[...]ក៏កាលទុព្ភិក្ខភ័យកើតឡើងក្នុងអល្លកប្ប រដ្ឋ មនុស្សប្រុសម្នាក់ឈ្មោះកោតុហលិកៈ មិនអាចដើម្បីនឹងចិញ្ចឹមជីវិត ទើបនាំភរិយាឈ្មោះកាលីមានកូនខ្ចី តាំងចិត្តថានឹងទៅរកស៊ីចិញ្ចឹមជីវិតក្នុងនគរកោសម្ពីដាក់ស្បៀង ចេញដំណើរទៅ ។ លោកខ្លះពោលថា កាលមហាជនកំពុងតែស្លាប់ ព្រោះអហិវាទករោគ គេទើបនាំគ្នាចេញរត់ទៅក៏មាន ។ គេនាំគ្នាដើរទៅ លុះអស់ស្បៀងហើយ គឺសេចក្ដីស្រេកឃ្លានបៀតបៀនហើយ មិនអាចនឹងនាំទារកទៅបាន។
លំដាប់នោះ ស្វាមីនិយាយនិងភរិយាថា ប្អូនស្រីដ៏ចំរើន កាលយើងនៅមានជីវិត គង់តែនឹងបានបុត្រទៀត យើងចោលវាទៅចុះ ។ ធម្មតាហឫទ័យរបស់មាតាទន់ ព្រោះដូច្នោះ នាងទើបឆ្លើយតបថា ខ្ញុំមិនអាចនឹងចោលបុត្រដែលនៅទាំងរស់បានទេ ។
ស្វាមី- បើដូច្នោះ នឹងធ្វើយ៉ាងណា ?
ភរិយា- យើងផ្លាស់ប្ដូរគ្នានាំវាទៅ ។
មាតាដល់វារៈរបស់ខ្លួនលើកបុត្រនោះឡើងហាក់ដូចជាផួងផ្កាបី ឲ្យដេក (ឱបទុម) ត្រង់ទ្រូងហើយពទៅដោយចង្កេះឲ្យដល់បិតា ។ សូម្បីព្រោះសេចក្ដីឃ្លានក្នុងទីដែលគេទទួលបុត្រដាក់ទុកហើយ ៗ វេទនាកើតឡើងដល់គេជាខ្លាំង គេទើបនិយាយនឹងភរិយានោះហើយ ៗ ញយ ៗ ថា នាងចំរើន កាលបើយើងនៅមានជីវិត គង់តែនឹងបានបុត្រទៀត ។ យើងចោលវាទៅចុះ ។ ឯភរិយានោះក៏បានហាមឃាត់ជាច្រើនដងច្រើនគ្រា (តមក) នាងទើបនៅស្ងៀម ។ ទារកត្រូវគេផ្លាស់ប្ដូរគ្នាទៅមកអស់កម្លាំងហើយដេកលក់នៅដៃបិតា ។ គេដឹងអាការដែលទារកនោះដេកលក់ហើយ ឲ្យមាតាដើរទៅខាងមុខ ដាក់បុត្រនោះឲ្យដេកលើកម្រាលស្លឹកឈើ ខាងក្រោមគល់ឈើមួយគុម្ព ដើរតទៅហើយ ។ មាតាងាកមកមើលមិនឃើញបុត្រហើយ សួរថា អ្នកប្ដី បុត្រខ្ញុំទៅណា ?
បិតា- អញដាក់ឲ្យដេកក្រោមគុម្ពឈើមួយគុម្ព ។
ភរិយា- អ្នកប្ដីកុំញ៉ាំងខ្ញុំឲ្យវិនាសឡើយ បើខ្ញុំវៀរ (ប្រាសពី) បុត្រហើយ មិនអាចនឹងរស់នៅបានទេ ចូរទៅនាំបុត្រមកឲ្យខ្ញុំ នាងពោលដូច្នេះហើយគក់ទ្រូងទួញយំ ។
លំដាប់នោះ ស្វាមីត្រឡប់ទៅនាំយកបុត្តនោះមក ។ ឯបុត្រក៏បានស្លាប់បាត់បង់ក្នុងចន្លោះផ្លូវហើយ ។ នាយកោតុហលិកបិតាចោលបុត្រក្នុងទីមានប្រមាណប៉ុណ្ណេះឯង ក្នុងភពជាលំដាប់ត្រូវគេចោលដល់ ៧ ដង ព្រោះផលនៃកម្មនោះ ។ ឈ្មោះថាកម្មដ៏លាមកនេះ មិនគួរមើលងាយថាមានប្រមាណតិចទេ ។ គេទាំងពីរនាក់នោះ ធ្វើដំណើរទៅដល់ត្រកូលនាយគោបាល (អ្នករក្សាគោ) មួយកន្លែង ។
ក្នុងថ្ងៃនោះ នាយគោបាលមានបុណ្យឆេនុមង្គល (ការមង្គលដែលគេធ្វើព្រោះមេគោក្រមុំជាហេតុ) ។ ព្រះបច្ចេកពុទ្ធមួយអង្គឆាន់ក្នុងផ្ទះនាយគោបាលជានិច្ច (សម្គាល់សេចក្ដីថា បដិគាហកប្រចាំត្រកូលទទួលអាហារបិណ្ឌបាត្រទីនោះរាល់ថ្ងៃទៅ) ។ គេនិមន្តលោកឲ្យឆាន់ហើយ បានធ្វើការមង្គល ។ គេតាក់តែងបាយបាយាសទុកជាច្រើន ។ នាយគោបាលឃើញអ្នកទាំងពីរដើរមក ទើបសួរថា មកអំពីណា ដឹងសេចក្ដីប្រព្រឹត្តទៅទាំងពួងហើយ ជាមនុស្សមានចិត្តអាណិតអាសូរ ធ្វើសេចក្ដីអនុគ្រោះក្នុងគេហើយ ប្រើបម្រើឲ្យ ៗ បាយបាយាសព្រមដោយសប្បិល្មមគ្រាន់ ។ ភរិយាទើបនិយាយនឹងស្វាមីថា អ្នកប្ដី កាលបើអ្នកនៅរស់ ខ្ញុំក៏បានឈ្មោះថានៅរស់ដែរ អ្នកមានចំពោះដាច់ខាត (ចាកអាហារ) មកយូរ អញ្ជើញពិសាតាមត្រូវការចុះ ហើយចាប់យកបាយបាយាស ព្រមដោយសប្បិដាក់ទុកចំពោះមុខគេ ខ្លួនឯងបរិភោគសប្បិសាបៗ តែបន្តិចបន្តួចប៉ុណ្ណោះ ។ ស្វាមីបរិភោគច្រើនហើយ នៅតែមិនអាចកាត់ចំណង់ក្នុងអាហារបាន ព្រោះសេចក្ដីឃ្លានមកអស់ ៧, ៨ ថ្ងៃ ។ នាយគោបាលប្រើបម្រើឲ្យយកបាយបាយាសឲ្យគេពីរនាក់ហើយ ចាប់ផ្ដើមបរិភោគខ្លួនឯង ។ នាយកោតុហលិកអង្គុយមើលគេ ឃើញនាយគោបាលពូតដុំបាយបាយាសឲ្យមេសុនខដែលដេកនៅក្រោមជើងតាំង នឹកក្នុងចិត្តថាសុនខនេះមានបុណ្យបានភោជនបែបនេះជានិច្ច ។ ក្នុងចំណែករាត្រី គេមិនអាចញ៉ាំងបាយបាយាសនោះឲ្យរលួយទៅបានធ្វើកាលៈ(ស្លាប់)ហើយ កើតក្នុងផ្ទៃមេសុនខនោះ ។ លុះភរិយាគេធ្វើការបញ្ចុះសពរួចហើយ ធ្វើការស៊ីឈ្នួលនៅក្នុងផ្ទះនោះឯង បានអង្ករមួយនាឡិដាំបាយហើយ ដាក់ក្នុងបាត្រព្រះបច្ចេកពុទ្ធពោលឧទ្ទិសថា លោកម្ចាស់ សូមផលបុណ្យចំណែកនេះ នឹងដល់ទៅទាសៈរបស់លោកម្ចាស់ ហើយនឹកថា អញគួរតែនៅក្នុងផ្ទះនេះឯង លោកម្ចាស់ លោកមកទីនេះជាប់ជានិច្ច ទេយ្យធម្មវត្ថុមានឬមិនមានក៏ដោយ កាលអញថ្វាយបង្គំធ្វើវេយ្យាវច្ចករ ញ៉ាំងចិត្តឲ្យជ្រះថ្លារាល់ថ្ងៃ គង់តែនឹងបានទទួលបុណ្យច្រើនដូច្នេះ ហើយនាងនៅធ្វើការឈ្នួលក្នុងផ្ទះជាប្រាកដ។
មេសុនខនោះឯងសម្រាលកូនសុនខឈ្មោលតែមួយគត់ ក្នុងថ្ងៃខែទី ៦ ឬទី ៧ ។ នាយគោបាលឲ្យបម្រើឲ្យទឹកដោះស្រស់មេគោក្រមុំមួយដល់វា ។ វាចម្រើនធំហើយអស់កាលមិនយូរពេក ។ ខាងក្រោយ ព្រះបច្ចេកពុទ្ធឆាន់ឲ្យជុំភត្តដល់វាមួយជុំជានិច្ច ។ វាអាស្រ័យជុំភត្តបានសេចក្ដីស្នេហាក្នុងព្រះបច្ចេកពុទ្ធ (មួយថ្ងៃពីរដងជាដរាប) ។ សូម្បីកាលគេដើរទៅ បានយកដំបងវាយត្រង់គុម្ពឈើនឹងផែនដីក្នុងស្ថានដែលមានម្រឹគ សាហាវ (សត្វសាហាវដូចខ្លា) ក្នុងចន្លោះផ្លូវ បញ្ចេញសំឡេងដេញថា សុសុ ដូច្នេះបីដង ឲ្យពាលម្រឹគទាំងឡាយគេចចេញទៅហើយ ។ សូម្បីសុនខ ក៏បានទៅជាមួយផងដែរ ។ ថ្ងៃមួយ គេផ្ដាំព្រះបច្ចេកពុទ្ធថា លោកម្ចាស់ គ្រាណាខ្ញុំរកឱកាស (ទៅ) មិនបាន គ្រានោះនឹងបញ្ជូនសុនខនេះទៅ លោកគប្បីមកតាមគ្រឿងសម្គាល់ដែលបញ្ជូនវានេះទៅ ។
ចាប់ដើមអំពីនោះមក ក្នុងថ្ងៃរកឱកាសមិនបាន បានបញ្ជូនសុនខទៅ ប្រាប់ថាកូនទៅនាំព្រះបច្ចេកពុទ្ធមកចុះ ។ ដោយឮតែពាក្យមួយម៉ាត់ប៉ុណ្ណោះ វាស្ទុះបោលទៅ (មិនឈប់ចាំស្ដាប់ទៀតទេ) លុះដល់ទីដែលម្ចាស់ (ធ្លាប់) វាយគុម្ពឈើនិងផែនដីព្រុះបីដង ដឹងអាការដែលខ្លួនដេញពាលម្រឹគឲ្យចៀសចេញទៅ ដោយសំឡេងនោះហើយ ដើរ (ដើរតទៅ) ដល់លំនៅព្រះបច្ចេកពុទ្ធ អ្នកដែលធ្វើការប្រតិបត្តិ ជម្រះរាងកាយអំពីព្រឹកហើយ ចូលទៅកាន់បណ្ណសាលាអង្គុយហើយ ព្រុសបីដងទៀតត្រង់ទ្វារបណ្ណសាលា ឲ្យលោកដឹងថាខ្លួនមកហើយ ដេកចាំចំណែកម្ខាង ។ កាលព្រះបច្ចេកពុទ្ធកំណត់វេលាដ៏គួរហើយ ដើរចេញក្រៅបណ្ណសាលាវាព្រុះដើរ នាំទៅខាងមុខ ៗ ។ ព្រះបច្ចេកពុទ្ធកាលល្បងមើលវាក្នុងចន្លោះ ៗ បានដើរបែកទៅផ្លូវដទៃ (ដែលមិនមែនផ្លូវទៅផ្ទះនាយគោបាល)។
ទីនោះវាទើបឈរទទឹងរាំងខាងមុខលោក ព្រុស ជាទីប្រាប់ថាមិនមែនផ្លូវនោះទេ ហើយនាំលោកត្រឡប់ទៅកាន់ផ្លូវដែលត្រង់ទៅ ផ្ទះរបស់ខ្លួន ។ ខាងក្រោយ ថ្ងៃមួយលោក ល្បងមើលវាទៀត ធ្វើជាដើរទៅកាន់ផ្លូវដទៃ ដល់វានឹងឈរទទឹងមុខហាមឃាត់ ក៏មិនត្រឡប់យកជើងទាត់វា ឲ្យចៀសចេញ ហើយដើរតទៅ ។សុនខដឹងអាការដែលលោកមិនត្រឡប់ហើយ ទាញលោកទៅកាន់ផ្លូវត្រូវទាល់តែបាន ។ វាញ៉ាំងសេចក្ដីស្នេហាមានកម្លាំងឲ្យកើតឡើងក្នុងព្រះបច្ចេកពុទ្ធ នោះដោយប្រការដូច្នោះ ។ អំពីនោះមក កាលដទៃទៀត សម័យព្រះបច្ចេកពុទ្ធមានចីវរចាស់ដាច់ដាចហើយ ទើបនាយគោបាលថ្វាយសំពត់ ដើម្បីធ្វើចីវរដល់លោក ។ ព្រះបច្ចេកពុទ្ធពន្យល់គេថា អាវុសោ ធម្មតាចីវរធ្វើមនុស្សតែម្នាក់ឯងធ្វើបានដោយលំបាក អាត្មានឹងទៅកាន់សប្បាយហើយ ពឹងកម្លាំងអ្នកដទៃជួយធ្វើ ។
នាយគោបាល- និមន្តលោកម្ចាស់ធ្វើក្នុងទីនេះចុះ ។
ព្រះបច្ចេកពុទ្ធ- មិនអាច នឹងធ្វើបានទេ អាវុសោ ។
នាយគោបាល- បើដូច្នោះ សូមលោកម្ចាស់កុំនៅខាងក្រោយយូរពេកព្រះករុណា ។
សុនខបានឈរស្ដាប់ចរចាគ្នានិងគ្នា ។ ព្រះបច្ចេកពុទ្ធពោលថា នៅចុះ ឧបាសក នាយគោបាលត្រឡប់ហើយ អណ្ដែតឡើងកាន់វេហាស៍ អាកាសជាទីរីករាយនៃសត្វស្លាបបែរមុខចំពោះទៅរកភ្នំគន្ទមាទន៍ទៅ ហើយ ។ សុនខឃើញលោកនិមន្តទៅតាមអាកាស ក៏ឈរព្រុះទាល់តែលោកកំបាំងរង្វង់ចក្ខុខ្លួន ហទ័យបែកហើយ (បែកទ្រូងស្លាប់)។
ធម្មតាសត្វតិរច្ឆាននេះ មានអធ្យាស្រ័យត្រង់ឥតវៀចវេរទេ ចំណែកមនុស្សទាំងឡាយ ចិត្តគិតទៅយ៉ាងដទៃ មាត់និយាយទៅយ៉ាងដទៃ (មិនត្រង់គ្នាសោះ) ។ហេតុនោះឯង នាយនេស្សហត្ថារោហបុត្រ (បុត្រនាយជាង…..) ទើបទូលសម្ដេចព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន រាងគឺមនុស្សនោះសាំញាំ បពិត្រព្រះអង្គដ៏ចម្រើន រាងគឺបណ្ដាសត្វចិញ្ចឹមងាយ ។
ព្រោះទិដ្ឋិទៀងត្រង់មិនវៀចវេរនោះឯង វា (សុនខ) ធ្វើកាលៈហើយកើតក្នុងភពតាវត្តឹង្ស មាននាងអប្សរមួយពាន់ចោមរោម សោយមហាសម្បត្តិហើយ ។ ទេវបុត្រ (កំណើតសុនខ) នោះ កាលបើខ្សិបជិតគុម្ពត្រចៀកអ្នកណា ១៦ សម្លេងឮខ្ទរទៅដល់ដប់ពីរយោជន៍ ឯសម្លេងនិយាយជាធម្មតាឮគ្រប់ទេពនគរមានប្រមាណមួយម៉ឺនយោជន៍ ទាំងអស់ ហេតុនោះឯង លោកទើបមាននាមថា ឃោសកទេវបុត្រ ។
សួរថា ចុះនោះជាផលរបស់អ្វី ?
ឆ្លើយថា ផលរបស់ការព្រុះព្រោះសេចក្ដីស្រឡាញ់ក្នុងព្រះបច្ចេកពុទ្ធ ។
លោកឋិតនៅក្នុងតាវត្តិង្សពិភពនោះមិនយូរប៉ុន្មានក៏ច្យុត ។
រីទេវបុត្រទាំងឡាយរមែងច្យុតចាកទេវលោកដោយហេតុបួនប្រការ គឺ ១ អស់អាយុ ២ អស់បុណ្យ ៣ អស់អាហារ ៤ ក្រោធខឹងដូច្នេះ ។ ក្នុងបួនយ៉ាងនោះ អ្នកធ្វើបុញ្ញកម្មទុកច្រើន កើតក្នុងទេវលោកហើយស្ថិតនៅរហូតដល់អស់អាយុ (លុះច្យុតហើយ) កើតក្នុងជាន់លើ ៗ ឡើងទៅយ៉ាងនេះ ឈ្មោះថាច្យុតដោយអស់អាយុ ។ អ្នកធ្វើបុណ្យទុកបន្តិចបន្តួច មានបុណ្យសូន្យអស់ក្នុងចន្លោះ ដូចដាក់ស្រូវត្រឹមបួនប្រាំតៅទុកក្នុងកោសដ្ឋាគារ (ជង្រុកលួង) ធ្វើកាលៈក្នុងចន្លោះ (ស្លាប់ក្នុងអាយុនៅមិនគួរស្លាប់) យ៉ាងនេះ ឈ្មោះថាច្យុតដោយអស់បុណ្យ ។ មួយពួកទៀតបរិភោគកាមគុណ (ជ្រុលពេកទៅ) មិនបានបរិភោគអាហារដោយភ្លេចស្មារតីនឹក (អស់កម្លាំង) លំបាកកាយហើយធ្វើកាលៈ យ៉ាងនេះ ឈ្មោះថាច្យុតដោយអស់អាហារ ។ មួយពួកទៀត ចង់បាន សម្បត្តិរបស់អ្នកដទៃ កាលបើមិនអាចនឹងបានយកជាកម្មសិទ្ធិរបស់ខ្លួន ក៏ក្រោធខឹងហើយធ្វើកាលៈ យ៉ាងនេះ ឈ្មោះថាច្យុតដោយក្រោធខឹង ។
ឯឃោសកទេវបុត្រនេះ បរិភោគកាមគុណជ្រុលពេកទៅភ្លេចស្មារតីនឹក ច្យុតដោយអត់អាហារ ។ ក៏លុះច្យុតហើយចាប់បដិសន្ធិក្នុងផ្ទៃនាងនគរសោភិនីនោះ សួរស្រីបម្រើថា វាប្រុស ឬ ស្រី កាលស្រីបម្រើប្រាប់ថា ប្រុសអ្នកមេម្ចាស់ បង្គាប់ឲ្យបោះចោលថា យកចុះមេឯង ចូរលើកក្មេងនេះដាក់ច្រែងបោះចោលត្រង់គំនរសម្រាម ។ មែនពិត នាងនគរសោភិនីទាំងឡាយចិញ្ចឹមតែកូនស្រី កូនប្រុសមិនចិញ្ចឹមទេ ព្រោះប្រពៃណីរបស់ពួកវា កូនស្រីទើបបន្តទៅបាន ។ ក្អែកខ្លះ សុនខខ្លះ ឈរចោមរោមទារក ព្រោះផលនៃការព្រុះ មានសេចក្ដីស្នេហាក្នុងព្រះបច្ចេកពុទ្ធជាហេតុ សូម្បីក្អែក ឬ ឆ្កែតែមួយ ក៏មិនអាចចូលជិតបាន ។
ខណៈនោះ សុភាពបុរសម្នាក់ចេញទៅក្រៅភូមិ ឃើញក្អែកនិងសុនខប្រជុំគ្នាជាពួក នឹកថា នុ៎ះអ្វីហ្ន៎ ទៅទីនោះឃើញទារកហើយមានសេចក្ដីស្នេហាដូចបុត្រ គិតថា អញបានបុត្រហើយនាំទៅកាន់ផ្ទះ ។
គ្រានោះ សេដ្ឋីនគរកោសម្ពីកំពុងដើរទៅកាន់រាជត្រកូល ជួបបុរោហិតដើរត្រឡប់មកអំពីព្រះរាជនិវេសន៍ ទើបសួរថា លោកអាចារ្យ ថ្ងៃនេះលោកពិនិត្យមើលតិត្ថីករណ៍ផ្លូវចរផ្កាយនក្សត្រហើយឬ ?
បុរោហិត – បាទ លោកមហាសេដ្ឋី ពួកខ្ញុំមានកិច្ចអ្វីយ៉ាងដទៃទៀត (មានតែកិច្ចហ្នឹងហើយ) ។
សេដ្ឋី – ចុះស្រុកនគរនឹងជាយ៉ាងណាខ្លះ លោកអាចារ្យ ?
បុរោហិត – ហេតុយ៉ាងដទៃមិនមានទេ តែក្មេងដែលកើតក្នុងថ្ងៃនេះ នឹងបានជាសេដ្ឋីប្រសើរបំផុតក្នុងនគរនេះ ។
គ្រានោះ ភរិយាសេដ្ឋីមានភគ៌ចាស់ខែ ហេតុនោះ ទើបលោកបញ្ជូនបុរសជាប្រញាប់ទៅកាន់ផ្ទះ ប្រាប់ថា ឯងចូរទៅ ភរិយាអញសម្រាលកូនហើយឬនៅ កាលបានឮថានៅមិនទាន់សម្រាលទេ គាល់ព្រះរាជារួចហើយ ក៏ត្រឡប់ទៅផ្ទះជាប្រញាប់ ហៅស្រីបម្រើម្នាក់ឈ្មោះ កាលីមកហើយ ឲ្យប្រាក់មួយពាន់រៀលហើយប្រាប់ថា ឯងចូរទៅត្រួតត្រាមើលក្នុងនគរនេះ បើជួបក្មេងកើតក្នុងថ្ងៃនេះហើយ ចូរឲ្យប្រាក់គេមួយពាន់រៀលទិញយកមក ។ នាងកាលីដើរត្រួតត្រាមើលទៅផ្ទះនោះ ឃើញក្មេងហើយសួរគហបតានី (ស្រីមេផ្ទះថា) ក្មេងនេះកើតពីកាលណា ? កាលគេប្រាប់ថា កើតថ្ងៃនេះ ទើបនិយាយសូមថា ក្មេងនេះឲ្យខ្ញុំចុះ ថាទិញតាំងពីតម្លៃ មួយរៀលទៅដល់មួយពាន់រៀល (ទើបដាច់ស្រេច) ឲ្យប្រាក់មួយពាន់រៀលហើយនាំក្មេងមកឲ្យដល់សេដ្ឋី ។ សេដ្ឋីនឹកក្នុងចិត្តថា បើកូនអញសម្រាលមកជាស្រី នឹងឲ្យវាទៅគ្រប់គ្រងជាមួយកូនអញ ធ្វើវាឲ្យជាម្ចាស់ដំណែងសេដ្ឋី បើកូនរបស់អញសម្រាលមកជាប្រុស នឹងសម្លាប់ចោល ហើយឲ្យមនុស្សចិញ្ចឹមទុកក្នុងផ្ទះ ។ លុះកន្លងទៅបានពីរបីថ្ងៃ ភរិយាសម្រាលបុត្រប្រុសហើយ ។
សេដ្ឋីទើបគិតថា កាលបើមិនមានក្មេងនេះ កូនអញនឹងបានដំណែងសេដ្ឋី គួរតែសម្លាប់វាចោលឥឡូវនេះទៅ ហើយហៅនាងកាលីមកប្រាប់ថា ទៅចុះ មេឯងចូរញ៉ាំងក្មេងនេះឲ្យដេកទទឹងកណ្ដាលទ្វារក្រោក ក្នុងវេលាហ្វូងគោចេញពីក្រោល មេគោទាំងឡាយនឹងជាន់វាឲ្យស្លាប់ មួយទៀត ឯងត្រូវដឹងភាវៈនៃការជាន់ឬទេ រួចចាំមក ។ នាងកាលីនោះ ទៅដល់ល្មមនាយគោបាលបើកទ្វារក្រោល ញ៉ាំងក្មេងនោះឲ្យដេកតាមបង្គាប់ហើយ ។ គោឈ្មោលជាមេហ្វូង ក្នុងវេលាដទៃចេញក្រោយគេទាំងអស់ ក្នុងថ្ងៃនោះចេញមុនគេទាំងអស់ បានឈរក្រុងក្មេងទុកក្មេងចន្លោះជើងទាំងបួន ។ មេគោជាច្រើនរយ ដដុសខាងទាំងពីរនៃគោឈ្មោលចេញទៅ ។ ចំណែកនាយគោបាលនឹកថា កាលមុនគោឈ្មោលនេះចេញក្រោយគេទាំងអស់ តែថ្ងៃនេះបែរជាចេញមុនគេទាំងអស់ទៅវិញ នៅឈរជ្រែងត្រង់ទ្វារ នេះយ៉ាងម៉េចហ្ន៎ ហើយដើរទៅមើលឃើញក្មេងដេកនៅខាងក្រោមគោនោះ បានសេចក្ដីស្រឡាញ់ដូចជាបុត្រ សប្បាយចិត្តថា អញបានបុត្រ ហើយនាំទៅកាន់ផ្ទះ ។ នាងកាលី (ត្រឡប់) ទៅវិញ សេដ្ឋីសួរ ប្រាប់សេចក្ដីនោះ សេដ្ឋីប្រើទៅ ឲ្យប្រាក់គេមួយពាន់រៀលយកមកវិញ នាងឲ្យប្រាក់មួយពាន់រៀលហើយ បាននាំមកឲ្យទៀត ។
លំដាប់នោះ សេដ្ឋីបង្គាប់នាងថា មេកាលី រទេះប្រាំរយក្នុងនគរនេះ ក្រោកឡើងពេលជិតភ្លឺ នឹងបរទៅដើម្បីលក់ដូរ ឯងចូរនាំក្មេងនេះទៅឲ្យដេកក្នុងផ្លូវកង់ គោទាំងឡាយនឹងបានជាន់ ឬកង់នឹងបានកិនវា ឯងដឹងសេចក្ដីប្រព្រឹត្តទៅរបស់វា រួចហើយចាំមកប្រាប់ ។ នាងកាលីនាំក្មេងនោះទៅឲ្យដេកក្នុងផ្លូវកង់ហើយ គ្រានោះ ប្រធាននាយរទេះបានបរទៅខាងមុខ ។ លុះគោរបស់គេដល់ទីនោះហើយ រលាស់នឹមទម្លាក់ចោល សូម្បីគេលើកនឹមឡើងទឹមបណ្ដេញទៅហើយ ញយ ៗ វាក៏មិនដើរទៅមុខ ។ កាលគេព្យាយាម ចាប់ទឹមនឹងវាយ៉ាងនេះ អរុណរះឡើងហើយ ។ គេនឹកថា អាគោធ្វើនេះ តើជាយ៉ាងម៉េច ហើយពិនិត្យមើលផ្លូវឃើញទារកហើយគិតថា កម្មរបស់អញធ្ងន់ណាស់ហ្ន៎ ហើយត្រេកអរថា អញបានបុត្រហើយ នាំក្មេងនោះទៅផ្ទះហើយ ។ នាងកាលីត្រឡប់ទៅ (ផ្ទះវិញ) សេដ្ឋីសួរ ប្រាប់សេចក្ដីប្រព្រឹត្តទីនោះ លោកប្រើទៅឲ្យប្រាក់គេពាន់រៀលនាំយកមកវិញ (នាង) បានធ្វើដូច្នោះ ។
តមកទៀត សេដ្ឋីបង្គាប់នាងថា គ្រានេះ ឯងនាំវាទៅព្រៃខ្មោចស្រស់ ដាក់ឲ្យដេកក្នុងចន្លោះគុម្ពឈើ វានឹងត្រូវសុនខជាដើមខាំស៊ីអស់ ឬអមនុស្សប្រហារស្លាប់ទៅក្នុងទីនោះ[...]
រឿងឃោសកៈនេះ ជាចំណែកមួយក្នុងរឿង ព្រះនាងសាមាវតី រឿងនេះនៅវែងឆ្ងាយតទៅទៀត បើសាធុសប្បុរសចង់អាននិងឈ្វេងយល់ឲ្យបានពិស្តារ សូមទាញយកសៀវភៅ រឿងព្រះនាងសាមាវតី ជាPDF ដើម្បីអាននិងបានសិក្សាបន្ថែមអំពីកម្មផល កម្មពៀរវេរាផ្សេងៗ។
No comments:
Post a Comment