មនុស្សសត្វគ្រប់រូបដែលកើតមកលើ លោកសន្និវាសនេះ គ្មាននរណាម្នាក់ពេញចិត្តនឹងសេចក្តីទុក្ខឡើយ មិនតែប៉ុណ្ណោះ ថែមទាំងមិនចង់ជួបមិនចង់ឭពីពាក្យថាទុក្ខនេះទៀតផង ម្នាក់ៗប្រាថ្នាដើម្បីឲ្យបានរស់ជាសុខ កុំឲ្យមានទុក្ខ ប៉ុន្តែទុកជាប្រាថ្នាមិនចង់ជួបប្រទះនូវសេចក្តីទុក្ខនេះយ៉ាងណា ក៏ដោយ កាលណាមានរូប មានជីវិត ដែលគ្របដណ្តប់ទៅដោយអវិជ្ជានិងតណ្ហាហើយ រមែងមិនអាចចៀសផុតពីសេចក្តីទុក្ខបានឡើយ។ ក្នុងអត្ថបទខាងក្រោមនេះ ត្រូវបានដកស្រង់ចេញពីសៀវភៅ «បទពិចារណា» ដែលរៀបរៀងដោយអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ជាអត្ថបទនិយាយអំពីសេចក្តីទុក្ខតាមផ្នែកតាមប្រភេទដែលតែងតែកើត មានជានិច្ចចំពោះសត្វលោក ហើយជាទុក្ខដ៏គ្រោតគ្រាត ងាយនឹងមើលឃើញដោយបញ្ញាសាមញ្ញ មិនចាំបាច់មើលដោយបញ្ញាថ្នាក់វិបស្សនាក៏អាចដឹងបាន។ ទុក្ខទាំងនោះមានដូចតទៅនេះ៖
-ទុក្ខរបស់សត្វលោក
ទុក្ខរបស់សត្វតិរច្ឆាននៅត្រង់ការ ស្រេកឃ្លាន បើស្វែងរកបានបរិភោគហើយ ក៏ល្មគ្រប់គ្រាន់ ម៉្យាងទៀតទុក្ខរបស់សត្វតិរច្ឆានគឺមានភ័យក្នុងជីវិត ដ្បិតខ្លួនត្រូវជាចំណីនៃសត្វដទៃ និងមានភ័យពីធម្មជាតិ។
មនុស្សយើងមិនមែនមានត្រឹមតែការ ស្រេកឃ្លានព្រោះមិនមានអាហារបរិភោគតែប៉ុណ្ណោះឡើយ ពិតណាស់ការស្រេកឃ្លានជាទុក្ខដ៏ក្រៃលែង ប៉ុន្តែកាលបើមានអាហារបរិភោគឆ្អែតហើយ មនុស្សមិនមែនអស់ទុក្ខត្រឹមប៉ុណ្ណឹងទេ គឺនៅមានទុក្ខដទៃៗជ្រែកចូលមកទៀតដូចជាៈ
-ឆ្អែតហើយ តែនៅចង់មានចង់បានឲ្យច្រើនជាងហ្នឹង ចង់មានបានទុកសម្រាប់កូនចៅ សម្រាប់មុខមាត់ កិត្តិយស សម្រាប់បង្ហាញអ្នកដទៃ... កើតលោភៈចង់បានមិនចេះចប់ ក៏ជាទុក្ខច្រើនឡើងទៅតាមសេចក្តីប្រាថ្នានោះៗ។
-មានអាហារដាក់ក្រពះហើយ មាត់បានបរិភោគហើយ តែត្រូវការឲ្យភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្តនឹកគិតបាននូវអារម្មណ៍ដែលជាចំណីតាមវិស័យរៀងខ្លួនទៀត ។
នៅពេលខំប្រឹងប្រែងស្វែងរករូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ តាមចំណង់ចំណូលចិត្តមិនចប់មិនហើយ ក៏ជាទុក្ខ គឺទុក្ខព្រោះអន្ទះសាក្នុងការស្វែងរក ទុក្ខព្រោះការបានមិនសមតាមប្រាថ្នា ទុក្ខព្រោះរបស់ដែលបានមកមានការប្រែប្រួល...។
សត្វតិរច្ឆានមានទុក្ខព្រោះមិនមាន ស៊ី និងព្រោះត្រូវគំរាមកំហែងបៀតបៀន ចំណែកមនុស្សនៅមានថែមត្រង់មិនចេះគ្រប់ និងត្រង់ចង់បៀតបៀនអ្នកដទៃក្រៅពីដើម្បីការហូបចុកនោះទៀត។ ការមិនចេះគ្រប់ ធ្វើឲ្យទុក្ខមិនចេះចប់។
-ទុក្ខព្រោះចង់ដូចគេ
បើក្នុងលោកនេះ គ្រប់គ្នាបានអ្វីៗតាមដែលចង់ តាមដែលសង្ឃឹមនោះ មុខតែមិនមានអ្នកណាក្រឡើយ ហើយក៏មិនមានអ្នកណាខកចិត្តខុសសង្ឃឹមដែរ ព្រោះអ្នកណាៗក៏ចង់មានបាន ចង់សុខ និងចង់សមតាមបំណងដេលសង្ឃឹមទៅគ្រប់យ៉ាង។ ប៉ុន្តែព្រោះអ្វីៗគ្រប់យ៉ាងមិនបានប្រព្រឹត្តទៅយ៉ាងនោះ ទើបបានជាមានមនុស្សក្រ ត្រូវមានទុក្ខ និងត្រូវខកចិត្ត។
ចំណង់ មិនមែនល្អ ឬអាក្រក់ដោយខ្លួនឯងទេ បើមនុស្សយើងចង់ ហើយតាំងចិត្តប្រឹងប្រែងព្យាយាមធ្វើ ឬសាង ដើម្បីឲ្យបាននូវរបស់ដែលចង់នោះ ដោយវិធីសុចរិតត្រឹមត្រូវ ចំណង់នោះគឺជាចំណង់ល្អ គួរជ្រោមជ្រែងឲ្យមានច្រើនៗព្រោះជា កុសលឆន្ទៈ ។
តែបើចង់ហើយ មិនធ្វើមិនសាងដោយសុចរិតបែរជារកវិធីដើម្បីឲ្យបានដោយផ្លូវ ទុច្ចរិតវិញ ដូចជាឆបោកគេ បៀតបៀនគេ ។ល។ និង ។ល។ ចំណង់នេះហៅថា តណ្ហាឆន្ទៈ ជាចំណង់មិនល្អ ព្រោះពេញចិត្តនឹងធ្វើអាក្រក់ ត្រូវលះបង់នូវចំណង់បែបនេះ។ សូម្បីថា ចំណង់ក្នុងផ្លូវដែលល្អត្រឹមត្រូវទៅតាមគន្លងធម៌ យើងមានសិទ្ធនឹងសាង នឹងធ្វើយកនូវអ្វីដែលយើងចង់បានពិតហើយ ប៉ុន្តែក៏ត្រូវឲ្យសមល្មមផងដែរគឺ -ល្មមនឹងឋានៈរបស់ខ្លួន។ -ល្មមនឹងចំណេះចេះដឹង សមល្មមនឹងសមត្ថភាពដែលយើងមាន និងសមល្មមជាមួយការងារ។ បើថាយើងនៅក្រ មានប្រាក់ខែត្រឹម ១០ ទៅ ២០ ម៉ឺនរៀល ផ្ទះក៏ត្រូវជួល បាយក៏ត្រូវទិញ មានកូនត្រូវឲ្យរៀនទៀត ដូច្នេះយើងត្រូវមើលឋានៈរបស់ខ្លួន ប្រាក់ចំណូលប៉ុណ្ណឹង តើត្រូវចាយប៉ុនណាទើបល្មម អ្វីដេលត្រូវទិញ អ្វីដែលមិនត្រូវទិញ។ អ្នកដទៃគេប្រើខោអាវល្អៗថ្លៃៗ បរិភោគអាហារតាមហាង... យើងកុំរត់តាមគេ យើងចេះប្រយ័ត្នប្រយែង រឹតត្បិតប្រាក់ចាយ យកគតិតាមសត្វបក្សី «ខ្លួនតូចធ្វើសំបុកតូច»។
បើយើងមានការចេះដឹង មានសមត្ថភាពមិនច្រើនទេ បានការងារធ្វើល្មមនឹងចំណេះដឹង ឧទាហរណ៍ថា បើរថយន្តឲ្យថៅកែ ក៏ ដឹងខ្លួនថា ខណៈនេះខ្លួនមានការងារសមល្មមនឹងចំណេះដឹងត្រឹមប៉ុណ្ណឹង ហើយក៏តាំងចិត្តតាំងថ្លើមបំពេញកិច្ចការបើរថយន្តឲ្យល្អជាទី បំផុត ទទួលខុសត្រូវចំពោះមុខនាទីរបស់ខ្លួន។ មិនមែនថា ឃើញអ្នកដទៃដែលគេមានការចេះដឹង មានសមត្ថភាពខ្ពស់ជាងខ្លួន មានតំណែងធំដុំ មានឋានៈខ្ពង់ខ្ពស់ ហើយទៅខឹងក្រោធ ទៅច្រណែននឹងកេ ថាដូចម្តេចបានជាគេសប្បាយជាង មានកិត្តិយសជាង រួចតាំងមិនបំពេញនូវមុខការរបស់ខ្លួននោះឡើយ។ បើមិនស្គាល់ខ្លួនជាអ្នកណា ខ្លួនគួរនឹងបានអ្វី គួរនឹងមានត្រឹមណា គួរនឹងរស់នៅរបៀបដូចម្តេចទេ រវល់តែរត់ទៅតាមអ្នកដទៃ ចង់បាន ចង់ខ្ពស់ ចង់រស់ហ៊ឺហាដូចគេគ្រប់យ៉ាងនោះ ជីវិតនឹងមិនផុតពីសេចក្តីទុក្ខក្តៅក្រហាយឡើយ។
-ទុក្ខព្រោះស្រឡាញ់គេតែម្ខាង
ស្រឡាញ់គេតែម្ខាងប្រៀបបីដូចជាស្រូវ ក្នុងស្រែដែលខ្វះទឹក ហើយក៏ស្កកទៅដូច្នោះឯង។ ចិត្តមនុស្សយើងមានការស្រឡាញ់ច្រើនជាងស្អប់ អាចនិយាយបានថា ការស្រឡាញ់នោះកើតឡើងក្នុងចិត្តមនុស្សបានងាយណាស់ ពេលខ្លះគ្រាន់តែឃើញមុខ នៅមិនទាន់បាននិយាយគ្នាផង ក៏ចាប់យកវឹប កើតការស្រឡាញ់គេភ្លាមទៅហើយ។ ព្រោះតែសេចក្តីស្រឡាញ់វាកើតងាយពេក អីចឹងទៅ ទើបពេលខ្លះនោះ ភាពលំបាកលំបិនក៏រមែងតាមមក ដូចជាការទៅស្រឡាញ់គេទាំងដែលគេមិនចូលចិត្តខ្លួនផង ម៉្លោះហើយ សេចក្តីស្រឡាញ់វាទាមទារចង់បានឲ្យនៅជិត ចង់ជួប ចង់និយាយ ចង់បានចិត្ត ចង់បានបេះដូង ។ល។ ចំណែកអ្នកដែលមិនស្រឡាញ់តបនោះ ត្រូវព្យាយាមគេច ឬត្រូវលំបាកក្នុងការដោះស្រាយដោយប្រការផ្សេងៗ។
អ្នកស្រឡាញ់បានទូរស័ព្ទទៅរកគេ ដោយសង្ឃឹមខ្លះៗថានឹងបានជជែកគ្នា ដើម្បីបន្ថយការនឹក... ម្ខាងទៀតគេថារវល់ណាស់ មិនទំនេរឡើយ មានការធ្វើយ៉ាងនេះមួយ យ៉ាងនោះមួយ ពេលខ្លះគេមិនទាំងទទួលទូរស័ព្ទផង។ ខំសរសេរសំបុត្រទៅរកគេ រៀបរាប់អំពីទឹកចិត្តស្រឡាញ់ចិត្តនឹក ក៏ឥតប្រយោជន៍របៀបដូចតែទូរស័ព្ទដែរ។ អ្នកដែលវង្វេងស្រឡាញ់គេតែម្ខាង ត្រូវខូចចិត្តផង ខកចិត្តផង...មានអាការដូចត្រូវគេចាប់ជើងទាំងពីរគួបគ្នាឡើង លើ ហើយបុកក្បាលទៅនឹងដីដូច្នោះឯង មានសភាពគួរឲ្យអាណិតណាស់។
បុគ្គដែលធ្លាក់ចូលទៅក្នុងសភាពបែបនេះ ត្រូវពិចារណាសាជាថ្មីឲ្យបានល្អ មានសតិសម្បជញ្ញៈឡើង ទើបបានមិនខូចខ្លួនរហូតរើខ្លួនមិនរួចនោះ។ ស្រឡាញ់គេ តែគេមិនស្រឡាញ់តបវិញនោះ វាជាទុក្ខស្រេចទៅហើយ ដូច្នេះត្រូវកុំបន្ថែមទុក្ខដោយវិធីល្ងង់ខ្លៅផ្សេងៗតទៅទៀត កុំបោះបង់ខ្លួនឯងចោល កុំបៀតបៀនខ្លួនឯង និងកុំបៀតបៀនអ្នកដទៃ។ ព្យាយាមធ្វើខ្លួនឲ្យល្អ ធ្វើឲ្យគេឃើញថាខ្លួនមាននូវគុណតម្លៃដែរ។ សេចក្តីល្អអាចឈ្នោះចិត្តរបស់គេបានក្នុងថ្ងៃណាមួយ ឬថា បើមិនបានទទួលការស្រឡាញ់តបអំពីគេវិញដោយពិតៗនោះ ក៏ត្រូវគិតថា មិនមែនជាគូនឹងគ្នាអីចឹងទៅ មានចាំបាច់ត្រូវទៅវង្វេងស្រឡាញ់អ្នកដែលគេមិនស្រឡាញ់យើងនោះ ធ្វើអ្វី គួរតែស្រឡាញ់អ្នកណាដែលគេស្រឡាញ់យើងដែរ វាល្អជាង។
ការរាប់អាននិងការចូលកាន់សាសនា គឺនៅលើជំនឿ ឯចំណែករឿងស្នេហាស្រីប្រុសយកគ្នាជាគូគ្រង គឺនៅលើឧបនិស្ស័យ ទាំងពីរផ្នែកនេះគឺមិនអាចបង្ខំបានឡើយ។
-ទុក្ខព្រោះខ្លាចចាស់
មនុស្សយើងគ្រប់គ្នាកំពុងចាស់គ្រប់ ខណៈ ចាស់ជានិច្ចចាប់តាំងពីកើតមក។ កំពុងមើលកំពុងស្តាប់ខណៈនេះក៏កំពុងចាស់ កំពុងដេកលក់ក៏ចាស់ ភ្ញាក់ឡើងក៏ចាស់ ។ គ្រប់គ្នាកំពុងទៅសន្សឹមៗរកឈាបនដ្ឋាន ឬរករណ្តៅកប់សពខ្លួនឯង មិនមានអ្នកណាម្នាក់គេចផុតបានឡើយ។ ជិវិតមនុស្សយើងខ្លីណាស់ មានកំណត់ប្រមាណ៦០-៧០ឆ្នាំប៉ុណ្ណោះ លើសជានេះមានតិចនាក់ទេ ឯស្លាប់មុនកំណត់នេះមានច្រើនជាង។
ដែលយើងរាប់ថា យើងមានអាយុប៉ុណ្ណេះ ឬប៉ុណ្ណោះ ដែលតាមពិតគឺយើងរាប់ខាងអស់ទៅតែប៉ុណ្ណោះ មិនមែនរាប់ខាងបាននោះឡើយ ធំឡើងៗ វ័យពេញក្រមុំ កម្លោះ ក៏សប្បាយចិត្តថាខ្លួនមានអាយុច្រើនហើយ... តែសូមគិតដូច្នេះផងចុះ គឺប្រៀបដូចយើងមានប្រាក់នៅក្នុងកាបូបតាមកំណត់ នៅពេលយើងកើតឡើងភ្លាម យើងក៏ចាយអាយុរបស់យើងភ្លាមទៅហើយ គឺចាយរហូតអស់។ ឥឡូវនេះយើងមិនដឹងថា តើយើងនៅសល់អាយុតិចប៉ុណ្ណាទៅនោះទេ។
អ្នកដែលកើតមកយូរហើយ ត្រូវតែដឹងថា អាយុរបស់ខ្លួនកំពុងស្រកស្រុតតិចចុះទៅជាលំដាប់ ដូចបា្រក់ក្នុងកាបូបដេលចេះតែយកចាយអីចឹងឯង។ មនុស្សយើងភាគច្រើន ហេតុដូចម្តេចបានជាមិនចូលចិត្តឲ្យខ្លួនចាស់ នឹកដល់ចាស់ពេលណាក៏កើតទុក្ខ? ព្រោះខ្លាចបាត់ស្អាត ខ្លាចគេមិនស្រឡាញ់ ឬឈប់ស្រឡាញ់... ដូច្នេះហើយ ទើបខំព្យាយាមបិតបាំងនូវភាពជរារបស់ខ្លួនទុកមិនឲ្យប្រាកដដល់ ក្រសែភ្នែកអ្នកដទៃ ដោយចំពោះមនុស្សដែលខ្លួនស្រឡាញ់ ឬមនុស្សដែលស្រឡាញ់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលចាស់ជរាវាមិនបាត់ទៅណាឡើយ ទីបំផុត ការបិទបាំងក៏លែងមានប្រសិទ្ធិភាព។ កាលបើមិនព្រមទទួលយកការពិត ទើបមានទុក្ខផ្លូវចិត្តកើតឡើង។
យើងខ្លាចចាស់ យើងនៅតែចាស់ដដែល។ យើងខ្លាចវាធ្វើអ្វី យើងត្រូវទទួលយកការពិតដែលគ្រប់គ្នាកើតមកហើយមិនអាចគេផុតទៅ បាន គ្រាន់តែយើងធ្វើខ្លួនឲ្យបានសមរម្យនឹងវ័យប៉ុណ្ណឹងទៅ គឺជាការប្រពៃហើយ ។ យើងសាងល្អឲ្យខ្លួនឯង ប្រើពេលវេលាដែលនៅមាន ជួយដល់សាសនានិងសង្គមជាតិ ដូច្នេះមនុស្សទាំងឡាយគេនឹងត្រេកអរ ហើយលើកតំកើងយើង និងសរសើរយើងថា «ចាស់យ៉ាងមានគុណតម្លៃ»។ “ព្រមចាស់តាមវ័យគ្មានអ្វីគួរខ្លាច ចាស់ចិត្តអង់អាចអំណាចគុណធម៌ កុំចាស់តែវ័យចិត្តភ័យញាប់ញ័រ ចាស់អត់គុណធម៌ចាស់គ្មានតម្លៃ”។
-ទុក្ខព្រោះខ្លាចស្លាប់
ជីវិតយើងប្រកបទៅដោយគ្រឿងផ្សំ គឺផ្សំកាយជាមួយនឹងចិត្ត។ ក្នុងរាងកាយក៏ផ្សំឡើងដោយគ្រឿងផ្សំធំៗ៤យ៉ាងផ្សេងទៀតគឺ ដី ទឹក ភ្លើង ខ្យល់ ដេលរបស់ទាំង៤នេះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ហៅថា «ធាតុ»។ នៅពេលដែលធាតុទាំង៤ ព្រមព្រៀងគ្នា ស្មើគ្នា មិនទាន់បែកចាកគ្នា ពោលគឺធាតុ៤ខ្លះកើតអំពីកម្ម ធាតុ៤ខ្លះកើតអំពីចិត្ត ធាតុ៤ខ្លះកើតអំពីឧតុ ធាតុ៤ខ្លះកើតអំពីអាហារ ថាបើនៅជុំគ្នាទេ យើងក៏នៅរស់ បើបែកគ្នាពេលណា យើងក៏ស្លាប់ពេលនោះ។ ការបែកធ្លាយនៃធាតុទាំង៤ តាមធម៌ហៅថា «កាលកិរិយា» ប្រែតាមអក្សរថា «ការធ្វើតាមពេលវេលា»។
រូបកាយរមែងមានពេលសម្រាប់រូបកាយ គឺកើតមក ឋិតនៅមួយគ្រា ឬមួយរយៈ លុះដល់ពេលវេលាត្រូវទៅ ក៏ទៅតាមពេលវេលានោះឯង តែព្រោះមនុស្សយើងមិនចូលចិត្ត គឺមិនចង់ឲ្យរូបកាយធ្វើតាមពេលវេលា គ្រាន់តែឮពាក្យថា «ស្លាប់» ប៉ុណ្ណឹងក៏ភ័យខ្លាចតក់ស្លុត មិនចង់ឲ្យដល់ពេលវេលានោះឡើយ។ នឹកថា ដល់ពេលស្លាប់នោះតើត្រូវលំបាកយ៉ាងដូចម្តេច ត្រូវចោលលោកនេះហើយ កូនចៅយ៉ាងណា ស្លាប់ទៅជាតិមុខសុខឬទុក្ខយ៉ាងណា... នឹកឃើញពេលណាក៏តក់ស្លុតញាប់ញ័រក្នុងចិត្តពេលនោះ។ តាមពិត សេចក្តីស្លាប់ជារឿងធម្មតា ព្រោះថាគ្រប់គ្នាកើតមកហើយត្រូវតែស្លាប់ ឬក៏និយាយឲ្យកាន់តែច្បាស់នោះគឺថា ខណៈដែលយើងកើតមកនោះ យើងបាននាំយកសេចក្តីស្លាប់ជាប់មកជាមួយផងស្រេចទៅហើយ ម៉្លោះហើយ តែដល់ពេលវេលាត្រូវបែក គឺរូបកាយត្រូវតែបែកធ្លាយទៅខ្លួនឯង ដូចជាស៊ុតមាន់ជាមួយនឹងការបែកនៃស៊ុតមាន់នៅអីចឹង គឺការបែកវានៅតែជាមួយនឹងស៊ុតនោះរហូត ចាំតែដល់ពេលវេលាវានឹងសំដែងខ្លួនឲ្យប្រាកដឡើងប៉ុណ្ណោះ ពិចារណាដូច្នេះហើយ នឹងបានស្ងប់ចិត្ត មិនជាទុក្ខកង្វល់អ្វីក្នុងរឿងស្លាប់ឡើយ៕
«បួននាក់អ្នកសែង បីនាក់អ្នកហែ ម្នាក់អង្គុយគ្រែ ពីរនាក់ជាប់តាម»។ “បួននាក់បានដល់ធាតុ៤ គឺ ដី ទឹក ភ្លើង ខ្យល់, បីនាក់បានដល់វ័យទាំងបី ឬត្រៃលក្ខណ៍, ម្នាក់ គឺចិត្ត គ្រែគឺរូបកាយ (វត្ថុរូប), ពីរនាក់គឺបាប១ និងបុណ្យ ១” នេះជាដំណើរជីវិតទៅបរលោក។