិនទាន់ឆ្អែតឆ្អន់នឹង ចំណេះវិជ្ជាឡើយ ។ ចំណុចនេះត្រូវបានគេយល់ថា ប្រហែលដោយសារព្រះអង្គទទួលឥទ្ធិពលពី សម្តេចព្រះមហាសង្ឃរាជ ជួន ណាត និង សម្តេច ហួត តាត ដែលជាគ្រូរបស់ព្រះអង្គផងដែរ ទើបឆ្នាំ១៩៥៣ ភិក្ខុ វ៉ យ៉ាវ បាននិមន្តទៅបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកព្រះពុទ្ធសាសនា នៅប្រទេស ឥណ្ឌា ។ នៅទីនោះ ព្រះអង្គបានសិក្សានៅសាកលវិទ្យាល័យ នាលន្ទ រដ្ឋប៊ីហា ។ នៅទីនោះ ព្រះអង្គបានទទួលការអប់រំអំពីអហឹង្សាធម៌ ពីសំណាក់ព្រះសង្ឃជប៉ុនដ៏ល្បីល្បាញ ព្រះនាម និជីដាស៊ូ ហ្វ៊ូជី ដែលជាអ្នកឧបត្ថម្ភ មហាត្មៈគន្ធី មហារបុរសអហឹង្សាពិភពលោកជាតិឥណ្ឌា ។ ព្រះតេជគុណ នីជីដាស៊ូ ហ្វ៊ូជី គឺជាស្ថាបនិកព្រះពុទ្ធសាសនាជប៉ុននិកាយ និប៉ុនហ្សាន យូជី ។ ចំពោះព្រះតេជគុណ នីជីដាស៊ូ ហ្វ៊ូជី អារ្យធម៌ គឺការទប់ស្កាត់ឱ្យបាននូការកាប់សម្លាប់ ហើយ ព្រះអង្គបានមើលឃើញថា វិទ្យាសាស្ត្រ សេដ្ឋកិច្ច នយោបាយ និង លទ្ធិសេរី លទិ្ធកុម្មុយនិស្ត ឬ មូលធននិយមជាដើម សុទ្ធតែមិនបានធ្វើកិច្ចការនេះឡើយ ។ ភិក្ខុ វ៉ យ៉ាវ បានសិក្សាយ៉ាងស៊ីជំរៅអំពីសន្តិភាព និង សារៈសំខាន់នៃការដើរចូលទៅ ក្នុងសង្គមមនុស្សជារៀងរាល់ថ្ងៃជាមួយព្រះតេជគុណ និជីដាស៊ូ ហ្វ៊ូជី អស់រយៈពេល១៥ឆ្នាំ ។ ព្រះតេជគុណ និជីដាស៊ូ ហ្វ៊ូជី បានមានព្រះថេរដីកាប្រាប់ភិក្ខុ វ៉ យ៉ាវ ថា “ ព្រះសង្ឃពុទ្ធសាសនា ពិតប្រាកដ មិននៅតែមួយកន្លែងឡើយ “ ។ ឆ្នាំ១៩៥៦ មហាសន្និបាតសង្ឃព្រះពុទ្ធសាសនាបានត្រូវប្រារព្ឋឡើងនៅប្រទេសភូមា ។ សម្តេច ព្រះសង្ឃរាជ ជួន ណាត បានដឹកនាំប្រតិភូសង្ឃខ្មែរទៅចូលរួមមហាសន្និបាតដែលកើតឡើង ស្របពេលនឹងពិធីបុណ្យព.ស ២៥០០ ។ បានឮថាព្រះគ្រូរបស់ព្រះអង្គនិមន្តទៅទីនោះ ភិក្ខុ វ៉ យ៉ាវ ក៏បានសុំការអនុញ្ញាត្តពីសាលា ផ្អាកការសិក្សាមួយរយៈដើម្បីទៅហែរព្រះគ្រូរបស់ព្រះអង្គនៅប្រទេស ភូមារហូតចប់បេសកកម្ម ។ ១៩៦៩ ព្រះអង្គទទួលបានសញ្ញាបត្របណ្ឌិតពីសកលវិទ្យាល័យ នាលន្ទ ហើយមានព្រះឋានៈ ជា មហាឃោសនន្ទ ដែលមានន័ថា ធំ អស្ចារ្យ ឧត្តមប្រសើរ ។ បន្ទាប់មក ភិក្ខុបណ្ឌិត មហាឃោសនន្ទ បាននិមន្តចាកចេញពីប្រទេសឥណ្ឌា ដើម្បីបន្តសិក្សាផ្នែកសមាធិ ក្រោមការដឹកនាំ របស់ព្រះភិក្ខុ ធម្មទារោ នៃ ប្រទេសថៃ ដែលជាព្រះសង្ឃដ៏មានកិត្តិនាម ផ្នែកសមាធិក្នុងព្រៃ នៃ អារាម ចាយណា ជិតខេត្ត នគរ ស្រីធម្មរាជ ។ ខណៈពេលដែលព្រះអង្គកំពុងសិក្សាផ្នែកវិបស្សនានេះ សហរដ្ឋអាមេរិក បានចាប់ផ្តើមទម្លាក់ គ្រាប់បែកមកលើប្រទេសកម្ពុជា ក្នុងបំណងផ្តាច់ផ្លូវកងទ័ពរបស់ ហូ ជី មិញ និង ដើម្បីបញ្ចប់សង្គ្រាម វៀតណាម ។ យុទ្ធនាការទម្លាក់គ្រាប់បែកដែលមានឈ្មោះថា “ ប្រតិបត្តិការសឹកអាហារពេលព្រឹក ” នេះមានពេល១៤ខែ មានគ្រាប់បែកសរុប ២.៧៥០.០០០ តោន ត្រូវបានទម្លាក់ចូលប្រទេសកម្ពុជា ដែលមានផ្ទៃដីមិនស្មើនឹងផ្ទៃដីរដ្ឋវ៉ាស៊ីនតោនរបស់អាមេរិកផង ហើយត្រូវបានគេជឿថា បានផ្តាច់ផ្តិលអាយុជីវិតប្រជាជនខ្មែរប្រមាណ ៥០០.០០០ នាក់ ។ ថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ រដ្ឋប្រហារ លន់ នល់ ផ្តួលរំលំរបបរាជានិយម ទម្លាក់សម្តេច នរោត្តម សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ ហើយជំនួសដោយរដ្ឋាភិបាលមួយដែលនិយមអាមេរិក ។ ហេតុការណ៍នេះបានបញ្ឆេះភ្លើងសង្គ្រាមឱ្យឆាបឆេះកាន់តែខ្លាំងឡើងៗ និង រាលដាលធំឡើងៗក្នុងទឹកដីកម្ពុជាដ៏តូចចង្អៀត ។ ខេមរៈបណ្ឌិតសង្ឃ មហាឃោសនន្ទ តែងតែតាមដានព៌ត័មានអំពីព្រឹត្តិការណ៍ឈឺចាប់ពីមាតុប្រទេសរបស់ព្រះអង្គ ហើយបានប៉ះទង្គិចបេះដូងនៃភិក្ខុដ៏ពោរពេញដោយមេត្តាធម៌រូបនេះយ៉ាង អនេគ ។ ឆ្នាំ១៩៧៣ ខណៈដែលអាមេរិកកំពុងបង្កើនការទម្លាក់គ្រាប់បែកមកលើទឹកដី កម្ពុជានោះ ព្រះអង្គបានមានព្រះថេរដីកាយ៉ាងទុក្ខសោកប្រាប់លោក គ្រីស្តូហ្វ័រ ធីតម៉ាស ថា “ ស្ទឹងនៅកម្ពុជា ពោរពេញដោយលោហិតហើយ “ ។ តាមឯកសារនានាបានតំណាលដូចៗគ្នាថា គ្រាមួយពេលដែលព្រះអង្គបានទទួលដំណឹងថា មាតា បិតា បង ប្អូន និង ព្រះសង្ឃដែលជាសមណមិត្តរួមជំនាន់របស់ព្រះអង្គបានបាត់បង់ជីវិតនៅក្នុង ព្រឹត្តិការណ៍នេះអស់ហើយនោះ ព្រះអង្គបានស្រក់ទឹកនេត្រាយ៉ាងខ្សឹកខ្សួលរំជួលថ្លើមប្រម៉ាត់ឥតអ្វីមក ទប់បានទាំងយប់ទាំងថ្ងៃ ។ ព្រះគ្រូធម្មទារោ ដែលតាំងតែបណ្ឌិតខ្មែររូបនេះបាននិមន្តមកដល់ទីនេះ ព្រះអង្គមានការពេញ ព្រះទ័យយ៉ាងជ្រាលជ្រៅនោះ តែងតែគង់នៅជិតភិក្ខុ មហាឃោសនន្ទ ដើម្បីលើកទឹកចិត្ត និង លួង លោមព្រះអង្គជានិច្ចថា ឱ្យខំទប់ចិត្តទទួលស្គាល់យកការពិត និង រង់ចាំឱកាសមកដល់នឹងបានវិល ទៅមាតុប្រទេសរបស់ព្រះអង្គវិញ ។ បន្ទាប់ពីគង់ធ្វើសមាធិ ឆ្លុះបញ្ចាំងអស់រយៈពេលយ៉ាងយូរទើបព្រះអង្គយល់ច្បាស់ និងបាន បន្លឺព្រះថេរដីកាថា “ បច្ចុប្បន្ន ជាមាតា នៃ អនាគត ចូរថែរក្សាម្តាយ ម្តាយនឹងរក្សាកូន “ ។ ចាប់ពីពេលនោះមកព្រះអង្គក៏ឈប់សម្រក់ជលនេត្រទៀត ហើយបានផ្ចង់ស្មារតីហាត់រៀនសមាធិអស់ រយៈពេល៩ឆ្នាំទើបទទួលបាននូវបញ្ញាភ្លឺថ្លាត្រចះត្រចង់ បេះដូងពោរពេញដោយក្តីមេត្តា ករុណា ដ៏ខ្ពង់ខ្ពស់ត្រដែតត្រដឹម ។ ឆ្នាំ១៩៧៥ ពួកខ្មែរបានចូលកាន់កាប់ប្រទេសកម្ពុជា ហើយបានប្រកាសថាពួកគេជាអ្នក សង្គ្រោះប្រទេសកម្ពុជាពីការកាន់កាប់របស់បរទេស ជាអ្នកការពារជាតិ ។ រហូតដល់ឆ្នាំ១៩៧៨ ជនភៀសខ្លួនខ្មែរបានទៅប្រមូលផ្តុំគ្នានៅជំរុំស្រះកែវជាជំរុំជនភៀសខ្លួន ខ្មែរមុនដំបូងគេបំផុតនៅតាមបណ្តោយព្រុំដែនកម្ពុជា-ថៃ ។ ជនភៀសខ្លួនទាំងនោះមានសភាព ស្លេកស្លាំង ស្គមស្គាំង មានពោះធំ ដោយឥតអាហារ និង ទឹក និង រុំព័ទ្ធទៅដោយក្តីភ័យខ្លាចនិងភាពខ្លោចផ្សា និង ក្តីអស់សង្ឃឹម ។ ភិក្ខុ មហាឃោសនន្ទ បាននិមន្តចូលទៅជំរុំជនភៀសខ្លួននៃជនរួមលោហិតរបស់ព្រះអង្គ បានប្រែក្លាយភាពស្រងេះស្រងោចក្នុងជំរុំនេះទាំងមូលឱ្យទៅជាក្តីរំភើបរំជើបរំជួល ។ ពួកគេបាននាំគ្នា ស្ទុះរត់ទៅរកព្រះអង្គ ទួញយំសោក ដោយពួកគេខានបានឃើញព្រះសង្ឃពុទ្ធសាសនាជាយូរមកហើយ ។ មហាឃោសនន្ទ ភិក្ខុ បានបង្រៀនពួកគេនូវព្រះពុទ្ធោវាទមានជាអាទិ៍ថា “ ទោសៈមិនដែលបញ្ចប់ដោយទោសៈឡើយ ។ ទោសៈរមែងរំលត់ទៅបានដោយមេត្តា ព្រហ្មវិហារ...” ។ ដើមឆ្នាំ១៩៧៩ កងទ័ពវៀតណាម បើកការវាយលុកចូលប្រទេសកម្ពុជា ។ កងទ័ពខ្មែរក្រហម បានរត់ឆ្លងដែនចូលទឹកដីថៃ ។ ព្រះភិក្ខុ មហាឃោសនន្ទ បាននិមន្តទៅជួបសំណេះសំណាលជាមួយ ពួកទាហានខ្មែរក្រហមទាំងនោះដោយពុំបានថ្កោលទោស ឬ រង្កៀសព្រះទ័យចំពោះទង្វើរបស់ពួក ខ្មែរក្រហមដែលបានធ្វើកន្លងមកឡើយ ។ សៀវភៅ “សម្តេចព្រះមហាឃោសនន្ទ ក្នុងសមរភូមិ “ សរសេរថានៅពេលនោះ ព្រះអង្គបានសំដែងព្រះពុទ្ធោវាទប្រាប់ពួកគេ ធ្វើឱ្យពួកទាហានទាំងនោះមានក្តីសង្វេគរហូតអ្នកខ្លះដុតសម្លាប់ខ្លួន ហើយយំយែកថា ពួកគចង់បានសន្តិភាព ។ នៅពេលសួរថា ព្រះអង្គមានអារម្មណ៍យ៉ាងណាចំពោះពួកទាហានខ្មែរក្រហម ព្រះអង្គបាន មានព្រះថេរដីកាថា “ យើងមានមេត្តាធម៌យ៉ាងធំធេងចំពោះពួកគេ ត្បិតពួកគេមិនស្គាល់អំពីសច្ចធម៌ ពួកគេបំផ្លាញព្រះពុទ្ធសាសនា ពួកគេបំផ្លាញខ្លួនឯង “ ។ ឆ្នាំ១៩៧៩ ព្រះអង្គបានកសាងវត្តនៅក្នុងជំរុំជនភៀសខ្លួន ហើយព្រះអង្គបានបំបួសព្រះសង្ឃ ថ្មីៗ បើទោះជាមានការហាមឃាត់ពីសំណាក់យោធាថៃក៏ដោយ ។ ពេលនោះចលនាតស៊ូខ្មែរក្រហម បានចាប់បង្ខំជនភៀសខ្លួនឱ្យធ្វើកងទ័ព ហើយពួកយោធាថៃបានគាំទ្រពួកខ្មែរក្រហមដោយលួចលាក់ ។ ពួកគេមិនពេញចិត្តនឹងទង្វើរបស់ព្រះភិក្ខុបណ្ឌិតសង្ឃខ្មែររូបនេះឡើយ ។ ពេលនោះ មានយុទ្ធជនខ្មែរ ក្រហមរាប់ពាន់នាក់បានទម្លាក់អាវុធនៅមុខក្លោងទ្វាវត្តរបស់ព្រះអង្គ ហើយបានចូលខ្លួនថ្វាយជីវិត ដល់ព្រះអង្គ ។ប្រការនេះឯងដែលនាំឱ្យពួកយោធាថៃហាមប្រាមព្រះអង្គដាច់ខាតមិនឱ្យនិមន្តចេញចូល ក្នុងជំរុំជនភៀសខ្លួនខ្មែរទៀតឡើយហើយព្រះអង្គក៏ត្រូវបង្ខំចិត្តដកព្រះកាយចេញពីការងារទាំងនោះ ។ យើងមិនបានដឹងថា ចន្លោះពេលនោះ ព្រះអង្គបានធ្វើអ្វីខ្លះឡើយ ទើបនៅឆ្នាំ១៩៨០ ព្រះអង្គទទួលបានការតែងតាំងពិសេសពីអង្គការសហប្រជាជាតិក្នុងឋានៈជាទីប្រឹក្សាសង្គម និង សេដ្ឋកិច្ច តំណាងខ្មែរនិរទេសកជន ។ តាមរយៈការតែងតាំងនេះឯងបានផ្តល់លទ្ធភាពព្រះអង្គឡើង វិញដើម្បីធ្វើការជាមួយជនភៀសខ្លួនខ្មែរ ។ មានគ្រាមួយនោះ ពួកទាហានខ្មែរក្រហមបំរុងនឹងបះបោស្ទើរផ្ទុះអាវុធដាក់គ្នាឯងប៉ុន្តែភិក្ខុរូប នេះ បានចំណាយពេលពេញមួយថ្ងៃក្នុងការរំងាប់កំហឹងរបស់ពួកគេ ។ ឆ្នាំ១៩៨០ ព្រះអង្គគង់នៅទីក្រុង ប្រូវិដិនស៍ រដ្ឋ រ៉ូដអាយឡែនដ៍ សហរដ្ឋអាមេរិក គឺទីនោះ ហើយដែលព្រះអង្គបានកសាងវត្តខ្មែរមុនដំបូងបំផុតនៅសហដ្ឋអាមេរិក ។ ក្នុងអំឡុងទសវត្សឆ្នាំ៨០ ព្រះអង្គចំណាយពេលវេលាដ៏ច្រើនលើសលប់ដើម្បីបម្រើ ប្រយោជន៍ខ្មែរក៏ដូចជាពិភពលោក មានជាអាទិ៍ និមន្តទៅជួបសហគមន៍ខ្មែរនៅប្រទេសបារាំង , អាមេរិកខាងជើង អូស្ត្រាលី សម្ពោធន៍សហគមន៍ខ្មែរនានា និង និមន្តជាអធិបតីក្នុងពិធីផ្សេងៗ ជាពិសេសគឺព្រះអង្គបានជំរុញនូវការចរចារកសន្តិភាពជូនប្រទេសកម្ពុជា ។ នៅឆ្នាំ១៩៨៣ ព្រះអង្គបាននិមន្តទៅទីក្រុងរ៉ូម ចូលគាល់ សម្តេចសង្ឃកាតូលិក ប៉ាប ចន ប៉ូល ទី២ ដើម្បីពិភាក្សាអំពីតួនាទីសាសនាក្នុងការកសាងសន្តិភាពជូនពិភពលោក ។ ក្នុងការចូលគាល់នេះ នាំឱ្យមានព្រះឆាយាល័ក្ខដែលព្រះអង្គឱបសម្តេច ប៉ាប នៅវិមាន វ៉ាទីកង់ រហូតមកដល់សព្វថ្ងៃ ។ ជាផ្លែផ្កានៃការចូលគាល់នេះ ទើបទិវាសូត្រធម៌បួងសួងសុំសន្តិភាពពិភពលោក ត្រូវបានប្រារព្ឋឡើង ជារៀងរាល់ឆ្នាំ នាទីក្រុងអាស្សីស៊ី ដែលមានការចូលរួមពីសំណាក់មេដឹកនាំសានាទូទាំងពិភពលោក ចាប់តាំងពីឆ្នាំ១៩៨៦មក ចំណែកព្រះអង្គ ក៏ត្រូវបានគេនិមន្តចូលរួមជារៀងរាល់ឆ្នាំ រហូតដល់ព្រះអង្គចូលទីវង្គត ។ ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៨៣ បណ្ឌិត មហាឃោសនន្ទ បានប្រាព្ឋពិធីមួយនៅមជ្ឈមណ្ឌល ហ្សិន នាទីក្រុង ញូវយ៉កដែលមានភ្ញៀវ២០០នាក់មកពីប្រទេសនានានៅអាស៊ី។គឺដោយសារពិធីនេះឯង ហើយដែលផ្តល់ក្តីសង្ឃឹមឱ្យប្រទេសអាស៊ីទាំងឡាយអាចបង្កើតវត្តរបស់ខ្លួននៅក្នុងមជ្ឈមណ្ឌលនេះ ។ ឆ្នាំ១៩៨៧ នៅពេលកិច្ចចរចាដើម្បីស្វែងរកសន្តិភាពរវាងភាគីជម្លោះខ្មែរបានត្រូវរៀបចំឡើង នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិនោះ សម្តេច ព្រះមហាឃោសនន្ទ បានចូលរួមយ៉ាងសកម្មក្នុងការជម្រុញឱ្យមានការចរចាហើយឱ្យភាគីទំនាស់ ទាំងអស់ប្រកាន់យកមាគ៌ា “សន្តិភាពគឺជាបំណងប្រាថ្នារបស់យើងទាំងអស់គ្នា” ។ ព្រះអង្គបានដឹកនាំ ព្រះសង្ឃខ្មែរទៅទីនោះដើម្បីធ្វើពិធីបួងសួងសុំសន្តិភាព ។ ព្រះអង្គត្រូវបានផ្តល់អាសនៈជាប់នឹង សម្តេចនរោត្តម សីហនុ នៅក្នុងកិច្ចចរចានេះ ។ នៅក្នុងការចរចារកសន្តិភាពនេះ ព្រះអង្គបានជួយបន្ទន់ឥរិយាបថភាគីទាំងឡាយប្រកបដោយអព្យាក្រិតភាព ដែលបានផ្តល់ជាគំរូដល់ភាគីជម្លោះខ្មែរឱ្យរកវិធីរួបរួមជាតិឡើងវិញ ។ នៅក្នុងកិច្ចប្រជុំនាទីក្រុងប៉ារីស ឆ្នាំ១៩៨៨ ព្រះអង្គត្រូវបានគេប្រគេនសមណស័ក្តិខ្ពស់បំផុត ថាជា សម្តេចព្រះមហាសង្ឃរាជ ជាសង្ឃនាយកខ្មែរពិភពលោក ។ ដើមឡើយព្រះអង្គមិនចង់ទទួល យកឡើយ ប៉ុន្តែក្រោយមកព្រះអង្គបានទទួលយក ជាបណ្តោះអាសន្នរហូតដល់មានជ្រើសរើសព្រះ សង្ឃរាជថ្មីដែលត្រូវគង់នៅទីក្រុងភ្នំពេញ ។ឆ្នាំ១៩៩១ សម្តេច ទេព វង្ស ត្រូវបានតែងតាំង ជាសម្តេចព្រះសង្ឃរាជ ។ ទោះយ៉ាងណា ក្នុងចិត្តមនុស្សគ្រប់រូបនៅតែគោរព ព្រះមហាឃោសនន្ទ ហើយព្រះអង្គក៏នៅតែត្រូវបានគេហៅថា“សម្តេច”ដដែល ។ សាកលវិទ្យាល័យ ប្រូវិដិនស៍ ទីក្រុង ប្រូវិដិនស៍ រដ្ឋរ៉ូដអាយឡែនដ៍ ថ្វាយព្រះឋានៈព្រះអង្គជា បណ្ឌិតកិត្តិយស ដោយសារបេសកកម្មរបស់ព្រះអង្គក្នុងកិច្ចការបម្រើមនុស្សធម៌ ។ ឆ្នាំ១៩៩០ ព្រះករុណា នរោត្តម សីហនុ បានថ្វាយព្រះឋានៈ សម្តេចព្រះ ដល់ព្រះអង្គបន្ថែម ពីលើ មហាឃោសនន្ទ ។ ចាប់ពីពេលនោះមក ព្រះអង្គមានព្រះឋានៈជា សម្តេចព្រះមហាឃោសនន្ទ តរៀងមក ។ព្រះករុណាមហាក្សត្រខ្មែរក៏បានព្រះរាជទានព្រះរាជឋានៈដល់សម្តេចព្រះមហាឃោសនន្ទ ថាជា សម្តេចព្រះសង្ឃសន្តិភាព ផងទៀត ។ ឆ្នាំ១៩៩២ មុនការមកដល់បន្តិចនៃអាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិ ហៅ កាត់ថា UNTAC នោះ ព្រះអង្គបានដឹកនាំធម្មយាត្រាលើកទី១ ដើម្បីសន្តិភាព និង ការផ្សះផ្សារជាតិ ។ ធម្មយាត្រានេះ ធ្វើឡើងរយៈពេល១ខែ ចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៩២ នៅតាមបណ្តាខេត្តមួយចំនួនភាគខាងជើងនៃប្រទេសកម្ពុជា ។ ធម្មយាត្រានេះទទួលបាននូវការអបអរសាទរយ៉ាងទូលំ ទូលាយពីសំណាក់មហាជនជាតិ និង អន្តរជាតិ ។ តាមពិតធម្មយាត្រានេះមានឧបសគ្គច្រើនអនេក តាំងពីការហាមឃាត់របស់អាជ្ញធរអង្គការសហប្រជាជាតិ , អជ្ញាធរថៃ , ការច្បាំងគ្នារវាងភាគី ភ្នំពេញ និង ភាគីខ្មែរក្រហម , អំពីចំការមីន និង អំពីកង្វះទឹកក្នុងអាកាសធាតុខែប្រាំងក្តៅហែង ។ ល ។ ប៉ុន្តែដោយអំណាចនៃភាពមិនលំអៀង និង ក្នុងបំណងស្វែងរកសន្តិភាពជូនមនុស្សជាតិ និង ការផ្សះផ្សារជាតិពិតៗនោះ ទើបធម្មយាត្រានេះអាចប្រព្រឹត្តទៅដោយជោគជ័យយ៉ាងត្រចះត្រចង់។ក្បួនធម្មយាត្រានេះ បានមកបញ្ចប់នៅមុខព្រះបរមរាជវាំងនាទីក្រុងភ្នំពេញជាមួយនឹងចំនួនមនុស្ស ចូលរួមកាន់តែច្រើនឡើងៗកើនដល់រាប់ពាន់នាក់ ។ ក្បួននេះចប់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៩២ ចំថ្ងៃបុណ្យពិសាខបូជា ។ ឆ្នាំ១៩៩៣ មុនការបោះឆ្នោតលើកដំបូងនៅកម្ពុជា សម្តេចព្រះមហាឃោសនន្ទ បានដឹកនាំ ធម្មយាត្រាលើកទី២ទៅតំបន់ដែលមានការច្បាំងគ្នា ។ ព្រះសង្ឃនិងដូនជីប្រមាណជា៤០០ រូបបាន ចូលរួមធ្វើដំណើរថ្មើជើងលើចំងាយផ្លូវ៣៥០គីឡូម៉ែត្រ ឆ្លងកាត់តំបន់ដែលកំពុងរងការគម្រាមកំហែង ដោយសង្គ្រាម ដែលនៅអមផ្លូវសុទ្ធគ្រាប់មីន និង គ្រាប់មិនទាន់ផ្ទុះនានា ។ តំបន់ទាំងនោះគឺ ខេត្តសៀមរាប កំពង់ធំ និង ខេត្តកំពង់ចាម ឆ្ពោះមកទីក្រុងភ្នំពេញ ។ ព្រឹកថ្ងៃទី៣ ខែឧសភា ១៩៩៣ វត្តដែលក្បួនធម្មយាត្រាលើកទី២នេះចូលឈប់សំចតនោះ បានក្លាយទៅជាសមរភូមិប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និង កងទ័ពរដ្ឋាភិបាលភ្នំពេញ ដែលបានបណ្តាលឱ្យសមាជិកធម្មយាត្រា៣រូបរងរបួស ។ គួរកត់សម្គាល់ថា ពេលកំពុងប្រយុទ្ធគ្នានោះ មានគ្រាប់បែក១គ្រាប់បានត្រូវគេគប់ចូលចំកណ្តាលហ្វូងមនុស្សដែលជាសមាជិកធម្មយាត្រាប្រមាណជា២០០រូបកំពុងអង្គុយ ដែលក្នុងនោះមានទាំងសម្តេចព្រះមហាឃោសនន្ទផង ។ ជាកុសលគ្រាប់បែក នោះមិនបានផ្ទុះឡើយ ។ ធម្មយាត្រាចេះតែបន្ត ទោះជាមានឧបសគ្គ និង ការហាមឃាត់យ៉ាងណាក៏ដោយ ។ ព្រះសង្ឃដូនជីតែងតែប្រោះព្រំដល់ភាគីប្រយុទ្ធជាមួយការឱ្យសាធុការពរថា“សូមឱ្យអ្នកមានសន្តិភាពក្នុងចិត្ត ! សូមឱ្យគ្រួសាររបស់អ្នកមានសន្តិភាព ! សូមឱ្យភូមិស្រុករបស់អ្នកមានសន្តិភាព ! សូមឱ្យ ប្រទេសយើងមានសន្តិភាព ! ”។ ចំពោះសម្តេចព្រះមហាឃោសនន្ទ ការប្រោះព្រំ ពុំមែនជាការប្រោះព្រុំទឹកមន្តអាគមន៍ឡើយ ប៉ុន្តែគឺជានិមិត្តសញ្ញានៃការលាងសំអាតនូវក្តីភ័យខ្លាច និង ឈាមដែលបានប្រលាក់ដិតដាមជាប់នឹង រាងកាយ និង ដួងវិញ្ញាណរបស់ប្រជាជាតិខ្មែរដោយសារសង្គ្រាមរាប់ទសវត្សមកនេះ ។ ធម្មយាត្រាលើកនេះ បានមកបញ្ចប់នៅទីក្រុងភ្នំពេញមុខព្រះបរមរាជវាំងដូចលើកមុនដែរ ហើយក៏មានមនុស្សចូលរួមកើនឡើងដល់ប្រមាណជា៣.០០០នាក់ ដើម្បីសូត្រធម៌បួងសួងសុំសន្តិភាព ។ បន្ទាប់ពីការបោះឆ្នោតបន្តិចមកព្រះអង្គក៏បានដឹកនាំព្រះសង្ឃ និង ដូនជីធ្វើសមាធិ បួងសួង សុំឱ្យរដ្ឋធម្មនៃសភាជាតិ ដែលកើតចេញពីការបោះឆ្នោតបន្ទាប់ពីការប្រឹងប្រែងជំនះនូវរាល់ក្តីលំបាក រាប់មិនអស់នេះត្រូវបានតាក់តែងឡើងប្រកបដោយយុត្តិម៌ និង ដើម្បីបម្រើប្រទេសជាតិ និង រាស្ត្រ ពិតៗ ។ មជ្ឈដ្ឋានជាតិ និង អន្តរជាតិបានទទួលស្គាល់នូវបេសកកម្មរបស់ព្រះអង្គប្រកបដោយការ គោរពខ្ពង់ខ្ពស់បំផុត ។ អង្គការមិនមែនរដ្ឋាភិបាលខ្មែរមួយក្រុមបានបង្កើតសម្ព័ន្ធរួមគ្នាមួយឈ្មោះថា សហព័ន្ធពន្លឺខ្មែរ ហើយបានថ្វាយព្រះរាជឋានៈព្រះអង្គជាព្រះប្រធានកិត្តិយសរបស់ពួកគេ ។ នាទីក្រុងភ្នំពេញ សម្តេចព្រះមហាឃោសនន្ទ គង់នៅវត្តសំពៅមាស ជាទីតាំងក្នុងការចាត់ចែង ធម្មយាត្រា និង កិច្ចានុកិច្ចដើម្បីបុព្វហេតុសន្តិភាព និង ការផ្សះផ្សារជាតិ ។ បន្ទាប់ពីការបោះឆ្នោតរួច ប្រទេសកម្ពុជា នៅតែមិនទាន់ទទួលបាននូវសន្តិភាពពេញលេញ នៅឡើយ ដោយសារភាគីខ្មែរក្រហមនៅតែបន្តប្រយុទ្ធជាមួយរដ្ឋាភិបាលដែលកើតពីការបោះឆ្នោត ។ ឆ្នាំ១៩៩៤ ធម្មយាត្រាលើកទី៣ត្រូវបានធ្វើឡើងនៅភាគខាងជើងនៃប្រទេសកម្ពុជា ជាទីដែល កំពុងរងការហែកហួរដោយការវាយប្រយុទ្ធគ្នា ។ ធម្មយាត្រាលើកនេះ ក៏បានជួបនូវការវាយប្រយុទ្ធ គ្នាដែរ ដែលបានធ្វើគត់ព្រះសង្ឃ និង ដូនជីមួយចំនួន ។ សម្តេចព្រះមហាឃោសនន្ទ បានមាន ព្រះបន្ទូលថា “ នេះហើយ ជាមូលហេតុដែលយើងត្រូវធ្វើធម្មយាត្រា , ដំណើររបស់យើងនៅតែ បន្តទៅមុខជានិច្ច ! ” ។ ការប្រយុទ្ធគ្នាលើកនេះមានសភាពខ្លាំក្លាជាងលើកមុនៗ ដែលធ្វើឱ្យអ្នករួម ដំណើរខ្លះមានការភ័យខ្លាចរហូតដកខ្លួនចេញ ។ ដោយក្តីបារម្ភនឹងសុវត្ថិភាពនៃអ្នកធ្វើធម្មយាត្រានេះ ព្រះករុណា នរោត្តម សីហនុ បានផ្ញើសារថ្វាយសម្តេចព្រះមហាឃោសនន្ទ សុំឱ្យព្រះអង្គលុបចោល នូវគម្រោងធម្មយាត្រានេះ ។ ទោះយ៉ាងណា ធម្មយាត្រាក៏បន្តរហូត ហើយកងទ័ពទាំងឡាយនៅពេល បានជួបនឹងធម្មយាត្រា ពួកគេតែងតែទម្លាក់អាវុធ ថ្វាយបង្គំព្រះសង្ឃ និង សំដែងនូវការនឿយណាយ ធុញទ្រាន់ និង ខ្លាចរអានូវការធ្វើសង្គ្រាម ហើយពួកគេចង់បានសន្តិភាព ។ ធម្មយាត្រាលើកនេះ ក៏ទទួលបានជោគជ័យតាមការគ្រោងទុក ។ បន្ទាប់ពីធម្មយាត្រាបានចប់សព្វគ្រប់ នៅថ្ងៃទី២៧-២៨ ឧសភា ១៩៩៤ ព្រះអង្គបាននិមន្តទៅប្រទេសកូរ៉េខាងជើងដើម្បីពិភាក្សាអំពីសន្តិភាពក្រោមអធិបតីភាពព្រះករុណាមហាក្សត្រខ្មែរ នរោត្តម សីហនុ ។ ព្រះអង្គបានលើកឡើងថា “ សន្តិភាពជាចំណុចមកដល់ និង ចំណុចចាប់ផ្តើម ” នេះជាមូលហេតុដែលយើងត្រូវចាប់ផ្តើមម្តងទៀត គឺមួយជំហានម្តងៗ ហើយយើងមិនងាករេ ចេញ ពីដំណើរនេះទេ ។ ការចរចាតុមូលនៅភ្នំពេញដើម្បីរកសន្តិភាពលើកទី២ នាឆ្នាំ១៩៩៤ ក៏មានវត្តមានរបស់ សម្តេចដែរ ។ ចំណែកការចរចាស្វែងរកសន្តិភាពនៅទីក្រុងកូឡុមបូ ប្រទេសស្រីលង្កា ដើម្បីបញ្ចប់ សង្គ្រាមស៊ីវិល សម្តេចបានដឹកនាំប្រតិភូអន្តរសាសនាទៅចូលរួមផងទៀត ។ ដោយហេតុនេះឯង បានជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក ក្លៃប៊ន ផែល បានស្នើព្រះអង្គជាបេក្ខភាព សម្រាប់ជ្រើសរើសរង្វាន់ណូបែលសន្តិភាពពិភពលោក ។ ថ្ងៃទី៤ ធ្នូ ឆ្នាំដដែលនេះ សម្តេចព្រះមហាឃោសនន្ទ បានយាងទៅបន្ទាយឃុំឃាំង អ៊ូសឆ្វិចស្ស៍ ប្រទេសប៉ូឡូញ ដើម្បីប្រសិទ្ធិពរនូវការចេញដំណើរនៃក្បួនដំណើរអន្តរសាសនា ដើម្បី សន្តិភាព និង ជីវិត ដែលនឹងធ្វើដំណើរជុំវិញពិភពលោក ដើម្បីរំលឹកអំពីសង្គ្រាមលោកលើកទី២ ហើយនឹងត្រូវទៅបញ្ចប់នៅទីក្រុង ណាហ្គាសាគី ប្រទេសជប៉ុន នាថ្ងៃទី៨ សីហា ១៩៩៥ ។ ក្នុងពេលគង់នៅអឺរ៉ុប ព្រះអង្គក៏បានយាងទៅចូលរួមសន្និសីទសន្តិភាពទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញផងដែរ ដែលមានអ្នកដឹកនាំសាសនា៥០រូបចូលរួមពិភាក្សាអំពីកិច្ចបរិច្ចាគរបស់ សាសនាដើម្បីសន្តិភាពពិភពលោក ។ នៅឆ្នាំ១៩៩៤ នេះដែរ លោក អាឡាន ឆានណឺ ផលិតករខ្សែភាពយន្តបានមកដល់ប្រទេស កម្ពុជាដើម្បីផលិតភាពយន្តអំពីសម្តេចព្រះមាហាឃោសនន្ទ និង ព្រះសកម្មភាពរបស់ព្រះអង្គដើម្បី សន្តិភាព ។ ខែឧសភា ឆ្នាំ១៩៩៥ សម្តេចបានដឹកនាំធម្មយាត្រាលើកទី៤ ដែលចាប់ផ្តើមចេញដំណើរពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជាទៅបញ្ចប់នៅខេត្តស្វាយរៀងជាប់ព្រំដែនវៀតណាម ។ ធម្មយាត្រានេះផ្តោតលើការហាមប្រាមការប្រើប្រាស់គ្រាប់មីន និង ទាក់ទាញការយកចិត្តទុកដាក់ មកលើប្រទេសកម្ពុជាដ៏តូចមួយដែលមានគ្រាប់មីនកប់ក្នុងដីដល់ទៅ១០លានគ្រាប់ ។ នៅព្រំដែន

No comments:

Post a Comment