៣-លំហាត់ពោពាក្យផ្ទួនៗ
លំហាត់ពោលពាក្យផ្ទួនៗជាវិធីសាស្ត្រ សមាធិបែបបុរាណមួយបែបក្នុងចំណោមវិធីសាស្ត្រសមាធិផ្សេងៗទៀត ដែលអាចបង្កើតឲ្យមានភាពសុខសាន្តផ្នែកអារម្មណ៍រួមនឹងការកាត់ បន្ថយការតានតឹងចិត្តបានយ៉ាងល្អ។ អ្នកធ្វើលំហាត់សមាធិដោយពោលពាក្យផ្ទួនៗនេះ ត្រូវសម្រួលឥរិយាបទឲ្យបានធូរស្រួលតាមតែចិត្តដែលយើងចង់ធ្វើ បន្ទាប់មកក៏ព្យាយាមបំភ្លេចចោលនូវរឿងរ៉ាវអវិជ្ជមានទាំងឡាយ ហើយចាប់ផ្តើមបិទភ្នែកសមាធិដោយពោលក្នុងអារម្មណ៍ ឬពោលខ្សឹបៗនូវពាក្យដដែលៗ ឧទាហរណ៍ដូចជាពោលពាក្យថា “ពុទ្ធោ” ជាដើម ឬក៏គាថាខ្លីៗណាមួយនៃព្រះធម៌របស់ព្រះពុទ្ធដែលយើងចេះក៏បាន ដូចជា៖
-ចិត្តំ ទន្តំ សុខាវហំ (មានន័យថា ចិត្តដែលគេទូន្មានបានហើយ នាំមកនូវសេចក្តីសុខ។)
-ចិត្តំ គុត្តំ សុខាវហំ (មានន័យថា ចិត្តដែលគេគ្រប់គ្រងបានហើយ នាំមកនូវសេចក្តីសុខ។)
-ន ហិ សាធុ កោធោ (មានន័យថា សេចក្តីក្រោធ មិនល្អសោះឡើយ។)
-អនត្ថជននោ កោធោ (មានន័យថា សេចក្តីក្រោធ បង្កនូវសេចក្តីវិនាស។)
-នត្ថិ សន្តិ បរំ សុខំ (មានន័យថា មិនមានសេចក្តីសុខណា ក្រៅពីសេចក្តីស្ងប់ឡើយ។)
ការពោលពាក្យផ្ទួនៗដដែលៗនេះ គឺអាចអនុវត្តទៅតាមចង្វាក់នៃខ្យល់ដកដង្ហើមចេញ និងចូល ដោយពោលពាក្យ “ពុទ្ធ” នៅពេលដកដង្ហើមចូល និងពាក្យ “ទ្ធោ” នៅពេលដកដង្ហើមចេញ។ លំហាត់ពោលពាក្យផ្ទួនៗនេះ ក៏អាចអនុវត្តផងដែរតាមរយៈការទន្ទេញក្នុងអារម្មណ៍(ភាវនា) នូវពាក្យដដែលៗ ឬគាថាខ្លីណាមួយដែលជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជា បរមគ្រូដែលយើងចេះតាមរយៈឧទាហរណ៍ដូចបានលើកឡើងខាងដើម។ ការផ្ទង់អារម្មណ៍ពោលពាក្យដដែលៗនេះ អាចអនុវត្តក្នុងរយៈពេលប្រមាណជា១០នាទី ឬលើសពីនេះតាមតែលទ្ធភាពដែលអាចធ្វើបាន។
៤-លំហាត់សមាធិផ្សេងៗ
សមាធិ គឺជាការហ្វឹកហាត់ចិត្ត ប្រមូលផ្តុំអារម្មណ៍ឲ្យមូលតាមរយៈការគ្រប់គ្រងអារម្មណ៍ប្រកបដោយ ភាពស្ងប់ស្ងាត់និងវិន័យខ្ពស់បំផុត។ សមាធិ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការតានតឹង ចិត្តដែលមានចំណាស់ជាយូរយាណាស់មកហើយក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសមួយចំនួនទៀតនៃទ្វីបអាស៊ី។
នៅក្នុងការអនុវត្តលំហាត់សមាធិបែប បុរាណ យើងអាចប្រើប្រាស់ឥរិយាបទអង្គុយពែនភ្នែនឲ្យត្រង់ខ្លួន ដោយដាក់ជើងស្តាំត្រួតលើជើងឆ្វេង ដោយបាតដៃស្តាំត្រូតលើបាតដៃឆ្វេង ហើយមេដៃទាំងពីរដាក់ទល់គ្នា (ស្ទើរប៉ះ ស្ទើរមិនប៉ះ) ។ ចំពោះការអង្គុយបែបនេះ ត្រូវមានឥរិយាបទដែលសម្រាកយ៉ាងស្រួលបំផុតដោយមិនមានការខំប្រឹង ឡើយ។ ចំពោះអ្នកដែលពុំស្ទាត់ជំនាញក្នុងការអង្គុយបែបនេះ អាចអង្គុយសំយុងជើងលើកៅអី ដោយដាក់ដៃទាំងពីរលើភ្លៅដូចអធិប្បាយខាងដើម ឬប្រើប្រាស់ឥរិយាបទផ្សេងៗទៀតដែលយើងយល់ថា ធ្វើឲ្យរាងការយរបស់យើងឋិតក្នុងស្ថានភាពសម្រួលឥរិយាបទណាមួយ ឲ្យបានសម្រាកយ៉ាងស្រួលបំផុតហើយពុំតឹងតែងចំពោះខ្លួនយើង។
បន្ទាប់ពីអង្គុយសម្រួលឥរិយាបទបាន ស្រួលហើយយើងអាចបិទភ្នែកប្រមូលផ្តុំអារម្មណ៍សមាធិទៅលើខ្យល់ដក ដង្ហើមចេញ និងចូល តាមដំណើរខ្យល់ដង្ហើមជាធម្មតា ក្នុងនោះត្រូវតាំងអារម្មណ៍ឲ្យដឹងថា ខ្លួនយើងដកដង្ហើមចូល(ដឹង) និងដកដង្ហើមចេញ(ដឹង) ដោយរក្សាអារម្មណ៍កុំឲ្យឃ្លាតឆ្ងាយពីការដកដង្ហើមចេញចូលនោះ ឬក៏អនុវត្តដូចគ្នានេះដែរ ក៏ប៉ុន្តែបើកភ្នែកព្រឹមៗសម្លឹងចុះស្របតាមចុងច្រមុះគួបផ្សំ នឹងការដកដង្ហើម។
បច្វុប្បន្ននេះ អ្នកជំនាញការផ្នែកសុខភាពផ្លូវចិត្តបានអភិវឌ្ឍរបៀបសមាធិ ដោយផ្ចង់អារម្មណ៍លើខ្យល់ដកដង្ហើមចេញ-ចូល មួយបែបទៀតដេលមានបីតំណាក់កាលគឺ៖
១-ដកដង្ហើមចូល
២-ទប់ដង្ហើម (រក្សាខ្យល់ដកដង្ហើមក្នុងសួតប្រហែលបីវិនាទី)
៣-ដកដង្ហើមចេញ។
វិធីសាស្ត្រនេះមានគុណប្រយោជន៍មួយចំនួន បន្ថែមគឺ ធ្វើឲ្យអ្នកសមាធីផ្ចង់អារម្មណ៍លើការដកដង្ហើមបានល្អជាងវិធី សាស្ត្របុរាណ។ ម៉្យាងទៀតអាចរក្សាខ្យល់ដកដង្ហើមដែលស្រូបចូលក្នុងសួតបានរយៈពេល យូរធ្វើឲ្យឈាមអាចស្រួបយកអុកស៊ីសែនបានយ៉ាងល្អប្រើសើរលើសពី ការដកដង្ហើមធម្មតា។
ក្រៅពីរបៀបសមាធីដោយផ្ទង់អារម្មណ៍លើ ខ្យល់ដង្ហើមចេញ-ចូល យើងអាចជ្រើរើសវត្ថុផ្សេងៗទៀតនៅជុំវិញខ្លួនយើងដើម្បីធ្វើជា គោលក្នុងការផ្តោអារម្មណ៍ទៅរកវត្ថុនោះដូចជា ផ្កាឈូក ផ្កាផ្សេងៗ អណ្តាតភ្លើងទៀន ឬពណ៌ផ្សេងៗជាដើម។ បន្ទាប់មកយើងក៏ចាប់ផ្តើមចម្រើនសមាធិប្រមូលផ្តុំអារម្មណ៍ បើកភ្នែកសម្លឹងមើលទៅវត្ថុដែលយើងបានកំណត់នោះ ដោយព្យាយាមធ្វើចិត្តឲ្យជ្រះថ្លា រីករាយ បំភ្លេចទុក្ខកង្វល់ និងរឿងរ៉ាវអវិជ្ជមានទាំងឡាយ ហើយក៏ចាប់ផ្តើមគ្រប់គ្រងអារម្មណ៍សមាធិ កុំឲ្យបែកចេញពីវត្ថុដែលយើងសម្លឹងនោះ។ បើអារម្មណ៍របស់យើងបែកទៅគិតអំពីអ្វីផ្សេងទៀត យើងត្រូវព្យាយាមទាញអារម្មណ៍របស់យើងមកកាន់វត្ថុដែលយើងកំពុង ផ្តោតនោះវិញដោយសន្សឹមៗ តាមរយៈការដកដង្ហើមចេញនិងចូលមួយដងយ៉ាងវែង ជាការរំលឹកចិត្តឲ្យងាកមករកវត្ថុដែលយើងកំពុងផ្តោតអារម្មណ៍ទៅ រកនោះ។
ការធ្វើសមាធិបែបនេះ ត្រូវធ្វើនៅពេលដូចគ្នាជាប្រចាំ និងនៅទីកន្លែងស្ងៀមស្ងាត់គ្មានការរំខាន។ យើងអាចប្រើប្រាស់ពេលវេលាវែង ឬខ្លីក្នុងការធ្វើសមាធិតាមតែយើងអាចធ្វើបាន (៥នាទី ១០នាទី ២០នាទី ឬវែងជាងនេះ)។
ផ្នែកទី២
ការកសាងកម្លាំងចិត្តរឹងមាំ
តើការកសាងកម្លាំងចិត្តរឹងមាំគឺជាអ្វី?
ការកសាងកម្លាំងចិត្តរឹងមាំ គឺជាវិធីអប់រំ និងទូន្មានចិត្តជាប្រចាំឲ្យមានសុទិដ្ឋិនិយម និងការគិតដេលមានប្រយោជន៍ដល់ចិត្ត ធ្វើឲ្យស្ថានភាពផ្លូវចិត្តរបស់យើងមានភាពរឹងមាំ អាចប្រឈមមុខនឹងបញ្ហាក្នុងជីវិតរស់នៅប្រកបដោយទស្សនវិជ្ជមាន។ ការកសាងកម្លាំងចិត្តរឹងមាំគឺជាចំណែកមួយយ៉ាងសំខាន់នៃការថែ ទាំសុខភាពផ្លូវចិត្តរបស់មនុស្សគ្រប់រូប និងគ្រប់វ័យ។
ការគិតប្រកបដោយទស្សនវិជ្ជមាន
ការគិតអាចបង្កើតឡើងនូវសេចក្តី ស្រឡាញ់ ទឹកចិត្តសប្បាយរីករាយ ការគុំំគួន ការខូចចិត្ត ។ល។ នៅពេលដែលយើងគ្រប់គ្រងអារម្មណ៍របស់យើងបានល្អហើយ ចិត្តយើងមានភាពស្ងប់ស្ងាត់ ស្រស់ស្រាយ ភ្លឺថ្លា និងសុទិដ្ឋិនិយម។ មានពុទ្ធភាសិតមួយល្បះពោលថា «ចិត្តដែលគេទូន្មាន ឬគ្រប់គ្រងបានល្អហើយ រមែងនាំមកនូវសេចក្តីសុខ»។
ក្នុងមួយថ្ងៃៗ គេអាចប៉ាន់ប្រមាណឃើញថា មនុស្សម្នាក់បានប្រើប្រាស់ការគិតប្រមាណពី ៣០.០០០ ទៅ ៥០.០០០ គំនិតផ្សេងៗគ្នា។ យើងអាចចែកការគិតទាំងអស់ជាបួនប្រភេទសំខាន់ៗគឺ៖
១-ការគិតឥតប្រយោជន៍ៈ គឺជាការប្រើគំនិតដែលមានលក្ខណៈខ្ជះខ្ជាយឥតប្រយោជន៍ពីរឿងអតី តកាល ឬអនាគតដែលពុំជាក់លាក់ រួមទាំងគំនិតមន្ទិលសង្ស័យផ្សេងៗ ដោយបង្កើតអារម្មណ៍រវើរវាយដែលមិនពិត រួមនឹងការព្រួយបារម្ភអំពីអ្វីដែលមិនចាំបាច់។
២-ការគិតប្រកបដោយទស្សនអវិជ្ជមានៈ គឺជាគំនិតអវិជ្ជមានទាំងឡាយដែលគិតឡើងហើយ ធ្វើឲ្យអន្តរាយដល់ខ្លួនឯង ឬអ្នកដទៃ។ ការក្រោធខឹង ការគុំគួន ការស្អប់ខ្ពើម ការថ្នាំងថ្នាក់ចិត្ត គំនិតប្រកាន់ ឬរើសអើង (ជាតិសាសន៍ ក្រុម ពួក) ការច្រណែននិន្ទា រួមនឹងគំនិតអវិជ្ជមានផ្សេងទៀត គឺសុទ្ធតែធ្វើឲ្យចិត្តរបស់យើងកក្រើករញ្ជួយ ល្អក់កករគ្មានភាពសុខសាន្តក្នុងអារម្មណ៍។
៣-ការគិតដែលមានប្រយោជន៍ៈ ជាគំនិតទាំងឡាយណាដែលមានភាព ជាក់លាក់ ពុំស្រមើស្រមៃ ដែលបង្កើតបានជាផែនការសម្រាប់ខ្លួនក្នុងដំណើរជីវិត ដូចជាការសិក្សា ការប្រកបមុខរបរចិញ្ចឹមជិវិត ការផ្តួចផ្តើមគំនិតជួយដល់អ្នកដទៃ ។ល។
៤-ការគិតប្រកបដោយទស្សនវិជ្ជមានៈ គឺជាគំនិតដែលនាំមកនូវផលប្រយោជន៍ចំពោះខ្លួនឯង និងអ្នកដទៃ ហើយបង្កើតបាននូវភាពស្ងប់ស្ងាត់ក្នុងអារម្មណ៍ សុទិដ្ឋិនិយម ការអធ្យាស្រ័យ និងសេចក្តីសង្ឃឹម។ ការគិតប្រកបដោយទស្សនវិជ្ជមាន គឺជាថាមពលដ៏មហិមាបង្កើតឲ្យមានកម្លាំងចិត្តអាចឲ្យយើងគ្រប់គ្រង អារម្មណ៍ បង្កើតបាននូវភាពសប្បាយរីករាយក្នុងក្នុងចិត្ត ក្នុងដំណើរជីវិតដ៏វែងឆ្ងាយ។
ផលមិនល្អនៃការគិតប្រកបដោយទស្សនៈអវិជ្ជមាន
នៅពេលដែលយើងមានគំនិតអវិជ្ជមាននៅក្នុងអារម្មណ៍ វាអាចបង្កឲ្យមានផលអាក្រក់ជាច្រើនដល់សុខភាពរបស់យើងទាំងផ្លូវ កាយនិងផ្លូវចិត្ត។ ឧទាហរណ៍ ពេលដែលយើងព្រួយបារម្ភ ក្រោធខឹង ច្រណែន ស្អប់ខ្ពើម គុំគួន ជាដើម អារម្មណ៍អវិជ្ជមានទាំងនេះ បង្កើតឲ្យយើងមានការតានតឹងចិត្ត ធ្វើឲ្យសាច់ដុំរបស់យើងឡើងតឹង បេះដូងដើរញាប់ បណ្តាលឲ្យដំណើរឈាមមានចលនាប្រែប្រួលខុសធម្មតា ធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ បង្កឲ្យមានការឈឺចាប់លើរាងកាយដូចជា ការឈឺក្បាល ឈឺក អស់កម្លាំងកាយ ថប់ក្នុងអារម្មណ៍ពិបាកដកដង្ហើម ។ល។
ផលនៃការគិតប្រកបដោយទស្សនវិជ្ជមាន
នៅពេលដែលយើងមានអារម្មណ៍វិជ្ជមាន ចិត្តរបស់យើងក៏ស្ងប់ស្ងាត់ សាច់ដុំរបស់យើងសម្រាកចុះ ហើយទទួលបាននូវអុកស៊ីសែនគ្រប់គ្រាន់ សម្ពាធឈាមទាប ហើយប្រការសំខាន់នោះ គឺអត្រាចង្វាក់បេះដូងបានថយចុះ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ឲ្យរាងកាយយើងមានសុខភាពល្អប្រសើរ។ ទន្ទឹមនឹងនេះដែរ ការគិតដោយវិជ្ជមាន គឺជាមធ្យោបាយមួយកាត់បន្ថយការតានតឹងចិត្តដ៏មានប្រសិទ្ធិភាព បំផុត។
នៅក្នុងជីវិតប្រចាំថ្ងៃ ការគិតប្រកបដោយទស្សនវិជ្ជមាន ធ្វើឲ្យយើងងាយបង្កើតនូវភាពយោគយល់ និងចុះសម្រុងជាមួយអ្នកដទៃនៅជុំវិញខ្លួនយើង ព្រមទាំងបានបង្កើតទស្សនសុទិដ្ឋិនិយម ហើយមិនអស់សង្ឃឹមក្នុងការរស់នៅ។
តើត្រូវកសាងកម្លាំងចិត្តរឹងមាំ និងបណ្តុះទស្សនវិជ្ជមានតាមរបៀបណា?
ការកសាងកម្លាំងចិត្តរឹងមាំ និងការបណ្តុះបណ្តាលទស្សនវិជ្ជមានឲ្យកើតមានឡើងក្នុងអារម្មណ៍របស់ យុវជនយើង មានសារៈសំខាន់យ៉ាងខ្លាំងក្នុងវិស័យថែទាំសុខភាពផ្លូវចិត្ត ពីព្រោះថា យើងអាចកាត់បន្ថយការតានតឹងក្នុងអារម្មណ៍ និងបង្កើតនូវសេចក្តីសុខក្នុងចិត្ត ដែលជាកត្តាធ្វើឲ្យយើងមានសុខភាពផ្លូវចិត្តរឹងមាំ និងល្អប្រសើរជាប្រចាំ។ “មានសុខភាពផ្លូវចិត្តល្អ គ្មានភាពតានតឹងចិត្ត គ្មានអំពើហិង្សា គ្មានជម្លោះគ្រប់យ៉ាង។
ដើម្បីកសាងកម្លាំងចិត្តរឹងមាំ និងបណ្តុះនូវទស្សនវិជ្ជមាន យុវវ័យយើងគួរខំហ្វឹកហាត់ជាប្រចាំ និងគ្រប់គ្រងអារម្មណ៍អវិជ្ជមានរបស់យើងឲ្យបានប្រសើរតាមវិធី សាស្ត្រមូលដ្ឋានមួយចំនួនដូចខាងក្រោមនេះ
+ព្យាយាមកាត់បន្ថយការគិតដែលពុំចាំបាច់ និងគំនិតអវិជ្ជមានទាំងឡាយ ដែលតែងតែផុសឡើងជាប្រចាំនៅក្នុងអារម្មណ៍របស់យើង។
+ហ្វឹកហាត់អប់រំចិត្តឲ្យស្ងប់ និងកសាងទស្សនសុទិដ្ឋិនិយមតាមរយៈការសិក្សាកម្រងទស្សនៈរបស់ព្រះ ពុទ្ធដែលជាទស្សនវិជ្ជាដ៏ល្អប្រសើរបំផុតមានចំណាស់ និងជាប្រពៃណីដ៏យូរលង់ណាស់មកហើយនៅប្រទេសកម្ពុជាយើងក្នុងវិស័យ អប់រំសីលធម៌ ចរិយាធម៌ និងការអប់រំចិត្តឲ្យមានអារម្មណ៍សន្តិភាព។
+ការបណ្តុះភាពរឹងមាំក្នុងចិត្ត ដើម្បីបង្កើនការជឿទុកចិត្តចំពោះខ្លួនឯង និងឲ្យតម្លៃខ្ពស់ ក៏ដូចជាការគោរពខ្លួនឯងផ្ទាល់ (គឺមិនធ្វើការវាយតម្លៃទាបចំពោះខ្លួនឯង)។
+ហ្វឹកហាត់ជាប្រចាំនូវវិធីសាស្ត្រសម្រាកកាយ-ចិត្ត និងរបៀបធ្វើសមាធិ គួបផ្សំនឹងការហាត់ប្រាណ ការលេងកីឡាផ្សេងៗ ដែលជាមូលដ្ឋាននៃការកាត់បន្ថយការតានតឹងចិត្ត។ ត្រូវព្យាយាមធ្វើយ៉ាងណាឲ្យសកម្មភាពទាំងនេះ ក្លាយជាទម្លាប់ធម្មតាក្នុងជិវិតប្រចាំថ្ងៃរបស់យើង។ ហេតុផលសំខាន់គឺ បើយើងពុំចេះវិធីសាស្ត្រក្នុងការកាត់បន្ថយការតានតឹងចិត្តដែល កើតឡើងជាប្រចាំចំពោះខ្លួនយើងទេនោះ យើងក៏ពុំអាចបណ្តុះគំនិតសុទិដ្ឋិនិយម ឬអារម្មណ៍វិជ្ជមានបានឡើយ។
ចប់
———————————
ឯកសារពិគ្រោះ
១.សុខភាពផ្លូវចិត្តសហគមន៍កម្ពុជា: Transcultural Psychosocial Organization (TPO) បោះពុម្ពដោយអង្គការចិត្តសង្គមអន្តរវប្បធម៌ ឆ្នាំ១៩៩៧។
២.គ្រឿងញៀននៅប្រទេសកម្ពុជា: បោះពុម្ពដោយការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រប់គ្រងគ្រឿងញៀននិងបង្ក្រាបបទឧក្រិដ្ឋមជ្ឈមណ្ឌល ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីភិច ការិយាល័យទំនាក់ទំនងនៅកម្ពុជា ឆ្នាំ២០០១ រួមនឹងឯកសារពាក់ព័ន្ធផ្សេងៗ។
៣. POSITIVE OF THINKING: រៀបរៀងដោយលោកស្រី Trish Summerfield បុគ្គលិកអង្គការ Living VAlue Education. www.livingvalues.net
៤. សាសនសុភាសិត : បោះពុម្ពឡើងវិញដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ ១៩៩៤។
គណៈកម្មការអភិវឌ្ឍសៀវភៅអប់រំយុវជនក្នុងវិស័យថែទាំសុខភាពផ្លូវចិត្ត
១-លោកស្រីវេជ្ជបណ្ឌិត ឱក វណ្ណកា តំណាងអនុគណៈកម្មការសុខភាពផ្លូវចិត្ត ក្រសួងសុខាភិបាល
២-លោកវេជ្ជបណ្ឌិត ជី វុទ្ធី ប្រធានក្រុមការងារគ្លីនិចសុខភាពផ្លូវចិត្ត អង្គការចិត្តសង្គមអន្តរវប្បធម៌/TPO
៣-លោកស្រី ទេព ឆព័ណ្ណ មន្ត្រីនាយកដ្ឋានថែទាំសុខភាពជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ
៤-កញ្ញា ភោគ សុធារ៉ា មន្ត្រីនាយកដ្ឋានសុខមាលភាពកុមារ ក្រសួងសង្គមកិច្ច និងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងនីតិសម្បទា
៥-លោកស្រី ធឹម លន់ មន្ត្រីនាយកដ្ឋានសុខភាពសិក្សា ក្រសួងអប់រំយុវជន និងកីឡា
៦-លោក ហួន សារឿន មន្ត្រីនាយកដ្ឋានស្រាវជ្រាវគរុកោសល្យ ក្រសួងអប់រំ យុវជន និងកីឡា
៧-លោក នូ មុនីសេដ្ឋា មន្ត្រីនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ក្រសួងអប់រំយុវជន និងកីឡា
៨-លោក ឆែ លឹមសឿន មន្ត្រីនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡា
៩-លោក ថី ចន្ទោ អ្នកសម្របសម្រួលកម្មវិធី ថែទាំសុខភាពផ្លូវចិត្តកុមារក្នុងសហគមន៍
១០-លោក ឡុង បូរ៉ុម ជំនួយការកម្មវិធី ថែទាំងសុខភាពផ្លូវចិត្តកុមារក្នុងសហគមន៍, សមាគមរញ្ជនពុទ្ធិពោធនមិត្ត/CamboKids
១១-លោក វ៉ែន សុន អ្នកសម្របសម្រួលផ្នែកអភិវឌ្ឍន៍សៀវភៅសម្រាប់បណ្ណាល័យកុមារក្នុងសហគមន៍, សមាគមរញ្ជនពុទ្ធិពោធនមិត្ត/CamboKids
យុវជន និងការថែទាំសុខភាពផ្លូវចិត្ត
បោះពុម្ពផ្សាយដោយនាកដ្ឋានថែទាំសុខភាពជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ រួមសហការជាមួយនឹងៈ
សមាគមរញ្ជនពុទ្ធិបពោធនមិត្ត/CamboKids
អាសយដ្ឋានៈ # ៤៥ . ផ្លូវលេខ ២០៦ . សង្កាត់ផ្សារដើមគរ . ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (៨៥៥) ២៣ ៨៨២ ៥៧៥
Email: cambokids@online.com.kh
Web Page: www.bigpond.com.kh/Cambokids
អត្ថន័យលើក្របសៀវភៅៈ
១-ពណ៌បៃតង ជាតំណាងទឹកចិត្តស្រស់ថ្លា
២-រូបព្រះបាទជ័យវរ្ម័នទី៧ គង់ធ្វើសមាធិក្នុងឥរិយាបថអង្គុយពែនភ្នែនបែបវិរាសនៈ ជានិមិត្តរូបនៃទឹកចិត្តស្ងប់ស្ងាត់ ប្រកបដោយអារម្មណ៍ជ្រះថ្លា និងទស្សនសុទិដ្ឋិនិយម ជាគោលការណ៍នៃការថែទាំសុខភាពផ្លូវចិត្ត ដែលមានចំណាស់យូរលង់មកហើយក្នុងសង្គមនិងវប្បធម៌ខ្មែរ។
No comments:
Post a Comment