គឺជាផ្ទះមួយ ដ៏សមរម្យ ដែលមានន្ទពួន ធ្វើអំពីឈើប្រក់ក្បឿង មានទីធ្លាធំតាមឋានៈខ្មែរជនកណ្ដាល។ តែក្នុងភូមិកុយមែងនេះ ផ្ទះប៉ុណ្ណេះជាផ្ទះមួយ ដ៏រុងរឿងណាស់ទៅហើយ កណ្ដាលចំណោមផ្ទះឯទៀត ដែលសុទ្ធសឹងតែជាកូនខ្ទម រយីករយាក។
មានន្ទចូលក្នុងបន្ទប់មួយ រួចបិទទ្វារជិតស្លុង។ មាណព មើលឃើញគ្រែពូកស្អាត មុងសស្គុស។ អ្នកនឹកថា ប្រហែលជាបន្ទប់ដេកហើយ។ នៅកៀនគ្រែមានតុមួយ ប្រដាប់ដោយកញ្ចក់តាំង ស្និតសិតសក់ កែវម្សៅ កែវល្មៀត ដបទឹកអប់ផង។ មានន្ទចាប់អារម្មណ៍ថា «លោៗ ជាបន្ទប់កូនក្រមុំគេ ក៏មិនដឹង ?។ បុរសត្រិះរិះមើល តើឧត្ដម មិត្ដចាស់របស់អ្នក មានកូនក្រមុំទេ ? ទេ! វាមិនដែលមានកូនឯណាទេ។ ចុះវា លក់ផ្ទះនេះ ឲ្យទៅអ្នកណាមួយ ហើយឬ? តែតាមតុទូក្នុងផ្ទះ ដែលធ្លាប់ដូចបានស្គាល់ពីមុន មកហើយ គឺតុ ទូ ដដែលសោះ។
អតីតសង្សារនាងទេវី ភិតភ័យយ៉ាងខ្លាំងនឹងរឿងនេះ ។ ណាមួយនៅភូមិកុយមែង មានភ្នាក់ងាររាជការ របស់ឪពុកអ្នកផង ប្រហែលជាពួកអស់នេះ បានទទួលកិច្ចបញ្ជាពីសិរីសោភ័ណមក ឲ្យជួយចាប់អ្នកជាប្រាកដ។ ណាមួយទៀត ដៃអ្នក ដែលពីម្សិលមិញ បានលាងរុំនោះ ក៏ឈឺចាប់ចុកយ៉ាងខ្លាំង ពីព្រោះអ្នកបានតស៊ូ ដើម្បីរំដោះខ្លួន ឲ្យបានរួចជីវិត ពីយប់មិញ មកនេះ។ អ្នកកម្លោះ យកដៃឆ្វេងស្ទាបមើល ឃើញហើម ធ្វើឲ្យឈឺក្រៃពេក។ រីឯ ពូកខ្នើយ ធ្វើឲ្យអ្នកងងុយដេកយ៉ាងខ្លាំង តែពុំហ៊ានប្រាសខ្នង ដល់ឡើយ ។ អ្នកនឹកថា « ចុះឧត្ដម វាទៅណា ? វាភ្លេចអ្នក ហើយឬនៅ ? ពីព្រោះមិត្ដទាំងពីរនេះ ឃ្លាតគ្នា តាំងពីកាលនៅវ័យកុមារ រៀងៗខ្លួនមក។
ខាងក្រៅ ឮសូររទេះបរបាក់ឃឹបៗ ចូលមកក្នុងរបងផ្ទះ។ មានន្ទ លបស្ដាប់ ឮសូរមាត់ស្រីជជែកងេកងោកៗ អំពីដូរស្រូវលក់ថ្លៃ តថ្លៃ ទិញប្រហុក ។ បន្ទាប់មក ទើបអ្នកឮសូរមាត់ឧត្ដម ដែលអ្នក នៅចាំសម្លេង នៅឡើយ។ បុរសត្រេកអរយ៉ាងខ្លាំង ដោយទើបបានដឹងប្រាកដថា ជាផ្ទះមិត្ដចាស់របស់អ្នកពិតមែន។ ក្នុងពេលនោះ ឧត្ដមជជែកវ៉ូងវ៉ាងរួច ក៏ចូលមកបើកទ្វារបន្ទប់ ដែលមានន្ទនៅពួន មានន្ទស្ទុះទៅខាងទ្វារ កំបាំងខ្លួនបាត់ នឹងទ្វារ ដែលបើកមក។ លុះឧត្ដម បានចូលស៊ប់ ដល់ក្នុងបន្ទប់ហើយ មានន្ទរាំងទ្វារជិតភ្លាមមួយរំពេច។ ឧត្ដមស្រឡាំងកាំង ទើបដឹងហើយស្គាល់ថា ជាមានន្ទ ក៏ស្ទុះទៅ ឱបមិត្ដកម្សត់នេះ។
- យឺ ! មកពីណា ? ម៉េចឯងមកពួននៅទីនេះ ? មានរឿងអ្វី ?
- កុំមាត់ខ្លាំង គេឮ!
- មិត្ដឯងសុខសប្បាយជាទេឬ ?
- សុខសប្បាយទេ តែក្នុងពេលនេះយើងមានរឿង . . . ។
- យើងជាមនុស្សអសិរពិស តើឯងអាចទទួលយើង ឲ្យនៅទីនេះបានទេ?
- រឿងអ្វី ? ធំប៉ុន្មាន ?
- ឯងនៅទីនេះបាន។ តោងទុកផ្ទះនេះ ដូចជាផ្ទះឯង ។ តើឯងបម្រុងនៅប៉ុន្មានថ្ងៃ?
- ប្រហែលបីថ្ងៃ។
- កុំភ័យអី ចាំអញជួយលាក់បំពួនឯង រួចជួយរក្សាឯងឲ្យជា។
- ឥឡូវឯងបាយទឹក រួចហើយនៅ ?
- ទេកុំឲ្យឯងព្រួយអី ! អញបាយរួចហើយ តែសុំទឹកមួយផ្ដិលមក។
- អុះ ! ណ្ហើយកុំ . . . !
- ម៉េច ?
- ក្រែងគេដឹងច្រើនគ្នា!
- ហ៊ី ! ឆ្កួតអញគ្មានឲ្យអ្នកណាដឹងទេ។
- ហ៊ឹសៗ តាំងពីណាមក កាលណាអញជួបនឹងឯង គឺមានតែរឿងមួយទេ គឺរឿងទឹកមួយផ្ដិលប៉ុណ្ណោះឯង។
- ឯងដេកក្នុងបន្ទប់នេះចុះ
- ចុះឯងទៅដេកឯណា ?
- ហ៊ី ! អញតាមបានទេ ដេកឯណាក៏បាន អូ ! ចាំអញ ទៅប្រាប់ប្រពន្ធអញ ឲ្យគេដឹងផង។
- កុំ !
- ហ៊ី ! ឆ្កួត មានអី កុំភ័យឲ្យសោះ បើឯងមានគ្រោះថ្នាក់ អញសាកដៃអញម្ដង ឲ្យឯងឃើញ។
- រឿងអី ? អ្នកណា ?
- ពួកម៉ាកបង!
- ឈ្មោះអ្វី ?
- មានន្ទ!
- ឱ ! លោកមានន្ទ គាត់នៅឯណា ? លោកអើយ ! ខ្ញុំខានឃើញគាត់យូរមកហើយ។
- ក្នុងបន្ទប់ផ្ទះយើង។ តែកុំមាត់ឲ្យសោះ។
- ច៎ាះ ! អញ្ជើញលោកសម្រាន្ត នៅកន្លែងនេះចុះ ។ ចំនែកខ្ញុំ និងប្ដីខ្ញុំ មិនជាការអ្វីទេ។
- បង ! ភ្លេចខ្ញុំហើយឬនៅ ?
- បាទ ! ខ្ញុំប្រហែលៗអ្នកដែរ។
- ខ្ញុំនៅសិរីសោភ័ណ។
- ផ្ទះអ្នកណា ?
- ឪពុកខ្ញុំ ពូកែវមណី។
- អូ ! អូ ! អត់ទោស ខ្ញុំភ្លេចហើយ ខ្ញុំទើបតែនឹកឃើញ។ ឱ! យើងបែកគ្នាយូរណាស់មកហើយ តាំងពីយើងនៅតូចៗ . . .។
- ខ្ញុំឃើញថា បងមិនភ្លេចខ្ញុំទេ!
- បាទ ! ខ្ញុំឥតភ្លេចអ្នកទេ!
- ច៎ាះ ! កុំហៅខ្ញុំអ្នក តោងហៅខ្ញុំដូចដូចកាលយើងនៅពីតូចៗ។
- អូនសុខសប្បាយជាទេ?
- ច៎ាះ ប្អូនសុខសប្បាយជាទេ។
- អូន ! រៀបការយូរហើយ ?
- ច៎ាះ ពីរឆ្នាំហើយ!
- ការនៅឯណា ?
- ការនៅបាត់ដំបង ។ កាលនោះ ខ្ញុំទៅនៅបាត់ដំបង ជាមួយឪពុកធំខ្ញុំ។
- បាទ ! បាទ ! មែនហើយ ឧត្ដមទៅណាហើយ ?
- ច៎ាះ ! ទៅកំពង់ក្រោមហើយ។
- ឆ្ងាយទេ ?
- ល្ងាចបានគាត់វិលត្រលប់មកវិញ។
- ប្អូនជួយធុរៈបងទេ ! យើងមិនមែនស្រលាញ់គ្នាទេ ប្អូនមានប្ដីហើយ។
- បងដឹងថាប្អូនមានប្ដីហើយ តោងជឿចិត្ដបងចុះ។
- ប្អូនជឿ ច៎ាះ ! បងឈឺទេ ?
- ឈឺ។
- ប្អូនធ្វើតិចៗ។ សូមបងនៅផ្ទះប្អូន ទម្រាំដល់ជាមុខរបួស ចាំអញ្ជើញទៅចុះ។
- បងអរគុណណាស់ តែបងនៅទីនេះមិនបានយូរទេ។
- បង ! មានការអី ?
- មានការប្រញាប់ ជួបនឹងគេ។
- ឯណា ?
- នេះជាការផ្ទាល់ខ្លួនបង មិនមែនជាភារៈសំខាន់ទេ ។ តែនៅទីនេះ មានក្រុមអ្នករាជការទេ ?
- មាន ! ម៉េចបងភ័យឬ បានជាធ្វើទឹកមុខស្ងួតយ៉ាងនេះ ?
- បងកំពុងរបួស ហើមដៃអស់ រកការពារខ្លួនមិនបានទេ។
- មិនអីទេ បើមានរឿងអី ប្អូននាំបងទៅពួនក្នុងជង្រុកស្រូវនោះ។ នុ៎ះបងមើលឃើញទេ ?
- ឃើញ . . . អើស្រួលហើយ។
- តែល្ងាចនេះ មានបងប្អូនខ្ញុំម្នាក់ទៅភ្នៀត។
- កាលណា បានគេចេញដំណើរទៅ ?
- យប់បន្ដិច ដ្បិតពិបាកចាប់គោណាស់។ ខ្ញុំឲ្យគាត់ខ្ចីរទេះខ្ញុំ។
- គេដឹកអ្វីទៅ ?
- អត់ដឹកអ្វីទេ ។ ឱ ! គេដឹកចំបើងទៅ។ ឥឡូវចាំប្អូន រៀបចំបាយទឹកជូនបង។
- មានអ្វីខ្លះថ្ងៃនេះ ?
- ច៎ាះ ! អត់មានអ្វីទេ តែខ្ញុំបានធ្វើមាន់មួយជូនបង។
- អរគុណណាស់។
ព្រះសុរិយាជិតអស្ដង្គត ចោលពន្លឺល្អះល្អ ទន់ភ្លន់មកលើពសុធា។ មានន្ទឮសូរមាត់ឧត្ដម ដែលទើបវិលត្រលប់ ពីកំពង់មកវិញ។ ក្រៅពីមាត់មិត្ដនេះ អ្នកឮសូរមាត់ស្រីប្រុស ឯទៀតជាច្រើន ដែលលើកចំបើងដាក់រទេះ។ ទ្វារបន្ទប់របើកឡើង។ នាងយីហ៊ុប លើកបាយល្ងាចជូនលាយទាំងសំណើច ញញឹមមួយ ដែលបុរស ពុំអាចភ្លេចបានឡើយ។ នៅកៀនមាត់ ដែលហើបបន្ដិចនេះ មានន្ទសង្កេតឃើញធ្មេញតូចស្មើ ដែលចាំងរលើបដូចភ្លុក។ ខាងក្រៅ ភ្ញៀវទាំងឡាយ ចូលមក។ ឧត្ដម ទទួលភ្ញៀវប្រុស ស្រី ដែលមកបរិភោគបាយ យ៉ាងរកាកដូចសត្វ ចូលសម្បុក។
រាត្រី ក៏ត្រដាងស្បៃងងឹត មកពាសពេញ។ ពន្លឺកូនចង្កៀងក្នុងផ្ទះឧត្ដម ក៏ឆេះឡើង បន្ដពីពន្លឺព្រះសុរិយា ដែលរលត់ទៅ ថ្មីៗនេះ។ បន្ដិចមក មានន្ទឮសូរជើងសេះ សន្ធឹកសន្ធាប់មកដល់។ អ្នកស្លៀកពាក់ព្រឹបគ្មានបង្អង់ ចងដាវព្យួរនឹងចង្កេះ ឆ្លុះកញ្ចក់ លបចាំស្ដាប់។ ចិត្ដអ្នក ញាប់ញ័រយ៉ាងខ្លាំង។ ជនអ្នកជិះសេះ ឡើងមកលើផ្ទះ ។ ឧត្ដមចេញទៅទទួល។
- ជម្រាបសួរលោក !
- លើកដៃថ្វាយព្រះ។
- ទាន! លោកអញ្ជើញមកមានការអីទាន ?
- លោកមានឃើញអ្នកទោសម្នាក់ រត់មកជ្រកនៅទីនេះទេ ?
- អ្នកទោស ?
- បាទ! អ្នកទោស!
- មិនឃើញអ្នកទោសណាទេ។
- គ្មានអ្នកណាក្រៅពីគ្រួសារខ្ញុំទេ។
- អត់ទោស ! ខ្ញុំសុំឆែក។
- លោកមិនចាំបាច់ឆែកទេទាន !
- ខ្ញុំមានសំបុត្រពីអ្នករាជការធំមក។
និលពេជ្រនិយាយថា៖
- ខ្ញុំបានដឹងការច្បាស់ថា ចោររបស់ខ្ញុំរត់មកជ្រកនៅទីនេះតាំងពីព្រឹក។
- បាទទេ ! ប្រហែលលោកច្រលំហើយមើលទៅ ពីព្រោះបើរត់មកនៅទីនេះ មុខជាឃើញមិនខាន បើឆែកគ្មានសល់រន្ធមួយ យ៉ាងនេះ។
- បាទ ! មិនប្រាកដដែរ តែសូមលោកអត់ទោសចុះ។
- បាទទេ ! មានការអីទាន ចាំក្រោយៗ អញ្ជើញមកទៀត ខ្ញុំទទួលលោកដាយរាក់ទាក់ជានិច្ចទាន !
- ខ្ញុំបានបង្ហាញជង្រុកនោះឲ្យគាត់ពួន។
- អូនឯងឆ្លាតមែន។
- តែប្អូនខ្លាចក្រែងពួកវារើជង្រុកទៀតណ៎ា !
- តែប៉ុណ្ណោះយើងចោលផ្ទះហើយ។
- កុំបង ! កុំ ! គ្នាគេច្រើនណាស់
- ទេ ! មិត្ដរបស់បងមានអាសន្នធំហើយ តោងស្លាប់រស់ជាមួយគ្នា។
- ទេបង ! ទេ !
- ម៉េចពួកវា រកមានន្ទមិនឃើញ ក្នុងជង្រុក ?
- ប្អូនមិនដឹងជាគាត់ទៅពួនឯណាទៀតទេ។ ប្រហែលគាត់ចេញទៅ ពួនឯណាទៀតហើយ។
- ខ្ញុំបាទជម្រាបថា នៅទីនេះគ្មានចោរទេ លោកមិនជឿខ្ញុំ ។ ម៉េចរកឃើញទេលោក ?
- ខ្ញុំត្រូវរកឲ្យសព្វកន្លែង។
- បាទ ! ខំរកទៅក្រែងបានឡើងបុណ្យសក្ដិបន្ដិចទៀត
- ខ្ញុំបាទជាខ្មែរអ្នកសប្បុរស រួចបើកងរាជការ មករុកកួនយ៉ាងនេះ មុខជាខូចចិត្ដច្រើន ជាមិនខាន។
- ខ្ញុំធ្វើនេះ សម្រាប់ជាប្រយោជន៍អ្នករាល់គ្នាទេតើ ?
- ឱ ! មិនមែនដោយឈ្នានីស ដោយចង់យកគាប់គួរ ឬដោយចង់បានបុណ្យសក្ដិទេ ?
- តោងលោកជ្រាបថា ខ្ញុំជាមនុស្សកាចណាស់ ក្រៅពីលោកខ្ញុំទះកំផ្លៀងហើយ។
- អ្នកកាន់អំនាច មិនដែលទះកំផ្លៀងជនអ្នកស្លូតត្រង់ទេ ? តើចោរនោះចិន ឬ យួន ?
- ខ្មែរ!
- អូ ខ្មែរ ! ខ្ញុំមានសេចក្ដីសោកស្ដាយណាស់ តាមរបៀបរកចាប់ទាំងព្រលឹម ខ្ញុំស្មានថាជាចិន ឬ ជ្វា។
ក្នុងពេលនោះ បងប្រុសរបស់ឧត្ដម ដែលកំពុងបរិភោគបាយជាមួយ ក៏លាឧត្ដមទៅភូមិភ្នៀត គឺលោកឧត្ដុង្គ ។ គាត់មានបុត្រីមួយ ឈ្មោះនាងមាលា រូបល្អគួរសម ដែលបរិភោគបាយ ជាមួយគាត់។ ក្នុងពេល ដែលគេឆែកឆេរផ្ទះ នាងមាលា គ្មានតក់ស្លុតអ្វីទេ។ និលពេជ្រចេះតែលបមើលនាង ម្ដងជាពីរដងដែរ។ នាងដឹងខ្លួន ខាំធ្មេញខឹងនឹងនិលពេជ្រជាពន់ពេក។ លុះលាឧត្ដម ជាឪពុកមាហើយ នាងឡើងលើរទេះ អង្គុយលើចំបើង យ៉ាងស្រួលបួល។ ឪពុកនាង លោកឧត្ដុង្គ បររទេះទៅ ក្រោយដែលបានលានាងយីហ៊ុប និងឧត្ដមដែលបានជូននាងដល់រទេះ។ តាមផ្លូវ នាងមាលានិយាយថា៖
- យី ! ខ្ញុំមិនដែលឃើញពួក អីក៏មហាតម៉្លេះ ? ចូលរុករានផ្ទះគេទាំងអំណាច ឫកក្រអើតគ្រប់គ្នា។
- អញ្ចឹងហើយពួកគេនោះ។
- ពួកអាអស់នេះ បានតែកាប់ចោលឲ្យអស់ទេ។ ហ៊ី ! និយាយពីអាមេគេនោះ វាធ្វើឫកសង្ហាណាស់ ច្រត់ដៃចំខែង។
- អឺ !
- វាសុទ្ធតែរកចោរ ៗ។ វាចេះតែពាក្យមួយម៉ាត់នេះ មើលទៅ។ ឲ្យតែចង់ចាប់អ្នកណា អ្នកនោះចោរហើយ។ ហ៊ី ! បន្ដិច
- អឺ ! ខ្មែរយើងចិត្ដគ្រាន់បើ តាំងពីដើមមក។
- ខ្ញុំស្អប់វាណាស់។ ធ្វើម្ដេច ឲ្យមានខ្មែរណាបះបោរឡើង ខ្ញុំជួយខ្មែរនោះទាំងចិត្ដ ទាំងធនធានមិនខាន។
- គ្មានអ្នកណាចង់នៅខ្ញុំគេទេ តែគ្មានខ្មែរណាហ៊ានហើបទេ ព្រោះគេដឹង គេសម្លាប់ចោលទៅ។
- គិតទៅអាណិតគ្នា អ្នករត់នោះ។ ប្រហែលមិនដឹង ជាគ្នាភិតភ័យយ៉ាងណាទេ ។ ខ្ញុំលបសួរមីងយីហ៊ុប ៗថា «មិនមែនចោរឯណាទេ គាត់នោះឈ្មោះមានន្ទ» ។ គាត់ជាមេទ័ពណ៎ាពុក «មេទ័ពរបស់ព្រះកម្ពុត» ។ គេរកចាប់គាត់ ដោយរំលោភតែម្ដង។ គាត់ជាមនុស្សសុចរិតទេ។
- អ្នកណា ? មានន្ទ ? ឪពុកស្គាល់ហើយ មានន្ទ ត្រូវជាកូនបង្កើតរបស់ព្រះកម្ពុត នេះឯង ។ ឱ! បើមានន្ទ អាណិតស្រណោះ មែន ពីព្រោះគាត់នោះខែងណាស់ ចិត្ដស្រលាញ់ញាតិខ្មែរណាស់។ គាត់និយាយតែពីខ្មែរ កាន់ជើងខ្មែរ ការពារខ្មែរ ដាស់ទឹកចិត្ដខ្មែរ។ ហ៊ី ! មានន្ទ ហ្ន៎ ! ។ អាក្រក់មែន ពួកអាប្លន់នគរនេះ។ ឱ !ដូចនោះហើយ បានជាគេរកចាប់។ តែមិនអីទេ ទេវតាខ្មែរ គង់ជួយឲ្យមានន្ទ រួចពីភយន្ដរាយមិនខាន ខ្មែរនឹងឈ្នះអស់មារ សត្រូវមិនខាន។ ឱលោកអើយ ! ខ្ញុំបន់ មួយថ្ងៃដប់ដង មួយរយដង ឲ្យខ្មែរយើងឈ្នះម្ដងលមើល តើវាទៅណាទៅ អាពួកចោរពិតៗនោះ ? សព្វថ្ងៃឫកវា ធំណាស់ ឲ្យតែមានជ័យវិញម្ដង បានតែចាប់សម្លាប់ចោល ទើបសមមុខវា។
- ពុកអញ្ជើញទៅលើផ្ទះចុះ ទុកឲ្យខ្ញុំយករទេះទៅទុក យកគោទៅឯក្រោល។
នាងដោះគោរួច នាងនាំទៅចងឯក្រោល ។ នាងត្រលប់មកវិញ អូសរទេះ បញ្ចូលក្នុងខ្ទមនោះ ។ ស្រាប់តែបុរសម្នាក់ ឈរនៅពីមុខនាង ប្រលាក់ចំបើងស្រមាម។ នាងភ្ញាក់ហៀបនឹងស្រែកឡើង តែនាងនឹកឃើញថា មិនមែនចោរទេ។ នាងមើលមុខបុរសនេះ សម្រេចបានជាមនុស្សស្លូតត្រង់។ ទឹកមុខបុរស ហាក់អង្វរឲ្យនាងជួយធុរៈមួយ យ៉ាងធំ។ បុរសហត់អស់កម្លាំង។ ភែ្នកប្រុសដែលមើលនាង ធ្វើឲ្យនាងអាណិត ។ នាងសួរថា៖
- អ្នកឯងមកពីណា ?
- អ្នកជិះខ្ញុំមក !
- ទេ ! ខ្ញុំអត់ជិះអ្នកឯងទេ ។
- បើមិនជិះខ្ញុំ ម៉េចអ្នកបានមកដល់ទីនេះ?
- ឱ ! អីអ្នកឯងនៅពួនក្នុងចំបើង ?
- ចូរអ្នកកុំភ័យបារម្ភអ្វី!
- ខ្ញុំមិនមែនខ្លាចទេ គឺលោកទេដែលត្រូវភ័យនាះ។ ឥឡូវតើលោកបម្រុង អញ្ជើញទៅណាទៀត ?
- ដើររកអ្នកមានសប្បុរស និង នារីដែលមានរូបល្អ ចិត្ដល្អដូចអ្នក។
- លោកអាចជ្រកនៅក្នុងផ្ទះខ្ញុំនេះសិន ចាំខ្ញុំទៅជម្រាបលោកឪពុកខ្ញុំ។
- ទេ ! កុំ ! ខ្ញុំសូមអរគុណណាស់ ដោយមានចិត្ដអនុគ្រោះ មកដល់ខ្ញុំយ៉ាងនេះ ខ្ញុំមិនភ្លេចទេ អស់មួយជីវិតខ្ញុំ ។ ទៅជម្រាបលោកធ្វើអ្វី ពីព្រោះខ្ញុំជាសត្វពស់ តែគេដឹងឮ មុខជាអ្នក ក៏មិនបានសុខ ។ ហេតុនេះ ខ្ញុំសុំតែទឹកមួយផ្ដិលទេ បើអ្នកមេត្ដា ចែកទានផង។
- ច៎ាះ ! មានអី ចាំខ្ញុំដងមកជូន។
- សូមកុំទៅប្ដឹងគេណ៎ា !
- បើដូច្នោះ ខ្ញុំមិនទៅទេ ទុកឲ្យលោកស្រេកស្លាប់ចុះ !
- បើអ្នកមានចិត្ដករុណាមែន ៗ អ្នកអាចអញ្ជើញបាន។
- ខ្ញុំស្ដាយណាស់ដោយគ្មានពេលយូរ នឹងនិយាយជាមួយអ្នក។ អរគុណ នឹងទឹកមួយផ្ដិលណាស់។
- ទៅណាវិញ ? កុំអាលទាន់ទៅ . . . ចាំ . . . ច៎ាះ !
- វាសនាយើង បានជួបគ្នាតែប៉ុណ្ណេះទេ។ ខ្ញុំទៅមុខទៀត។
- ខ្ញុំត្រេកអរណាស់ ដោយសារបានជួប រួចបានជូនទឹកមួយផ្ដិលដល់ខ្មែរម្នាក់ ដែលស្រលាញ់ខ្មែរឯទៀត។
- បើផែនដីខ្មែរទាំងមូលមានកុលបុត្រ ប្រកបដោយចិត្ដដូចអ្នក ប្រហែលជាខ្ញុំមិនរងទុក្ខដូច្នេះទេ។ តែឥឡូវខ្ញុំទើបយល់ជាក់ថា ក្នុងដំណើរការជាតិ ដែលខ្ញុំកំពុងពុះពារនេះ ខ្ញុំហាក់ដូចឃើញកាន់តែជាក់ថា ពុំមែនមានតែខ្ញុំមួយទេ។
- ច៎ាះ ! គឺខ្ញុំមួយដែរ។
- ជយោ ! នារីខ្មែរ !
- ជយោ ! វីរបុរសខ្មែរ ! ឥឡូវយកសេះឪពុកខ្ញុំទៅ ។ លោកមានសោហ៊ុយទេ ?
- បាទ ! គ្មានទេ!
- លោកយកកញ្ចប់កន្សែងខ្ញុំនេះ ទៅចុះ។
- មាលា ! មាលា !
- ច៎ាះ !
- មក ម៉េចក៏យូរម៉្លេះ ?
- អាល័យតែរលត់ចន្លុះពុក ចាំខ្ញុំរកភ្លើងអុជសិន។
- សូមលាអ្នកហើយ ។ ថ្ងៃណាមួយគង់ជួបគ្នាវិញទេ។
- ច៎ាះ ! អញ្ជើញចុះ ឲ្យបានសុខសប្បាយ។
ដកស្រង់ចេញពី:http://km.wikipedia.org/
No comments:
Post a Comment