សំដីជាឯក. លេខជាទោ. អក្សរជាត្រី
ការមានប្រយោជន៍គួរខំធ្វើ វិជ្ជាចេះស្ទើរគួរបំពេញ អកុសលមាននៅគួរលះចេញ
ជួញមានចំណេញគួរខំជួញ។
គប់ប្រាជ្ញនាំប្រាណឲ្យបានសុខ គប់ពាលនាំស្តុកចិត្តមួហ្មង គប់ប្រាជ្ញនាំឃ្លាតចាកបាបផង
គប់ពាលសៅហ្មងជាប្រក្រតី ។
***************************
គោលនៃជំនឿយោ ច សទ្ទបរិត្តាសី វនេ វាតមិគោ យថា
លហុចិត្តោតិ តំ អាហុ នាស្ស សម្បជ្ជតេ វតំ ។
«បុគ្គលណាភ្ញាក់ផ្អើលសម្លេងដូចឈ្លូសក្នុងព្រៃ បុគ្គលនោះហៅថា មានចិត្តស្រាល កិច្ចការរបស់បុគ្គលនោះរមែងមិនសម្រេច» ។
បុគ្គលដែលភ្ញាក់ផ្អើលសម្លេង ឈ្មោះថាជាអ្នកមានចិត្តស្រាល
ពោលគឺអ្នកមានត្រចៀកសឆាប់ជឿគេងាយនោះឯងខ្វះការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់សម្តែងថា កិច្ចការរបស់បុគ្គលនោះ រមែងមិនសម្រេចជោគជ័យ ។
ក្នុងកាលាមសូត្រនៃអង្គុត្តរនិកាយតិកនិបាត ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្តែងវិធី
បដិបត្តិក្នុងរឿងដែលគួរឲ្យសង្ស័យ ឬគោលការណ៍នៃជំនឿសម្រាប់ជាគ្រឿងពិចារណាដល់អ្នកស្រុកកាលាមៈ
មុននឹងជឿរឿងណាមួយថាពិតឬមិនពិត ចំនួន ១០ យ៉ាង ដូចតទៅនេះ
១)មា អនុស្សវេន
កុំអាលជឿព្រោះសេចក្តីរាយការណ៍ ។
២)មា បរម្បរាយ
កុំអាលជឿព្រោះទំនៀមទម្លាប់។
៣)មា ឥតិកិរាយ
កុំអាលជឿព្រោះពាក្យចចាមអារ៉ាម ។
៤)មា បិដកសម្បទានេន
កុំអាលជឿព្រោះការអាងក្បួន ឬ គម្ពីរ ។
៥)មា តក្កហេតុ
កុំអាលជឿព្រោះហេតុនៃតក្កវិជ្ជា ។
៦)មា នយហេតុ
កុំអាលជឿព្រោះលំនឹកស្មាន ។
៧)មា អាការបរិវិតកេ្កន
កុំអាលជឿព្រោះការត្រិះរិះតាមស្ថានភាព ។
៨)មា ទិដ្ឋិនិជ្ឈានក្ខន្តិយា
កុំអាលជឿព្រោះត្រូវនឹងទ្រឹស្តីដែល ពិនិត្យពិច័យហើយ។
៩)មា ភព្វរូបតាយ
កុំអាលជឿព្រោះឃើញទំនងគួរឲ្យជឿ។
១០)មា សមណោ នោ គរូតិ
កុំអាលជឿព្រោះយល់ថា សមណៈឬបុគ្គលរូប នេះជាគ្រូរបស់យើង ។
បើដូច្នេះ តើយើងគួរជឿដូចម្តេច? ព្រះសម្មាសម្ពុទ្ធជាម្ចាស់បាន ត្រាស់ថា
«លុះត្រាតែដឹងច្បាស់ដោយចិត្តរបស់ខ្លួនថារឿងទាំងអស់នោះជា អកុសល
ជាកុសល មានទោស មិនមានទោស ជាដើម ហើយទើបគួរលះបង់ចោល ឬ បដិបត្តិតាម ។
No comments:
Post a Comment