ពាក្យថាធម៌គឺអ្វី? ព្រះពោធិវ័ង្ស សូរ-ហាយ ចៅអធិការវត្តនិរោធរង្សី អធិបតីរងក្រុមជំនុំព្រះត្រៃបិដក
នមត្តុ សុគតស្ស, ជីរន្តិ វេ រាជរថា សុចិត្តា, អថោ សិរីរម្បិ ជរំ ឧបេតិ, សតញ្ច ធម្មោ ន ជរំ ឧបេតិ
សន្តោ ហវេ សព្ភិ បវេទយន្តិ។
ពុទ្ធភាសិតខាងលើនេះ មានមកក្នុងគម្ពីរធម្មបទ ខុទ្ទកនិកាយ ដែលសម្ដែងអំពីធម៌របស់លោកអ្នកសប្បុរស ឬលោកអ្នកស្ងប់រម្ងាប់ មានព្រះសម្ពុទ្ធជាដើម ជាធម៌មិនចេះចាស់ជរាដូចរទេះ ឬរាងកាយរបស់មនុស្សសត្វឡើយ ។
ពាក្យថាធម៌ មានភ័ព្វដែលគួរប្រែជាច្រើនយ៉ាងណាស់ ប៉ុន្តែក្នុងទីនេះ ពុំបានវែកញែកចំពោះស័ព្ទថាធម៌នេះទេ សូមចងវិគ្គហៈរបស់ធម៌តែត្រឹម ៥ បែប ដូចតទៅនេះ
១- ចតូសុ អបាយេ សុ សំសារេ វា សត្តេ អបតមានេ ធារេតីតិ ធម្មោ សភាពគឺសេចក្ដីពិតណា រមែងទ្រទ្រង់នូវសត្វទាំងឡាយ មិនឲ្យធ្លាក់ទៅក្នុងអបាយទាំង ៤ ឬក្នុងសំសារវដ្ត សភាពនោះឈ្មោះថាធម៌ ។
២- សលក្ខណំ ធារេតីតិ ធម្មោ សភាពណារមែងទ្រទ្រង់ទុកនូវលក្ខណៈរបស់ខ្លួនគឺកុសលទាំង ៤ មានកាមាវចរកុសលជាដើម សភាពនោះឈ្មោះថាធម៌ ។
៣- បាបកេ អកុសលេ ធម្មេ ធុនាតីតិ ធម្មោ សភាពណា រមែងកម្ចាត់នូវអកុសលធម៌ដ៏លាមកចេញ (ចាកខន្ធសន្តាន) សភាពនោះឈ្មោះថាធម៌ ។
៤- សោតាបន្នាទីហិ អរិយេហិ ធារិយតីតិ ធម្មោ សភាពណា ដែលព្រះអរិយៈទាំងឡាយមានព្រះសោតាបន្នបុគ្គលជាដើមតែងទ្រទ្រង់ទុក (ចាំទុកក្នុងសន្តាន) សភាពនោះហៅថាធម៌ ។
៥- យថានុសិដ្ឋំ បដិបជ្ជមានេ ចតូសុ អបាយេសុ អបតមានេ សត្តេ កត្វា ធារេតីតិ ធម្មោ សភាពណា ទ្រទ្រង់នូវពួកសត្វដែលប្រតិបត្តិសមគួរ ដល់ពាក្យប្រៀនប្រដៅ មិនឲ្យធ្លាក់ទៅក្នុងអបាយទាំង ៤ សភាពនោះឈ្មោះថាធម៌ ។
ពាក្យថាធម៌ ដូចវិគ្គហៈ ដែលចងក្រងមកនេះមានសេចក្ដីជ្រាលជ្រៅដោយពិត ប៉ុន្តែបើតាមទីដៅរបស់ព្រះសម្មាសម្ពុទ្ធ បានដល់សេចក្ដីពិត ដែលតែងរស់នៅប្រចាំលោក ។ ពាក្យថា ធម៌ ឬ ធម្មៈនេះ បានដល់សច្ចធម៌ (សេចក្ដីពិត) សុចរិតធម៌ (ការប្រព្រឹត្តល្អ) យុត្តិធម៌ (ការប្រព្រឹត្តត្រូវ) ។ មួយទៀត ការប្រតិបត្តិចំពោះច្បាប់ណាមួយដែលប្រាសចាក អគតិធម៌ ៤ យ៉ាង មានឆន្ទាគតិជាដើម លោកហៅថាធម៌ ។ ពាក្យថា ធម៌នេះ បើទុកជាមិនមានគុណស័ព្ទជា កុសល ឬ អកុសលនៅជិតខាង ក៏បណ្ឌិតអាចយល់បានតាមដំណើរសេចក្ដី ។
ពាក្យថា ធម៌ ដែលមានមកក្នុងផ្ទៃពុទ្ធភាសិតខាងលើនុ៎ះ សំដៅយកសន្តិ គឺសេចក្ដីស្ងប់កាយវាចាចិត្ត ចាកកិលេស មានលោភៈជាដើម ដូចសេចក្ដីប្រែនៃភាសិត ព្រមទាំងអធិប្បាយ វែកញែកពង្រីកឲ្យពិស្ដារតទៅនេះ ។
“រាជរថទាំងឡាយ ដែលនាយជាងរចនាល្អហើយ រមែងចាស់គ្រាំគ្រាទៅពុំខាន ទោះទាំងសរីរៈរាងកាយ (របស់សត្វទាំងឡាយ) ក៏ដល់នូវសេចក្ដីចាស់គ្រាំគ្រាដូច្នោះដែរ ទើបឯធម៌របស់លោកអ្នកស្ងប់ មិនដល់នូវសេចក្ដីគ្រាំគ្រាដូច្នោះឡើយ ពួកលោកអ្នកស្ងប់កិលេស រមែងសន្ទនាជាមួយនឹងពួកលោកអ្នកស្ងប់ផងគ្នាបាន” ។
សុភាសិតដែលអាងមកនេះ ដើម្បីបញ្ជាក់ចំពោះពាក្យថាធម៌ជាសភាវៈឥតរូប ដោយហេតុថាជាច្បាប់សម្រាប់ជឿកាន់ សម្រាប់ប្រព្រឹត្ត ដើម្បីស្ងប់ ឬ លាងជម្រះបោសសម្អាតកិលេសក្នុងខន្ធសន្តានរបស់សត្វលោកឲ្យជ្រះ ស្អាត ឲ្យទៅជាមនុស្សបរិសុទ្ធស្ងប់រម្ងាប់ ។ មួយទៀត ពាក្យថាធម៌បានដល់សភាវៈឥតរូបមានតែនាម ដែលចប់កំណើតរស់នៅក្នុងលោកសម្រាប់ដឹងបានដោយអាស្រ័យ ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានឃើញច្បាស់ ហើយទ្រង់បានសម្ដែងស្រាវជ្រាវប្រកាសចំពោះសត្វលោក ដើម្បីឲ្យសត្វប្រតិបត្តិតាម ។ មួយវិញទៀត ពាក្យថា ធម៌ សំដៅយកទាំងសេចក្ដីល្អ ទាំងសេចក្ដីអាក្រក់ ទាំងបុណ្យទាំងបាប គុណទោស ទាំងមគ្គផលនិព្វាន ព្រោះសភាវៈទាំងនេះ តែងរស់នៅប្រាកដប្រចាំលោក មិនអាចវិនាសចាកលោក ដោយអន្តរាយណាមួយបានឡើយ សូម្បីលោកធាតុទាំងមូលត្រូវភ្លើងឆេះ ក៏មិនអាចសាបសូន្យ ។ ពាក្យដែលគេតែងនិយាយថាព្រះធម៌សាបសូន្យនោះ ដោយហេតុតែមិនមានមនុស្សគោរពសិក្សាប្រតិបត្តិប៉ុណ្ណោះ ។ ពាក្យថា “ ធម៌” នេះជាគូនឹងពាក្យថា “ វិន័យ” របស់ព្រះសម្ពុទ្ធ រួមពាក្យទាំងពីរម៉ាត់នេះហៅថា “ ពុទ្ធសាសន” ប្រែថា ប្រៀនប្រដៅអប់រំ ឬជាមេរៀនទន្ទិញរបស់ព្រះសម្មាសម្ពុទ្ធ ដើម្បីបាននូវសន្តិវរបទ គឺផ្លូវសន្តិភាពដ៏ប្រសើរបំផុតរបស់ព្រះពុទ្ធសាសនា ។
ព្រះពុទ្ធសាសនាសម្បូណ៌ដោយទ្រឹស្ដី ដោយអត្ថបទ ដោយនិទាន ដែលប្រកបដោយហេតុផលជាច្រើនណាស់ ជាសាសនាស្រោចស្រង់សត្វលោកឲ្យរួចចាកទុក្ខតាំងអំពីបច្ចុប្បន្ន រហូតដល់អនាគត ទុកថាជាបទសម្រាប់សិក្សាជាន់ខ្ពស់បំផុត ដើម្បីស្វែងរកសន្តិភាពយ៉ាងជាក់ច្បាស់ បើមនុស្សក្នុងលោកគ្រប់ប្រទេសទទួលសិក្សាប្រតិបត្តិដោយហ្មត់ចត់ ។
សេចក្ដីក្នុងពុទ្ធភាសិតគាថាខាងលើនុ៎ះ ជាបទសម្រាប់ពិចារណាឲ្យឃើញថា សេចក្ដីល្អ, សេចក្ដីអាក្រក់, មគ្គផល និព្វាន ជាធម្មជាតនៅថ្មីជានិច្ចគ្រប់កាលទាំងពួង មិនដល់នូវការគ្រាំគ្រាបាក់បែកទ្រុឌទ្រោមសាបសូន្យដូចរូបកាយ មនុស្សសត្វ ឬសម្ភារៈណាមួយឡើយ ។ មនុស្សក្នុងសកលលោកគ្រប់ប្រទេស ច្រើនតែមានជំនឿបាក់ផ្នត់គំនិត ទៅតាមទ្រឹស្ដីសាសនារបស់ខ្លួន ៗ ស្រេចនឹងគ្រូប្រដៅសាសនា ដែលជាអ្នកដឹកនាំមុនដំបូង ។ ក្នុងចំណោមសាសនាដែលនៅគ្រប់ប្រទេស សាសនាខ្លះក៏មានហេតុផលល្អ, សាសនាខ្លះ ក៏ឥតហេតុផលទាល់តែសោះ ប៉ុន្តែដោយអំណាចជំនឿបាក់ផ្នត់ តាមវង្សត្រកូលជាយូរមកហើយ ជាហេតុនាំឲ្យស្លាប់គំនិត ដែលអាចកែប្រែរើខ្លួនចេញចាកសាសនានោះ ៗ បានដោយក្រណាស់ ។
ព្រះពុទ្ធសាសនាជាសាសនាមានហេតុផល ជាមជ្ឈិមបដិបទាដែលកើតអំពីមហាបុរសមួយរូប គឺព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គមានជាតិជាមនុស្ស ជាព្រះរាជបុត្រព្រះបាទសុទ្ធោទនៈ សោយរាជ្យក្នុងក្រុងកបិលពស្តុរាជធានី សព្វថ្ងៃហៅថាក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់ តាមប្រវត្តិដោយពិតប្រាកដ ពុំមែនព្រះពុទ្ធដោយមនោគតិរបស់អ្នកនិពន្ធគម្ពីរសាសនានោះឡើយ ។ ឧត្តមគតិរបស់មនុស្ស អ្នកកាន់សាសនាក្នុងលោកផ្សេង ៗ គ្នា ដោយហេតុទ្រឹស្ដីរបស់សាសនានោះ ៗ នាំបំបែកឲ្យទៅជាមនុស្សអ្នកកាន់អ្នកជឿនោះ កាចឃោរឃៅក្នុងការកាប់សម្លាប់ឥតគិតដល់ជីវិតមនុស្សសត្វសោះ រាប់ថាជាសាសនាខ្វះព្រហ្មវិហារធម៌ មិនគួររាប់ថាសាសនាមានហេតុផលល្អ ប្រព្រឹត្តទៅដើម្បីសន្តិភាពបានឡើយ ។
ឧត្តមគតិរបស់មនុស្សអ្នកកាន់ព្រះ ពុទ្ធសាសនា សម្បូណ៌ដោយព្រហ្មវិហារធម៌ចំពោះទាំងមនុស្ស ទាំងតិរច្ឆាន គឺទាំងជីវិត ទ្រព្យសម្បត្តិនិងទីកន្លែងទឹកដីរបស់អ្នកដទៃ រាប់ថាជាសាសនា គោរពសិទ្ធិសេរីភាពរបស់មនុស្សសត្វជាសាធារណៈ ឥតរើសពូជពង្សជាន់ថ្នាក់វណ្ណៈណាមួយទេ ។ ពុទ្ធសាសនា រាប់ថាជាសាសនាមានហេតុផល សាងសន្តិភាពដើម្បីប្រជាពលលោកដោយពិត ជាសាសនាស្លូតសុភាព ចំពោះជីវិត និងទ្រព្យសម្បត្តិនៃគ្នានិងគ្នា សម្រាប់ឧបត្ថម្ភជ្រោមជ្រែងសង្គមមនុស្ស ឲ្យបានសន្តិសុខចម្រើនរុងរឿងតាមឧបនិស្ស័យរបស់មនុស្ស មិនប្រើអំណាចជិះជាន់ឈ្លោះប្រកែក ប្រកាសសង្គ្រាមដល់គ្នានឹងគ្នាឡើយ ។
ធម៌ដែលព្រះសម្ពុទ្ធទ្រង់សម្ដែងចាប់ ដើមអំពីបឋមពោធិកាល រហូតដល់មច្ឆិមពោធិកាលនោះមានឈ្មោះថា មានន័យច្រើនយ៉ាងជាអនេក ។ ធម្មទេសនារបស់ព្រះអង្គ តាមដែលសង្កេតឃើញក្នុងគម្ពីរ ជួនកាលមានសេចក្ដីល្អិតញឹកជ្រាលជ្រៅ ជួនកាលរាក់ ៗ តាមឧបនិស្ស័យវាសនានិងចរិតរបស់បរិស័ទអ្នកស្ដាប់ បើព្រះអង្គសម្ដែងធម៌ចំពោះគ្រហស្ថសុទ្ធ ដែលមិនលាយដោយពួកបព្វជិតផងទេ ច្រើនតែសម្ដែងអំពីអនុបុព្វីកថា ៥ យ៉ាង មានទានកថាជាដើម និងប្រយោជន៍ ៣ យ៉ាង គឺប្រយោជន៍បច្ចុប្បន្ន ១ បរលោក ១ ព្រះនិព្វាន ១ ។
បើព្រះអង្គសម្ដែងចំពោះបព្វជិតច្រើន តែសម្ដែងអំពីផ្លូវឈាន សមាបត្តិ និង ព្រះនិព្វាន ដើម្បីឲ្យសមតាមកិច្ចរបស់អ្នកបួសក្នុងសាសនា ។ មួយទៀត ធម្មទេសនា ដែលព្រះអង្គសម្ដែងចំពោះបុគ្គលនោះ ៗ ច្រើនតែប្រកាសចង្អុល បង្ហាញធម៌ទាំងពីរចំណែក គឺធម៌ដែលគួរបំពេញឲ្យមានឡើង ហៅថា ភាវនាខន្ធ ១ ធម៌ដែលគួរលះចេញហៅថា បហានក្ខន្ធ ១ ។
កុសលធម៌ទាំងអស់ ដែលគួរបណ្តុះបង្កើតឲ្យមានឡើង ក្នុងខន្ធសន្តានហៅថា ភាវនាខន្ធ បានដល់និច្ចសីល ឧបោសថសីល បញ្ញាកិរិយាវត្ថុ ១០ និងសតិប្បដ្ឋាន ៤ ជាដើម ។ អកុសលធម៌ដែលត្រូវលះកាត់កាល់ចោលចេញដូចយ៉ាងកិលេសទាំងឡាយ មានអភិជ្ឈាវិសមលោភៈ និងសំយោជនធម៌ ១០ យ៉ាងជាដើម ហៅថា បហានក្ខន្ធ ។
មនុស្សក្នុងសកលលោក ដែលធ្លាប់មានជំនឿក្នុងសាសនាដោយរៀង ៗ ខ្លួន គួរពិចារណារឿយ ៗ ឲ្យហ្មត់ចត់ ហើយគួរកែប្រែជំនឿជាថ្មី ចំពោះសាសនាដែលមិនមានហេតុមិនមានផល មិនគួរឲ្យគំនិតដេកដួលលង់ទ្រនេសបាក់ផ្នត់ដូច្នោះឡើយ ។
មួយទៀត ពាក្យថា ធម៌ ដោយសេចក្ដីរួបរួមដែលមាននៅក្នុងអដ្ឋកថាសង្គីតិសូត្រ បានដល់សត្ថុប្បាវចនៈ ៥ យ៉ាង គឺៈ
១- ធម៌ បានដល់ពុទ្ធវចនៈខាងគម្ពីរព្រះសូត្រ
២- អភិធម៌ បានដល់ពុទ្ធវចនៈខាងគម្ពីរព្រះអភិធម្ម
៣- វិន័យ បានដល់សិក្ខាបទក្នុងឧភតោវិភង្គ
៤- អភិវិន័យ បានដល់ពុទ្ធានុញ្ញាត និង ពុទ្ធប្បញ្ញត្តិក្នុងខន្ធកៈ និង បរិវារៈ ។
គោលដៅត្រង់ពាក្យថាធម៌ ដែលព្រះសម្មាសម្ពុទ្ធ សម្ដែងទុកនោះមក ដើម្បីប្រយោជន៍ដ៏ធំបំផុតនោះ ជាពិសេសគឺសម្រាប់ទូន្មានកាយវាចាចិត្តដែលប្រឡាក់ដោយកិលេសមាន លោភៈ ទោសៈ មោហៈ ជាដើមហេតុ សម្រាប់បំផ្លាញជីវិតមនុស្សក្នុងសង្គមឲ្យរងទុក្ខឲ្យព្រាត់ប្រាស វិនាស ។
ព្រោះថា សេចក្ដីទុក្ខភ័យព្រាត់ប្រាសវិនាសនិរាសជីវិត មនុស្សសត្វទ្រព្យសម្បត្តិទាំងអស់ ដែលកើតហើយក្ដី ដែលកំពុងកើតឡើងក្នុងបច្ចុប្បន្នក្ដី ដែលនឹងកើតឡើងក្នុងអនាគតក្ដី សុទ្ធតែកើតឡើងអំពីប្រភពនៃកិលេសមានលោភៈជាដើម គឺជាសមុដ្ឋានដើមកំណើតមកពីឫសគល់នៃកិលេស ឬ ថាមានកិលេស ៣ ប្រការ គឺ លោភៈ ទោសៈ មោហៈ ជាអកុសលមូល ដែលចាត់ថាជាមូលដ្ឋាននាំបង្កើតទុក្ខភ័យនាំឲ្យហីនហោចទាំងធន ធានទាំងជីវិតមនុស្សសត្វ ។ ដែលហៅថាព្រះធម៌នោះសំដៅយកព្រះពុទ្ធសាសនាជាឧបាយក្នុងផ្លូវ ប្រតិបត្តិ ដើម្បីកាប់ឆ្ការគាស់រំលើងកម្ចាត់ចោលនូវមូលដ្ឋាននៃកិលេស មិនឲ្យលូតលាស់ដុះដាលឡើងតទៅទៀតបាន ដើម្បីសន្តិភាព គឺមគ្គផលនិព្វានជាស្ថាពរ ដោយបានប្រយុទ្ធ យកជ័យជម្នះឈ្នះកិលេសគ្រប់យ៉ាង ទាំងកិលេសគ្រោតគ្រាត និងកិលេសយ៉ាងល្អិត ។ ព្រោះថា ការឈ្នះរវាងមនុស្ស និងមនុស្សក្ដី រវាងមនុស្សនិងធម្មជាតិក្ដី លោកមិនរាប់ថាជាការឈ្នះរាបឡើយវានឹងអាចត្រឡប់ចាញ់វិញក្នុងកាល ណាមួយពុំខាន ការឈ្នះទាំងនោះពុំរាប់ថាប្រសើរទេ ការឈ្នះកិលេសទើបឈ្មោះថា ជាការប្រសើរបំផុត ជាជម្នះអ្វីទាំងអស់ក្នុងលោកគឺថាជាជម្នះឈ្នះរាបលើជាតិ ជរា មរណៈ ដោយពិត ។
ពាក្យថាធម៌គឺអ្វី ? ចប់តែប៉ុណ្ណេះ ។
No comments:
Post a Comment