កាយវិការសំពះរបស់ខ្មែរដែលទទួលការអបរំណែនាំបន្តពីបុព្វបុរសរបស់យើង តរៀងមកមានដូចតទៅ ៖ ១. ដៃបន្ទូល “កូនលើកដៃបន្ទូលបួងសួងទៅ!” គឺ កំណត់យកមេដៃទាំងពីរខាងផ្គុំដោយយកមេដៃនោះដាក់ពីត្រឹមប្រជុំ ចិញ្ចើមឡើងទៅលើ ។ បានសេចក្ដីថា នេះជាការអទិដ្ឋានបួងសួងសំបូងសំរូង ប្រកាសពាក្យបណ្ដឹងចំពោះវត្ថុស័ក្ដិសិទ្ធិ អារុក្ខអារក្ខ អ្នកតា ទេវតា ព្រះឥន្រ្ទ ព្រះព្រហ្ម ។ ពិសេសរំឭកដល់គុណព្រះរតនត្រៃជាគុណកែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងវត្ថុជាទីសក្ការបូជា ដែលគេមានជំនឿថាមានបារមី មានមហិទ្ធិរិទ្ធបំផុត ។
២. ដៃបង្គំ “កូនលើកដៃថ្វាយបង្គុះទៅ! លោកជាអ្នកមានគុណលើយើង” គឺ កំណត់យកមេដៃទាំងពីរផ្គំចូលគ្នា រួចយកមេដៃទាំងពីរដាក់លើចុងច្រមុះឡើងទៅត្រឹមប្រជុំចិញ្ចើម ។ ដៃបង្គំនេះមានន័យថាគោរពចំពោះអ្នកមានគុណ ដែលបានផ្ដល់កំណើត ផ្ដល់សេចក្ដីសុខ ផ្ដល់ចំណេះដឹង គឺអ្នកដែលជួយទំនុកបំរុងចិញ្ចឹមបីបាច់ ផ្ដល់ម្លប់ជ្រកកោណ មានមាតាបីតា អ្នកអាណាព្យាបាល ជីដូនជីតា ព្រះសង្ឃ គ្រូបាធ្យាយន៍ ព្រះមហាក្សត្រដែលជាម្លប់ដ៏ត្រជាក់ ។
៣. ដៃសំពះ “កូនសំពះលោកអ៊ំទៅ!” កាយ វិការនេះលោកឳពុក អ្នកម្ដាយ ច្រើនប្រើពាក្យសាមញ្ញដែលមានន័យដូចសំពះដែរនោះគឺ សាធុ ឬ ពន ដោយណែនាំកូនតូចៗឲ្យចេះគួរសម ដូចជា “សាធុលោក យាយទៅកូន!” ឬ “ពនលោកតាដល់ច្រមុះទៅកូន!” ។ ការសំពះនេះគេយកមេដៃផ្គុំហើយដាក់ត្រឹមចន្លោះពីចង្កាឡើងទៅដល់ ក្រោមចុងច្រមុះ ។ ដៃសំពះនេះមានន័យគោរព ចំពោះទំនាក់ទំនង ប្រាស្រ័យការទាំងឡាយ មានចៅហ្វាយនាយ អ្នកមានបណ្ដាស័ក្ដិខ្ពស់ ឬ វ័យចំណាស់ជាង ឬ ញាតិមិត្ត ។ ដៃសំពះនេះយើងសង្កេតឃើញជាទូទៅ ការសំពះជម្រាបសួរ ឬ ជម្រាបលាគ្នា នោះច្រើនប្រកបដោយទឹកមុខញញឹម ស្វាគមន៍រាក់ទាក់ ។
៤. ដៃខមាលទោស “កូនខុសហើយ! ចូរកូនសុំទោសលោកឳពុកភ្លាមទៅ” ។ របៀបសុំខមាទោសនេះ គេច្រើនយកមេដៃផ្គុំគ្នាហើយលើកដៃដាក់លើដើមទ្រូង ឡើងទៅត្រឹមក្រោមចង្កា ។ កាយវិការនេះគឺបញ្ជាក់ពីផ្លូវចិត្តទទួលស្គាល់កំហុសខ្លួនឯងក្នុង ករណីដែលធ្វើមិនសមរម្យដោយហ៊ានសរភាពចំពោះទទង្វើមិនគប្បី និងជាកាយវិការសំដែងនូវការស្វគមន៍ផងដែរ ។
៥. ដៃប្រណម្យ ឬ បឋមខ្នាត ខ្នាតដៃនេះគឺត្រូវផ្គុំមេដៃទាំងពីរដាក់ចំចុងដង្ហើម ។ លក្ខណៈនេះ គឺជាការសង្រួមប្រមូលអារម្មណ៍ ស្មឹងស្មាធិ័ សមាធិ ដោយផ្ដោតចិត្ត និង អារម្មណ៍មិនខ្វល់ខ្វាយ និង គ្មានសៅហ្មងអ្វីឡើយ ។ បឋមខ្នាតនេះយើងតែងសង្កេតឃើញរូបចម្លាក់ស្រីម្នាក់អង្គុយលុត ជង្គង់ហើយលើកដៃប្រណម្យដែលខ្មែរតែងហៅថា “ទេពប្រណម្យ” ។
ដកស្រង់ចេញពីសៀវភៅ របាំអប្សរា របស់អ្នកគ្រូ កែវ ណារុំ និង អ្នកគ្រូ ព្រំ ស៊ីសាផាន្ឋា
No comments:
Post a Comment