ពេលក្រោយអ្នកនឹងបានអានកំណាព្យ ដែលជាស្នាដៃអ្នកដែលគ្មានបទពិសោធន៍ក្នុងការតែងកំណាព្យលោកអ្នកជឿដែរឬទេ ។ ដូច្នេះលោកអ្នកក៏អាច ផ្ញើ កំណាព្យផ្ទាល់ខ្លួនរបស់អ្នកមកចូលរួមបានដែរ (ប្រើពុម្ពអក្សខ្មែរយូនីកូដ) តាមរយៈ អ៊ីមែល csb_sambath@yahoo.com ។
សូមថ្លែងអំណគុណទុកជាមុន ចំពោះការចូលរួមរបស់លោកអ្នក
អ្នកថា និងអ្នកធ្វើ
អ្នកថាចាំថាមិនអស់ពាក្យ ក្រឡេកបែរងាកទាស់ទាំងអស់ អ្នកធ្វើស្រវាគ្រប់ចន្លោះ ស្ងាត់ៗធ្វើអស់ត្រូវមាត់ទៀត។ អ្នកថាប្រសព្វមានទ្រឹស្តី មិនដែលខុសអីចំពោះញាតិ ឃើញតែប៉ោចៗមិនសល់ស្នៀត ចិត្តវិញចង្អៀតទាស់មិនឈប់។ អ្នកធ្វើបែកញើសហូររហាម ងាកឆ្វេងបែរស្តាំបម្រើសព្វ ដាក់នេះខុសនោះសឹងនឹងឡប់ ត្រូវមាត់គេជាប់មិនលោះពេល។ អ្នកថាឈរថាច្រត់ចង្កេះ ការពិតមិនខ្មេះស្តីច្រំដែល ឧស្សាហ៍តែមាត់ដៃមិនដែល ស្រវាក្រវែលកិច្ចការអ្វី។ ថ្វីបើត្រូវមាត់ត្បិតខំធ្វើ ក៏គង់ប្រសើរជាងទ្រឹស្តី ព្រោះនាំប្រយោជន៍ជូនផែនដី មិនស្តីប៉ោចៗប្រយោជន៍សូន្យ។
ផ្កាយ និងព្រះចន្ទ្រ | ||
១ | ផ្កាយរះសែនខ្ពស់ឆ្ងាយហួសដី | រះមួយរាត្រីអួតលោកា |
បញ្ចេញពន្លឺព្រិចៗថ្លា | មិនយល់ទុក្ខាសត្វរស់រាន ។ | |
២ | ហ្វូងផ្កាយច្រើនមូមីដេរដាស | ត្រចង់ត្រចះលើវិមាន |
មហាមេឃាជាជើងពាន | គាំទ្រឲ្យមានពន្លឺផ្កាយ ។ | |
៣ | ផ្កាយរះត្រឹមបង្អួតលោកា | មិនដូចចន្ទ្រថ្លាស្ម័គ្រចិត្តកាយ |
បំភ្លឺសព្វសត្វឲ្យសប្បាយ | តែគួរឲ្យស្ដាយមេឃលេបបាត់ ៕ |
ស្រណោះគ្រាដើម
(បទពាក្យ ៧)
១. ដើមឡើយធម្មជាតិស្រស់ត្រកាល វិសេសវិសាលត្រជាក់ចិត្ត
រុក្ខជាតិបៃតងក្រាលប្រណីត សោភ័ណដាមដិតស្អិតនេត្រា ។
២. វាលស្រែដើមស្រូវគួរគយគន់ បក់ស្លឹកទោទន់រីកស្រស់ថ្លា
ត្នោតឈរអួតរាងយ៉ាងសង្ហា ខ្ពស់ទាបត្រៀបត្រាតាមភ្លឺស្រែ ។
៣. ដើមឈើតូចធំច្រើនក្រាស់ក្រៃ ញឹកដូចម្រាមដៃដុះហូហែ
មានច្បាប់ក្រឹត្យក្រមដោតដាំថែ បរទេសផងដែរជញ្ចក់មាត់ ។
៤. អនិច្ចាឥឡូវសែនស្រណោះ អ្វីៗទាំងអស់មិនប្រាកដ
ទឹកដីប្រែប្រួលជ្រួលបែនបត់ ធ្លាក់ខ្លួនកំសត់សោះកក្រោះ ។
៥. ព្រៃឈើរលាយបាត់សំណើម ដែលធ្លាប់ជួយផ្ដើមជីវិតរស់
ត្នោតកេរ្ដិ៍ដូនតាក៏រលស់ ចិត្តនឹកស្រណោះគ្រាកន្លង ៕
ម្ចាស់ជីវិត
កថាដើម
១. គោក្របីសេះសត្វបម្រើ ជីវិតសុំផ្ញើលើដៃមនុស្ស
ផ្លូវភក់ផ្លូវគោកប្រឹងទម្លុះ គោក្របីពុះពារដល់ត្រើយ ។
២. កម្លាំងសិងប្រៀបម៉ាស៊ីនបាន ជួយម្ចាស់ថ្កើងថ្កានបានល្ហែល្ហើយ
បានស្មៅមួយកងស៊ីឲ្យស្បើយ មានកម្លាំងហើយព្រោះផ្ទៃឆ្អែត ។
បានស្មៅមួយកងស៊ីឲ្យស្បើយ មានកម្លាំងហើយព្រោះផ្ទៃឆ្អែត ។
៣. ស្រេកទឹកមិនដឹងប្រាប់ដូចម្ដេច ស្រេកខ្លាំងឬតិចត្រូវដឹងហេតុ
មិនចេះហាស្ដីឈើញក្រឡែត ឆ្អែតឬមិនឆ្អែតមិនហ៊ានទារ ។
៤. ទោះមនុស្សឬសត្វតែងចង់រស់ ហូបឆ្អែតមួយពោះព្រោះសង្ខារ
ពេលមានកម្លាំងមិនទៅណា ប្រើតាមប្រាថ្នាចិត្តលោកម្ចាស់ ៕
ដកស្រង់ចេញពីសៀវភៅ “សមូហកម្មអក្សរសិល្ប៍ នូ ហាច” !
បញ្ញើក្អែក
បទកាកគតិ
- ដើមបញ្ញើក្អែក រស់នៅពឹងផ្អែក
ផ្ញើប្រាណលើគេ យប់ថ្ងៃភ្លៀងខ្យល់
ត្រជាក់ក្ដៅទ្វេ លន់តួរបំពេរ
សុំរស់សង្ខារ ។ - ឱ!បញ្ញើរក្អែក ពេលផ្ដាច់បំបែក
ពីដើមរុក្ខា ពំអាចរស់នៅ
ដោយពឹងហត្ថា ក្សីណក្ស័យជីវ៉ា
ចោលលោកនេះទៅ ។
ដៃពីរ
ដៃពីរសំខាន់ចំពោះមនុស្ស | ដៃប្រើសាងឈ្មោះរស់ថ្កុំថ្កើង |
ដៃឆ្ការដីដាំដំណាំទ្រើង | ដៃធ្វើការឡើងនាំទ្រព្យធន។ |
ដៃប្រើសរសេរសាងតម្រេះ | ស្រង់ស្រាវឯកទេសមិនឱ្យស៌ុន |
ដៃមិននៅស្ងៀមដេកទំរន់ | មិនលើកបែបន់ចាំព្រះជួយ។ |
ដៃល្អធ្វើការមិនរួញរា | ដៃកាន់មុខងារជាជំនួយ |
មិនផ្គុំតាមផ្លូវសុំគេជួយ | ដៃមិនរំអួយលើកសុំទាន។ |
ដៃមានកិត្តិយសរស់នឹងធ្វើ | ការងារប្រសើរជួយរស់រាន |
ដៃមិនលួចលុយទ្រព្យធនធាន | នាំញាតិរំខានក្នុងជីវិត។ |
សិនអើយបើដៃមានប្រយោជន៍ | ញាតិផងពិតសើចដៃសុក្រិត |
ដៃនាំកិត្តិយសឈ្មោះអម្រិត | កោសល្យវិចិត្រស្នាដៃមាស។ |
ប្រហិត
គេកោសសាច់ត្រីហាន់ចិញ្ច្រាំ | ក្រឡុកបុកជ្រំអស់ពីចិត្ត |
រួចថែមគ្រឿងលាយកើតប្រហិត | អាហារវិចិត្រល្បីកាត់ស្រុក។ |
ជួនគេយកអាំងជួនក៏ស្ងោរ | ជួនយកទៅស្លលាយប្រហុក |
ចៀនទ្រាប់បន្លែនំបញ្ចុក | ទឹកត្រីអែអុកឆ្ងាញ់អស់ដៃ។ |
មិនខុសឡើយពាក្យផន់ម៉ែឪ | លោកស្តីប្រដៅជ្រំសំដី |
ពាក្យខ្ពស់ពាក្យទាបកៀបយប់ថ្ងៃ | កៃឆ្នៃចង់អោយកូនវិចិត្រ។ |
ម៉ែឪតែងប្រៀនដាស់តឿនជ្រំ | ថែមគ្រឿងផ្សែផ្សំដូចប្រហិត |
នោះព្រោះប្រាថ្នាឃើញជីវិត | កូនថ្កើងប្រណិតល្អមាំមួន។ |
ច្នេះកុំខឹងលោកពេលថែមគ្រឿង | ជ្រំដាស់រូបយើងអស់ទាំងក្បួន |
ព្រោះបំណងល្អចំពោះកូន | យើងត្រូវត្រៀមខ្លួនរៀនទទួល។ |
ទឹកមាត់ផ្អែម
ទឹកមាត់ចាស់ៗប្រៃមានប្ញទ្ធិ | វិភាគការពិតប្រាប់កូនចៅ |
ចៃដន្យកូនស្តាប់យូរៗទៅ | ទឹកមាត់ប្រដៅក្លាយល្វីងចត់។ |
ក្មេងយើងសព្វថ្ងៃខុសបុរាណ | ប្ញកកោងក្លាហានលើសកំណត់ |
មិនខ្លាចដំបងត្មោងរំពាត់ | ពេលម៉ែឪវាត់ តដៃវិញ។ |
ច្នេះយើងត្រូវផ្លាស់ទឹកមាត់ប្រៃ | ប្តូរទឹកមាត់ថ្មីផ្អែមពោរពេញ |
ណែនាំរូបកូនពិរោះមិញ | អោយកូនទន្ទេញសុទិដ្ឋិ។ |
ប្រៀនដោយពាក្យផ្អែមល្អស្រទន់ | កុំធ្លោយស៌យស៌ុនមានអារិ |
ក្រែងកូនមានះកើតអាស្មិ | ផ្គើនប្ញកចចេសធ្វេសស្តាប់យើង។ |
ពាក្យផ្អែមត្រជាក់លាក់ប្ញទ្ធី | នាំកូនសំភីភាពថ្កុំថ្កើង |
តក់ៗកូនស្តាប់មិនរើសអើង | យូរគង់ថ្កុំថ្កើងសំរេចផល។ |
ដូងមួយធ្លាយ
ផ្លែដូងមួយធ្លាយច្រុះលើដើម | មានចំនួនច្រើនយ៉ាកនឹងរាប់ |
មានតក់មាននាឡិមានគួរគាប់ | មួយធ្លាយជ្រុះជាប់តាមវាសនា។ |
ដូចជាពលរដ្ឋក្នុងនគរ | មានខូចមានល្អគរខេមរា |
កូនខ្លះបំផ្លាញ ខ្លះរក្សា | ខ្លះទៀតប្រាជ្ញា ខ្លះក៏ល្ងង់។ |
ចៃដន្យដូងស្អុយមានតិចតួច | ដទៃមិនខូច មិនគម្រង់ |
មួយធ្លាយខូចមួយមិនលិចលង់ | ដូងល្អជួយយោងផលចំការ។ |
មិនខុសពលរដ្ឋក្នុងនគរ | ភាគច្រើនពលល្អថែខេមរា |
ថ្វីបើបុត្រខ្លះចិត្តទោសា | គង់ជាតិភ្លឺថ្លាព្រោះបុត្រល្អ។ |
ឃើញស្អុយមួយផ្លែកុំអាលទ្រាន់ | នៅផ្លែរយពាន់ផលបវរ |
បុត្រមួយខួរស្អុយ ច្រើនទៀតល្អ | គង់នាំនគរឆ្ពោះជ័យអើយ ។ |
No comments:
Post a Comment