Thursday, July 26, 2012

បណ្ណសារប្លាក៖ អសង្ខេយ្យ និង កប្ប

ពុទ្ធសាសនិកជនតែងឮពាក្យថា «អសង្ខេយ្យ» និងពាក្យថា «កប្ប» នេះរឿយៗក្នុងពុទ្ធសាសនា ។ តែមិនប្រាកដជាក់ច្បាស់ថា អ្វីទៅជាអសង្ខេយ្យនោះ អ្វីទៅជាកប្បនោះ ។
អសង្ខេយ្យ
ពាក្យថា «អសង្ខេយ្យ» មកពីពាក្យ «ន + សង្ខ្យា + ណេយ្យ» មានន័យថា មិនអាចរាប់បន្តបានទៀត ដូចមានបទវិគ្រោះបញ្ជាក់ថា «សង្ខ្យា ឈ្មោះថា អសង្ខ្យយ្យ ព្រោះមិនអាចនឹងរាប់បានទៀត» ។នៅក្នុងអភិធានប្បទីបិកាបាឋៈ លោកពន្យល់ពីរបៀបរាប់រហូតដល់អសង្ខយ្យយ៉ាងនេះថា ៖
១០ រយ ស្មើនឹង ១ ពាន់
១០ ពាន់ ស្មើនឹង ១ ម៉ឺន
១០ ម៉ឺន ស្មើនឹង ១ សែន
១០ សែន ស្មើនឹង ១ លាន
១០ លាន ស្មើនឹង ១ កោដិ
១០ កោដិ ស្មើនឹង ១ បកោដិ
១០ បកោដិ ស្មើនឹង ១ កោដិបកោដិ
១០ កោដិបកោដិ ស្មើនឹង ១ នហុត
១០ នហុត ស្មើនឹង ១ និន្នហុត
១០ និន្នហុត ស្មើនឹង ១ អក្ខោភិនី
១០ អក្ខោភិនី ស្មើនឹង ១ ពិន្ទុ
១០ ពិន្ទុក ស្មើនឹង ១ អព្វុទៈ
១០ អព្វុទៈ ស្មើនឹង ១ និរព្វុទៈ
១០ និរព្វុទៈ ស្មើនឹង ១ អហហៈ
១០ អហហៈ ស្មើនឹង ១ អដដៈ
១០ អដដៈ ស្មើនឹង ១ អពពៈ
១០ អពពៈ ស្មើនឹង ១ សោគន្ធិកៈ
១០ សោគន្ធិកៈ ស្មើនឹង ១ ឧប្បលៈ
១០ ឧប្បលៈ ស្មើនឹង ១ កុមុទៈ
១០ កុមុទៈ ស្មើនឹង ១ បទុមៈ
១០ បទុមៈ ស្មើនឹង ១ បុណ្ឌរិកៈ
១០ បុណ្ឌរិកៈ ស្មើនឹង ១ កថានៈ
១០ កថានៈ ស្មើនឹង ១ មហាកថានៈ
១០ មហាកថានៈ ស្មើនឹង ១ អសង្ខេយ្យ ។
 Image
តារាងរាប់គុណិតសង្ខ្យា
តាមនៅក្នុងគម្ពីរអភិធានប្បទីបិកាបានបញ្ជាក់ថា ១ អសង្ខេយ្យ គឺសរសេរលេខ ១ ហើយថែមសូន្យឲ្យបាន ១៤០ សូន្យទៀត 

បែបយ៉ាងនៃកប្ប

កប្បមាន ៤ យ៉ាងគឺ ៖ ១‑អាយុកប្ប ២‑អន្តរកប្ប ៣‑អសង្ខេយ្យកប្ប និង ៤‑មហាកប្ប 

១. អាយុកប្ប

សម័យ ណាដែលមនុស្សមានអាយុឡើងដល់ ១ អសង្ខេយ្យឆ្នាំ ឬថយចុះមករហូតដល់ ១០ ឆ្នាំ ជាអាយុខ័យ កាន់យកតាមកេណ្ឌអាយុរបស់មនុស្សក្នុងសម័យកាលនោះជា «អាយុកប្ប» ។ ដូចក្នុងសម័យពុទ្ធកាល អាយុខ័យរបស់មនុស្សមានចំនួន ១០០ ឆ្នាំ រាប់ថា ១០០ ឆ្នាំ ជាអាយុកប្ប ។ ក្នុងបច្ចុប្បន្នកាលនេះ អាយុខ័យរបស់មនុស្សមាន ៧៥ ឆ្នាំ ចាត់ថា អាយុ ៧៥ ឆ្នាំនេះ ជាអាយុកប្ប ។

២. អន្តរកប្ប

ពិធី រាប់អន្តរកប្បដូច្នេះគឺក្នុងសម័យដើមកប្បមនុស្សមានអាយុវែងរហូត ១ អសង្ខេយ្យឆ្នាំជាអាយុកប្ប រហូតថយចុះមកដល់ ១០ ឆ្នាំ ហើយក៏ឡើងទៅវិញរហូត ១ អសង្ខេយ្យឆ្នាំទៀត ហើយថយចុះមកដល់ ១០ ឆ្នាំវិញ ហើយឡើងពី ១០ ឆ្នាំ ទៅដល់ ១ អសង្ខេយ្យ ១ គូនេះហៅថា «១ អន្តរកប្ប» ។

៣. អសង្ខេយ្យកប្ប

ចំនួនអន្តរកប្បដូចពោលមកហើយ កាលគ្រប់ ៦៤ អន្តរកប្ប រាប់ជា «១ អសង្ខេយ្យកប្ប» ។
អាចារ្យខ្លះពោលថា ២០ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប អាចារ្យខ្លះទៀតពោលថា ៨០ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប អាចារ្យហោរាសាស្ត្របុរាណថា១៤ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប ។
អសង្ខេយ្យកប្បមាន ៤ យ៉ាងគឺ ៖ ១‑សំវដ្ដអសង្ខេយ្យកប្ប ២‑សំវដ្ដដ្ឋាយីអសង្ខេយ្យ ៣‑វិវដ្សអសង្ខេយ្យ និង ៤‑វិវដ្ដដ្ឋាយីអសង្ខេយ្យ ។
  1. សំវដ្ដអសង្ខេយ្យកប្ប ខណៈដែលចក្រវាលមានចំនួន ១ សែនកោដិចក្រវាលកំពុងវិនាសហៅថា «សំវដ្ដអសង្ខេយ្យកប្ប» មានវចនត្ថៈថា «កប្បកំពុងវិនាសឈ្មោះថា សំវដ្ដៈ» ។
  2. សំវដ្ដដ្ឋាយីអសង្ខេយ្យ ចក្រវាលដែលត្រូវវិនាសអស់ដោយមិនមានអ្វីសេសសល់ មានតែភាពទទេហៅថា «សំវដ្ដដ្ឋាយីអសង្ខេយ្យ» មានវចនត្ថៈថា «ចក្រវាលដែលបានវិនាសទៅហើយ មានតែភាពវិនាសតាំងនៅហៅថា សំវដ្ដដ្ឋាយី» ។
  3. វិវដ្ដអសង្ខេយ្យ កាលចក្រវាលត្រូវវិនាសអស់រលីងហើយ ក៏ផ្ដើមកកើតឡើងថ្មីហៅថា «វិវដ្ដអសង្ខេយ្យ» មានវចនត្ថៈថា «កប្បដែលកើតឡើង ឬចម្រើនកើតឡើងតាមលំដាប់ហៅថា វិវដ្ដៈ» ។
  4. វិវដ្ដដ្ឋាយីអសង្ខេយ្យ ចក្រវាលដែលផ្ដើមឡើងសាថ្មីនោះ បានតាំងនៅជាប្រក្រតី សែនកោដិចក្រវាល ផែនដី ភ្នំ ដើមឈើ មហាសមុទ្រ ស្ទឹង ព្រះអាទិត្យ ព្រះចន្ទ តារាផ្សេងៗ មនុស្ស សត្វ ក៏មានប្រាកដគ្រប់យ៉ាងហៅថា «វិវដ្ដដ្ឋាយីអសង្ខេយ្យ» មានវចនត្ថៈថា «កប្បដែលចម្រើនឡើងព្រមហើយ ដោយស្ថានទីផ្សេងៗ និងតាំងនៅជាប្រក្រតីហៅថា វិវដ្ដដ្ឋាយី» ។

៤. មហាកប្ប

ការរាប់ឲ្យគ្រប់ទាំង  អសង្ខេយ្យកប្បដូចពោលមកនេះឯងស្មើនឹង «១ មហាកប្ប» ។

ប្រភេទនៃកប្ប

កប្បមានពីរប្រភេទគឺ សុញ្ញកប្ប១ និង អសុញ្ញកប្ប១ 

១. សុញ្ញកប្ប

សុញ្ញកប្បមាន  យ៉ាងគឺ ៖
  1. សុញ្ញមហាកប្ប បានដល់មហាកប្បដែលមិនមានព្រះពុទ្ធត្រាស់ដឹង
  2. សុញ្ញអសង្ខេយ្យ បានដល់សំវដ្ដអសង្ខេយ្យកប្ប សំវដ្ដដ្ឋាយីអសង្ខេយ្យ វិវដ្ដអសង្ខេយ្យ
  3. សុញ្ញអន្តរកប្ប បានដល់អន្តរកប្បដែលមិនមានព្រះពុទ្ធត្រាស់ដឹង
  4. សុញ្ញអាយុកប្ប បានដល់ក្នុងរវាងមនុស្សមានអាយុវែងច្រើនជាងមួយសែនឆ្នាំឡើងទៅ និងតិចជាងមួយរយឆ្នាំចុះមក ។
តើសុញ្ញកប្បសំដៅដល់កប្បយ៉ាងណា ? ក្នុងអដ្ឋកថាបញ្ជាក់ច្បាស់ថា «ដែលឈ្មោះថា សុញ្ញកប្ប សំដៅដល់កប្បដែលមិនមានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងស្ដេចចក្រពត្តិ កើតក្នុងកប្បនោះ» ។

២. អសុញ្ញកប្ប

អសុញ្ញកប្ប មានន័យថា កប្បដែលមិនសូន្យចាកបុគ្គល សម្បូរដោយគុណធម៌ មានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងស្ដេចចក្រពត្តិ តែងកើតក្នុងកប្បនោះ ។
អសុញ្ញកប្បនេះមាន  យ៉ាងគឺ ៖ សារកប្ប១ មណ្ឌកប្ប១ វរកប្ប១ សារមណ្ឌកប្ប១ និងភទ្ទកប្ប១ ។ សមដូចបរមត្ថទីបនីអដ្ឋកថាក្នុងអបទានបញ្ជាក់ថា ៖
  1. សារកប្ប មានព្រះពុទ្ធ ១ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ
  2. មណ្ឌកប្ប មានព្រះពុទ្ធ ២ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ
  3. វរកប្ប មានព្រះពុទ្ធ ៣ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ
  4. សារមណ្ឌកប្ប មានព្រះពុទ្ធ ៤ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ
  5. ភទ្ទកប្ប មានព្រះពុទ្ធ ៥ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ ។
សមដូចបោរាណាចារ្យប្រព័ន្ធជាគាថាថា ៖
  1. ព្រះពុទ្ធ ១ អង្គប៉ុណ្ណោះ កើតឡើងក្នុងសារកប្ប
  2. ព្រះពុទ្ធត្រឹម ២ អង្គប៉ុណ្ណោះមានក្នុងមណ្ឌកប្ប
  3. ព្រះពុទ្ធ ៣ អង្គកើតឡើងក្នុងវរកប្ប
  4. ក្នុងសារមណ្ឌកប្ប មានព្រះពុទ្ធ ៤ ព្រះអង្គ
  5. ចំណែក ភទ្ទកប្ប ជាកប្បដ៏ចម្រើនមានព្រះពុទ្ធត្រាស់ដឹងរហូតដល់ទៅ ៥ ព្រះអង្គ ព្រះជិនស្រីទ្រង់មិនត្រាស់ដឹងក្នុងកប្បដទៃដែលជាសុញ្ញកប្បឡើយ ។
  6. នៅក្នុងអដ្ឋកថាអនាគតវង្សថា «ក្នុងមហាកប្បនីមួយៗនឹងមានព្រះពុទ្ធត្រាស់ដឹងឡើង ៦ ឬ ៧ ព្រះអង្គនោះ មិនមានឡើយ» ។

បទសិក្សាពិចារណា

អនាគតវង្ស កើតឡើងសម័យខាងក្រោយបានពោលអះអាងយ៉ាងដាច់ខាតថា បន្ទាប់ពីភទ្ទកប្បនេះទៅ សុញ្ញកប្បមានរហូតដល់ទៅ ១ អសង្ខេយ្យកប្ប ដូចមានពាក្យថា «កាលភទ្ទកប្បកន្លងទៅ សុញ្ញកប្បកើតឡើងរហូតដល់ទៅ ១ អសង្ខេយ្យ» ។
កាលប្រើស័ព្ទភាសាបាលីថា «សុញ្ញកប្ប» មានរហូតដល់ទៅ ១ អសង្ខេយ្យយ៉ាងនេះ ជាការជំទាស់នូវព្រះពុទ្ធដីកា និងអដ្ឋកថា ដីកាពិតប្រាកដ ។ ព្រោះព្រះពុទ្ធដីកា អដ្ឋកថា និងដីកាបានសម្ដែងយ៉ាងជាក់ច្បាស់ថា មានអសុញ្ញកប្បបន្ទាប់ពីភទ្ទកប្បនេះទៅ ។

យើងត្រូវសិក្សាមើលពាក្យថា «សុញ្ញកប្ប» តើមានអត្ថន័យយ៉ាងណា ?

សញ្ញកប្ប មានន័យថា កប្បដែលមិនមានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ស្ដេចចក្រពត្តិកើតឡើង ព្រោះជាកប្បដែលសូន្យចាកបុគ្គលអ្នកមានគុណវិសេស ។ សមដូចមធុរត្ថវិលាសិនី អដ្ឋកថា ពុទ្ធវំសបានបញ្ជាក់ច្បាស់ថា «ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ស្ដេចចក្រពត្តិ មិនកើតឡើងក្នុងសុញ្ញកប្បសោះឡើយ» ។
តាម នៅក្នុងអដ្ឋកថា និងដីកាមានបញ្ជាក់ថា បន្ទាប់ពីកប្បនេះទៅ មានព្រះបច្ចេកពុទ្ធបានសម្រេចជាបច្ចេកពោធិញ្ញាណពិតប្រាកដ ។ បើមានព្រះបច្ចេកពុទ្ធពិតមែន បន្ទាប់ពិកប្បនេះទៅនោះ ដូច្នោះសឲ្យឃើញថា កប្បនោះគឺជា អសុញ្ញកប្ប ។ ធម្មនិយាម ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ស្ដេចចក្រពត្តិ មិនមានសោះឡើយក្នុងសុញ្ញកប្ប ។នៅក្នុងអដ្ឋកថាធម្មបទយមកវគ្គទេវទត្តវត្ថុអដ្ឋកថាបញ្ជាក់ថា «មែនពិត ភិក្ខុទេវត្តនោះនឹងបានជាព្រះបច្ចេកពុទ្ធព្រះនាម អដ្ឋិស្សរៈ ក្នុងទីបំផុតនៃមួយសែនកប្បអំពីភទ្ទកប្បនេះទៅ» ។
នៅក្នុងមិលិន្ទបញ្ហាបញ្ជាក់ថា ត្រង់ពាក្យថា ភិក្ខុទេវត្តរួចផុតអំពីនរកនោះហើយនឹងបានជាព្រះបច្ចេកពុទ្ធព្រះនាម អដ្ឋិស្សរៈ សចក្ដីថា «ភិក្ខុ ទេវត្តនឹងបានជាព្រះបច្ចេកពុទ្ធព្រះនាមអដ្ឋិស្សរៈក្នុងទីបំផុត អាយុកប្បដែលមនុស្សមានអាយុមួយសែនឆ្នាំ អំពីមនុស្សអាយុកប្ប ១០ ឆ្នាំ ក្នុងខាងដើមនោះឯងនៃអារោហនកប្បដទៃអំពីភទ្ទកប្បនេះទៅ» ។
សូមបញ្ជាក់ថា ក្នុង ១ កប្ប មាន ២ គឺ «អារោហនកប្ប» និង «ឱរោហនកប្ប» ចែកចេញជា  ចំណែកយ៉ាងនេះ ចាប់តាំងពីមនុស្សមានអាយុ ១០ ឆ្នាំ រហូតដល់ ១ អសង្ខេយ្យ ឈ្មោះ អារោហនកប្ប ៣ ចំណែក ចាប់តាំងពីមនុស្សមានអាយុ ១ អសង្ខេយ្យធ្លាក់ចុះមកដល់មនុស្ស ១០ ឆ្នាំ ឈ្មោះថា ឱរោហនកប្ប មាន ៣ ចំណែក ទាំងអស់មាន ៦ ចំណែក ។ ភិក្ខុទេវទត្តនឹងបានជាព្រះបច្ចេកពុទ្ធបន្ទាប់ពីភទ្ទកប្បនេះទៅ ១ សែនកប្ប ។
ក្នុងអដ្ឋកថាខុទ្ទកនិកាយ មង្គលសូត្រ និងអដ្ឋកថាសុត្តនិបាតចូឡវគ្គបញ្ជាក់ថា «ព្រះនាម ព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ មលាការៈនុ៎ះនឹងត្រាច់ទៅក្នុងមនុស្សលោក ទេវលោក ក្នុងទីបំផុតមួយសែនកប្បនឹងសម្រេចជាព្រះបច្ចេកពុទ្ធមាននាមថា សុមនិស្សរៈ ដោយអានុភាពនៃការបូជាចំពោះតថាគតនេះ ។ ម្នាលអានន្ទសុមនមាលាការៈបូជាជីវិតចំពោះតថាគត ហើយធ្វើនូវការបូជាផ្កា តែងតែមិនទៅកាន់ទុគ្គតិអស់មួយសែនកប្ប ត្រាច់ទៅក្នុងទេវតា និងមនុស្សនឹងបានជាព្រះបច្ចេកពុទ្ធព្រះនាមសុមនៈ» ។
ក្នុងអដ្ឋកថាសទ្ធម្មប្បជ្ជោតិកា អដ្ឋកថា ចូឡនិទ្ទេស និងក្នុងអភិធម្មាវតារអភិនវដីកាបញ្ជាក់ថា «ក្នុងអនាគតកាលនឹងមានព្រះបច្ចេកពុទ្ធព្រះនាម អដ្ឋិស្សរៈ នឹងមានព្រះបច្ចេកពុទ្ធព្រះនាម សុមនិស្សរៈ» ។ក្នុងបបញ្ចសូទនី អដ្ឋកថា មូលបណ្ណាសក សីហនាទវគ្គចូឡសីហនាទសូត្របញ្ជាក់ថា «ម្នាល អានន្ទអ្នកចូរមើលសត្វទីទុយនេះចុះ សត្វទីទុយនេះញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះតថាគតផង ចំពោះភិក្ខុសង្ឃផង ត្រាច់ទៅហើយក្នុងទេវតា និងមនុស្សទាំងឡាយនឹងបានជាព្រះបច្ចេកពុទ្ធព្រះនាមសោមនស្ស ក្នុងមួយសែនកប្ប (បន្ទាប់អំពីភទ្ទកប្បនេះទៅ)» ។
នៅក្នុងគម្ពីរមូលបណ្ណាសកដីកាឈ្មោះ លីនត្ថប្បកាសិនីខៃ ពន្យល់ថា «ត្រង់ ពាក្យថា ស្ថិតនៅនមស្ការ សេចក្ដីថា សត្វទីទុយនោះតែងនមស្ការថ្វាយបង្គំដោយការបំពេញបច្ចេកពោធិបារមី អស់ ២ អសង្ខេយ្យ (រួចមកហើយ) ផង តែងនមស្ការដោយបំពេញវត្តជុំវិញក្នុងព្រះពុទ្ធសាសនាផង និងដោយសេចក្ដីជ្រះថ្លាចំពោះព្រះដ៏មានព្រះភាគផង» ។
ការ ពិនិត្យសង្កេតឲ្យបានច្បាស់លាស់តាម អដ្ឋកថា ដីកាទាំងអស់នេះទៅឃើញថា បន្ទាប់ពីភទ្ទកប្បនេះទៅ មិនមែនសុញ្ញកប្បរហូតដល់មួយអសង្ខេយ្យនោះឡើយ 
 Image
ពុទ្ធប្បកិណ្ណកក័ណ្ឌ
ប្រភពពី http://khmerkimkhmer.wordpress.com/

No comments:

Post a Comment