រីឯហ្លួងនរោត្តមទ្រង់បានជ្រាបថា ឧកញ៉ាអរជូនស៊ូទទួលអនិច្ចកម្មហើយ ស្តេចប្រារព្ធទៅកាន់នាម៉ឺនសព្វមុខមន្រ្តី អស់លោកសេនាបតី! អញមិននឹកស្មានថា អាចារ្យលាក់អ្នកចេះសិល្ប ដែលលើកខ្លួនជាពោធិកំបោរល្បីឫទ្ធិមានចិត្តថ្លើមធំពាសមេឃ ដោយហ៊ានបំបះបំបោររាស្រ្ដដេញបារាំងចេញពីស្រុក។ មិនតែប៉ុណ្ណឹងទេឥឡូវនេះវាឡើងចាងដល់ទៅលើកគ្នាបាញ់សម្លាប់អរជូនស៊ូតាមទំនើងចិត្ត។ អំពើក្បត់នឹងព្រះរាជបល្លង្កដូច្នេះ យើងចាំបាច់កំចាត់ចោលជាប្រញាប់ បើពុំនោះសោតទេ បណ្ដោយទុកឲ្យយូរបន្ដិចទៅ ច្បាស់ជារាលដាលវាលគុម្ពកាន់តែធំពិបាកបង្រ្កាបមិនខាន។
មានបន្ទូលតែប៉ុណ្ណេះ ហ្លួងយាងបាទាចុះឡើងដោយទម្លាក់ក្រសែព្រះនេត្រឈ្ងោកកម្រាលរោងជំនុំហាក់ខ្វាយខ្វាល់អំពល់ព្រះទ័យ ព្រោះនឹកភ័យរអើលក្រោយ នឹងសកម្មភាពតស៊ូរបស់ពោធិកំបោរ ដែលប្រយុទ្ធទាមទាររំដោះប្រទេស ចេញពីនឹម ដែកអាណានិគមនិយមបារាំងសែស ។ ឋិតក្នុងបរិយាកាសស្ងប់ស្ងាត់មួយសន្ទុះ ទើបឧកញ៉ាពិភក្ដិទិព្វរាជរស់ឱនកាយថ្វាយយោបល់៖- សូមក្រាបបង្គំទូលព្រះករុណាថ្លៃវិសេស ! ទូលព្រះបង្គំជាខ្ញុំយល់តាមព្រះរាជតម្រិះរបស់ព្រះអង្គទាំងស្រុងដោយឆ្លៀតឱកាសនេះ ដើម្បីសម្ដែងសាជាថ្មីនូវសេចក្ដីស្វាមីភក្ដិចំពោះព្រះរាជបល្លង្ក។
នៅក្នុងចំណោមមន្រ្ដីទាំងអំបាលនោះ គង់មានខ្លះនឹកឃើញផ្លូវត្រូវដែរ។ ឱ! មុខគួរឲ្យស្ដាយក្រោយពន់ពេកណាស់ប្រជារាស្រ្ដខ្មែរ ទូទាំងប្រទេសសុទ្ធសឹងជាពុទ្ធសាសនិកជនប្រកបដោយសន្ដាន ចិត្តស្លូតបូតកសាងកុសលផលបុណ្យ ព្រោះចង់បាន សេចក្ដីសុខចំរើនគ្រប់ៗជាតិ តែអកុសលត្រង់ផ្ញើវាសនារបស់ខ្លួន នឹងរាជបល្លង្កជាខែលបិទបាំង រឿងរ៉ាវពុករលួយ ដែលមុនស្សឈ្មោះថាស្ដេចប្រព្រឹត្តប្រាសចាកគន្លងធម៌។ តើនរណាហ៊ានហាមាត់ទំលាយអាថ៌កំបាំងក្នុងវាំង? មួយថ្ងៃៗ ហ្លួងរវល់តែសោយអាភៀនញៀនអភ័ព្វស្រវាឱបក្រសោបយកទ្រព្យ បានមកពីញើសឈាមរាស្រ្ដសាមញ្ញដើម្បីបំប៉ន ការសប្បាយមានស្រីស្រា និងល្បែងពាលា ដោយគ្មាននឹកនាបញ្ហាទឹកដីបុរីនគរឲ្យដិតដល់សោះ។ ម្ល៉ោះហើយទៅជាលង់ទ្រនេស ដាក់ ប្រទេសក្រោមអាណាព្យាបាលបារាំងសែស រួចអាងនឹងយកលេសថា គេមកជួយការពារយើង។ ឯធាតុពិតវិញ ពុំមែនដូច្នោះទេ មាន ជាតិសាសន៍ដទៃណាស្នេហាស្មោះត្រង់នឹងខ្មែរជាងរូបយើងរាល់គ្នា?។
ខណ:នោះ ហ្លួងទ្រង់ព្រះសម្រួលទើងយ៉ាងសោះកក្រោះ ហើយមានបន្ទួល៖
- ពិភក្តិទិព្វរាជរស់ ឯងស្មោះត្រង់នឹង រាជបល្លង្កអ៊ីចឹងប្រាកដជាមិនអត់ប្រយោជន៍ទេ អញតម្លើងយសសក្តិជាអរជូន ហើយចាត់ឲ្យទៅឈររក្សាខេត្តត្បូងឃ្មុំ តើឯងពេញចិត្តទេ ?។
ឧកញ៉ាពិភក្តិទិព្វរាជរស់ ដែលទើបនឹងបានឡើងបុណ្យអរជូនក្នុងពេលនេះ មានសេចក្ដីសោមនស្សឥតឧបមា។
- ទូលបង្គំជាខ្ញុំ សូមទទួលតាមទ្រង់ព្រះមេត្តាប្រោស!
កាលបើនឹកដើមដល់អាចារ្យលាក់ ស្ដេចប្រែព្រះភក្រ្ដមួយរំពេច ទ្រង់បន្លឺសូរសៀងឡើង
- ចំណែកក្រឡាហោមប៉ានវិញ ចូរឯងលើកទ័ពទៅបង្កា្របអាលាក់ឲ្យរាបទាបកុំបីខាន !
លុះឮព្រះរាជបញ្ជាដូច្នេះហើយ ឧកញ៉ាក្រឡាហោមប៉ាន លើកករកំបង់អញ្ជលីដាក់លើសិរសា
- ព្រះករុណាថ្ងៃវិសេស ! ទូលបង្គំនឹងប្រតិបត្តិតាមព្រះរាជឱង្ការ ដរាបដល់តំណក់ឈាមចុងក្រោយបង្អស់!
មួយស្របក់ក្រោយមក នាម៉ឺនគ្រប់តំណែងការក្រាបថ្វាយបង្គំលាហ្លួង នាំអាត្មាដើរទាត្រុនៗចេញទៅបំពេញករណឹយកិច្ចរៀងៗខ្លួន។ និយាយពីឧកញ៉ាក្រឡាហោមប៉ាន ដែលបរពលសកលយោធាតាមរកច្បាំងនឹង ពោធិកំបោរពេលទៅដល់ខេត្តបាភ្នំ ស្រាប់តែភ្ញាក់ផ្អើលនឹងកងទ័ពមួយចំនួនយ៉ាងធំដែលផ្គុំគ្នាកកកុញដាច់ស្រយាលពីស្រុកភូមិ។
- នាយជើងការពិសេស ប្រញាប់ក្លែងខ្លួនទៅស៊ើបមើល៍ តើពួកពលខាងណាហ្នឹង ?
សូមគោរពតាមបញ្ជា !
ទាហានម្នាក់នោះ លំទោនកាយចេញទៅបាត់ មួយស្របក់ធំទម្រាំតែឃើញ អើតក្បាលត្រឡប់មកវិញ ដោយធ្វើសេចក្ដីរាយការណ៍ប្រាប់ចៅហ្វាយនាយយ៉ាងក្បោះក្បាយ។
- រេហ៍ពលប៉ុន្មានកងនោះមិនមែនសត្រូវនឹងយើងទេការពិតត្រឡប់ជាមិត្តរួមស្លាប់រស់ ដែលដឹកនាំដោយឧកញ៉ាធម្មាតេជោហែន ឧកញ៉ាចក្រីពេជ្រ ឧកញ៉ាជ័យយោធាសង្រ្គាមទុំ។ អស់លោកទាំងនេះ ក៏មានបំណងនឹងកម្ចាត់អាចារ្យលាក់ដែរ!។ គ្រាន់តែកូនចៅក្រោមបង្គាប់ម្នាក់នេះ ពោលចប់ភ្លាមក្រឡាហោមប៉ានបន្ទរសំណើចជាប់រដឹក ហាក់សប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង។ បើដូច្នេះមែនយើងចាំបាច់រួបរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីពង្រឹងជំហរប្រយុទ្ធឲ្យបានមុតមាំរហូតដល់ចាញជ័យ លើអាចារ្យលាក់យ៉ាងងាយលើគោក។ នៅក្នុងចម្បាំង រាំងដល់លើកនេះ មនុស្សក្បាលខ្មៅក្រយៅខូចតាំងខ្លួនជាពោធិកំបោរ មិនអាចជៀសផុតពីស្លាប់ខ្លួនអសារបងទេ។ សេនាទាហានរបស់ឧកញ៉ាក្រឡាហោមបានឮដូច្នេះក៏ទម្រើសខ្លួនឡើងចាងអាងថា៖
- អញមានគ្នីគ្នាច្រើនហើយ ត្រូវតែឈ្នះលើកង កម្លាំងពោធិកំបោរ ដែលសុទ្ធសឹង ជារាស្ដ្រចុងកាត មាត់ញកគ្មានចំណេះវិជ្ជាគុនកាន់អាវុធឲ្យបានដិតដល់។
អាស្រ័យដោយក្ដីរំពឹងឥតសមហេតុផល និងធម៌ប្រមាថដៃគូ ទើបគេនាំគ្នាស្រែកហ៊ោកញ្រ្ជៀវខ្ញៀវខ្ញា ៖
- ជយោកងទ័ពឧកញ៉ាក្រឡាហោម ! ! . . . .
ក្សិណនោះ ក្រឡាហោម ប៉ាននាំក្បួន យោធាទៅជួបជុំនឹង ពួកពលធម្មាតេជោហែនចក្រីពេជ្រជ័យ យោធាសង្រ្គាមទុំ ព្រមទាំងបើកសម័យប្រជុំមួយរវាងមេទ័ពទាំងអស់។ យោលតាមសុភាសិតចែងសេចក្ដីថា នៅផ្ទះម្ដាយទីទៃនៅព្រៃម្ដាយជាមួយ យើងគប្បីសាមគ្គីសាមគ្គានឹងគ្នា ក្នុងវត្ថុបំណងកាច់បំបាក់សត្រូវរួមត្រាតែវាវិនាសបង់ផុតពីទឹកដី។
ឧកញ៉ាទាំងបីញញឹមញញែម ហាក់ពេញចិត្តនឹងយោបល់ក្រឡាហោមណាស់ ចក្រីពេជ្របញ្ចេញវាចាភ្លាម ៖
- ពួកខ្ញុំមិនជំទាស់នឹងការយល់ឃើញរបស់លោកទេ !
ឯជ័យយោធាសង្គ្រាមទុំ គឺមានប្រសាសន៍ចាកបណ្ដោយតាមបក្សពួដែរ ៖
- បើយើងបានបងបាច់គ្នាអីចឹងហើយ អាចារ្យលាក់អ្នកសិល្បះលើកខ្លួនថា ពោធិកំបោរច្បាស់ជាអស់លក្ខណ៍ត្រឹមណេះមិនខាន។
ធម្មាតេជោហែនសើចឡើង ទំនងជាចូលធ្លុងជាមួយគេឯងឥតទាស់។
- កាលណាយើងទទួលជោគជ័យលើសត្រូវធំម្ដងនេះ កេរ្តិ៍ឈ្មោះបោះសម្លេងគ្រប់គ្នា នឹងអណ្ដែតត្រសែតច្រាសខ្យល់ពាសពេញផ្ទៃនគរ តើយើងសប្បាយចិត្តប៉ុនណា ?… ព្រះករុណាជាអម្ចាស់មិនព្រងើយកន្តើយទេ ព្រះអង្គពិតជាចាប់អារម្មណ៍នឹងជ័យជម្នះនេះយ៉ាងខ្លាំង។
ប្រមុខទ័ពទាំងឡាយរីករាយក្នុងក្ដីស្រមៃប៉ុណ្ណោះ តែបានជាកម្លាំងចិត្តបង្រួបបង្រួមយោធិនឲ្យចូលគ្នារួចលើកចេញពីខេត្តបាភ្នំទៅត្បូងឃ្មុំ។ ដល់ខ័ណ្ឌព្រៃស្វាយខេត្តពារាំង ឧកញ៉ាក្រឡាហោមប៉ានពិគ្រោះនឹងមេទ័ពឯទៀត៖
- អស់លោក ! យើងគួរសម្រាកនៅទីនេះសិនឬមួយទៅរកកន្លែងឈប់ខាងមុខវិញ?
សំណួរនេះសមហេតុផលហើយ ឧកញ៉ាធម្មាតេជោហែនរហ័សតប។
- លោកសាកសួរមកដូច្នេះ ត្រូវចិត្តខ្ញុំណាស់ ព្រោះខ្ញុំក៏កំពុងតែចាប់អារម្មណ៍ នឹងទឹកដីភូមិព្រៃស្វាយនេះដែរ ក្រៅពីវិសាលភាពធំទូលំទូលាយ នៅមានដើមឈើច្រើនឲ្យម្លប់ត្រឈឹងត្រឈៃថែមទៀត។
ឆ្លៀតយកឱកាសនោះ ឧកញ៉ាជ័យយោធាសង្រ្គាមទុំបញ្ចេញយោបល់។
- ឥឡូវនេះ យើងបានបរពលមកដល់ទីល្អប្រពៃសមដូចប្រសាសន៍លោកធម្មាតេជោមែន យើងចាំបាច់បោះទ័ពឈប់សិន ដើម្បីប្រុងប្រៀបរៀបរយជើងសឹកឲ្យបានស្រួលបួលពីចម្ងាយ។
ឧកញ៉ាចក្រីពេជ្រលូកមាត់ចូលភ្លាម។
ខ្ញុំទុកដូចជើងក្រោយដោយជើងមុខទៅចុះ ព្រោះអស់លោកសុទ្ធសឹងតែមានយោបល់សមសួន ហើយមិនខ្វែងគំនិតគ្នា។
លុះបានទទួលចម្លើយសព្វគ្រប់ដូច្នេះហើយ ក្រឡាហោមប៉ានកាត់សេចក្ដីឲ្យខ្លី។
- បើអស់លោកយល់ស្របអ៊ីចឹង សូមបញ្ជាពួកពលឲ្យឈប់សម្រាកនៅភូមិព្រៃស្វាយនេះចុះ !។
ទីពហ្លួងបោះជំរំរកេតរកូត មេកោយចាត់ចែងគ្នីគ្នាដើរលុយល្បាតជុំវិញទីស្នាក់អាស្រ័យ បណ្ដោះអាសន្នដោយកិរិយាប្រយ័ត្នប្រយែងណាស់ដែរ។ រាត្រីកាលឈានចូលសន្សឹមៗមកដល់ នៅក្នុងជំរំភូមិព្រៃស្វាយ យោធិនដុតបង្គរភ្នក់ភ្លើង ពាសវាលពាសកាលចោលពន្លឺក្រហមឆ្អិនឆ្អៅ កម្ចាត់នូវអន្ធការដោយអន្លើ។ ពីក្បាលព្រលប់ មានទាហានជាច្រើនស៊ីផឹកលេងសើចសប្បាយ ហាក់ចង់ជម្រុះចោលឲ្យអស់ការនឿយហត់ក្នុងរវាងប៉ុន្មានថ្ងៃនេះ។ ចំណែកអ្នកខ្វះទៀត ដែលមាននាទីយាមល្បាត ដូចជាខំធ្វើការយកចិត្តទុកដាក់ណាស់ព្រោះចៅហ្វាយនាយឋិតនៅអែអុកនឹងមុខមាត់។
យាមមួយកន្លងផុតទៅ រេហ៍ពលទាំងអំបាលម៉ានចូលនិទ្រាជាបន្ដបន្ទាត់គ្នារហូតដល់ស្ងាត់បាត់ ប្រៀបបាននឹងចោរលួចសេះ។ នៅសល់តែស្នូរជើងអ្នកយាមដើរស្រចុះឡើង ចោលភ្នែកក្រឡេកក្រឡាប់មើលឆ្វេងស្ដាំក្រែងមានស្ម័គ្របក្សពួកខាងក្រុមតស៊ូមកយាយី។ ពេលនោះ សេនាបួនប្រាំនាក់ត្រចៀកវៃគ្រាន់បើក្រសែចក្ខុបាញ់ឆ្ពោះទៅរកទិសទាំងបួនហាក់ឮសូរសម្រិបប្លែក ម្នាក់ចាប់ផ្ដើមឧទានឡើងមុនគេ។
- ប្រយ័ត្ន នាំគ្នាជួយស្ដាបមើល៍ឲ្យមែនទែន !
នៅស្ងៀមស្ងាត់មួយសន្ទុះ ស្រាប់តែម្នាក់ទៀតបន្លឺសម្លេងទាំងក្ដីបារម្ភ៖
- ច្បាស់ជាមានហេតុការណ៍មិនស្រួលកើតឡើងហើយ។
ពោលផុតពីមាត់សឹងមិនទាន់ ស្នូរគ្រាប់កាំភ្លើងអាថ៌កំបាំងបាញ់ទៅលើមេឃបីណាក់ផ្ទួនគ្នាយកជ័យ សម្រែកហ៊ោកញ្រ្ជៀកគម្រាមស្មារតីផ្ទុះឡើង។
- ជយោពោធិកំបោរ ! !
- បរាជ័យទ័ពហ្លួង . . .
ពិតមែនតែឋិតក្នុងការឡោមទ័ពរបស់កងកម្លាំងពោធិកំបោរដូច្នេះក៏ដោយ ក៏យោធាទាំងប៉ុន្មានពុំសូវតក់ស្លុតដែរ ព្រោះអាងមានគ្គីគ្នាច្រើនលើសលប់ ប្រដាប់ដោយអាវុធយុទ្ធភ័ណ្ឌបរិបូណ៌។ កាលបើពេលអាសន្នអន់ក្រមកដល់ដូច្នេះ មេទ័ពធំបីបួននាក់ស្ទុះស្ទាបញ្ជាពួកពលអឹងកង ។
- ចាប់អាវុធគ្រប់ដៃឡើង ! ប្រុងខ្លួនតស៊ូភ្លាម
- កុំធ្វេសប្រហែសឲ្យសោះ យើងមុខជានឹងបានឈ្នះហើយ!
ឯខាងកងទ័ពប្រជារាស្រ្ដវិញ អាចារ្យលាក់អ្នកបានសិល្បពេញខ្លួនគ្រវីភ្លើងគល់ឲ្យសញ្ញាដល់មេកោយឯទៀតៗ បរពលសម្រុកចូលលុកយ៉ាងក្លៀវក្លា ហាក់គ្មានខ្លាចរអានឹងសេចក្ដីស្លាប់សោះ ដើម្បីចាតិរស់ជាអង្វែងតទៅ។ ភ្លេងអាវុធប្រគំប្រកួតបង្អួតផ្លែដែក វែកសរសៃខ្យល់រណ្ដំមុខគ្នាប្រេវប្រាវ ប្រៀបឧបមេយ្យទៅនឹងលាជផ្ទុះលើអំបែងក្ដៅ។ សម្រែកសប្បដិភ័យ លាយឡំជាមួយរលកសម្លេងលាចរកពិភពលោកលាន់ឮទ្រហឹង សឹងរកស្ដាប់ទិសតំបន់អ្វីពុំបានឡើយ។ ជាលទ្ធផលឆ្លើយតបនឹងសង្រ្គាមបង្ហូរឈាម គឺក្ដីវិនាសក្សីណក្ស័យគ្មានថ្ងៃវិលត្រឡប់មកវិញ។
- អូ៎យ . . . .លោកអើយជួយផង . . .
- អ្ហាក ! អញសុំចងពៀរនឹងឯងប្រាំរយជាតិ ! . .
នរណាគេចមិនទាន់ ព្រោះភ័ន្ដក្បាច់ភាំងស្មារតីសល់តែសម្ដីពីរបីម៉ាត់នេះប៉ុណ្ណោះ ក៏ដល់នូវក្ដីមរណ:រដូករណែល ត្រាសាកសពក្នុងថ្លុកលោហិតពណ៌ក្រហមក្រមៅគួរឲ្យព្រឺក្បាល។ សកម្មភាពប្រយុទ្ធចេះតែបន្ដទៅមុខជាដរាប ប្រកបដោយល្បិចកិច្ចកលស៊ីសាច់ហុតឈាមគ្នាខ្លាំងក្លាឡើងម្នាក់ៗ ហាក់ក្រពុលមុខសម្បើមណាស់ គេប្រើផ្លែដាវលំពែងចាក់សម្លាប់កាប់សម្លេះរបេះអាយុជីវិតឲ្យរពុយ គឺគិតយ៉ាងណាយកតែខាងឈ្មះដៃរៀងៗខ្លួន។ អាចារ្យលាក់នឹកប្រយោគដល់ជីវិតិន្រ្ទីយ៍មនុស្សជាតិដូចគ្នា កាត់គុនដាវវែកផ្លូវសំដៅទៅចរចានឹងឧកញ៉ាក្រឡាហោមប៉ាន ដោយទឹកចិត្តអង់អាចក្លាហានពន់ពេក។
- ក្រឡាហោម ! បើអាណិតអាសូរជីវិតរេហ៍ពល មិនចង់ឲ្យស្លាប់អសារបង់តទៅទៀតលោកបញ្ជាទ័ពចេញចុះក្រែងនៅរស់រានបានច្រើន។ ផ្ទុយទៅវិញ កាលណាលោករឹងទទឹងនឹងពាក្យនេះ កុំប្រកាន់ថា ស្ម័គ្របក្សពួកយើងកាចសាហាវមិនយល់មុខជាតិសាសន៍ឯង . . .។
ឧកញ៉ាក្រឡាហោម សើចចំអកកាត់ប្រយោគពោធិកំបោរបែបគ្រាន់បើ ព្រមជាមួយសម្ដីទ្រគោះបោះបោកដូចចោលដឹងទាំងដង។
- ហ៊ឹះ! អាលាក់. . .មុខគួរឲ្យអស់សំណើចណាស់ ដែលឯងលើកខ្លួនជាពោធិកំបោរ អ្នកមានឫទ្ធិចេស្ដាគ្មាននរណាបង្រ្កាបបាន! នៅគ្រាជួបគ្នាលើកដំបូងនេះ ទើបអញដឹងថា ឯងជាមនុស្សអួតអាងវ៉ាងទី រហូតដល់ទៅហ៊ានចេញ សម្ដីឲ្យអញដកទ័ពថយងាយៗ លើគោកមិនចេះខ្មាសមាត់ខ្លួនឯងសោះ។ អញចង់ដឹងណាស់ថាអាលាក់ឯងពូកែប៉ុនណាទៅ ?។
- យើងមិនកំណាញ់នឹងបញ្ចេញថ្វីដៃទេ ! សូមអញ្ជើញហក់ចូលលមើល៍តាមចិត្តចុះ !
- ហា៎ ! ហា៎ ! . . .អញត្រូវតែសម្លាប់ឯងយកល្បីឈ្មោះ នៅឯណាមិនស្គាល់ឧកញ៉ាក្រឡាហោមប៉ាន ?
ទន្ទឹមនឹងកន្ទុយពាក្យតម្កល់តម្កើងខ្លួនឯង កំពស់កប់ពពក ក្រឡាហោមហក់កាប់ក្បាល គូបដិបក្ដអស់ទំហឹង ពោធិកំបោរស្ទុះវឹងលើកដាវឡើងរងឮ សូរឆាំង ! វិស័យរន្ទះខែប្រាំងគម្រាមេឃ អាវុធទាំងពីរប្រឡូកគ្នារស់រវើកចោលស្នូរស្ទើរពុំដាច់រយ: កន្រ្ដាក់ស្មារតីអ្នកលេងល្បែងភ្នាល់ដាក់ជីវិតមួយគូនេះ ឲ្យប្រុងប្រយ័ត្នខ្លួនសែនទ្វី ព្រោះបើធ្វេសប្រហែសតែបន្តិច ប្រាកដជាទទួលគ្រោះថ្នាក់មិនលែង។ ម្នាក់ៗសុទ្ធសឹងមានវិជ្ជាគុនស្ដុកស្ដម្ភដូចគ្នា ម្ល៉ោះហើយពិបាកនឹងដណ្ដើមយកជោគជ័យណាស់ ឯមេទ័ពបីនាក់ទៀតយល់ថា ឱកាសល្អកម្ររកបានហុចឲ្យហើយ ក៏តាំងម្នីម្នាដោះដៃដើម្បីទៅជួយជាកម្លាំងដល់ឧកញ៉ាក្រឡាហោមប៉ាន ដោយមានបំណងព្រួតគ្នាផ្ដួលអាចារ្យលាក់តែម្ដង។ ធម្មាតេជោហែន ហក់បោះពួយដល់ទីដៅមុនគេ គាត់មិនភ្លេចនឹងងាកមកស្រែកប្រាប់មិត្តភក្ដិទេ។
- ប្រញាប់ឡើងអស់លោក តែយើងព័ទ្ធជាប់ហើយសត្រូវច្បាស់ជាទាល់ច្រកមិនខាន !
ជាបន្ទាន់នោះ ប្រមុខទ័ពពីរនាក់ទៀត ប្រាកដកាយក្នុងលានបង្ហូរឈាមក្បែរខ្លួនធម្មាតេជោមួយរំពេច។ ឧកញ៉ាជ័យយោធាសង្រ្គាមទុំផ្ដុំប្រយោគ ទ្រង់មានសង្ឃឹមទុកក្នុងពោះជាស្រេច។ ម្ដងនេះ អាចារ្យលាក់អ្នកសិល្បប្រទូស្ដនឹងព្រះរាជបល្លង្ក ទោះបីចេះជិះស្បូវកណ្ដបហោះ ក៏គេចទៅណាមិនរួចមួយជំហានដែរ!។ ឧកញ៉ាចក្រីពេជ្រលេចមុខមក ដោយពាំនាំយកសម្ដីក្ដៅ ដូចជាមានគំនុំគុំគួនពីអង្កាល់ក៏មិនដឹង។
- ពោធិកំបោរ! ស្ម័គ្របក្សពួករបស់ឯងបានកាប់សម្លាប់កូនចៅយើងស្លាប់អស់មួយគំនរហើយ បំណុលឈាមនោះត្រូវតែជម្រះគ្នាឲ្យជ្រះស្រឡះជាដាច់ខាត!។
ឥតបង្អង់ ប្រមុខយោធាទាំងបីពួក ដៃជួយរ៉ាប់រងឧកញ៉ាក្រឡាហោមប៉ានតទប់នឹងគ្រូពៅលាក់ឈ្មោះហៅពោធិកំបោរយ៉ាងសកម្ម។ អាវុធខ្លាំងប៉ះទង្គិចគ្នាបែកផ្កាភ្លើងព្រាត ក្នុងស្នៀតវាយប្រហារសាហាវលើសលែង ជាភ្លេងដាវកម្រនឹងរកបានក្រោមមេឃលើដីនេះ។ ចម្បាំងជាប់តាំងពីយប់ទល់ភ្លឺ តើនរណានឹកស្មានបាន ជានៅថ្ងៃអង្គារ ៥កើត ខែអាសាធ ឆ្នាំខាលអដ្ឋស័កនេះកង ទ័ពប្រជារាស្រ្ដយើងឡោមព័ទ្ធ ឧកញ៉ាក្រឡាហោមប៉ានជាប់រួចលុកសម្លាប់គាត់កណ្ដាលទីប្រយុទ្ធមួយរំពេច ។ កាលបើបាត់បង់ជីវិតមេទ័ពធំដែលជាទីទំនុកទុកចិត្តរបស់ខ្លួនហើយ សេនាទាហាន ទាំងឡាយធ្លាក់ក្នុងក្ដីអស់សង្ឃឹម ក៏នាំគ្នារត់ខ្ចាត់ខ្ចាយឲ្យតែរួចរស់ជីវិត។ រីឯឧកញ៉ាធម្មាតេជោហែន ឧកញ៉ាចក្រីពេជ្រ ឧកញ៉ាជ័យយោធាសង្រ្គាទុំត្រូវចាប់បានជាឈ្លើស។ ពួកពលយើងស្នើនឹងពោធិកំបោរថា៖
- ចំពោះមនុស្សទោសទាំងបីនាក់នេះ តើលោកអាចារ្យគិតយ៉ាងណាដែរ ?
ដោយមានសន្ដានចិត្តសន្ដោស ប្រោសប្រាណជាតិខ្មែរដូចគ្នា អាចារ្យលាក់ឆ្លើយថា ៖
- កុំធ្វើបាប កម្មអីគេ គ្រាន់តែយកទៅឃុំទុកមួយកន្លែងសិនបានហើយ !
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
No comments:
Post a Comment