ព្រះមុនីកោសល ធន់ វ៉ាន់ រៀបរៀង
១- បដិរូបការី ជាអ្នកធ្វើការសមគួរដល់ការ
២- ធុរវា ជាអ្នកមិនដាក់ធុរៈចោល
៣- ឧដ្ឋកតា ជាអ្នកព្យាយាម ក្រោកធ្វើការ ។
អធិប្បាយ
ហេតុទី ១ : ត្រង់ពាក្យថា “ធ្វើការសមគួរដល់ការ” នោះ គឺ ធ្វើ ការងារឲ្យសមរម្យតាមសមត្ថភាពរបស់ខ្លួន ដែលល្មមលៃលកធ្វើបាន មិនហួសពីសមត្ថភាពរបស់ខ្លួន ។ ឯការងារដែលត្រូវធ្វើនោះ មាន៣ ថ្នាក់ គឺ ការងារថ្នាក់ខ្ពស់ ថ្នាក់កណ្ដាល ថ្នាក់ទាប ។ ទាំងមនុស្សម្នាក់ៗសោតទៀត ក៏ត្រូវតែមានឥទ្ធិបាទធម៌បួនប្រការនៅក្នុងខ្លួនគ្រប់គ្នា ។ ឥទ្ធិបាទធម៌ (ធម៌ជាជើងរឹទ្ធិ) ៤ ប្រការនោះគឺ
១- ឆន្ទៈ បំណង ២- វីរិយៈ ព្យាយាម ៣- ចិត្ត គំនិត ៤- វិមំសា ការពិចារណា ។
បើមនុស្សមានឥទ្ធិបាទធម៌ខ្ពស់ ធ្វើការងារក៏បានខ្ពស់បានប្រសើរ បើមានធម៌នោះយ៉ាងកណ្ដាល ធ្វើការងារក៏បានយ៉ាងកណ្ដាល បើមានទាប ក៏ធ្វើការងារបានទាបដែរ ។ ធ្វើការងារឲ្យសមតាមសមត្ថភាព សមតាមឥទ្ធិបាទធម៌និងសមតាមថ្នាក់របស់ការងារ ហៅថា “ធ្វើការសមគួរដល់ការ” ឬ “សមតាមទំនងការ” ដូចភាសិតថា ដាំជើងក្រាន ឲ្យប្រមាណឆ្នាំង ។
ផ្ទុយទៅវិញ បើធ្វើការមិនសមគួរដល់ការ ឬមិនត្រូវតាមទំនង ឬក៏ហួសសមត្ថភាពខ្លួន ដែលត្រូវនឹងភាសិតថា ដៃខ្លីស្រវាឱបភ្នំ ការងារនោះ មិនសម្រេចប្រយោជន៍ដល់ខ្លួនទេ ។
ហេតុទី ២ : ត្រង់ពាក្យថា “មិនដាក់ធុរៈចោល” នោះ គឺ ការងារណាដែលប្រារព្ធធ្វើ មិនត្រូវបោះបង់ចោលទេ ត្រូវប្រឹងតស៊ូ ក្រាញ ននៀល ឈ្មុសឈ្មុលរកឧបាយ រកច្រក ដើរទៅមុខជាដរាប ឲ្យទាល់តែការងារនោះសម្រេចតាមគោលបំណង ។ ឯការតស៊ូចំពោះការងារដែលធ្វើនោះ គួរយកតម្រាប់តាមបែបរបស់ឫសឈើ ។ ធម្មតាឫសឈើ តែដុះចាក់តម្រង់ទៅទិសត្រង់ណាហើយ មិនចេះរាថយក្រោយទេ បើទុកណាជាវាដុះចាក់ទៅត្រូវប៉ះ និងដុំថ្មក្ដី ដុំឥដ្ឋក្ដី ក៏វាមិនព្រមថយក្រោយដែរ វាស៊ូទ្រាំក្រាញរួញក្រញាញ់ហើយវាពង្រីកខ្លួនវាឲ្យធំ ឲ្យរឹងប៉ឹងប្រឹងផ្សំកម្លាំងឲ្យបានខ្លាំង យូរៗទៅ ក៏អាចរុញធាក់ច្រានដុំថ្ម- ដុំឥដ្ឋ នោះឲ្យរបើកចេញបាន យ៉ាងណាមិញ ការតស៊ូចំពោះការងារដែលបានធ្វើ មិនបោះបង់ចោលប្រឹងតស៊ូដរាបដល់ការនោះបានសម្រេចប្រយោជន៍ដល់ខ្លួន ក៏យ៉ាងនោះដែរ ដូចភាសិតថា បើមានប្រាថ្នាត្រង់ណា មុខជាមានចន្លោះត្រង់នោះមិនខាន ។
ហេតុទី ៣ : ត្រង់ពាក្យថា “ជាអ្នកមានព្យាយាម” នោះ គឺក្រោកធ្វើការ ខំប្រឹងប្រែង ខ្មីឃ្មាត សង្វាត ឱហាតក្រោកឡើងធ្វើការផ្សេងៗ តទល់ អត់ទ្រាំឧបសគ្គគ្រប់យ៉ាង មានត្រជាក់ ក្ដៅ ជាដើម មិនខ្ជិលច្រអូស មិនអាងហេតុផ្សេងៗ មានហេតុថា “ព្រឹកណាស់ ហើយមិនប្រកបការងារ” ជាដើមនោះឡើយ ដូចភាសិតថា “បើចង់ចេះ ឲ្យសម្លាប់អាចារ្យ” អាចារក្នុងទីនេះ “គឺអាចារៈ” សំដៅយកមារយាទថោកទាប មារយាទខ្ជិល (កោសជ្ជៈ) ។ កោសជ្ជៈ គឺការខ្ជិលច្រអូសនេះ បើមាននៅក្នុងសន្ដានអ្នកណាហើយ រមែងដឹកនាំអ្នកនោះឲ្យដើរខុសផ្លូវ ដឹកនាំឲ្យក្រ ឲ្យល្ងង់ខ្លៅ ឲ្យថោកទាប ឲ្យវិនាសអន្តរាយគ្រប់យ៉ាង បានជាភាសិតបង្គាប់ថា ឲ្យសម្លាប់មារយាទអាក្រក់ គឺឲ្យបោះបង់ចោល បើមិនដូច្នោះទេ រមែងទទួលនូវវិបត្តិគ្រប់យ៉ាង ដូចរឿងកុសិតមាណព ។
សេចក្ដីតំណាល មានមាណពម្នាក់ឈ្មោះ កុសិតៈ ជាកូនសិស្សអាចារ្យទិសាបាមោក្ខ ។ ថ្ងៃមួយ ជាថ្ងៃសម្រាករៀន ពួកកូនសិស្សទាំងឡាយ បានចេញពីកន្លែងរៀងខ្លួន នាំគ្នាចូលទៅក្នុងព្រៃដើម្បីរកកាច់អុស តាមការបង្គាប់របស់លោកគ្រូអាចារ្យ ។ លុះចូលទៅដល់ព្រៃហើយ កុសិតមាណព អាងថា “នៅពេលព្រឹកណាស់” ហើយមិនទាន់រកកាច់អុស ក៏ដេកនៅក្រោមដើមថ្ងាន់មួយ លុះដេកលក់ហួសប្រមាណ ដរាបដល់ថ្ងៃរសៀលទាប ទើបភ្ញាក់ឡើង ក៏ប្រញាប់ប្រញាល់ស្រវាឡើងដើមថ្ងាន់ ដើម្បីកាច់មែកថ្ងាន់រស់ធ្វើជាអុស ។ ឯមែកថ្ងាន់ ក៏បាក់ផ្ទាត់មកត្រូវចំភ្នែកមាណព ៗ ក៏មានភ្នែកអន្ធការ ។ ឯអុស ក៏មិនបានឈើស្ងួត ដូចជាអ្នកឯទៀតផង ភ្នែកក៏ដល់នូវអាការប្លែកពីធម្មតាផង កូនសិស្សឯទៀតជាមិត្ត មានការលំបាកនឹងជួយគ្រាកុសិតមាណពឲ្យវិលត្រឡប់ទៅទីលំនៅវិញផង លុះគ្រូអាចារ្យដឹងរឿងនោះហើយ ក៏ស្ដីបន្ទោសផង ។ នាំរឿងខ្លីមក សឲ្យឃើញថា ការខ្ជិលច្រអូស (កោសជ្ជៈ) នេះ គេមិនត្រូវបណ្ដោយទុកឲ្យនៅក្នុងសន្ដានឡើយ ត្រូវតែលះបង់ចោលឲ្យស្រឡះពីសន្តាន ព្រោះវានាំឲ្យថោកទាប នាំឲ្យក្រីក្រ នាំឲ្យសៅហ្មងគ្រប់យ៉ាង ។ កាលបើលះបង់កោសជ្ជៈចេញហើយ ត្រូវប្រឹងប្រែងបំពេញកិច្ចការគ្រប់យ៉ាង ត្រូវមានគំនិតខ្ពង់ខ្ពស់ ត្រូវពិចារណាឲ្យស្គាល់ហេតុផលគ្រប់យ៉ាង ត្រូវប្រព្រឹត្តប្រយោជន៍ ២ យ៉ាងឲ្យកើត គឺប្រយោជន៍លោកនេះ និងប្រយោជន៍លោកខាងមុខ ។
កាលបើបានកាន់ប្រព្រឹត្ត ដូចរៀបរាប់មកខាងលើនេះហើយ ទ្រព្យសម្បត្តិគ្រប់យ៉ាង រមែងកើតឡើងដល់ខ្លួនមិនខាន ។
ន័យមួយទៀត ទ្រព្យសម្បត្តិ មិនមែនកើតឡើងដល់បុគ្គល ត្រឹមតែធ្វើការសមគួរដល់ការ មិនដាក់ធុរៈចោល ព្យាយាមមិនបន្ធូរបន្ថយ ប៉ុណ្ណោះទេ ត្រូវប្រកបដោយបញ្ញា និងការចងមិត្រថែមទៀត សមដូចភាសិតលោកសម្ដែងទុកថា
បញ្ញា ឧស្សាហ៍ ការចងមិត្រ រកទ្រព្យគួរគិតឲ្យមានឡើង
គុណ ៣ ប្រការនេះនាំថ្កើង ទ្រព្យចម្រើនឡើងជានិរន្តរ៍ ។
(ទស្សនាវដ្តី កម្ពុជសុរិយា ឆ្នាំ១៩៧៤)
ដកស្រង់ពី http://khmerbuddhism.wordpress.com/
No comments:
Post a Comment