Friday, October 05, 2012

បុរាណភាសិត

បុរាណភាសិត

និយាយអំពីក្រ៥យ៉ាង

ក្រកិច្ច, ក្រកល, ក្រដឹង, ក្រយល់, ក្រវៃច្នៃទាស់

ក្រទាំង៥យ៉ាងនេះមានអត្ថន័យថា៖

១- ក្រកិច្ច គឺការអ្វីៗដែលគេត្រូវធ្វើហៅថាកិច្ចៗនេះក្រពុំមែនងាយទេ;
២- ក្រកល គឺឧបាយកម្ចាយហេតុការណ៍ណាមួយហៅថា កលៗនេះក៏ក្រ;
៣- ក្រដឹង គឺការដឹងរឿងហេតុអ្វីៗក៏ក្រ ព្រោះពុំងាយបានដឹងជាប្រាកដទេ ច្រើនតែដឹងលំៗស្រោលៗ;
៤- ក្រយល់ ការយល់នេះក៏ក្រ ព្រោះច្រើនតែបានដឹង ប៉ុន្តែពុំយល់ ដូចគេសួរថា អ្នកឯងបានដឹងរឿងហ្នឹងទេ? -ឆ្លើយថា ដឹង, ចុះយល់ទេ តើរឿងហ្នឹងយ៉ាងម៉េច? -ខ្ញុំពុំយល់ទេ;
៥- ក្រវៃច្នៃទាស់ ការទទឹងទាស់ ឲ្យគេទាស់គាំងភ្លាម ត្រូវតាមការពិត ឬត្រូវត្រង់តាមផ្លូវច្បាប់ ញ៉ាំងគេឲ្យសួរសាប ឬតវ៉ាថាម៉េចទៅទៀតពុំកើត ហៅថាវៃច្នៃទាស់ៗ នេះក៏ក្រណាស់ ជាងក្រទាំង៤ខាងលើទៅទៀត។

ដោយហេតុនេះ បានជាបុរាណភាសិតថា ក្រ។

ពាក្យកាព្យឲ្យងាយចាំ
បទកាកគតិ

ក្រកិច្ច ក្រកល ក្រដឹង ក្រយល់ ក្រវៃច្នៃទាស់ ទាំងប្រាំនេះសុទ្ធ តែក្រទាំងអស់ ប្រាជ្ញាស្រួចស្រស់ ទើបក្រឃ្លាតបាន។ ខ្វះការអប់រំ រមែងច្រឡំ ខ្លះៗពុំខាន បើលុះតែខំ អប់រំឲ្យមាន ការថ្នឹកទើបបាន រួចផុតចាកក្រ។ កុំយល់ថាងាយ ទោះការសម្ពាយ សុទ្ធតែកម្រ លុះតែបានរៀន បានស្ដាប់តៗ ទើបបានការក្រ ក្លាយជាងាយខ្លះ។ ទោះកិច្ចតូចទេ ខ្វះការរិះរេ ធ្វើនៅតែងខ្វះ ទោះធ្វើទៅកើត ក៏មិនស្អាតជ្រះ ព្រោះពាក្យថាខ្វះ ផ្ទុយនឹងគ្រប់គ្រាន់។

ចំណែកខាងកល ឧបាយក្រយល់ ក៏ច្រើនតែភ័ន្ត ជួនកាលគំនិត វង្វេងវង្វាន់ ជួនកាលស្លោស្លន់ យល់ខុសទទេ។ បើប្រើតាមកល ដែលគិតពុំយល់ ខ្វះការរិះរេ ចេះតែស្មានៗ បំពានធ្វេសទ្វេ ឬតាមតែគេ នាំខុសជាត្រូវ។

រីឯការដឹង បើគ្មានដំណឹង ក៏ឥតមានផ្លូវ- ណាប្រាប់ឲ្យដឹង មិងមាំងស្រខូវ ការខុសឬត្រូវ ក៏ឥតបានដឹង។ ការដឹងក៏ក្រ បើគ្មានតំណ តជាដំណឹង ឥតមានគំនិត ងងឹតសូន្យឈឹង ហេតុនោះការដឹង ក៏ឈ្មោះថាក្រ។

ចំណែកខាងយល់ ជាការអំពល់ មួយដ៏កម្រ បើគ្រាន់តែដឹង ដោយឮតៗ ប៉ុន្តែខ្លួនស ប្រាប់ថាពុំយល់ ដូចគេសួរថា តើអ្នករាល់គ្នា យល់ឬពុំយល់ រឿងដែលខ្លួនដឹង ដំណឹងសល់វ៉ល់ ខ្លួនថាពុំយល់ ខ្ញុំគ្រាន់តែដឹង។ ហេតុនេះការយល់ លុះតែអំពល់ ពិតពេញទំហឹង បើឥតគំនិត រិះរេជញ្ជឹង ក៏គ្រាន់តែដឹង កម្របានយល់។

រីវៃច្នៃទាស់ ក្រជាងទាំងអស់ ព្រោះច្រើនលើសកល់ នៅគាំងជ្រងោ ដោយគិតមិនដល់ ក៏នៅស្រងល់ ដោះស្រាយពុំរួច, នៅពេលជំនុំ ឬគេមកជុំ គេតាំងផ្ដើមផ្ដួច គេសួរបញ្ហា ណាមួយក្របួច ឯងឆ្លើយពុំរួច នៅធ្មឹងតែម្ដង។ បើមានប្រាជ្ញា រហ័សក្លៀវក្លា គំនិតហ្មត់ហ្មង ឆ្លើយបានភ្លាមភ្លែត ត្រដែតកន្លង អ្នកសួរឥតសង សួរសបវិញទៀត។ ហេតុនោះបានថា ចាស់លោកពោលជា ការណ៍នេះចង្អៀត កម្រមានអ្នក ឈ្លាសវៃឆ្លាតឆ្លៀត គេសួរថែមទៀត ពុំអាចឆ្លើយឆ្លង។ បើរឿងនោះធំ អាចនឹងរលំ ខូចការតែម្ដង ហេតុនោះបានជា ព្រឹទ្ធាចារ្យផង អ្នកចេះហ្មត់ហ្មង ពោលទុកថាក្រ។ ក្រវៃច្នៃទាស់ លើសក្រទាំងអស់ ហៅពេញថាក្រ លុះតែរៀនគិត ឲ្យបានល្អិតល្អ នោះទើបក្ដីក្រ នេះឃ្លាតចេញឆ្ងាយ៕៚

ថ្ងៃពុធ ទី២៤ កក្កដា ព.ស.២៥១២ គ.ស.១៩៦៨.

សម្ដេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.
អានសៀវភៅធម៌


ភាគទី ១

ភាគទី ២
បិដកសៀវភៅធម៌បិដកសៀវភៅធម៌បិដកសៀវភៅធម៌បិដកសៀវភៅធម៌បិដកសៀវភៅធម៌

អានព្រះត្រៃបិដក មួយចប់ 110​ ក្បាល

Picture of a search engine ready website

ព្រះត្រ័យបិដក


ព្រះត្រ័យបិដក Online

ព្រះត្រ័យបិដក Online

បិដក

1 comment: