អនុត្តរិយៈ គឺធម្មជាតដ៏ប្រសើរ ឬធម្មជាតប្រសើរបំផុត នេះមាន ៦ យ៉ាងគឺ៖
១. | ទស្សនានុត្តរិយំ | ទស្សនានុត្តរិយៈ ប្រសើរបំផុតដោយការឃើញ |
២. | សវនានុត្តរិយំ | សវនានុត្តរិយៈ ប្រសើរបំផុតដោយការស្ដាប់ |
៣. | លាភានុត្តរិយំ | លាភានុត្តរិយៈ ប្រសើរបំផុតដោយការបាន |
៤. | សិក្ខានុត្តរិយំ | សិក្ខានុត្តរិយៈ ប្រសើរបំផុតដោយការសិក្សា |
៥. | បារិចរិយានុត្តរិយំ | បារិចរិយានុត្តរិយៈ ប្រសើរបំផុតខាងការបម្រើ |
៦. | អនុស្សតានុត្តរិយំ | អនុស្សតានុត្តរិយៈ ប្រសើរបំផុតដោយការរលឹករឿយ |
( អនុត្តរិយសូត្រ បិដកលេខ ៤៦ ទំព័រ ១០ និងសង្គីតិសូត្រ បិដកលេខ ១៩ ទំព័រ ២០៧ )
គប្បីជ្រាបសេចក្ដីអធិប្បាយក្នុងអនុត្តរិយៈទាំងនេះ ដូចតទៅនេះ៖ បទថា អនុត្តរិយានិ សេចក្ដីថា ( ការឃើញជាដើម ) ដែលវៀរចាកវត្ថុដទៃក្រៃលែងជាង ឈ្មោះថា អនុត្តរិយ ។ បទថា ទស្សនានុត្តរិយំ សេចក្ដីថា ( ការឃើញព្រះពុទ្ធជាដើម ) ជាការឃើញដ៏ប្រសើរ ក្នុងការឃើញរូបទាំងឡាយក្នុងបទទាំងពួង ក៏មានន័យដូចគ្នា ។ អធិប្បាយថា ការឃើញដំរីកែវជាដើម មិនឈ្មោះថា ជាទស្សនានុត្តរិយៈ ចំណែកការឃើញព្រះទសពលក្ដី ព្រះភិក្ខុសង្ឃក្ដី ដោយអំណាចសេចក្ដីស្រឡាញ់ដ៏មាំ ការឃើញនិមិត្តណានីមួយ មានកសិណ និងអសុភនិមិត្តជាដើមក្ដី របស់អ្នកមានសទ្ធាតាំងមាំហើយ ឈ្មោះថា ទស្សនានុត្តរិយៈ ។ ការស្ដាប់គុណកថារបស់ក្សត្រជាដើម មិនឈ្មោះថាជាសវនានុត្តរិយៈ ចំណែកការស្ដាប់គុណកថារបស់ព្រះរតនត្រ័យ ដោយអំណាចនៃសេចក្ដីស្រឡាញ់ដ៏មាំក្ដី ការស្ដាប់ព្រះពុទ្ធវចនៈ គឺព្រះត្រៃបិដកក្ដី របស់អ្នកមានសទ្ធាតាំងមាំហើយ ឈ្មោះថា សវនានុត្តរិយៈ ។ ការបានកែវមណីជាដើម មិនមែនជាលាភានុត្តរិយៈ ចំណែកការបានអរិយទ្រព្យ ៧ ឈ្មោះថា លាភានុត្តរិយៈ ។ ការសិក្សាសិល្បៈទាក់ទងនឹងដំរីជាដើម មិនឈ្មោះថាជាសិក្ខានុត្តរិយៈ ចំណែកការបំពេញត្រៃសិក្ខា ឈ្មោះថា សិក្ខានុត្តរិយៈ ។ ការបម្រើក្សត្រជាដើម មិនឈ្មោះថា ជាបារិចរិយានុត្តរិយៈ ចំណែកការបម្រើព្រះរតនត្រ័យ ឈ្មោះថា បារិចរិយានុត្តរិយៈ ។ ការរលឹកដល់គុណក្សត្រជាដើម មិនឈ្មោះថាជាអនុស្សតានុត្តរិយៈ ចំណែកការរលឹកដល់គុណព្រះរតនត្រ័យ ឈ្មោះថា អនុស្សតានុត្តរិយៈ ។ អនុត្តរិយៈទាំង ៦ នេះ ព្រះមានព្រះភាគត្រាស់ទុក ទាំងលោកិយ ទាំងលោកុត្តរ ដោយប្រការដូចពណ៌នាមកនេះ |
ដកស្រង់ចេញពី http://aphirati.blogspot.com/2012/05/blog-post_08.html
No comments:
Post a Comment